នៅលើលោកនេះ  មានមនុស្សគិត មិនដែលធ្វើ មានមនុស្សធ្វើ មិនដែលគិត និងមានមនុស្សគិតបណ្តើរ ធ្វើបណ្ដើរ។

ដំបូងមនុស្សរៀន ដើម្បីអាន បន្ទាប់មកមនុស្សអានដើម្បីរៀន


មនុស្សគិតមិនដែលធ្វើ ភាគច្រើនគឺជាមនុស្សដែលចូលចិត្តគិតអីមានលក្ខណៈស្មុគស្មាញ សាំញ៉ាំ ទោះបីជារឿងខ្លះធម្មតាៗក៏ដោយ។ ពួកគេតែងមានអារម្មណ៍ថា ពួកគេមិនទាន់រួចរាល់ ឬមិនទាន់គ្រប់លក្ខណៈ។

ពួកគេចូលចិត្តរង់ចាំរង់ចាំឲ្យអ្វីៗល្អឥតខ្ចោះជាមុនសិន ទើបចាប់ផ្ដើម។ បើពួកគេចង់រកស៊ី ពួកគេរង់ចាំទាល់តែពួកគេមានដើមទុនរាប់ម៉ឺនដុល្លាសិន។ពួកគេរង់ចាំទាល់តែរៀនចប់អនុបណ្ឌិត ឬបណ្ឌិតផ្នែកធុរកិច្ចសិន។ពួកគេរង់ចាំឲ្យប្រាកដចិត្ត ១០០% សិន។

ហើយជាលទ្ធផល ជីវិតរបស់ពួកគេគឺជាការរង់ចាំការរង់ចាំ គឺជាជីវិតរបស់ពួកគេ។ពួកគេនឹងរង់ចាំរហូតដល់ថ្ងៃស្លាប់។ 

មនុស្សធ្វើ មិនដែលគិត ផ្ទុយពីនេះ ពួកគេត្រូវធ្វើអីគឺធ្វើហ្នឹងហើយ គិតងាយធ្វើងាយ មានបញ្ហាចាំដោះស្រាយតាមក្រោយ។​បើពួកគេចង់រកស៊ី គឺរកស៊ីហើយ ពួកគេនឹងចាប់ផ្ដើមទៅទិញឥវាន់យកមកលក់ភ្លាមៗ រឿងធ្វើម៉េចលក់បានមិនបាន ចាំគិតពេលក្រោយទៀត។

បើពួកគេចង់ចេះហែលទឹក គឺពួកគេដើរទៅមាត់ទឹក ហើយលោតចូលទឹកតែម្ដង រឿងស្លាប់រស់មិចម៉ា ចាំគិតក្រោយទៀត។

ជាលទ្ធផល ជីវិតរបស់មនុស្សប្រភេទនេះ គឺជាជីវិតដែលពោលពេញដោយបញ្ហា ដោះស្រាយមិនចេះចប់មិនចេះហើយ ដោយសារតែទង្វើខ្វះការពិចារណារបស់ពួកគេ។

មនុស្សគិតបណ្ដើរធ្វើបណ្តើរ គឺជាមនុស្សគិតមុនគូរ។  មានគំនិត ស្របនឹងសកម្មភាព។

បើពួកគេចង់រកស៊ី ពួកគេនឹងរៀនឲ្យយល់ពីការរកស៊ី ឲ្យយល់ពីការលក់ នឹងចាប់ផ្ដើមការរកស៊ីពីតូចទៅ។ ពួកគេចាប់ផ្ដើមដោយចំណាយដើមទុនតិចបំផុតតាមតែអាចធ្វើទៅបាន រកស៊ីបណ្ដើររៀនសូត្រពីវាបណ្ដើរ។ 

ពួកគេដឹងថា ពួកគេមិនអាចចេះហែលទឹកដោយគ្រាន់តែអានសៀវភៅពីរបៀបហែលទឹក ហើយពួកគេក៏មិនអាចលោតចូលទឹកដោយមិនបានយល់ពីអ្វីសោះនោះដែរ។ ជម្រើសល្អបំផុត គឺរៀនហែលក្នុងទឹករាក់ជាមុនសិន។ 

ជាលទ្ធផល ពួកគេតែងទទួលបានជោគជ័យលើគ្រប់កិច្ចការភាគច្រើនបំផុតដែលពួកគេធ្វើ។

ដូចនេះ សូមធ្វើជាមនុស្សគិតបណ្តើរធ្វើបណ្ដើរ រៀនសូត្រពីវាបណ្ដើរ។
កុំគិតយូរពេក ហើយក៏កុំធ្វើដោយមិនបានគិត៕

ពីខ្ញុំ សេរីរិទ្ធ


Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: