វគ្គទី៦៖ បិតារបស់ ស៊ឺម៉ាឈាន

វគ្គទី៦៖ បិតារបស់ ស៊ឺម៉ាឈាន

ស៊ឺម៉ាឈាន ជាអ្នកប្រវត្តិសាស្រ្ដ អ្នកអក្សរសាស្រ្ដដ៏អស្ចារ្យរបស់ចិន ជីវិតកាលពី ១៤៥-៩០ មុនគ.ស.។ បិតារបស់លោកមានឈ្មោះថា ស៊ឺម៉ាថាន់ ជាមន្ត្រីក្នុងសម័យរាជវង្ស ហាន ធ្វើការងារ​ពាក់ព័ន្ធតំណត់ត្រាប្រវត្តិសាស្ដ្រ សង្គមក្នុងសម័យនោះ ជាសង្គមដែលពុំទាន់សម័យផ្នែកខាងសម្ភារនិយម សៀវភៅប្រវត្តិសាស្រ្ដ មានតែសៀវភៅ «ឈុនឈីវ» ដែល ខុងជឺ និពន្ធមុនគ.ស.ជាង ៤០០ ឆ្នាំ ក្រៅពីសៀវភៅនេះ ប្រទេសចិន ស្ទើរតែគ្មានសៀវភៅសៀវភៅកំណត់ត្រាប្រវត្តិសាស្រ្ដដទៃទៀតឡើយ។

ធាតុពិតនៅក្នុងសម័យ ចានក្វ័រ នគរផ្សេងៗ ក៏បានកត់ត្រាប្រវត្តិសាស្ដ្ររបស់ខ្លួនដែរ ប៉ុន្តែគ្រាដែលស្ដេច ជិនស៊ី រួបរួមផែនដី ចិន បានសម្រេច ស្ដេចអង្គនេះ ដុតសៀវភៅទាំងនោះ ខ្ទេចខ្ទីអស់ ថែមទាំងចាប់ខ្លួននិស្សិតកម្រិតបញ្ញាជន ទៅកប់ទាំងរស់ទៀតផង។ ម្ល៉ោះហើយប្រទេស ចិន ក្នុងសម័យស្ដេច ជិនស៊ី ចាំបាច់ត្រូវតែប្រញាប់ប្រញាលសិក្សាស្រាវជ្រាវរាវរកទិន្នន័យផ្នែខាងប្រវត្តិសាស្រ្ដ ដើម្បីបង្កើតសៀវភៅ ប្រវតិ្តសាស្ដ្រថ្មីទុកជាសម្បត្តិជាតិ។

ស៊ឺម៉ាថាន់ មើលឃើញហេតុការណ៍ប្រថុចញុកដូច្នេះ ទើបផ្ញើក្ដីសង្ឃឹមលើ ស៊ឺម៉ាឈាន ជាកូនប្រុសរបស់ខ្លួន ខណៈពេលដែលស៊ឺម៉ាឈាន មានអាយុទើបតែ ១០ ឆ្នាំប៉ុណ្ណោះ។ ការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីរែកពុនភារៈដ៏សំខាន់នេះ ជាការលំបាកខ្លាំងណាស់ មនុស្សម្នាក់នោះ ត្រូវតែជាអ្នកអាននូវសៀវភៅដ៏មុតមាំ ជាអ្នកសិក្សាស្រាវជ្រាវ តម្រាបុរាណ ដែលនៅសេសសល់ជាច្រើន ប៉ុន្តែភាសាដែលប្រើនៅសម័យនោះ ជាភាសាសម័យថ្មី ខុសប្លែកពីសម័យបុរាណដែលបានប្រើក្នុងការកត់ត្រាតម្រាទាំងនោះ។ ការអានតម្រាបុរាណទាំងនោះ ឱ្យបែកធ្លុះធ្លាយ មិនមែនជាការងាយទេ។

ស៊ឺម៉ាថាន់ ក៏បញ្ជាឱ្យ ស៊ឺម៉ាឈាន រៀនអក្សរបុរាណ ហើយសំពះ ខុងអាន់ក្វ័រ និងតុងចាំងស៊ូ ជាគ្រូទាំង​ពីរនាក់ជាអ្នកអក្សរសិល្ប៍បុរាណនិងជាអ្នកអក្សរសាស្ដ្របុរាណដ៏ល្បីល្បាញក្នុងសម័យនោះ។
ដោយសារសម័យបុរាណ នៅមិនទាន់មានរោងពុម្ព និងមិនទាន់មានក្រដាស ដូច្នេះសៀវភៅ​តម្រានានា ក្លាយជាវត្ថុមានតម្លៃរកបានដោយកម្រ ហើយទាំងត្រូវ ជិនស៊ី បំផ្លាញចោល​អស់មួយ​ផ្នែកធំទៀត។ តម្រាដែលនៅសេសសល់ ត្រូវខ្ចាត់ខ្ចាយអារាត់អារាយអស់ ឯកសារជា​ច្រើនមាន​លក្ខណៈប្រឆាំងគ្នា ពិបាកវែកញែកឱ្យដឹងថា មួយណាពិតមួយណា​ក្លែងក្លាយណាស់ ហេតុនេះ​ហើយទើប ស៊ឺម៉ាឈាន ដើរទស្សនៈសិក្សាទូទាំងប្រទេស ដើម្បីសិក្សាស្រាវជ្រាវភូមិសាស្ដ្រ​និង​ទំនៀមទម្លាប់ ប្រពៃណីរបស់ប្រជាជន នៅតាមតំបន់នានា គោលបំណងដើម្បីស្រាវជ្រាវ​កំណត់ត្រា​ប្រវត្តិសាស្ដ្រ។ ក្រោយមកបានប្រមូលរួបរួមតម្រាអ្នកស្រុកដែលពុំបានកត់ត្រាឱ្យពិតប្រកដក្នុងសៀវភៅ​ណាមួយឡើយ។

ក្នុងសម័យនោះ ការដើរទេសចរណ៍ទូទាំងប្រទេស ចាត់ទុកថាជា ការលំបាកខ្លាំងណាស់ ចាំបាច់ត្រូវតែមានភាពក្លាហាន ភាពអំណត់ ព្រោះគមនាគមន៍ក្នុសសម័យនោះមិនអំណោយផលទេ។ ការធ្វើដំណើរពោរពេញទៅដោយគ្រោះថ្នាក់ និងលំបាកគ្រប់ច្រកល្ហក់ទាំងអស់។

ខណៈពេលនោះ ស៊ឺម៉ាឈាន មានអាយុទើបតែ ២០ ឆ្នាំប៉ុណ្ណោះ ការដើរត្រាច់ចរតែម្នាក់ឯង ជាការប្រថុយប្រថាន យកជីវិតជាដើមទន់ ប៉ុន្តែ ស៊ឺម៉ាថាន់ ជំរុញឱ្យកូនដើរពេញផ្ទៃប្រទេស ហើយអប់រំកូនឱ្យចេះប្រយ័ត្នខ្លួន និងប្រាប់ពីវិធីស្វែងរកប្រវត្តិសាស្ដ្រដល់កូន រហូតដល់ណែ​នាំពីវិធីរួបរួមទិន្នន័យដែលគួរឱ្យជឿជាក់ថា គួរតែធ្វើដូចម្ដេច។

ស៊ឺម៉ាឈាន បានធ្វើដំណើរទូទាំងប្រទេស គាត់បានប្រមូលរួបរួម ឯកសារផ្សេងៗបានជាច្រើន ដោយប្រើថិរវេលានៃការធ្វើដំណើរ ៣ ឆ្នាំ។ ស៊ឺម៉ាឈាន ខិតខំសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ សមដូចសុភាសិតបុរាណមួយពោលថា «ជនមានពុទ្ធិពិតប្រាកដ គឺជាអ្នកអានតម្រាបានមួយម៉ឺនតម្រា ហើយត្រូវដើរផ្លូវចម្ងាយមួយម៉ឺនលី»។

មុនពេល ស៊ឺម៉ាថាន់ ទទួលអនិច្ចកម្មទៅ គាត់បាននិយាយប្រាស្រ័យជាមួយកូនប្រុសរបស់យ៉ាងយូរ ហើយបញ្ជាថា«បុព្វបុរសរបស់យើង សុទ្ធតែជាអ្នកប្រវត្តិសាស្ដ្រ ពុកក៏បម្រើរាជការទទួលបន្ទុកផ្នែកប្រវត្តិសាស្ដ្រ ពុកបានប្រមូលរួបរួមឯកសារទុកជាច្រើន ពុកធ្លាប់គិតថា នឹងសរសេរ​សៀវភៅ​ប្រវត្តិសាស្ដ្រមួយក្បាល ប៉ុន្តែគិតចុះគិតឡើង សរសេរពុំបានសម្រេច ។ ពេលពុកស្លាប់ទៅ ពុកសង្ឃឹមថា កូននឹងបានធ្វើជាមន្រ្តីផ្នែកប្រវត្តិសាស្ដ្រ ហើយចូរកុំភ្លេច សរសេរសៀវភៅដែល​ពុកចង់សរសេរឱ្យបានសម្រេច។

ចាប់តាំងពី ខុងជឺ និពន្ធសៀវភៅ «ឈុនឈីវ» រហូតមកទល់នឹងពេលនេះ អស់រយៈពេលជាង ៤០០ ឆ្នាំហើយ ប្រទេសយើងនៅមិនទាន់មាន​តម្រាប្រវត្តិសាស្ដ្រឱ្យពិតប្រាកដឡើយ។ ចំណែកឯកំណត់ត្រាផ្សេងៗ ប្រចាំនគរនីមួយៗ នៅក្នុងសម័យ​ចានក្វ័រ ត្រូវដុតបំផ្លាញចោលខ្ទេចខ្ទីគ្មានសល់ រហូតមកទល់នឹងរាជវង្ស ហាន បានកើតឡើង ប្រទេសជាតិមានឯកភាព មានមនុស្សល្អជាច្រើន ប៉ុន្តែគួរឱ្យស្ដាយដែលពុកមិនអាចសរសេរសៀវភៅមួយក្បាល ដើម្បីកត់ត្រារឿងនេះទុក ទាំងដែលខ្លួនពុកមានតួនាទីជាអ្នកសរសេរស្រេចទៅហើយនោះ។

រឿងដែលពុកព្រួយបារម្ភបំផុតក្នុងឆាកជីវិតរបស់ពុកគឺ រឿងនេះឯង ណាកូន ! »។
ស៊ឺម៉ាឈាន រន្ធត់ក្នុងចិត្តពន់ពេក គាត់ក៏ស្រែកទ្រហោយំ ហើយតបវិញថា «លោកពុក សូមទុកចិត្តចុះ កូននឹងបន្តវេនអំពីលោកឪពុក សរសេរសៀវភៅប្រវត្តិសាស្ដ្រឱ្យខានតែបាន»។
ដំបូន្មានក្នុងឆាកជីវិតចុងក្រោយ តែងដក់ជាប់ក្នុងចិត្តកូនជានិច្ច ៣ ឆ្នាំក្រោយមក ស៊ឺម៉ាឈាន បានប្រឡងចូលរាជការផ្នែកខាងប្រវត្តិសាស្ដ្របានសម្រេចមែន។

គាត់អាស្រ័យសៀវភៅក្នុងបណ្ណាល័យជាតិ ជាកន្លែងស្រាវជ្រាវបន្ថែម ចាប់ផ្ដើមសរសេរសៀវភៅ «ស៊ឺជី» ដោយសេចក្ដីព្យាយាម ប៉ុន្តែក្រោយមក ស៊ឺម៉ាឈាន មានទោសដោយការចោទប្រកាន់​ពីសំណាក់​ព្រះរាជា ដោយសារគាត់សរសេរត្រង់ពេក មិនព្រមបិទបាំងរឿងពិត ហើយមិនព្រម​អនុវត្តតាមអ្នកមានឥទ្ធិពលខាងនយោបាយចង់បាន ទើបត្រូវស្ដេចដាក់ទោស ដោយបញ្ជា​ឱ្យគេយកទៅគ្រីវ ជាហេតុធ្វើឱ្យគាត់បាត់បង់កិត្តិយស ទទួលភាពអាម៉ាស់ជាខ្លាំង។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: