ការ​រៀបចំ​​ខ្លួន​​ក្នុង​ការ​​ជូន​​ដំណើរ​​ដូនតា​​ទៅ​កាន់​ភព​​ដើម​​វិញ

នៅ​ថ្ងៃ​ចុងបញ្ចប់​នៃ​ពិធីបុណ្យ​​ភ្ជុំ​បិណ្ឌ រយៈ​ពេល​​១៥​​ថ្ងៃ ប្រជា​​ពលរដ្ឋ​​ខ្មែរ មិន​​ដែល​​បំភ្លេច​​ទេ នូវ​​ពិធី​​សែន​​ជូន​ដំណើរ​​ជីដូន​​ជីតា​​ទៅ​​ភព​​របស់​ពួកគាត់​វិញ​។ នៅ​ក្នុង​ពិធី​នេះ ប្រជាពលរដ្ឋ​បាន​ធ្វើ​ជា​កន្ទោង ឬ​កាត់​ស្រទបចេក​​ចង​​ក្បាល និង​កន្ទុយ​ធ្វើជា​ទូក ដែលមាន​ដាក់​​សំណែន ដូច​ជា​​ប្រហុក អំពិល អង្ករ សណ្តែក ល្ងរ និង​​គ្រឿង​​សំណែន​​ផ្សេងៗ​​ទៀត ដែល​​ដាក់​​ជា​​កញ្ចប់​​តូចៗ និង​​មាន​​ដុត​​ទៀន ធូប ភ្ជាប់​​ជាមួយ​​ការ​​បួង​សួង​​ផង​​នោះ​។​

ព្រះចៅអធិការ​វត្ត​ស៊ឹម ពលី និង​ជា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រះគ្រូ​សិរី​វង្សា​សុំ សុខា មាន​ថេរ​ដីការ បកស្រាយ​ពី​ដំណើរ​​នៃ​ពិធី​​សែន​​ជូន​ដំណើរ​ដូនតា​​យ៉ាង​ដូច្នេះ​​ថា ពិធី​​នេះ​​មិនមែន​​ជា​​ពិធី​​របស់​​ព្រះ​ពុធទ្ធសាសនា​​ទេ ហើយក៏​មិន​មានចែង​នៅក្នុង​តម្រា​ឬ​ព្រះ​ត្រៃបិដក​ដែរ​។ ព្រះអង្គ​មាន​ថេរ​ដីកា​រថា វា​ជា​ទំនាម​ទំលាប់​ប្រពៃណី​ដែល​ខ្មែរ​យើង​និយម​ធ្វើ​តៗ​គ្នា​តែ​ប៉ុណ្ណោះ​ ​៖ "តាមពិត​ទៅ​ប្រពៃណី​នេះ មិន​មែន​​ជា​ប្រពៃណី​របស់​​ព្រះ​ពុទ្ធ​សាសនា​​​យើង ដែល​ព្រះ​ពុទ្ធ​ប​រម្យ​​គ្រូ ឬក៏​មាន​ធម៌​​វិន័យ​កន្លែង​ណាមួយ បញ្ញត្តិ​ឲ្យ បរិ​សាទ ធ្វើ​ពិធី​នោះទេ​។ 

ប៉ុន្តែ​ដោយហេតុថា ពិធី​នេះ​ជា​ពិធី​ប្រពៃណី​ខ្មែរ​យើង ដែល​បុរាណកាល​លោក​ពោល​ថា​ ពុំ​អាច​ខកខាន​ធ្វើ​ពិធី ព្រោះ​​ប្រពៃណី​ធំ​ពេក​ក្រៃ ទោះ​ក្រលំបាក​យ៉ាងណាក្តី លៃ​ធ្វើឲ្យ​បានលំ​អាន​ចាស់ ចឹង​ពិធី​នេះ​ជា​ពិធី​លំ​អាន​ចាស់ ហើយ​ជា​របៀប​បុរាណ​។ តាមពិតទៅ​នៅ​ក្នុង​ពិធី​ភ្ជុំ​​បិណ្ឌ​ខ្មែរ​យើង​មាន​ទស្សនៈ​​ថា រយៈកាល​១៥​ថ្ងៃនេះ គឺ​លោក​​យម​បាល​​លោក​​ដោះ​លែង ព្រលឹង​វិញ្ញាណក្ខន្ធ​ញាតិ​ការបស់​យើង​ដែល​គាត់​បាន​ទៅ​កើត​ជា​ប្រេត ជា​នរក ដោយ​ទុក​លំបាក​អត់​មាន​អាហារ​​បរិភោគ កន្លះ​ខែណឹង​គឺ​គេ​បើកផ្លូវ​ឲ្យ​គាត់​បើកផ្លូវ​ឲ្យមក​រក​បងប្អូន ញាតិមិត្ត អីចឹង គ្រប់​ថ្ងៃទី​១៥​ណឹង​គេ​នឹង​នាំ​គាត់​ត្រលប់​ទៅ​វិញ​ហើយ​"។​

ព្រះ​​តេ​ជព្រះ​​គុណ សុំ សុខា បាន​ពន្យល់​​បន្ថែម​​ថា នៅក្នុង​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​ជួបជុំ​បង​ប្អូន​​ញាតិមិត្ត​ ធ្វើ​​ពី​ធី​​សែន​ព្រេន​​ដូនតា បន្ទាប់ពីនោះ ពួកគេ​បាន​យក​កន្ទោង​ដាក់​គ្រឿង​សំណែន ដុត​ធូប អុច​ទាន និង​​ដាក់​​​បណ្តែត តាម​ទឹក​ ៖ "ក្រោយ​ពេល​​ដែល​​គេ​​ធ្វើ​​កន្ទោង​​រួច​ហើយ ក្នុង​នោះ​​គេ​​កាត់​​នំ ដាក់​​បាយ អង្ករ បាយ​ស បាយ​ក្រហម ឲ្យ​ល្មម​សមគួរ​កុំ​ឲ្យ​យើង​ដាក់​ក្នុង​ទឹក​ទៅ​លិច ហើយ​ជីដូន​ជីតា​គាត់​ទៅ​រាប់ចំ​ពិធី នៅ​ផ្ទះ​គាត់​រាបចំ​បាយទឹក នំ​អណ្សម ហៅ​ជីដូន​ជីតា​ជួបជំ​គ្នា​ធ្វើ​ពិធី​សែន​ព្រែ​ន ហើយ​ពាក្យ​ថា ភ្ជំផ្ជរ​ណឹងមាន​ន័យថា ជួបជុំ ដូច្នេះ​​បងប្អូន​កូនចៅ​ទាំងអស់​ឈប់​សម្រាក​ពី​ការងារ​ដើម្បី​ជួបជំ​បងប្អូន ហើយ​ឆ្លៀត​ឱកាស​ពេល​ណឹង​គេ សែន​ព្រែ​ន​រំលឹក​ដល់​ម៉ែឪ​ដែល​ចែក​ឋាន​ទៅ រួច​​យក​កន្ទោង​នោះ​ទៅ​បណ្តែត​ក្នុង​ទឹក រួច​ដុត​ធូប ដុត​ទាន​ឧទ្ធិស​បញ្ជូន ដល់​វិញ្ញាណក្ខន្ធ​របស់​ពួកគាត់​ទៅ ហើយ​ឲ្យ​ពួក​គាត់​ងាក​ក្រោយ​ថែរក្សា​កូនចៅ ឲ្យ​កូនចៅ​រកស៊ី​ត្រជាក់ត្រជុំ ដូច​ទឹក​ក្នុង​បឹង​ឬ​ក្នុង​ទន្លេ​អញ្ចឹង​"។

​អ្នកស្រី ស្រី​ពៅ នៅ​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ​គាត់​តែងតែ​ធ្វើ​ពិធី​នេះ តែ​គាត់​មិនសូវ​ដឹង​អំពី​ពិធី​នេះ​នោះ​ទេ គឺ​ធ្វើ​តាមតែ​ចាស់ៗ​ប្រាប់​ ​៖ "ចា​គេ​ធ្វើ​តើ នៅពេល​ភ្ជំ​ថ្ងៃណឹ​ង​អីចឹង ស្អែក​ឡើង​គេ​នាំគ្នា​ទៅ​បណ្តែត​​ដូនតា ដើម្បី​ជូន​ដំណើរ​គាត់​ឲ្យ​ត្រលប់​ទៅ​កន្លែង​គាត់​ចាស់​វិញ​។ គេ​មាន​ដាក់​​អង្ករ សណ្តែក អំបិល ល្ងរ នំ​អន្សម កាត់​កង់ៗ ដុត​ទាន បណ្តែត​ទូក​​ជូន​​ដំណើរ​​គាត់​ឲ្យ​គាត់​ត្រលប់​ទៅ​វិញ ហី​ឲ្យ​គាត់​មាន​ចិត្ត​សប្បាយរីករាយ​ជា​មួយ​កូនចៅ"​។​

សម្រាប់​លោក​មាស លី ដែលជា​អា​វត្ត​រតនៈរង្សី នៅ​ខេត្ត​កំពង់ចាម មានប្រសាសន៍ថា ប្រជាពលរដ្ឋ​តែងតែ​ធ្វើ​ពិធី​នេះ​គ្រប់ៗ​គ្នា ដោយសារ​ពួកគេ​មាន​ជំនឿ​ថា នៅ​ថ្ងៃ​បញ្ចប់​នេះ ជីដូន​ជីតា ដែល​បាន​មកជួបជុំ​កូនចៅ​នឹង​ត្រលប់​ទៅ​ភព​របស់​ពួកគាត់​វិញ​ ៖ "​ភ្ជុំ​ហើយ ថ្ងៃ​១​រោច​ហៅថា ថ្ងៃ​ឆ្លង បុរាណ​ពី​ដើម​ធ្វើ​​ជា​កន្ទោង រូប​ទូក លោក​ដាក់​អន្សម នំ​គម នំ​បត់ កំពង មាន​ទានធូប មាន​ទង់ជ័យ ទង់​ជ្រុង បណ្តែត​ទៅតាម​ស្រះ បើ​មាន​ទន្លេ​បណ្តែត​តាម​ទន្លេ សំដៅ​​​ទៅ​យក​ព្រះ​ជង្គង់​កែវ​នៅ​ក្នុងឋាន​នាគ ដើម្បី​អនិ​សង្ឃ​នៃ​ការជូន​កុសល ពពួក​នៃ​ប្រែ​ត​ទាំងឡាយ ជូន​កុស​ដល់​មាតុ​បិតា​ទាំងឡាយ​ផង ដល់​ព្រះ​ជង្គង​កែវ​ផង​ដែ​លឋិត​នៅឯ​ឋាន​ភុជង្គនាគ​ឯណោះ"​។

បើទោះជា​យ៉ាងណា ព្រះតេ​ជ្ជ​គុណ សុំ សុខា បាន​ពន្យល់​បន្ថែម​ថា ពី​ធី​នេះ​ជា​ពិធី​បែប​ព្រហ្ម​ម​ញ្ញ​សាសនា ទើប​ភាគច្រើន​ប្រជាពលរដ្ឋ​ជ្រើសរើស​យក​ពេល​រសៀល​ដើម្បី​ធ្វើ​ពិធី​បណ្តែតកន្ទោង​នេះ​ ​៖ "ព្រោះ​ពិធី​សែន ពិធី​ព្រេន​នេះ មិនមែនជា​ពិធី​កាន់​របស់​ព្រះ​ពុធ​សាសនា​ទេ គឺជា​ពិធី​កាន់​របស់​ព្រហ្ម​សាសនា​។ ខ្មែរ​យើង​ពី​ដើម​គាត់​បាន​គោរព​ទៅលើ​អទិ​ទេព ទៅលើ​ព្រហ្ម​សាសនា តែ​ក្រោយមក​គឺ​ត្រឹម​ពុទ្ធ​សករាជ ២៣៤​នេះ​ទេ ដែល​មាន​ព្រះ​ពុទ្ធ​សាសនា​​ហូរ​​ចូល​​ស្រុក​​ខ្មែរ​​មក ខ្មែរ​យើង​ក៏​មិន​អាច​កាត់ផ្តាច់​នូវ​ព្រហ្ម​សាសនា​ទេ ថ្វី​ត្បិត​តែ​គាត់​បាន​កាន់​ព្រះពុទ្ធសាសនា​មែន តែ​មាន​ចំណុច​ខ្លះ​គឺ​យើង​នូវ​ច្របាច់​បញ្ចូល​គ្នា​ទាំង​វប្បធម៌ ប្រពៃណី​ទំនាម​ទំលាប និង​អត្ត​ច​រឹក ទើប​យើង​អាច​រស់នៅ​ជាមួយគ្នា​បាន​"។​

ពិធី​សែន​ជូន​ដំណើរ​ដូនតា ជា​ពិធី​ចុងក្រោយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ខ្មែរ បាន​ធ្វើបុណ្យ​ដាក់​បិណ្ឌ នៅ​តាម​វត្ត​អារាម​នានា​រយៈពេល​១៥​ថ្ងៃ​។ ពិធី​នេះ ពួកគេ​មាន​ជំនឿ​ថា ជីដូន​ជីតា​ដែល​បាន​ចែក​ឋាន​ទៅ បាន​ធ្លាក់ខ្លួន​កើត​ជា​ប្រេត យមបាល​បាន​ដោះលែង និង​ត្រូវ​ត្រឡប់​ទៅ​ពី​ភព​របស់​ពួកគាត់​វិញ ដូច្នេះ​ទើប​ពួកគេ​ធ្វើ​ពិធី​ជូន​ដំណើរ​៕

ដោយ៖​ ថុល ​ស្រី​លក្ខណ៍​ / ថ្ងៃសុក្រ ទី4 ខែតុលា ឆ្នាំ 2013
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: