វគ្គទី៧៖ គាត់បាក់កម្លាំងចិត្ត Episode 7: He is discouraged.

វគ្គទី៧៖ គាត់បាក់កម្លាំងចិត្ត

«តើឯងគិតថា ការយកបន្លែផ្លែឈើបន្តិចបន្តួចមកផ្ទះគិតថា ជាការបញ្ជាក់ថាមានភាពកតញ្ញូចំពោះមីងហើយមែនទេ? នៅក្នុងគម្ពីរកតញ្ញូបាននិយាយថា ការតបស្នងសងគុណបុព្វការីជនដោយអាហារចាត់ទុកថា កតញ្ញូធុនអន់បំផុត ទោះជាឯងយកមាន់ទា ជ្រូកមកឱ្យពូរាល់ថ្ងៃ ក៏មិនឈ្មោះថា ជាមនុស្សកតញ្ញូដែរ។»

ឯងអាយុ ២០ ឆ្នាំហើយនៅមិនព្រមធ្វើការងារ មិនព្រមសិក្សារៀនសូត្រឱ្យបានច្បាស់លាស់ម្ដងណាសោះ ឯងធ្វើជាមនុស្សគ្មានហេតុផលតើឱ្យមីងសប្បាយចិត្តដូចម្ដេចទៅកើត? យ៉ឺនស៊ឺ ដកដង្ហើមវឹបហូរទឹកភ្នែកច្រោក៖

«ពេលមុនម្ដាយរបស់ ម៉េងជឺ ផ្លាស់ទីលំនៅដល់ទៅបីដង ដើម្បីកុំឱ្យ ម៉េងជឺ ទទួលយកឥទ្ធិពលអាក្រក់ពីបណ្ដាមិត្តភក្តិជិតខាង ឪពុករបស់ ចាំងជឺ សុខចិត្តសម្លាប់ជ្រូក ដើម្បីបង្រៀនកូនឱ្យប្រកាន់យកសច្ចធម៌។ សម្រាប់ឯងវិញ មីងអប់រំបង្ហាត់បង្រៀន និយាយសឹកមាត់សឹកកហើយ ឯងនៅតែមិនបានការទាល់តែសោះ តើដោយសារមូលហេតុអ្វី? តើមីងមិនចេះអប់រំបង្ហាត់បង្រៀនឯងឱ្យក្លាយជាមនុស្សល្អទេឬ?»

មីងគិតថា មីងប្រឹងអស់លទ្ធភាពហើយ ការពិតចំណេះដឹងក្ដី គុណធម៌ក្ដី បើឯងរៀនទៅសុទ្ធតែជាទ្រព្យសម្បត្តិរបស់ឯងទាំងអស់ មីងមិនទាមទារអ្វីទាំងអស់។ មីងចិញ្ចឹមឯងតាំងពីតូចរហូតដល់ធំដល់ថ្នាក់នេះ ចាត់ទុកថា នឿយអស់កម្លាំងទទេទៅចុះ។ វ៉ាំងហ្វូមី បានឮមីងកាត់កាលដូច្នេះ មានអារម្មណ៍រន្ធត់ព្រឺព្រួចណាស់ ទើបសន្យាថានឹងកែប្រែនូវទង្វើរបស់ខ្លួនសាជាថ្មី តទៅនឹងធ្វើជាមនុស្សល្អ។

យ៉ឺនស៊ឺ មិនជឿនាងនិយាយថា «សន្ដានរបស់មនុស្សយើងពិបាកកែប្រែណាស់ ឯងធ្វើអាក្រក់មកយូរណាស់ហើយ តើឯងអាចកែនិស្ស័យយ៉ាងនេះបានដែរឬទេ?» និយាយរួចក៏ដើរចូលក្នុងបន្ទប់ត្បាញក្រណាត់។ វ៉ាំងហ្វូមី ឈរស្ដាប់សំឡេងកីតម្បាញស្ងៀមទ្រឹង សំឡេងនោះប្រៀបដូចជារំពាត់វាយប្រហារចំបេះដូង ទីបំផុតគាត់សម្រេចចិត្តថាកែនិស្ស័យអាក្រក់ចោល។

ព្រឹកព្រហាមឡើង គាត់ឈប់ដើរលេង និងឈប់សេពគប់មិត្តភក្ដិពាលាអាវ៉ាសែទៀតហើយ។ គាត់ទៅចុះឈ្មោះចូលរៀនក្នុងសំណាក់លោកគ្រូម្នាក់ក្នុងភូមិ ចាប់តាំងពីពេលនោះមក គាត់តាំងចិត្តរៀនសូត្រយកតែមែនទែន។ រៀងរាល់ព្រឹក គាត់កាន់ចបនិងតម្រាមួយក្បាល ចេញទៅធ្វើស្រែចម្ការ។ គ្រាមួយក្នុងពេលសម្រាកថ្ងៃត្រង់ គាត់ក៏យកសៀវភៅមកអាន គាត់ធ្វើដូច្នេះជាច្រើនឆ្នាំរហូតដល់ក្លាយជាបញ្ញាជន អ្នកមានពុទ្ធិម្នាក់។

ក្រោយមក គាត់ធ្លាក់ខ្លួនឈឺ ស្លាប់មួយចំហៀងខ្លួន ថែមទាំងលេបថ្នាំខុសតាមការណែនាំពីគ្រូកំប៉ិចកំប៉ុក បណ្ដាលឱ្យជំងឺកាន់តែធ្ងន់ធ្ងរ កម្ដៅឡើងខ្ពស់ សូម្បីតែក្នុងរដូវក្ដៅ ក៏គាត់ចង់តែនៅអាក្រាតកាយ រត់ទៅដេកលើដុំទឹកកក។ លុះរដូវក្ដៅមកដល់ គាត់កាន់តែមានអារម្មណ៍ក្ដៅក្រហាយ រសាប់រសល់រហូតចង់សម្លាប់ខ្លួន។

យ៉ឺនស៊ឺ ដឹងដំណឹងថាគាត់អស់កម្លាំងតស៊ូក្នុងឆាកជីវិត ទើបដៀលត្មះថា៖ «ឯងរៀនសូត្រណាស់ដើម្បីបម្រើប្រយោជន៍សង្គម តើមែនទេ? ចុះបើឯងសុខចិត្តស្លាប់បែបងាយៗយ៉ាងនេះ វិរិយភាពដែលឯងលះបង់ទៅលើការសិក្សាអស់រយៈពេលជាច្រើនឆ្នាំ វានឹងក្លាយជាសោះសូន្យទទេៗហើយទេ? តើឯងប្រាកដក្នុងចិត្តហើយឬថា រោគរបស់ឯងគ្មានមធ្យោបាយព្យាបាលឱ្យជាសះស្បើយបាន? តើឯងព្យាយាមហើយឬនៅ?»

វ៉ាំងហ៊្វូមី បានឮពាក្យដាស់តឿនក៏ភ្ញាក់រ᭭ឹកឡើង។ គាត់សម្រេចចិត្តសិក្សាស្រាវជ្រាវក្បួនពេទ្យដោយខ្លួនឯង។ នៅទីបំផុត គាត់រកឃើញថា វិធីចាក់ម្ជុលអាចព្យាបាលអាការៈស្លាប់មួយចំហៀងខ្លួនបាន។ គាត់ខំស្រាវជ្រាវក្បួនចាក់ម្ជុលយ៉ាងហ្មត់ចត់ និងយកខ្លួនឯងដកបទពិសោធន៍។

គាត់បានរកឃើញវិធីព្យាបាលរោគផ្សេងៗជាច្រើន រហូតដល់អាចយកមកសរសេរជា តម្រាចាក់ម្ជុលដ៏សម្បូរបែបមួយក្បាលដំបូងរបស់ចិន។ គាត់ជាសះស្បើយពីជំងឺ ក្លាយជាគ្រូពេទ្យចាក់ម្ជុលដ៏ពូកែបំផុត អាចជួយដល់អ្នកជំងឺជាច្រើនឱ្យរួចពីសេចក្ដីទុក្ខ។ ទាំងនេះដោយសារពាក្យដាស់តឿនរបស់ម្ដាយមីងសាច់ថ្លៃហ្នឹងឯង។

💡 ខ្លឹមសារអប់រំ និងការគិត

យើងតែងគិតថា ម្ដាយចិញ្ចឹមគ្មានថ្ងៃស្រលាញ់កូនចិញ្ចឹមយ៉ាងពិតប្រាកដ ប៉ុន្តែគំរូរបស់ យ៉ឺនស៊ឺ បានលុបបំបាត់គំនិតនេះ។ នាងមានសេចក្ដីស្រលាញ់ដោយស្មោះស្មគ្រចំពោះក្មួយប្រុសជាដើមទុន ទើបអាចដឹកនាំ វ៉ាំងហ៊្វូមី ឱ្យដើរតាមគន្លងត្រឹមត្រូវ។

មេរៀនសម្រាប់អាណាព្យាបាល៖ ការជួយឈឺឆ្អាលខាងគំនិតយ៉ាងជិតស្និទ្ធ និងទាន់ហេតុការណ៍ ជាជំនួយដ៏សំខាន់ជាងការណែនាំខាងមុខវិជ្ជាការរៀនសូត្រទៅទៀត។ អ្នកដែលយល់ចិត្ត និងស្រលាញ់ស្មោះស្មគ្រ គឺជាមូលដ្ឋានគ្រឹះនៃដំណើរជីវិតឱ្យក្លាយជាមនុស្សល្អ។

Post a Comment