ពិធី​បួង​សួង​សុំ​ទឹក​ភ្លៀង

លោក ឆយ ស៊ី​ផាត រៀបរៀង
កម្ពុជសុរិយា ឆ្នាំ​ទី ៤៤ ខែ​មិថុនា ព. ស. ២៥១៦ គ. ស. ១៩៧២

តាម​បវេណី​ពី​បូរាណ​កាល​មក នៅ​ប្រទេស​កម្ពុជា​យើង​នេះ បព្វបុរស​របស់​យើង​លោក​តែង​បាន​រៀប​តាក់​តែង​ធ្វើ​ពិធី​បួង​សួង​សុំ​ភ្លៀង ឬ​ហៅ​ថា​ពិធី​វរុណសាស្ត្រ នៅ​ក្នុង​ឆ្នាំ​ណា​ដែល​រាំង​ភ្លៀង ។ ក៏​ប៉ុន្តែ​តាម​ប្រក្រតី​ធម្មតា​នោះ ច្រើន​តែ​ក្នុង​ខែជេស្ឋ ព្រោះ​តាម​រដូវ​កាល​នៅ​ប្រទេស​យើង រដូវ​ភ្លៀង​ធ្លាក់​ចាប់​តាំង​ពី​ខែ​ពិសាខ​មក តែ​បើ​ខែ​ពិសាខ​ផុត​ទៅ​ហើយ​ក៏​នៅ​តែ​គ្មាន​ភ្លៀង គេ​ក៏​រៀបចំ​ធ្វើ​ពិធី​វរុណសាស្ត្រ បួង​សួង​សុំ​ទឹក​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ ដើម្បី​ជា​ប្រយោជន៍​ដល់​កសិករ បាន​ប្រកប​ការ​ងារ​ចិញ្ចឹម​ជីវិត ។

ពិធី​បួង​សួង​សុំ​ភ្លៀង​នេះ អ្នក​ប្រាជ្ញ​ពី​បូរាណ​បាន​ប្រតិដ្ឋ​ឡើង​ស្រប​ទៅ​តាម​លក្ខណៈ គតិ​ពុទ្ធ​សាសនា ដោយ​សំអាង​យក​គុណានុភាព​នៃ​ព្រះ​រតន​ត្រ័យ អាស្រ័យ​ទេវានុភាព​នឹង​វត្ថុ​ស័ក្តិ​សិទ្ធិ​ក្នុង​លោក ដើម្បី​ជា​ផ្លូវ​ចិត្ត​ប្រព្រឹត្ត​ទៅ​តាម​បំណង ។

ពិធីការ តាម​ទំនៀម​បូរាណ អ្នក​រៀបចំ​ពិធី​ត្រូវ​ជីក​ដី​ជម្រៅ​មួយ​ហត្ថ​ជា​រាង​បួន​ជ្រុង​ស្មើ​ប្រវែង​មួយ​ជ្រុង​ៗ​២​ហត្ថ​១​ចំអាម រួច​ព័ន្ធ​ព័ទ្ធ ដោយ​រាជវតិ ដោយ​ឆត្រ​រួត​លំអ​ដោយ​ទង់​ជ្រុង ធ្វើ​រូប​ព្រះ​ឥន្ទ​មួយ​ព្រះ​ហស្ថ​ស្ដាំ​ចង្អុល​ទៅ​មេឃ ព្រះ​ហត្ថ​ឆ្វេង​សំយុង​ចុះ រូប​ព្រះ​សុភូតិត្ថេរ​គង់​ពែន​ភ្នែន​ព្រះហស្ថ​ស្ដាំ​ចង្អុល​ទៅ​មេឃ ព្រះ​ហស្ថ​ឆ្វេង​ដាក់​លើ​រណ្ដៅ នឹង​រូប​ព្រះ​គន្ធារគី​រូប​ព្រះ​ពុទ្ធ​ជា​តំណាង​ព្រះ​អង្គកាល​ទ្រង់​ចុះ​ស្រង់​ទឹក​មាន​អាការៈ​សណ្ឋិត​ឈរ​ព្រះ​ហស្ថ​ស្ដាំ​បត់​ហៅ​ភ្លៀង ព្រះហស្ថ​ឆ្វេង​ទទួល​ទឹក​ ។ រូប​សំណាក់​ទាំង​នេះ​ត្រូវ​យក​ទៅ​ដាក់​នៅ​មាត់​រណ្ដៅ ។ រួច​យក​ស្រី​រ៉ស់​១​ទៅ​ដាក់​ក្នុង​រណ្ដៅ​ហើយ​ចាក់​ទឹក​បន្តិច​ល្មម​កុំ​ឲ្យ​តែ​ងាប់ ទើប​និមន្ត​ព្រះ​សង្ឃ​៤​អង្គ​មក​ស្វាធ្យាយ​ធម៌​សុភូតិ​សូត្រ ។ ចំពោះ​ព្រះ​សង្ឃ​ដែល​និមន្ត​កាន់​វិធី​នេះ ត្រូវ​ជម្រះ​អាបត្តិ​ឲ្យ​បាន​បរិសុទ្ធ​សិន ។ ចំណែក​ពេលវេលា​គឺ​គេ​ប្រារព្ធ​នៅ​វេលា​ថ្ងៃ​ត្រង់ ហើយ​ហាម​ផ្ដាច់​មិន​ឲ្យ​អ្នក​ដែល​មក​រួម​ពិធី ទាំង​ព្រះ​សង្ឃ​ទាំង​ឧបាសក មិន​ឲ្យ​បាំង​ឆ័ត្រ​ឬ​ទទូរ​អ្វី​ការ​ពារ​កំដៅ​ឡើយ ។

នៅ​ពេល​ចាប់​ផ្ដើម​ពិធី​អាចារ្យ​ត្រូវ​សូត្រ ភោន្តោ អញ្ជើញ​ទេព្តា​ខ្មោច​ព្រាយ បិសាច អារ័ក្ស អ្នកតា ក្នុង​ស្រុក​ព្រៃ​ភ្នំ​ក្រម​ថ្ម សាគរ គិរីបព្វតា ស្រែ​ចំការ ទួ​ទាំង​សកល​មណ្ឌល​ព្រហ្មលោក ឲ្យ​ចុះ​មក​កំចាត់​បង់​អពមង្គល​កោលាហល សឹក​សាម​សង្គ្រាម​ជ័យ​ទុរ័្ភក្ស​អត់​បាយ នឹង​ជម្ងឺ​តម្កាត់​វិបត្តិ​ដល់​ស្រុក ជា​ទុក្ខ​ក្នុង​នគរ​រួច​ហើយ​ទើប​និមន្ត​លោក​ស្វាធ្យាយ​ធម៌​ត​ទៅ ។

ទៅ​តាម​ស្រុក​ខ្លះ​គេ​និយម ចាប់​ឆ្មា​ស្រោច​ទឹក ឬ​ហែ​អ្នក​តា​យក​ទៅ​ទំលាក់​ទឹក​ឧបកិច្ច​ជា​អ្នក​តា​ក្ដៅ​ស្អុះ នេះ​ជា​តម្រា​ព្រៃ​ប្រពៃណី​និយម ។



និទាន​ទាក់​ទង​នឹង​ពិធី​សុំ​ភ្លៀង


ពិធី​វរុណសាស្ត្រ​នេះ ជា​ទំនៀម​ប្រពៃណី​បូរាណ​ប្រមាណ​ជា​គតិ​ពុទ្ធ​និយម​ដែល​បូរា​ណា​ចារ្យ ប្រារព្ធ​ឡើង​ដោយ​អាស្រ័យ​រឿង​រ៉ាវ​ក្នុង​គម្ពីរ​ពុទ្ធ​និយម​ជា​គោល​ដែល​ជាប់​ទាក់​ទង​នឹង​ហេតុ​ដែល​រាំង​ភ្លៀង​ដូច​ជា​រឿង​និទាន​ខ្លះ​ខាង​ក្រោម​នេះ៖

១-រឿង​ទឡបជាតកៈ

និទាន​នេះ​មាន​សេចក្ដី​ដំណាល​ថា​គ្រា​មួយ​នោះ នៅ​ដែល​កោសល គ្មាន​ភ្លៀង​ធ្លាក់​សោះ ម្ល៉ោះ​ហើយ​បឹង​បួ​ត្រពាំង​រីង​ហួត​ស្ងួត​អស់ ស្រះ​បោក្ខរណី​មុខ​វត្ត​ជេត​ពន​មាន​តែ​ភក់ ត្រី​នៅ​ក្នុង​ស្រះ​ស្លាប់​ជា​ច្រើន ហើយ​ត្រូវ​ហ្វូង​ក្អែក​ចឹក​ស៊ី​រាល់​ថ្ងៃ ។ ព្រះ​សម្មាសម្ពុទ្ធ​បរម​គ្រូ​ទ្រង់​ទត​ឃើញ​ដូច្នោះ ទ្រង់​មាន​ព្រះ​មហាករុណា​ចំពោះ​ត្រី ទើប​ទ្រង់​ចុះ​ទៅ​កាន់​ស្រះ ហើយ​ឲ្យ​អានន្ទ​ពុទ្ធោបដ្ឋាកៈ យក​សាដក​មក​ផ្លាស់​ស្រង់​ក៏​ក្ដៅ​ដល់​អាសនា​ព្រះ​ឥន្ទ្រាធិបតី ស្ដេច​ក៏​ប្រើ​វស្សវលាហក បណ្ដាល​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក ។ ភិក្ខុ​ទាំង​ឡាយ​ឃើញ​ហេតុ​ដូច្នោះ ក៏​សរសើរ​ថា​អស្ចារ្យ​ណាស់ ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ថា​អស្ចារ្យ​អ្វី​ពេល​នេះ ដែល​តថាគត​បាន​ត្រាស់​ហើយ កាល​ពី​តថាគត​កើត​ជា​ស្ដេច​ត្រី​រ៉ស់​ឈ្មោះ​នប្បបៈ​នៅ​វស្ស​បូរី​ក៏​បាន​ធ្វើ​ឲ្យ​កើត​អស្ចារ្យ​ដូច្នេះ​ដែរ ដោយ​សច្ចៈ​កិរិយា​ដើម្បី​អនុ​គ្រោះ​ដល់​ពួក​ត្រី​ទាំង​ឡាយ​ជា​ញាតិ ។ ឯ​សច្ចកិរិយា​នោះ គឺ​តថាគត​បាន​ពោល​ថា ចាប់​តាំង​ពី​តថាគត​កើត​ជា​ត្រី​វេលា​ណា តថាគត​មិន​ដែល​ក្លែង​បៀតបៀន​សូម្បី​តូច​មួយ​ដោយ​ខ្លួន​ឯង​ម្ដង​សោះ​ឡើយ ។ ដោយ​សច្ច​កិរិយា​នេះ​ហើយ ភ្លៀង​ក៏​ធ្លាក់​ចំ​មក​ដោយ​ប្រពៃ ។

២-សុត្តជាតក​ទានានិសង្ស

និទាន​មាន​ដំណាល​មាន​ព្រះ​អរហន្ត​មួយ​ព្រះ​អង្គ​ព្រះ​នាម សុភូតិត្ថេរ គង់​នៅ​ក្នុង​ព្រៃ ។ មាន​ពេល​មួយ លោក​ក៏​និមន្ត​ចូល​ទៅ​កាន់​ក្រុង​រាជ​គ្រឹះ ពេល​នោះ​ព្រះ​បាទ​ពិម្ពិសាល​ប្តេជ្ញា​នឹង​​ធ្វើ​កុដិ​ប្រគេន តែ​ព្រះ​អង្គ​ទ្រង់​ភ្លេច​ទៅ ព្រះ​សុភូតិត្ថេរ​ក៏​គង់​នៅ​កណ្ដាល​វាល ក៏​បណ្ដាល​ឲ្យ​រាំង​ភ្លៀង តើប​ព្រះ​បាទ​ពិម្ពិសាល​ទ្រង់​ព្រះ​តម្រិះ​រក​ហេតុ​កណ្ដាល​ឲ្យ​រាំង ក៏​ទ្រង់​ជ្រាប​ថា​ព្រះ​អង្គ​ភ្លេច​ពាក្យ​ប្តេជ្ញា​ក៏​ចាត់​ឲ្យ​រាវ​វឌ្ឍកី​ធ្វើ​កុដិ​ប្រគេន​លោក​ភ្លាម លុះ​សង់​កុដិ​រួច​ហើយ​ភ្លៀង​ក៏​ចង្អុរ​ចុះ មក​មួយ​រំពេច ។

៣-សុភូតិសូត្រ

សូត្រ​នេះ​មាន​នៅ​ក្នុង​ភាណវារៈ ដែល​មាន​ដំណាល​ថា សម័យ​មួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​យាង​ទៅ​កាន់​ដែន​មគធៈ ជា​មួយ​ភិក្ខុ​៥០០ រូប លុះ​ស្ដេច​ទៅ​ដល់​អង្គុត្តរ​និគម​ទ្រង់​ក៏​ឆៀង​ចូល​ទៅ ។ ពេល​នោះ​ជា​រដូវ​ភ្លៀង ក៏​ប៉ុន្តែ​ឥត​មាន​ភ្លៀង​ធ្លាក់​សោះ បណ្ដាល​ឲ្យ​អ្នក​និគម​នោះ លំបាក​វេទនា​ជា​ខ្លាំង តើប​ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ហៅ​សុំ​ភូតិត្ថេរ ឲ្យ​ចម្រើន​អោកសិណ​គឺ​ប្រារព្ធ​យក​ទឹក​ជា​អារម្មណ៍ ។ ព្រះ​សុភូតិត្ថេរ​ក៏​ទទួល​តាម​ពុទ្ធ​តម្រាស់ ក៏​សំឡឹង​មើល​អាកាស​ចូល​កាន់​អបោក​សិណ ហើយ​បន្លឺ​ឧទាន​ចំពោះ​ព្រះ ឥន្ទ​ព្រះ​ព្រហ្ម​យក​យក្ខ​នាគ​កុម្ភណ្ឌ​ភូត អារក្ស​ចតុ​លោក​បាល ឲ្យ​រឭក​នូវ​ធម៌​របស់​ព្រះ​សម្មាសម្ពុទ្ធ​មាន​សច្ចៈ បួន​ប្រការ​ជា​ដើម ដែល​ព្រះ​អង្គ​សំដែង​ហើយ ដោយ​អំណាច​ចេតោវិមុត្ត​ប្រកប​ដោយ​មេត្តា​កើត​ឡើង​អំពី​អាបោកសិណ សូម​ឲ្យ​សត្វ​ទាំង​ឡាយ​កុំ​មាន​ពៀរ​នឹង​គ្នា កុំ​មាន​ទុក្ខ​ភ័យ ហើយ​ចូរ​ឲ្យ​វស្សា​វលាហក​បង្អុរ​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​ដោយ​ស្រួល​តាម​រដូវ​កាល ។

ដោយ​មាន​រឿង​រ៉ាវ​ដូច​ពណ៌នា​មក​នេះ ក៏​កើត​ទៅ​ជា​មូល​ហេតុ​ដើម​នៃ​ពិធីវរុណសាស្ត្រ​ឬ​ពិធី​បួង​សួង​សុំ​ភ្លៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: