វគ្គទី២៖ មាតារបស់ ម៉េងជឺ
មាតារបស់ ម៉េងជឺ

ម៉េងជឺ ជាកំពូលអ្នកប្រាជ្ញមួយរូបនៅក្នុងសម័យ ចានក្វ័រ (មុនគ.ស ៣៧២-២៨៩ ឆ្នាំ) ឋានៈរបស់ ម៉េងជឺ គឺបន្ទាប់ពី ខុងជឺ តែម្នាក់ប៉ណ្ណោះ។ មនុស្សម្នាតែងតែនិយាយគ្នាថា «ជោគជ័យរបស់ ម៉េងជឺ គឺចែកមិនដាច់ពីការអប់រំ និងការ បង្ហាត់ បង្រៀនដ៏ តឹងរឹងរបស់ មាតារបស់គាត់ឡើយ»។

កាលពីដើមឡើយផ្ទះរបស់ ម៉េងជឺ គឺអាស្រ័យ នៅជិតព្រៃស្មសាន (ព្រៃដែលគេយក​សាកសព ទៅ​ដុតឬកប់)។ សម័យ ដែល ម៉េងជឺ នៅតូច គាត់ចូលចិត្តរត់លេងនៅម្ដុំព្រៃស្មសាននោះ ពេល​ឃើញអ្នកស្រុកធ្វើនូវពិធីបញ្ចុះសាកសព គាត់ក៏យកតម្រាប់់តាមដោយបបួល​មិត្តភក្តិ​មកលេង​បញ្ចុះសព ដូចជាជួយគ្នាជីករណ្ដៅ និងសែងក្ដារមឈូសសព ជាល្បែងលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ ម្ដាយរបស់ ម៉េងជឺ ឃើញហើយក៏មានអារម្មណ៍ថា មជ្ឈដ្ឋានបែបនេះ ជះឥទ្ធិពល​ពុំល្អចំពោះការលូតលាស់របស់ក្មេងទេ ស្រេចហើយគាត់ក៏បានផ្លាស់ទីលំនៅ។

ផ្ទះរបស់ ម៉េងជឺ ស្ថិតនៅក្បែរផ្សារនិងហាងលក់ដូរ ក្រោយពីបានប្ដូរមកកន្លែងនេះ ម៉េងជឺ ក៏នាំមិត្តភក្តិលេងល្បែងលក់ដូរ យកតម្រាប់តាមអ្នកលក់ដូរក្នុងតំបន់នោះ។ ម្ដាយរបស់ ម៉េងជឺ បាន​ឃើញដូច្នេះ គាត់មានអារម្មណ៍មិនស្ងប់សោះ គាត់គិតថាបរិស្ថានដូចនេះ អំណោយ​ផលមិន​ល្អចំពោះការសិក្សាស្រាវជ្រាវរកចំណេះដឹងរបស់ក្មេងទេ ម្ល៉ោះហើយ​គាត់ក៏​ដូរផ្ទះម្ដងទៀត។
ម្ដងនេះ ដូរមកនៅក្បែរសាលារៀន មនុស្សដែលចេញចូលនៅកន្លែងនេះ សុទ្ធតែលំដាប់បញ្ញាជន អ្នកទ្រទ្រង់ចំណេះដឹង។ ម៉េងជឺ ឃើញមនុស្សចេញចូលនៅកន្លែងនេះ សោតសឹង​តែជាអ្នកមាន​ចរិយាមារយាទល្អ គាត់និងមិត្តភក្ដិរបស់គាត់ក៏រៀនតាមបញ្ញាជនពួកនោះ។

ម្ដាយរបស់ ម៉េងជឺ ឃើញដូច្នោះ ក៏សប្បាយចិត្តខ្លាំងណាស់ ទើបតាំងលំនៅស្ថាននៅទីកន្លែងនោះ ជាអចិន្ត្រៃយ៍។​ ការដែលម្ដាយរបស់ ម៉េងជឺ មាក់ងាយពួកអាចារ្យភ្លុក ពួកឈ្មួញ និងអ្នកលក់ដូរ ដែលជាអ្នកប្រើកម្លាំងរកលុយចិញ្ចឹមជីវិត ដោយសុចរិតជាគំនិតមិនសូវត្រឹមត្រូវប៉ុន្មានទេ ប៉ុន្តែការចាប់អារម្មណ៍ទៅលើការលេងរបស់ក្មេងៗ ហើយត្រិះរិះពិចារណាពីឥទ្ធិពលនៃបរិស្ថាននៅជុំវិញ ដែលមានចំពោះក្មេង ចាត់ទុកជារឿងដែលគាត់សម្លឹងមើលហេតុការណ៍បាន​វែងឆ្ងាយណាស់ ហេតុនេះហើយ ទើបមនុស្សទូទៅសរសើរចំពោះគាត់​លើចំណុចនេះជាខ្លាំង។

បន្ទាប់មក ម៉េងជឺ បានចម្រើនវ័យធំឡើង ដល់វ័យដែលល្មមចូលសាលារៀន ម្តាយរបស់គាត់ក៏បានបញ្ជូនទៅសាលារៀន។ មានថ្ងៃមួយនោះ មិនទាន់ដល់ពេលចេញពីរៀនទេ ម៉េងជឺ គេញពីរៀនមកផ្ទះ ម្ដាយរបស់គាត់កំពុងត្បាញក្រណាត់។ ពេលនោះម្ដាយរបស់ ម៉េងជឺ ខឹងយ៉ាងខ្លាំងដែលកូនរបស់គាត់មិនស្រលាញ់នូវអំពើល្អ គាត់បានយកកន្ត្រៃកាត់ក្រណាត់មួយផ្ទាំងនោះរហែកខ្ទេចខ្ទីអស់។ ម៉េងជឺ មិនយល់អំពីទង្វើរបស់ម្ដាយសោះ ទើបសួរម្ដាយថា ហេតុអ្វីទើបម្ដាយធ្វើបែបនេះ? ម្ដាយរបស់ ម៉េងជឺ ឆ្លើយថា៖

«ឯងឈប់រៀនពាក់កណ្ដាលទី ប្រៀបបីដូចជាម៉ែត្បាញក្រណាត់មិនទាន់រួច ហើយបោះក្រណាត់​ចោលអីចឹងដែរ ឯងគប្បីដឹងថាបុរសត្រូវសិក្សាឱ្យមានចំណេះដឹង​និងមានសមត្ថភាពខ្ពស់ ទើបទៅថ្ងៃអនាគតជីវិតមានភាពភ្លឺ​ស្វាងគ្មាន​ភយន្តរាយទាំងឡាយ។ ពេលនេះឯងគេចពីរៀនរត់មកផ្ទះ តើអនាគតរបស់ឯងមានអ្វីនៅសល់ទៀត។ រឿងនេះប្រៀបបីដូចជាគ្រួសាររបស់យើង ត្រូវអាស្រ័យម៉ែជាអ្នកត្បាញក្រណាត់ ដើម្បីចិញ្ចឹម ជីវិតអីចឹង។ ឥឡូវនេះ ម៉ែកាត់ក្រណាត់ដែលម៉ែត្បាញបានពាក់កណ្ដាលចោលហើយ តទៅម៉ែគ្មានលុយសម្រាប់ចាយវាយទៀតទេ»។

ពាក្យដាស់តឿនក្រើនរំឭករបស់ម្ដាយធ្វើឱ្យ ម៉េងជឺ រន្ធត់ក្នុងចិត្តជាខ្លាំង ចាប់តាំងពីពេលនោះមក គាត់ក៏ខិតខំប្ដេជ្ញាចិត្តរៀនសូត្រ​ដោយក្ដីឧស្សាហ៍ព្យាយាម រហូតក្លាយជាកំពូលអ្នក​ប្រាជ្ញដ៏ល្បី​ឈ្មោះម្នាក់។

រឿងនេះ ជានិទស្សន៍ដែលបង្រៀនឱ្យយើងចេះ ត្រិះរិះពិចារណាថាមជ្ឈដ្ឋានជុំវិញមានឥទ្ធិពល ចំពោះក្មេងយ៉ាងខ្លាំង សូម្បីតែឪពុកម្ដាយរបស់ខ្លួនក៏ជាមជ្ឈដ្ឋានមួយរបស់ក្មេងដ៏បរិសុទ្ធដែលពុំទាន់ដឹងក្ដី។ យើងប្រាថ្នាឱ្យក្មេងក្លាយជាបុគ្គលល្អនិងមានសមត្ថភាព ព្រោះហេតុនេះយើងគួរតែសាងបរិយាកាសឱ្យល្អសម្រាប់ក្មេង។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: