MONDAY, 23 SEPTEMBER 2013
លាង ផាន់ណារ៉ា

ភ្នំពេញៈ សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​អំពាវនាវ​ដល់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បន្ត​កិច្ច​ពិភាក្សា​គ្នា ដើម្បី​ឲ្យ​សមាជិក​សភា ដែល​ត្រូវ​ប្រជាពលរដ្ឋ​កម្ពុជា​បោះឆ្នោត​ឲ្យ​នោះ អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ពេញ​លេញ។​
សម័យ​ប្រជុំ​សភា​ដំបូង ត្រូវ​បាន​បើក​នៅ​ថ្ងៃ​នេះ​​ ក្រោម​អធិបតីភាព​ព្រះ​មហាក្សត្រ និង​មាន​តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ក្នុង​នោះ​ក៏​មាន​បណ្តា​អង្គទូតនានា និង​សហភាព​អឺរ៉ុប​ចូល​រួម​ផង​ដែរ។
សហភាព​អឺរ៉ុប មាន​ជំនឿថា​ រដ្ឋសភា​ថ្មី ដែល​បាន​បើក​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​២៣​ កញ្ញា មិន​អាច​ដំណើរការ​ទៅបាន ដោយ​គ្មាន​ការចូលរួម​ពី​គ្រប់​គណបក្ស​ជាប់​ឆ្នោត​នោះទេ​។
ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ សហភាព​អឺរ៉ុប ក៏​បាន​​សម្តែង​ក្តីបារម្ភ​លើ​ជម្លោះ ដែល​កើត​ចេញ​​ពី​​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​​ការ​​បោះឆ្នោត ហើយ​បន្ត​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ឲ្យធ្វើ​ការ​ជាមួយ​គ្នា​បន្ត​ទៀត ក្នុង​ការដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ដំណើរ​ការ​​បោះឆ្នោត ដើម្បី​ឈាន​ទៅ​កែទម្រង់​ដំណើរការ​បោះឆ្នោត​លើក​ក្រោយ ដូចជា បញ្ជី​ឈ្មោះ​បោះឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ គ.ជ.ប ជាដើម​។
សហភាព​អឺរ៉ុប ក៏​បាន​លើក​ទឹកចិត្ត​ដល់​គណបក្ស​នយោបាយ ឲ្យ​បន្ត​កិច្ច​ពិភាក្សា​គ្នា ដើម្បី​ឈាន​ទៅដល់​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ ដែល​នឹង​ផ្តល់​អត្ត​ប្រយោជន៍​ដល់​និរន្ត​ភាព​នៃ​ការ​អភិវឌ្ឍន៍ រួម​ទាំង​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ការ​កែ​ទម្រង់​រដ្ឋ​សភា និង​កិច្ច​ប្រឹង​ប្រែង​ដទៃ​ទៀត សម្រាប់​បង្កើន​ល្បឿន​អភិបាល​កិច្ច​ល្អ និង​លទ្ធិ​ប្រជាធិប​តេយ្យ​។

http://www.postkhmer.com/index.php/online/104306-2013-09-23-11-51-44
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: