លទ្ធិកម្មសុត្តី ពិធី​ដុត​ខ្លួន​ឲ្យ​ស្លាប់​ទៅ​តាម​ប្ដី​ដែល​ស្លាប់​ទៅ​ហើយរបស់​ស្រី​ឥណ្ឌៀ
ទោះ​បី​រឿង​នេះ មិន​ត្រូវ​តាម​ទំនង​គន្លង​ធម៌ របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទាំង​ជា​រឿង​ដែល​មិន​មាន​ប្រយោជន៍​ដល់​យើង​ដោយ​ចំពោះ​ក៏​ពិត តែ​ជា​រឿង​ដែល​មិន​មាន​ប្រយោជន៍​ដល់​យើង​ដោយ​ចំពោះ​ក៏​ពិត តែ​ជា​រឿង​ដែល​មាន​ពស្ដុតាង​ពិត​ប្រាកដ​មែន​ភូត​ភរ ទាំង​ជា​រឿង​ដែល​គេ​រាប់​ថា​ជា​ទំនៀម​ទម្លាប់ ១ យ៉ាង​របស់​ឥណ្ឌៀ សឹង​មាន​មក​អំពី​បុរាណ​កាល​មក​ហើយ ។ សម្រាប់ "អ្នក​ដែល​ស្រឡាញ់​វិជ្ជា​ជុំ​ខ្លួន" រមែង​មិន​រង្កៀស​ក្នុង​ការ​ដែល​នឹង​មើល​នឹង​សិក្សា​រឿង​សូម្បី​ដូច​ជា​រឿង​នេះ​ឡើយ អាស្រ័យ​ហេតុ​នេះ​ជា​ប្រមាណ រឿង​លទ្ធិកម្ម​សុត្តី​ទើប​មក​ក្នុង​ប្រាកដ​ក្នុង​ទី​នេះ​ដើម្បី​ប្រយោជន៍​ដល់​បុគ្គល​ជំពូក​ខ្លះ ដែល​ត្រូវ​ការ​ចង់​ដឹង ។

(ឧកញ៉ា ទេពពិទូរ ក្រសេម តន្ថបណ្ឌិត)
ពិធី​ដុត​ខ្លួន​ឲ្យ​ស្លាប់​ទៅ​តាម​ប្ដី​អ្នក​ដែល​ស្លាប់​ទៅ​មុន​ហើយ​នេះ ហៅ​តាម​ភាសា​ឥណ្ឌៀ​ថា "សុត្តី" មាន​មក​ក្នុង​ចំពូក​រឿង​ទំនៀម​ទម្លាប់​របស់​ឥណ្ឌៀ សឹង​ជា​រឿង​ដែល​គេ​អាង​ថា កើត​មក​អំពី ទេវបញ្ញាត្តិ" គឺ​ជា​ទេវឱង្ការ​បញ្ញាត្តិ​ទុក​មក​ឲ្យ​ធ្វើ​ដូច្នោះ ដោយ​សេចក្ដី​ថាៈ

កិរិយា​អ្នក​មាន​សេចក្ដី​ស្វាមី​ភក្ដិ​នឹង​ប្ដី កាល​ប្ដី​ទទួល​មរណភាព​ទៅ​ហើយ ដល់​វេលា​គេ​យក​សព​ប្ដី​ទៅ​ដុត​រំលាយ​តាម​ទំនៀម​ស្រុក​ទេស​នោះ រមែង​ចូល​ទៅ​ដុត​ខ្លួន​ទាំង​រស់​ឲ្យ​ស្លាប់​ទៅ​តាម​ប្ដី ដោយ​រួម​ជើង​ថ្ករ​ជា​មួយ​គ្នា ឲ្យ​សម​នឹង​ពាក្យ​ថា​ដែល​គេ​ហៅ​ស្រី​ថា "សមរ" សឹង​ប្រែ​ថា "អ្នក​រួម​ស្លាប់" ការ​សម្លាប់​ខ្លួន​ដោយ​ពិធី​កម្មសុត្តី​នេះ ឥណ្ឌៀ​គេ​កាន់​ថា​ជា​បុណ្យ​កុសល​ណាស់​ណា នាង​សាមី​ខ្លួន​នោះ​នឹង​បាន​ឡើយ​ទៅ​កើត​ឯ​ឋាន​សួគ៌​រួម​ជា​មួយ​នឹង​ប្ដី​របស់​ខ្លួន ដោយ​មិន​មាន​ឃ្លៀង​ឃ្លាត ។ អាស្រ័យ​សេចក្ដី​ជឿ​ក្នុង​ទេវ​បញ្ញត្តិ​ជា​មាំ ពួក​ស្រី​ឥណ្ឌៀ​អ្នក​ដែល​ភក្ដី​នឹង​ស្វាមី ក៏​បាន​ប្រណិប័តន៍​ត​ៗ គ្នា​មក​ជា​អង្វែង​ហើយ តាំង​ពី​កើត​ទេវ​បញ្ញត្តិ​ឲ្យ​មាន​សុត្តី​នោះ​មក ស្ត្រី​ដែល​ត្រូវ​ស្លាប់​ដោយ​ដុត​ខ្លួន​ក្នុង​នគរ​ភ្លើង​ដែល​រំលាយ​សព​ប្ដី ប្រសិន​ជា​មាន​បញ្ជី​កត់​ទុក មើល​ទៅ​ប្រហែល​ជា​មាន​ចំនួន​ណាស់​ណា ស្ទើរ​តែ​រាប់​មិន​អស់​ទៅ​ហើយ​ទេ​ដឹង ?

លុះ​អង់គ្លេស​មក​បាន​ជា​ធំ​គ្រប់​គ្រង​ប្រទេស​នោះ​ឃើញ​ថា លទ្ធិ​កម្ម​សុត្តី ជា​របស់​អសារ​ឥត​ការ ទើប​ត្រា​ជា​ច្បាប់​បញ្ញត្តិ​ទុក​ជា​ដាច់​ខាត​មិន​ឲ្យ​ស្រ្តី​ឯ​ណា​ធ្វើ​ដូច្នោះ​ត​ទៅ ទោះ​បី​ដូច្នោះ ក៏​នៅ​មាន​ស្រី​ខ្លះ​លប​ឆ្លៀត​ធ្វើ​ជា​រឿយ ៗ មក តាម​ដែល​ប្រាកដ​ក្នុង​សេចក្ដី​រាយ​ការ មាន​ដល់​ទៅ ៣០ នាក់​ហើយ​ជា​ការ​ក្រក្រៃ​ពេក​ណាស់ ដែល​នឹង​គិត​លុប​លាង​ប្រវេណី​ដែល​ប្រកប​ដោយ​ទេវ​បញ្ជា​របស់​ទេព​ជា​ម្ចាស់ ដែល​គេ​និយម​មក​ជា​យូរ​យារ​រាប់​វេលា​ទាំង ២០០០ ឆ្នាំ​មក​ហើយ ។

ដូច​យ៉ាង​ក្នុង​ឆ្នាំ ព.ស. ២៤៨០ នេះ មាន​អ្នក​ធ្វើ​លទ្ធិ​កម្ម​សុត្តី​ដល់​ទៅ​ពីរ​នាក់ គឺ​នាង​ម្នាក់​នោះ​ឈ្មោះ កាលាវតី នាង​ម្នាក់​ទៀត​ឈ្មោះ "រូប៉ាតានី" អាយុ ២៥ ឆ្នាំ​នៅ​តំបន់​ស្រុក អាករា បាន​ធ្វើ​សុត្តី​ក្នុង​ខែ​ជេស្ឋ ព.ស. ២៤៨០ ។
សុត្តី​នោះ មិន​មែន​ថា​ជា​កិច្ច​ដែល​ធ្វើ​បាន​ដោយ​ងាយ​ទេ​ព្រោះ

១- ក្រវីរ​ស្ត្រី​ចិត្ត​ដាច់​ដែល​អាច​នឹង​ធ្វើ​ដូច្នោះ ២- កាល​មាន​វីរស្ត្រី​ដែល​អាច​នឹង​ធ្វើ​ហើយ ក៏​តោង​ត្រូវ​គេ​ការពារ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ទោះ​មាន​ឥទ្ធិពល​អាច​នឹង​ចោល​ខ្លួន​ទៅ​ក្នុង​គំនរ​ភ្លើង​បាន ក៏​តោង​រង់​ចាំ​រៀប​ចំ​ខ្លួន​ឲ្យ​ត្រូវ​តាម​ពិធី​ចរិត​ប្រវេណី​ជា​មុន​សិន គឺ​តោង​ប្រុង​ប្រៀប​ទុក​ជា​មុន​ប្រមាណ ១០ ដល់ ១២ ម៉ោង​ទើប​ធ្វើ​បាន ។ នាង​រូប៉ាតានី​កាល​ប្ដី​ស្លាប់​ហើយ, ពេទ្យ​ប្រចាំ​តំបបន់​បាន​មក​ពិនិត្យ​សព​នឹង​ប្រកាស​មរណភាព​ក្នុង​វេលា​ល្ងាច​នៃ​ថ្ងៃ​នោះ ហើយ​នាង​ក៏​ស្នើរ​សេចក្ដី​បំណង​របស់​នាង​ឲ្យ​ពពួក​ញាតិ​មិត្រ​ទាំង​ឡាយ​ជ្រាប នឹង​បង្អង់​ការ​ឈាបនកិច្ច​ទុក​ដល់​ថ្ងៃ​ស្អែក​ឡើង ដើម្បី​នាង​នឹង​មាន​ឱកាស​ធ្វើ​កិច្ច​ដែល​គួរ​ធ្វើ​របស់​នាង ។

គ្រា​នោះ ពួក​អ្នក​ដែល​មក​ប្រជុំ​ក្នុង​បុណ្យ​នោះ​ទាំង​ប្រុស​ទាំង​ស្រី​ទាំង​អ្នក​ជិត​ទាំង​ង្នក​ឆ្ងាយ រហូត​ដល់ ទៅ​សូម្បី​ខ្ញុំ​ប្រុស​ខ្ញុំ​ស្រី​របស់​នាង ក៏​ចូល​ទៅ​អង្វរ​ហាម​ឃាត់​នាង​មិន​ឲ្យ​ធ្វើ​កម្ម​ឯ​ណា​នីមួយ​ដែល​ជា​ការ​លល្មើស​ច្បាប់​អង់គ្លេស ដែល​បញ្ញត្ត​លុប​លាង​មិន​ឲ្យ​មាន​លទ្ធិកម្ម​សុត្តី​ជា​ដាច់​ខាត​ហើយ​នាង​មេម៉ាយ​ក្រមុំ​ក៏​តប​តាម​បទ​បញ្ញត្តិ​ដែល​មាន​ក្នុង​គម្ពីរ​ឥណ្ឌូ សឹង​មាន​សេចក្ដី​បញ្ញត្តិ​ថា "មុខ​ងារ​របស់​ភរិយា​ក៏​គឺ​មិន​ព្រម​ចាក​ស្វាមី​ក្នុង​យាម​រស់​ឬ​ក្នុង​យាម​ស្លាប់" កាល​ពួក​ញាតិ​មិត្រ​បាន​ប៉ះ​នឹង​បញ្ញត្តិ​របស់​មនុស្ស​នឹង​ទេវតា​ដែល​នាង​នាំ​មក​អាង​ដូច្នោះ​ហើយ ក៏​មិន​អាច​នឹង​ហើប​ហា​ហាម​ប្រាម​នាង​ដូច​ម្ដេច​ទៀត អ្នក​ខ្លះ​ក៏​និយាយ​ថា "យើង​ត្រូវ​តែ​ស្នើរ​សេចក្ដី​ដល់​រាជការ​ឲ្យ​បាន​ជ្រាប​តាម​ការ" ។

គ្រា​នោះ មាន​យោគី​កន្ធាត់​ម្នាក់​នៅ​ក្នុង​ស្រុក​នោះ ជា​អ្នក​បំភ្លឺ​ទំនៀម​ឈាបនកិច្ច​ក្នុង​ឥណ្ឌៀ ច្រើន​តែ​ធ្វើ​ខាង​ក្នុង​វេលា​ពីរ​បី​ម៉ោង​ជា​ខាង​ក្រោយ​វេលា​ស្លាប់​ហើយ វៀរ​តែ​ស្លាប់​ក្នុង​វេលា​ល្ងាច សឹង​មិន​អាច​នឹង​ចាត់​ការ​ឲ្យ​ទាន់​ពេល​បាន ការ​មរណភាព​ប្ដី​នាង​រូប៉ាតានី វេលា​នោះ​ជា​រដូវ​រងា​ខ្លាំង នាង​ទើប​បង្អង់​ការ​ឈាបនកិច្ច​ឲ្យ​យឺត​ទៅ​បន្តិច ដើម្បី​ននឹង​បាន​ត្រៀម​ការ​ដែល​ត្រូវ​ធ្វើ សម្រាប់​ពិធី​សុត្តី​ឲ្យ​រៀបរយ ។

លុះ​វេលា​រៀម​អរុណរះ​ហើយ រូប៉ាតានី​ក៏​ចាត់​ចែង​បំពាក់​គ្រឿង​អំពរណ៍​ឲ្យ​ប្ដី​យ៉ាង​ផ្ចិត​ផ្ចង់​តាម​ទំនៀម​ស្រុក ហើយ​ក៏​បែរ​មក​តាក់​តែង​ខ្លួន​របស់​នាង​វិញ គឺ​ស្លៀក​ពាក់​គ្រឿង​រិវាហមង្គល​ហើយ ខ្ចាស់​ផ្កា​ឈើ​នឹង​មាស​ពេជ្រ​គ្រឿង​ប្រដាប់​យ៉ាង​ដទៃ​ៗ ហើយ​យក​ជាតិ​ហិង្គុល​សំបុរ​ក្រហម​ស្រស់​មក​ដៅ​ត្រង់​ថ្ងាស់​របស់​នាង ជា​គ្រឿង​សំគាល់​នៃ​ភរិយា​ភាព​ក្នុង​គ្រា​ក្រោយ​បំផុត ស្រេច​ហើយ​នាង​ក៏​បើក​ទ្វារ​ចេញ​ទៅ​មាន​កិរិយា​ឫក​ពា​ជា​សុខ​ធម្មតា​ហាក់​ដូច​នាង​ក្រមុំ​ដែល​កំពុង​បែរ​មុខ​ទៅ​មធុមាស [1]មួយ​អន្លើ​ដោយ​ប្ដី​របស់​នាង មើល​ទៅ​ដូច​ជា​មិន​មែន​ស្រី​មេម៉ាយ ដែល​ប្រុង​នឹង​ដុត​ខ្លួន​ឲ្យ​ស្លាប់​ទៅ​តាម​ប្ដី​ទេ ។

ខណៈ ដែល​នាង​ចេញ មាន​ស្រី​ជា​ញាតិ​មិត្រ ១ ពួក​បាន​តឿន​ស្មារតី​ឲ្យ​នាង​ត្រិះ​រិះ​ជា​ថ្មី​ស្រួល​សិន ក្នុង​ការ​ដែល​នាង​ធ្វើ​ការ​ល្មើស​ច្បាប់​លោក​ដូច្នោះ តែ​ពាក្យ​តប​របស់​នាង ធ្វើ​ឲ្យ​អ្នក​អំបាល​នោះ​ស្ងាត់​មាត់​ច្រៀប​តែ​ម្ដង​ដោយ​ថា "ពួក​អ្នក​រាល់​គ្នា​ដែល​មក​ហាម​ឃាត់​ខ្ញុំ​ដច្នេះ នឹង​ត្រូវ​បណ្ដាសា​ទេពតា​ឲ្យ​បាក់​ឆ្អឹង​រហូត​ទៅ ព្រោះ​ការ​ដែល​ខ្ញុំ​ធ្វើ​ពិធី​នេះ ធ្វើ​ដោយ​សេចក្ដី​ស្មោះ​ត្រង់​នឹង​ស្វាមី​សំឡាញ់ នឹង ទេពតា​ដែល​ជា​ទី​គោរព​របស់​ខ្ញុំ" ។

ខណៈ​នោះ គេ​ក៏​សែង​គ្រែ​សព​ប្ដី​របស់​នាង​ចេញ​មក​ដាក់​នៅ​ធរណី​ទ្វារ​អស់​បួន​ប្រាំមីនុត ដើម្បី​ទទួល​ទឹក​ពរ​របស់​អ្នក​បួស ដែល​ជា​ពិធី​ដំបូង គ្រា​នោះ​រូប៉ាតានី​បាន​យក​ជាយ​សំពត់​វិវាហៈ​របស់​នាង​ទៅ​ចង​ភ្ជាប់​នឹង​គ្រែ ដើម្បី​ជា​សញ្ញា​លា​ក្នុង​គ្រា​ក្រោយ​បំផុត​ថា នាង​ខ្ញុំ​ជា​ភរិយា​មិន​មែន​ស្រី​មេម៉ាយ​ទេ កាល​អ្នក​បួស​ឲ្យ​ពរ​ទឹក​ចប់​ហើយ នាង​ក៏​ដើរ​បំបាំង​ខ្លួន​ទៅ​ក្នុង​ពពួក​និករជន លុះ​ទៅ​ដល់​ទី​ដុត​ហើយ រូប៉ាតានី ក៏​ទៅ​ពួន​លាក់​ខ្លួន​ក្បែរ​ជើង​ថ្ករ អ្នក​បួស​មក​សូត្រ​មន្ត​ឲ្យ​ពរ​ម្ដង​ទៀត លុះ​ចប់​ហើយ​គេ​ក៏​លើក​សព​ដាក់​ទៅ​លើ​ជើង​ថ្ករ គ្រឿង​តូរ្យតន្ត្រី​ក៏​ប្រគំ​ឡើង​លាន់​ទ្រហឹង​អឹង​កង​ព្រម​គ្នា វេលា​នោះ​ព្រះ​ភ្លើង​ក៏​ឆេះ​សន្ធោរ​ឡើង រូប៉ាតានី បាន​លប​លាប​ប្រែង​ជោក​ទាំង​ខ្លួន​ហើយ ក៏​ស្ទុះ​ចូល​ទៅ​ឱប​ប្ដី​ក្នុង​គំនរ​ភ្លើង​ក្នុង​មួយ​រំពេច​សេចក្ដី​ក៏​ជ្រាប​ទៅ​ដល់​កង​ក្រវែល​ៗ បី​នាក់​បាន​រត់​ចូល​មក​ការពារ តែ​មិន​សម្រេច ដោយ​វេលា​នោះ​មាន​ស្រី ៩ នាក់​ដែល​ជា​ញាតិ​មិត្រ​របស់​នាង​បាន​រាំង​រា​មិន​ឲ្យ​មក​បាន ខណៈ​នោះ គេ​ឮ​សំឡេង​នាង​ស្រែក​ឆ្វេក ដោយ​អំណាច​ត្រូវ​កំដៅ​ភ្លើង​យ៉ាង​ក្ដៅ​ដែល​នាង​មិន​អាច​នឹង​ទ្រាំ​បាន ហើយ​ក៏​បាត់​ឈឹង​ទៅ​វិញ ឮ​តែ​សូរ​សន្ធឹក​ព្រះ​ភ្លើង​ឆេះ​គឹក​ៗ ឡើង អ្នក​បួស​ក៏​សូត្រ​ធម៌​ឡើង​ម្ដង​ទៀត​ជា​ក្រោយ​បំផុត​ទាំង​ពួក​គ្រហស្ថ​ក៏​ស្រែក​សូត្រ​ឲ្យ​សព្ទ​សាធុការ​ពរ​ព្រម​គ្នា​ឡើង​តែ​រាល់​ៗ គ្នា វេលា​នោះ​វិញ្ញាណ​របស់ រូប៉ាតានី ក៏​រលត់​បាត់​សូន្យ​ឈឹង​ទៅ​ដោយ​ប្រការ​ដូច្នោះ ! ។

[1]- ខែមធុ ជា​ខែ​មង្គល​ដែល​គេ​តែង​រៀប​ការ​ប្ដី​ប្រពន្ធ ។


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: