បុណ្យចូលឆ្នាំខ្មែរ
កម្ពុជសុរិយា ឆ្នាំទី ៤៨ លេខ ១ ខែ មករា-កុម្ភៈ-មីនា ព. ស. ២៥៣៧ គ. ស. ១៩៩៤
គ្រប់ប្រជាជាតិក្នុងលោក សុទ្ធតែមានការចូលឆ្នាំរបស់ខ្លួន គ្រាន់តែប្លែកគ្នាត្រង់ការកំណត់ពេកចូល និងពិធីធ្វើខុសគ្នាប៉ុណ្ណោះ ។ ឯប្រជាជនខ្មែរ ក៏មានការចូលឆ្នាំប្រពៃណីរបស់ខ្លួន តាំងពីបុរាណកាលមកដែរ ។
I- ពេលវេលាចូលឆ្នាំខ្មែរ
កាលដើមឡើយ ខ្មែរយើងប្រារព្ធធ្វើបុណ្យចូលឆ្នាំ ក្នុងខែមិគសិរ ព្រោះគេកំណត់យកខែនេះ ជាខែដើមឆ្នាំ ។ នាសម័យព្រេងនាយ ឆ្នាំនីមួយ ៗ ចែកជា ៣ រដូវ តាមចន្ទគតិ គឺ ហេមន្តរដូវ គិម្ហរដូវ និង វស្សានរដូវ ។ បុរាណាចារ្យលោកគិតថា ហេមន្តរដូវ ជារដូវត្រជាក់ ត្រូវចាត់ទុកជារដូវដើមឆ្នាំ ប្រៀបបាននឹងពេលព្រឹក ដែលផុតពីរាត្រី គឺជាដើមថ្ងៃ ។ គិម្ហរដូវ ជារដូវក្ដៅ ត្រូវចាត់ទុកជាកណ្ដាលឆ្នាំ ប្រៀបដូចជាពេលថ្ងៃត្រង់ ។ វស្សានរដូវ ជារដូវដែលមេឃមីរ ងងឹតមានភ្លៀងផ្គរ ត្រូវចាត់ទុកជាចុងឆ្នាំ ប្រៀបបាននឹងពេលព្រលប់ ។
ចំណេរកាលក្រោយមក, គ្រាដែលបុព្វបុរសខ្មែរយើង អនុលោមប្រើចុល្លសករាជជាសំខាន់នោះ (មិនដឹងជាប្រើនៅក្នុងរជ្ជកាលនៃព្រះរាជាអង្គណាទេ) ទើបការចូលឆ្នាំថ្មី មានការប្រែប្រួល ហើយកំណត់យកខែចេត្រ ជាខែដើមឆ្នាំវិញ ។ ឯថ្ងៃចូលឆ្នាំខ្មែរ តែងប្រព្រឹត្តទៅ មិនមុនថ្ងៃ ៤ កើត ខែចេត្រ និងមិនក្រោយថ្ងៃ ៤ កើត ខែពិសាខ ព្រោះបុព្វបុរសយើងយល់ឃើញថា នៅខែមិគសិរនេះ ប្រជាកសិករខ្មែរយើង រវល់មមាញឹកក្នុងរបរកសិកម្ម មានស្រែចំការ ជាដើម ទើបលោកលើកកំណត់ពេលចូលឆ្នាំ មកធ្វើនៅក្នុងខែចេត្រវិញ ដោយហេតុថា ខែចេត្រកិច្ចការច្រូតកាត់ បោកបែន បានចប់សព្វគ្រប់ ហើយប្រជាពលរដ្ឋខ្មែរយើងទំនេរ មានឱកាសធ្វើបុណ្យទាន កំសាន្ត សប្បាយ តាមប្រាថ្នា ។ ការកំណត់នេះ ក៏ជាប់ជាប្រពៃណី រហូតមកដល់សព្វថ្ងៃ ។
II- ទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរ ជាព្រឹត្តិការណ៍យ៉ាងធំមួយក្នុងទឹកចិត្ត និងជីវភាពខ្មែរ ។ មុនពេលចូលឆ្នាំថ្មីមកដល់ គេនាំគ្នារៀបចំ តុបតែងផ្ទះសម្បែង សំអាតទីធ្លា វត្តអារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន សង់រានទេវតា បុកអង្ករ រកឧស ដងទឹក ត្រៀមសំលៀកបំពាក់ថ្មី ៗ – ល – អោយហើយស្រេច ។ពេលចូលឆ្នាំ ជាពេលជម្រះឧបទ្រពចង្រៃនៃឆ្នាំចាស់អោយជ្រះស្រឡះ ដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មី ក្នុងក្ដីសោមនស្ស ក្សេមក្សាន្ត និងសុភមង្គល ។
ឆ្នាំថ្មីមកដល់, ស្នូរស្គរ រគាំង សំឡេងធម៌ពរជ័យ លាន់ឮរន្ទឺអឺងកង ចេញពីវត្តអារាម ។ ភ្លើងទៀនឆេះព្រោងព្រាត ផ្សែងធូបហុយចេញពីគ្រប់រានទេវតា តាមដងផ្លូវ មុខផ្ទះសម្បែង វត្តអារាម ។ ចាស់ទុំ ក្រមុំ កម្លោះ និងក្មេង ៗ សប្បាយក្អាកក្អាយជាងគេ ព្រោះជាឱកាសដ៏ពិសេសបំផុត សំរាប់ពួកគេចូលឆ្នាំ កំសាន្តល្បែងប្រជាប្រិយ ជាមួយគ្នា ដោយគ្មានចាស់ទុំណា ខាឃាំងរាំងជាត់អ្វីឡើយ។
ពេលព្រលប់, គេនាំគ្នាទៅស្ដាប់ធម៌អាថ៌ក្នុងវត្ត ។ អ្នកខ្លះដែលមិនបានទៅស្ដាប់លោកឯវត្ត ក៏ប្រមូលគ្នាលេងល្បែងប្រជាប្រិយផ្សេង ៗ តាមចំណង់ ។ គេនាំគ្នាលេងល្បែងចាប់កូនខ្លែង, លាក់កន្សែង, ក្រុងមាន់, ទាញព្រ័ត្រ, ច្រៀងប្របកៃ, ស្ដេចចង់, ឈូង, អង្គញ់, រាំវង់ - ល – យ៉ាងសប្បាយរីករាយ ។ គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកស្ថានទៅកាន់បរលោកហើយ ។ គេនាំគ្នាជញ្ជូនដីចំរើនទីវត្ត ពូនភ្នំខ្សាច់ រែកទឹកស្រង់ព្រះ ស្រង់ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ ។ ពេលត្រឡប់ទៅភូមិវិញ គេអញ្ជើញមាតាបិតា ជីដូនជីតា ចាស់ទុំ មកផ្ងូតទឹក ជូនសំលៀកបំពាក់ថ្មី នំ ចំណី ដើម្បីជាកិច្ចតបស្នងសងគុណ ចំពោះបុព្វការីជនរបស់គេ តាមគ្រប់វត្តអារាម គេសង្កេតឃើញចាស់ទុំ ក្រមុំ កម្លោះ ក្មេងក្មាង ប្រមូលផ្ដុំជួបជុំគ្នាក្រោមម្លប់ឈើធំ ៗ ក្រសាលលេងល្បែងប្រជាប្រិយផ្សេង ៗ តាមចំណង់ចំណូលចិត្ត ។ គេនាំគ្នាទៅទស្សនាកំសាន្តប្រាសាទបុរាណ រមណីយដ្ឋាន គោរពបូជាវត្ថុសក្តិសិទ្ធិ ភ្ជាប់បរិយាកាសរីករាយនេះ ទៅនឹងបរិយាកាស នាសម័យព្រេងនាយ ដ៏រុងរឿង ។ នៅតាមខេត្ត តំបន់ខ្លះ ពេលចូលឆ្នាំម្ដង ៗ គេមិនមែនសប្បាយតែក្នុងរយៈពេលបីថ្ងៃប៉ុណ្ណោះទេ, គេចាប់ផ្ដើមលេងសប្បាយរបៀបនេះ មុន និង ក្រោយប៉ុន្មានថ្ងៃចូលឆ្នាំ ទៀតផង ។ គេនាំគ្នាធ្វើបុណ្យអោយអស់ចិត្ត សប្បាយអោយអស់ចិត្ត ដើម្បីអបអរសាទរចំពោះជីវិតថ្មីរបស់គេ ដែលបានហែលឆ្លងកាត់ឧបសគ្គ ទទួលជោគជ័យក្នុងរយៈពេលឆ្នាំចាស់កន្លងទៅ និងដើម្បីត្រៀមចាំបំពេញភារកិច្ចថ្មី ត្រៀមចាំរដូវដកស្ទូង ត្រៀមចាំទឹកភ្លៀងដែលនឹងបង្អុរចុះ នាដើមវស្សាន្តរដូវនៃឆ្នាំថ្មី ដ៏ខ្លីខាងមុខ ។
III- ជំនឿ និង ពិធីផ្សេង ៗ [1]
១- ទេវតាឆ្នាំថ្មីៈ ក្នុងសង្ក្រាន្តសូត្រ និទានថា ក្នុងដើមភទ្ទកប្បនេះ មានបុរសម្នាក់ឈ្មោះធម្មបាល ជាអ្នកប្រាជ្ញចេះចប់ត្រៃវេទ ព្រមទាំងចេះភាសាសត្វបក្សីផង ។ ធម្មបាល តែងសម្ដែងមង្គលដល់មនុស្សផងទាំងពួង ។ លុះកបិលមហាព្រហ្ម (សម័យកាលនោះ គេគោរពបូជាមហាព្រហ្ម និងកបិលមហាព្រហ្ម) ជ្រាបថា ធម្មបាលកុមារ ជាអ្នកប្រាជ្ញ ក៏មកសួរប្រស្នា ៣ ខ ហើយសន្យាថា ប្រសិនបើធម្មបាលដោះស្រាយប្រស្នានេះរួច កបិលមហាព្រហ្ម នឹងកាត់ក្បាលខ្លួនបូជាធម្មបាល តែបើធម្មបាលដោះមិនរួចទេ ត្រូវកាត់ក្បាលបូជាមហាព្រហ្មវិញ ។ ធម្មបាល សុំបង្អង់ ៧ ថ្ងៃសិន ដើម្បីគិតប្រស្នា ប៉ុន្តែ ៦ ថ្ងៃកន្លងផុតទៅហើយ នៅតែគិតមិនឃើញសោះ ធម្មបាល ក៏ភៀសខ្លួនទៅពួននៅក្រោមដើមត្នោតមួយគូ ដែលជាលំនៅសំបុកនៃសត្វឥន្ទ្រី ។ ជាភ័ព្វសំណាងល្អ ធម្មបាលក៏បានឮឥន្ទ្រីញី - ឈ្មោល និយាយគ្នាថាៈ
- ញីៈ ព្រឹកនេះ យើងបានអាហារពីណាស៊ី ?
- ឈ្មោលៈ យើងនឹងបានស៊ីសាច់ធម្មបាល ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះ ប្រស្នាមិនរួច ។
- ញីៈ ប្រស្នានោះ ដូចម្ដេច ?
- ឈ្មោលៈ - (ខ ១) វេលាព្រឹក សិរី ស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ, ហេតុនោះ មនុស្សទាំងឡាយ ត្រូវយកទឹកលាងមុខ ។
- (ខ ២) ថ្ងៃត្រង់ សិរី ស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូង, ហេតុនោះ មនុស្សទាំងឡាយ ទើបយកទឹកលាងទ្រូង ។
- (ខ ៣) វេលាល្ងាច សិរី ស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅជើង, ហេតុនោះ មនុស្សទាំងឡាយ ទើបយកទឹកលាងជើង ។
ពាក្យពេចន៍ទាំងប៉ុន្មានរបស់ឥន្ទ្រី ក៏បានជាពន្លឺមកបំភ្លឺដោះស្រាយប្រស្នាកបិលមហាព្រហ្មរួច ជៀសផុតពីក្ដីមរណៈ ។ កបិលមហាព្រហ្ម សុខចិត្តចាញ់ ព្រមកាត់ក្បាលបូជាធម្មបាល ។ មុននឹងកាត់ក្បាល កបិលមហាព្រហ្ម ហៅទេពធីតា ៧ អង្គ ដែលជាបុត្រីរបស់ខ្លួន អោយយកពានមកទ្រក្បាល (ព្រោះបើដាក់ក្បាលនោះលើផែនដី នឹងកើតជាភ្លើងឆេះលោកធាតុ, បើបោះទៅលើអាកាស នឹងរាំងភ្លៀង, បើចោលទៅក្នុងសមុទ្រ ទឹកនឹងរីងស្ងួតអស់) រួចហើយ ក៏កាត់ក្បាលអោយទៅនាង ទុង្សា ជាកូនច្បង ។ នាងទុង្សា ហែក្បាលកបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ អស់ ៦០ នាទី ទើបអញ្ជើញក្បាលនោះទៅប្រតិស្ឋានទុកក្នុងមណ្ឌប ភ្នំកៃលាស ។ លុះដល់គម្រប់មួយឆ្នាំសង្ក្រាន្ត ទើបនាងទេពធីតាទាំង ៧ អង្គ ផ្លាស់វេនគ្នា មកដង្ហែក្បាលកបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ ជារៀងរាល់ឆ្នាំ ។ បុត្រីទាំង ៧ អង្គនោះគឺៈ
១- បើសង្ក្រាន្តចំថ្ងៃអាទិត្យ ត្រូវវេននាង ទុង្សា,
២- បើសង្ក្រាន្តចំថ្ងៃចន្ទ ត្រូវវេននាង គោរាគៈ,
៣- បើសង្ក្រាន្តចំថ្ងៃអង្គារ ត្រូវវេននាង រាក្យសា,
៤- បើសង្ក្រាន្តចំថ្ងៃពុធ ត្រូវវេននាង មណ្ឌា,
៥- បើសង្ក្រាន្តចំថ្ងៃព្រហស្បតិ៍ ត្រូវវេននាង កិរិណី,
៦- បើសង្ក្រាន្តចំថ្ងៃសុក្រ ត្រូវវេននាង កិមិរា,
៧- បើសង្ក្រាន្តចំថ្ងៃសៅរ៍ ត្រូវវេននាង មហោទរា ។
ដោយមាននិទានបែបនេះហើយ ទើបខ្មែរយើងមានជំនឿ ហើយបានរៀបចំជាពិធីបូជាទេវតា ដែកត្រូវវេនដង្ហែក្បាលកបិលមហាព្រហ្ម និងត្រូវអភិបាលពិភពលោក រៀងរាល់ឆ្នាំថ្មីចូលមកថល់ ពុំដែលអាក់ខានឡើយ ។
២- ពិធីស្រង់ព្រះៈ មហាសំការសូត្រ ដែលមានមកក្នុងគម្ពីរសុត្តជាតក ជាមគធភាសា បាននិទានថា ថ្ងៃសង្ក្រាន្តឆ្នាំថ្មីជិតចូលមកដល់ ព្រះបាទបសេនទិកោសល បានរៀបចំជាបារាំយ៉ាងស្អាតនៅឆ្នេរស្ទឹងមួយ ហើយក៏និមន្តព្រះពុទ្ធ និងព្រះសង្ឃស្រង់ទឹក រួចសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធ ព្រមទាំងភិក្ខុសង្ឃ នៅទីនោះ ។ គម្ពីរនេះដដែល បញ្ជាក់ទៀតថា អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូ ឧបជ្ឈាយ៍ មានអានិសង្សច្រើនណាស់ ។ អនាគតជាតិ នឹងបានទៅកើតក្នុងទេវលោក បានជាស្ដេចចក្រពត្តិ មានបុណ្យបារមីច្រើន មានរូបល្អ មានទ្រព្យសម្បត្តិច្រើន មានសេចក្ដីសុខគ្រប់យ៉ាង – ល - ។
គម្ពីរបញ្ញាសជាតក ត្រង់ជាតកទី ៣១ បានបញ្ជាក់អំពីអានិសង្ស នៃការស្រង់ទឹកព្រះសង្ឃ ដូចមហាសំការសូត្រដែរ គ្រាន់តែខុសគ្នាត្រង់មិនបានបញ្ជាក់ថា ក្នុងឱកាសចូលឆ្នាំនោះប៉ុណ្ណោះ ។ លោកលើកឧទាហរណ៍ ដូចជា ព្រះបាទបុប្ជរាជដែលបាននិមន្តព្រះឧសភត្ថេរ ក្នុងសាសនាព្រះពុទ្ធសរណង្ករ អោយស្រង់ទឹក ។ លុះអនាគតជាតិទៅ បានទៅកើតក្នុងទេវលោក មានបុណ្យបារមីច្រើន ហើយទីបំផុតបានទៅជាស្ដេចចក្រពត្តិ ក្នុងជម្ពូទ្វីបនេះ ។
នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ពេលចូលឆ្នាំម្ដង ៗ គេតែងធ្វើពិធីមួយ ដោយនិមន្តព្រះពុទ្ធរូបមានមហិទ្ធិឫទ្ធិ ២៥ អង្គ ដែលជាតំណាងអាណាខេត្តទាំងឡាយក្នុងព្រះរាជាអាណាចក្រ មកធ្វើពិធីស្រង់ទឹកនៅប្រាសាទជ័យស្រី (ប្រាសាទព្រះខ័ន) រួចគេដង្ហែព្រះពុទ្ធរូបទាំងនោះ ជាក្បួនយ៉ាងមហោឡារិក មុននឹងយកទៅតំកល់នៅកន្លែងដើមវិញ ។
ដោយមានជំនឿលើនិទាន និងទំនៀមរបស់ដូនតាយើង ដូចខាងលើនេះហើយ បានជាមានទម្លាប់ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ ។ តែដល់ពេលចូលឆ្នាំម្ដង ៗ គេតែងធ្វើពិធីស្រង់ទឹកព្រះពុទ្ធរូប – ព្រះសង្ឃ – មាតាបិតា - ជីដូនជីតា បុព្វការី នៅតាមវត្តអារាម និងតាមភូមិ ស្រុក ។
៣- ពិធីពូនភ្នំខ្សាច់ៈ មហាសំការសូត្របានបញ្ជាក់ថាៈ ពេលសង្ក្រាន្តឆ្នាំថ្មីជិតមកដល់ ព្រះបាទបសេនទិកោសល បានទូលសួរព្រះពុទ្ធថា ក្រោយព្រះអង្គបរិនិព្វានទៅ បើដល់រដូវសង្ក្រាន្តចូលឆ្នាំថ្មីម្ដង ៗ តើខ្ញុំព្រះអង្គគួរបំពេញកុសលអ្វីខ្លះ ? ព្រះពុទ្ធត្រាស់ថា «គួរសាងវាលុកចេតិយ នៅឆ្នេរស្ទឹង ទន្លេ ហើយនាំយកគ្រឿងសក្ការៈ ទៀនធូប គ្រឿងក្រអូប ផ្កា ជាដើម មកបូជាចុះ» ។ ព្រះអង្គបានបញ្ជាក់អំពីអានិសង្សនៃការសាងវាលុកចេតិយនោះ ថាមានអានិសង្សច្រើនវិសេសណាស់ ដូចគ្នានឹងស្រង់ទឹកព្រះសង្ឃដែរ ។
គម្ពីរអានិសង្សវិលុកចេតិយ ជាសាស្ត្រាស្លឹករឹតភាសាខ្មែរ មានតែមួយខ្សែ ហើយមានបីនិទានៈ
- និទានទី ១ ៈ ដំណាលពីបារិកពោធិសត្វ និងពួកពាណិជ ដែលបានពូនភ្នំខ្សាច់ឧទ្ទិសជាតំណាងចូឡាមមណីចេតិយ ដែលតំកល់ព្រះចង្កូមកែវរបស់ព្រះពុទ្ធពីបុរាណ ប្រតិស្ឋនៅស្ថានត្រៃត្រិង្សទេវលោកនោះ ។ លុះអនាគតជាតិទៅ បានទៅកើតក្នុងសុគតិភព កើតជាស្ដេចចក្រពត្តិ ជាច្រើនជាតិ ហើយទីបំផុត បានត្រាស់ថាព្រះពុទ្ធយើងនេះ ។
- និទានទី ២ ៈ ដំណាលពីនាយនេសាទម្នាក់ (ឈ្មោះមិនប្រាកដ) ដែលជាអ្នកសម្លាប់សត្វជាអាហារ តាំងពីតូចមក ។ ថ្ងៃមួយ អ្នកនេសាទនេះ បានប្រគេនបាយមួយពំនូតដល់ភិក្ខុមួយអង្គ ។ ពេលដែលគាត់ស្លាប់ទៅ យមរាជបានយកទៅវាយសួរចម្លើយ ហើយចាប់បោះទៅក្នុងរណ្ដៅភ្លើងនរក តែមិនឆេះ បែរជាខ្ទាតចេញមកវិញ ។ នាយយមបាល ក៏វាយសួរម្ដងទៀត ។ ទទួលពេលនោះ នាយនេសាទក្រឡេកឃើញអណ្ដាតភ្លើងនរក មានសម្បុរដូចចីវរលោក ក៏នឹកដល់ទានរបស់ខ្លួន ហើយជំរាបយមបាល តាមដំណើររឿងធ្វើទាន ។ ពួកយមបាល ក៏អនុញ្ញាតអោយបុរសនោះ ទៅកើតក្នុងទេវលោកចំនួន ៧ ថ្ងៃ ហើយសឹមត្រឡប់មកស្ថាននរកវិញ ។ ទេវបុត្រនោះ ឈ្មោះថា «អន្នំលោកង្សិនី [2]» មានប្រពន្ធសំណប់ចិត្តឈ្មោះនាង សុបណ្ណឱរ៉ៃ ។ គាត់បាននិយាយរឿងរ៉ាវរបស់គាត់ ដែលធ្លាក់ទៅនរកនោះប្រាប់ភរិយា ដោយសព្វគ្រប់ ។ នាងសុវណ្ណឱរ៉ៃ ក៏អោយស្វាមីខ្លួនសាងវាលុកចេតិយ ហើយឆ្លងអោយស្រេចក្នុងថ្ងៃទី ៧ ។ លុះដល់ថ្ងៃទី ៧ យមរាជ ក៏តាមមកហៅ អន្នំលោកង្សិនី ទៅស្ថាននរកវិញ ។ នាងប្រពន្ធ ក៏ចេញមកនិយាយតបថា "យើងមិនបើកទ្វារអោយស្វាមីយើងទៅទេ ព្រោះស្វាមីយើង បានសាងវាលុកចេតិយ និងធ្វើ ពិធីឆ្លងរួចហើយ, បើនៅតែត្រូវការយកប្ដីយើងទៅធ្វើទោសនោះ ចូរអ្នករាប់គ្រាប់ខ្សាច់នេះអោយអស់សិន" ។ យមរាជ ក៏ចាប់ផ្ដើមរាប់គ្រាប់ខ្សាច់ពេញមួយព្រឹកថ្ងៃត្រង់ មិនចេះអស់សោះ ។ យមរាជ ក៏ទាល់តម្រិះ ហើយត្រឡប់ទៅស្ថាននរកវិញ ។
- និទានទី ៣ ៈ ដំណាលពីចៅកម្ជិលខ្សាច់ ថា "មានក្មេងម្នាក់ ចេះតែពូនខ្សាច់ នៅទីផ្នូកខ្សាច់មុខផ្ទះ ហើយដេកននៀលលេងរាល់ ៗ ថ្ងៃ ប្រឡាក់ប្រឡូសទៅដោយខ្សាច់ មើលមិនយល់, គេក៏នាំគ្នាហៅថា ចៅកម្ជិលខ្សាច់ តមក ។ ថ្ងៃមួយ ព្រះឥន្ទ្រទតឃើញយ៉ាងនេះ ក៏អោយនាងទេពធីតាម្នាក់ ចុះមកធ្វើជាប្រពន្ធ ។ ក្រោយមក ព្រះរាជាទ្រង់ចូលទីវង្គត ហើយគ្មានអ្នកណាស្នងរាជ្យ ពួកមន្ត្រី ក៏ធ្វើបុស្បុកផ្សងរកអ្នកមានបុណ្យបារមី ។ បុស្បុក ក៏ទៅត្រូវលើចៅកម្ជិលខ្សាច់ ។ គេក៏នាំគ្នាអញ្ជើញចៅកម្ជិលខ្សាច់នោះ ទៅអោយសោយរាជ្យជាសុខ តទៅ" ។
ដោយមាននិទានបែបនេះហើយបានជា ខ្មែរយើងមានជំនឿជាប់តរៀងរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែភ្នំខ្សាច់នេះ គេមិនមែនធ្វើតែក្នុងឱកាសចូលឆ្នាំប៉ុណ្ណោះទេ សូម្បីនៅក្នុងពិធីបុណ្យផ្សេង ៗ ក៏គេនិយមធ្វើដែរ ព្រោះជឿថាជាការរំដោះកម្មពៀរវេរាដែលធ្វើអាក្រក់ កន្លងមក ។
សេចក្ដីសន្និដ្ឋានៈ
កាលបរិច្ឆេទ នៃការចូលឆ្នាំប្រពៃណីរបស់ប្រជាជាតិនានាក្នុងលោក តែងមានការប្រែប្រួលជាធម្មតា មិនថាឡើយតែពេលវេលាចូលឆ្នាំ របស់ប្រជាជនកម្ពុជាទេ ។ ពិធីនានាក្នុងឱកាសចូលឆ្នាំខ្មែរនោះ ក៏មានប្រការខ្លះមិនសមរម្យ រកកល់ទៅជារឿងភូតភរ គួរអោយពិបាកជឿកើត សំរាប់មនុស្សមានវិចារណញ្ញាណ ។ ប៉ុន្តែរឿងខ្លះ ក៏ជាប្រភពនៃការដឹកនាំមនុស្សអោយចេះសាមគ្គីគ្នា ស្រឡាញ់ រាប់អានគ្នា បំផុសលើកទឹកចិត្តមនុស្សអោយខិតខំបំពេញកុសលកម្ម លើកស្ទួយសង្គមជាតិ ឆ្ពោះទៅកាន់ភាពរឹងមាំ រីកចំរើនដែរ ។
កាលពីព្រេងនាយ ពិធីទាំងឡាយក្នុងឱកាសចូលឆ្នាំខ្មែរ សុទ្ធសឹងមានប្រភពភ្ជាប់មកពីលទ្ធិព្រាហ្មណ៍ ប៉ុន្តែចាប់ពីពេលដែលប្រជារាស្ត្រ ទទួលយកពុទ្ធសាសនា មកគោរពប្រតិបត្តិជំនួសសាសនាព្រាហ្មណ៍ ពិធីខាងដើមមួយចំនួន ក៏បានសម្របសម្រួលខ្លួនទៅតាមពិធីរបស់ពុទ្ធសាសនា ហើយក្រោយមក ក៏រលាយសាច់ឈាមផ្សំចូលគ្នាគ្រប់អន្លើ ស្ទើរមើលពុំយល់ ហើយប្រការមួយចំនួនទៀត ដែលប្រាសចាកហេតុផលខ្លាំងពេក ក៏រលាយរសាយបាត់ធាតុពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក៏មាន ។
ទោះបីយ៉ាងណាក៏ដោយ បុណ្យចូលឆ្នាំនេះ ពិជាកថាខ័ណ្ឌមួយសំខាន់ចាំបាច់បំផុត ក្នុងទំព័រជីវិតមនុស្សគ្រប់រូប គ្រប់ជាតិសាសន៍ ក៏ដូចជាខ្មែរគ្រប់រូបដែរសំរាប់ត្រួតពិនិត្យ វាយតំលែសរុបលទ្ធផលការងារ បេសកកម្ម បទពិសោធន៍ដែលខ្លួនបានអនុវត្តកន្លងមកក្នុងរយៈពេលមួយឆ្នាំ ហើយប្រមើលមើលទៅក្រោយ ដកស្រង់យកចំណុចល្អ ៗ បន្តអនុវត្តអោយប្រាកដ និង ជោគជ័យជាងទៀត នាឆ្នាំថ្មី ដ៏ក្សេមក្សាន្ត ។
រៀបរៀងសង្ខេប ដោយ
ម៉ែន ប្រាង * អាំ ឆន
[1]ស្រង់សង្ខេបពីព្រះរាជពិធីទ្វាទសមាស ភាគ ១
[2]អានថា អាន់ណាំង លោកាំង សិណី

Post A Comment: