តាម​ឯកសារ​របស់​ក្រុម​ជំនុំទំនៀមទម្លាប់
ពិធី​បុណ្យ​កំសាន្ត​ស្រុក
ស្រី-អ៊ូ រៀប​រៀង
កម្ពុជសុរិយា ឆ្នាំ​ទី ៣១ លេខ ២ ខែ​កុម្ភៈ ព.ស. ២៥០១ - គ.ស. ១៩៥៩

តាម​ឯកសារ​របស់​ក្រុម​ជំនុំទំនៀមទម្លាប់ នៅ​ពុទ្ថសាសនបណ្ឌិត្យ ដូច​មាន​សេចក្ដី​ត​ទៅ​នេះ ៖
តាម​ប្រពៃណី​ខ្មែរ តែង​មាន​ពិធី​ធ្វើ​បុណ្យ​កំសាន្ត​ស្រុក នៅ​ខែ​មាឃ​មួយ​ដង នៅ​ខែ​ពិសាខ​មួយ​ដង រៀង​រាល់​ឆ្នាំ ។
ពិធី​បុណ្យ​កំសាន្ត​ស្រុក

ពិធី​បុណ្យ​កំសាន្ត​នៅ​ខែ​មាឃ មាន​របៀប​ដូច​រៀប​រាប់​ត​ទៅ​នេះ


នៅ​ក្នុង​ហេមន្តរដូវ​ថ្ងៃ ១៥ កើត​ខែ​មាឃ រៀង​រាល់​ឆ្នាំ ជា​រដូវ​ហើយ​ស្រូវ​អង្ករ អាចារ្យ​សម្រាប់​វត្ត​នីមួយ ៗ តែង​ដើរ​ឃោសនា ប្រាប់​ង្នក​ស្រុក​ជើង​វត្ត​ជា​មួយ​គ្នា ឲ្យ​ធ្វើ​រោង​មួយ​យ៉ាង​ធំ នៅ​កណ្ដាល​ស្រុក ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​កំសាន្ត​ស្រុក​ភូមិ ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ​ទាំង​អស់​គ្នា ។ គេ​ធ្វើ​រាន​បី​ថ្នាក់​នៅ​ចំពោះ​មុខ​រោង​ធំ មាន​ព្រះរាជ​វ័តិព័ន្ធ​ជុំ​វិញ មាន​ច្រម ៤ ដាក់​គ្រប់​ជ្រុង​រាជ​វ័តិ មាន​ស្លាធម៌ ៤ ដោត​គ្រប់​ជ្រុង​រាជវ័តិ បាយសី​ធំ​មួយ​គូ​ស្លាធម៌​មួយ​គូ ទៀន ៥ ធូប ៥ ទឹក​អប់​មួយ​គូ ស្លា​បារី បង្អែម​ចំអាប ក្រាល​សំពត់​ស​ប្រវែង ២ ហត្ថ យក​រណ្ដាប់​ទាំង​អស់​ទៅ​ដាក់​លើ​រាន​ទាំង ៣ ថ្នាក់ ស្រុក​ខ្លះ​មាន​ធ្វើ​រាន​ទេពតា ៨ ទិស​ផង ហើយ​ពូន​ភ្នំ​ខ្សាច់ ៥ នៅ​មាន​រាន​សម្រាប់​បូជា​ទេវតា ហើយ​យក​ដើម​ចេក​ធ្វើ​ជា​អាសនៈ ២ ថ្នាក់​ដាក់​ទៀន ៥ ធូប ៥ បាយសី ស្លាធម៌ ទឹក​អប់ បារី ផ្កាភ្ញី សម្រាប់​បូជា​ព្រះពុទ្ធរូប ដល់​ពេល​ល្ងាច​ម៉ោង ៧ និមន្ត​ព្រះសង្ឃ ៤ អង្គ មក​ចំរើន​ព្រះបរិត្ត គេ​រៀប​ឲ្យ​បាយ​ក្រុង​ពាលី នៅ​ខាង​ត្បូង​រោង ។

ឯ​រណ្ដាប់​ឲ្យ​បាយ​ក្រុង​ពាលី​នោះ​គឺ ភ្លេង​ខ្មែរ​មួយ​វង់ ច្រៀង​បទ​បាយ​ខុន មាន​ពែ​មួយ​ប្រវែង​មួយ​ហត្ថ ៤ ជ្រុង បង្អែម ចំអាប​ដាក់​ក្នុង​ពែ​ស្រូវ​អង្ករ កាត់​ស្លឹក​ឈើ​ឲ្យ​មូល ៗ ធ្វើ​ជា​ប្រាក់ ៤ បាទ ដាក់​លើ​អង្ករ បង្អែម ១ ថាស ចំអាប ១ ថាស ហិបស្លា កន្ទេល ខ្នើយ ហើយ​នាំ​គ្នា​បួង​សួង​អញ្ជើញ​ស្ដេច​ក្រុង​ពាលី​ឲ្យ​មក​យក​ក្រយា​បូជា សូម​ពរ​ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ ទាំង​អស់​គ្នា​ត​រៀង​ទៅ ។

ព្រឹក​ឡើង​ប្រជុំ​គ្នា​ធ្វើ​ចង្ហាន់​រាប់​បាត្រ និមន្ត​ព្រះសង្ឃ​សូត្រ​ធម៌​ពហូទេវា​ដារ​ឆ្លង​ហើយ​ស្រេច ។

ចប់​ពិធី​បុណ្យ​កំសាន្ត​ស្រុក​នៅ​ខែ​មាឃ ។

ឯ​ពិធី​បុណ្យ​កំសាន្ត​ស្រុក​ភូមិ នៅ​ខែ​ពិសាខ​នោះ មាន​របៀប​ដូច​រៀប​រាប់​ត​ទៅ​នេះ ៖

ក្នុង​គិម្ហរដូវ នៅ​ថ្ងៃ ១៥ កើត​ខែ​ពិសាខ រៀង​រាល់​ឆ្នាំ ជា​រដូវ​ផ្ដើម​ធ្វើ​ស្រែ អាចារ្យ​សម្រាប់​វត្ត​នីមួយ ៗ តែង​ដើរ​ឃោសនា​បបួល​អ្នក​ស្រុក​ជើង​វត្ត​ជា​មួយ​គ្នា ឲ្យ​ប្រុង​ប្រៀប​រៀប​ចំម្ហូប​ចំណី ទៅ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា ដែល​នៅ​ក្នុង​ស្រុក​ភូមិ​របស់​ខ្លួន​នោះ សុំ​ឲ្យ​អ្នកតា​ជួយ​ចំរុង​ចំរើន​ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ​ទាំងអស់​គ្នា ទាំង​ក្មេង​ទាំង​ចាស់ ព្រម​ទាំង​សត្វពាហនៈ ។

ឯ​របៀប​ដែល​ត្រូវ​រៀប​ចំធ្វើ​បុណ្យ​ឡើង​អ្នក​តា​នោះ មុន​ដំបូង គេ​ទៅ​ជួស​ជុល បោស​សំអាត​ខ្ទម​អ្នកតា ហើយ​រៀប​បាយសី​ធំ​មួយ​គូ ស្លា​ធម៌​ធាង​ចេក ៦ ទៀន ៥ ធូប ៥ ផ្កា ៥ ទឹក​អប់​មួយ​គូ ហើយ​ក្រាល​សំពត់​ស ប្រវែង ២ ហត្ថ ដាក់​រណ្ដាប់​ទាំង​អស់ ក្នុង​ខ្ទម​អ្នក​តា ហើយ​មាន​ធ្វើ​ព្រះរាជវ័តិ​ព័ទ្ធ​ពី​ខាង​ក្រៅ​ខ្ទម មាន​ស្លាធម៌​ធាង​ចេក ៤ ច្រម ៤ ដាក់​ចំណី​បង្អែម ចំអាប​ក្នុង​ច្រម​គ្រប់​ជ្រុង​ទាំង ៤ (បើ​អ្នកតា​នោះ​គ្មាន​ខ្ទម​ទេ គេ​ធ្វើ​រាន ៣ ថ្នាក់ មាន​ព្រះរាជវ័តិ​ព័ទ្ធ​ពី​ខាង​ក្រៅ​ដូច​គ្នា) ហើយ​គេ​ធ្វើ​រោង​ឬ​បារាំ​នៅ​ប្រប​ខ្ទម​អ្នកតា​នោះ សម្រាប់​ព្រះសង្ឃ​គង់ នឹង​ពួក​ភ្ញៀវ​ដែល​មក​ប្រជុំ ។ ដល់​ម៉ោង ៦ ល្ងាច គេ​ទៅ​និមន្ត​ព្រះសង្ឃ ៤ អង្គ មក​ចំរើន​ព្រះបរិត្ត​ព្រឹក​ឡើង​ដល់​ម៉ោង ១០ ព្រះសង្ឃ​និមន្ត​មក​ដល់ ទើប​អាចារ្យ​នឹង​អ្នក​ស្រុក​ជា​ច្រើន​គ្នា រៀប​រណ្ដាប់​ថ្វាយ​អ្នកតា រួច​ហើយ​បួង​សួង​សូមពរ​ឲ្យ​អ្នកតា​នោះ ជួយ​ទំនុក​បំរុង ឲ្យ​មនុស្ស​ក្មេង-ចាស់​ទាំង​អស់ ព្រម​ទាំង​សត្វពាហនៈ​នឹង​សត្វ​ចិញ្ចឹម​ទាំងឡាយ បាន​សេចក្ដី​សុខ​សប្បាយ ហើយ​និមន្ត​ព្រះសង្ឃ​សូត្រ​ធម៌​ដារ​ឆ្លង​ស្រេច ហើយ​គេ​ធ្វើ​សង្ឃិក​មួយ ដាក់​បាយ​សំឡ ស្រូវ អង្ករ ល្ង សណ្ដែក ចាន ឆ្នាំង មាន​លុយ​កាក់​ដាក់​ក្នុង​សង្ឃិក​នោះ​ផង រួច​គេ​យក​ដើម​ចេក​ធ្វើ​ជា​រូប​មនុស្ស នឹង​រូប​សត្វពាហនៈ​សត្វ​ចិញ្ចឹម​គ្រប់​មុខ នាំ​គ្នា​សែង​សង្ឃិក​ចេញ​ជូន​ទៅ​ក្រៅ​ភូមិ ហើយ​បួង​សួង​សុំ​ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ ដល់​មនុស្ស​សត្វ​គ្រប់​គ្នា ។

ឯ​របៀប​ធ្វើ​បុណ្យ​ឡើង​អ្នក​តា​នេះ គ្មាន​រូប​មនុស្ស​ជាន់​អារក្ស​ជំនួស​អ្នក​តា​នោះ​ទេ គឺ​សំគាល់​យក​ដុំ​ថ្ម ដែល​នៅ​ក្នុង​ខ្ទម​នោះ​ជា​ប្រមាណ ។


ចប់​ពិធី​បុណ្យ​កំសាន្ត​ស្រុក នៅ​ខែ​ពិសាខ​ត្រឹម​ប៉ុណ្ណេះ ។

               ប្រពៃ​ណី​ខ្មែរ​ពីបុរាណ               សព្វ​ស្រុក​ភូមិ​ឋាន​ផង​នានា
               ចង់​បាន​ក្ដី​សុខ​ទាំង​អស់​គ្នា          ធ្វើ​បុណ្យ​បូជា​សូម​សួស្ដី ។
               ប្រពៃណី​នេះ​ល្អ​ថ្លៃ​ថ្លា                ស្រប​តាម​សាសនា​ព្រះជិន​ស្រី
               ដែល​ប្រដៅ​សត្វ​ក្នុង​លោកិយ      ឲ្យ​ខំ​ឃ្មាត​ឃ្មី​សាង​សីល​ទាន ។
               បុណ្យ​ទាន​ទាំង​ពួង​ដែល​បាន​ធ្វើ  ចាត់​ជា​អំពើ​ល្អ​ដូច​យាន
               ដឹក​នាំ​អ្នក​ធ្វើ​ទៅ​និព្វាន              ជា​ឋាន​ឥត​មាន​ទុក្ខ​បៀត​បៀន ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: