ប្រវត្តិ​នៃ​វត្ត​បទុមវតី​រាជវរារាម
ក្រុង​ភ្នំពេញ
ឃុន​បណ្ណានុរក្ស ប៊ូ - ប៉ូ រៀបរៀង
ឆ្នាំ​ទី ២៧ ខែ​សីហា លេខ ៨ ព.ស. ២៤៩៨ - គ.ស. ១៩៥៥
ប្រវត្តិនៃវត្តបទុមវតីរាជវរារាម

វត្ត​បទុមវតី​រាជវរារាម ដែល​តាំង​នៅ​ក្នុង​សង្កាត់​លេខ ៤ ក្រុង​ភ្នំពេញ សព្វ​ថ្ងៃ​នេះ កាល​ដើម​ឡើយ ជា​ទី​ដំណែល​វត្ត​ចាស់​បុរាណ​ឈ្មោះ​ថា "វត្ត​ខ្ពតាយ៉ង" កើត​មាន​ជា​យូរ​អង្វង​ជាង ៥០០ ឆ្នាំ​មក​ហើយ​ដូច​មាន​សេចក្ដី​កត់ត្រា​ក្នុង​ព្រះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជាធិបតី បច្ឆិម​សម័យ​ខ្សែ​ទី ៣ តាំង​ពី​ទំព័រ​លេខ ៨៣ រៀង​ទៅ​ថា ៖

កាល​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​រាជា (ពញាយ៉ាត) បាន​សោយរាជ​សម្បត្តិ​ហើយ​ទ្រង់​គង់​នៅ​ក្រុង​នគរ​ធំ​បាន ១៦ ឆ្នាំ ស្ដេច​បោះបង់​ចោល​ក្រុង​នគរ​ធំ​មក​សាង​ក្រុង​ថ្មី​នៅ​ទួល​បាសាន ក្នុង​ខែត្រ​ស្រីសន្ធរ ទ្រង់​គង់​នៅ​ក្រុង​ថ្មី​នេះ​បាន​តែ ១ ឆ្នាំ ស្ដេច​ចេញ​មក​សាង​ក្រុង​ភ្នំពេញ​ជា​គ្រា​ដំបូង ក្នុង​ឆ្នាំ​ថោះ​សប្ដស័ក ព. ស. ១៩៧៨ គ. ស. ១៤៣៥ ។ គ្រា​សាង​ក្រុង​នោះ ព្រះ​អង្គ​ត្រាស់​បង្គាប់​ឲ្យ​ជីក​ព្រែក, ឲ្យ​ធ្វើ​ផ្លូវ​ថ្នល់, ឲ្យ​កសាង​វត្ត​ជា​ច្រើន​នៅ​ក្នុង​ក្រុង ដូច​មាន​ឈ្មោះ​ព្រែក​នឹង​ឈ្មោះ​វត្ត​នៅ​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ ទ្រង់​ឲ្យ​កសាង​វត្ត​មួយ​នៅ​ទិស​ខាង​ជើង​ព្រះ​បរម​រាជវាំង ហៅ​ថា "វត្ត​ឧណ្ណាលោម" ជា​វត្ត​គណមហានិកាយ ។ ទ្រង់​ឲ្យ​កសាង​វត្ត​មួយ​ទៀត​នៅ​ទិស​ខាង​ត្បូង​ព្រះ​បរម​រាជវាំង ហៅ​ថា "វត្ត​ខ្ពប​តាយ៉ង" ជា​វត្ត​គណៈ​មហានិកាយ​ដែរ តែ​សម័យ​នោះ​ព្រះ​សង្ឃ​នៅ​មិន​ទាន់​មាន​នាម​ថា​មហានិកាយ​ទេ ព្រោះ​សម័យ​នោះ​ប្រទេស​កម្ពុជា​ពុំ​ទាន់​កើត​មាន​ព្រះ​សង្ឃ​គណៈ​ធម្មយុត្តិ​នៅ​ឡើយ ។ វត្ត​ទាំង ២ នេះ ទ្រង់​ឲ្យ​កសាង​ដំណាល​គ្នា​ក្នុង​ឆ្នាំ​កុរ បញ្ចស័ក ព. ស. ១៩៨៦ គ. ស. ១៤៤៣ ។

វត្ត​ខ្ពបតាយ៉ាង

ដើម​ហេតុ​ដែល​ឲ្យ​ឈ្មោះ​ថា "វត្ត​ខ្ពបតាយ៉ង" ព្រោះ​ទី​វត្ត​នោះ កាល​ដើម​ឡើយ​ជា​ដី​ចំការ​របស់​តាយ៉ង ហើយ​គាត់​បាន​ជីក​ខ្ពប​មួយ​នៅ​ពី​ខាង​កើត​ចំការ​នោះ​ផង ។ ឯ​ទំហំ​ទទឹង​បណ្ដោយ​ទី​វត្ត​ខ្ពបតាយ៉ង ក្នុង​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ពុំ​បាន​ប្រាប់​ទេ ។

វត្ត​បទុមវតី​រាជវរារាម

ដើម​ហេតុ​ដែល​ឲ្យ​ឈ្មោះ​ថា "វត្ត​បទុមវតី​រាជវរារាម" នោះ​ដូច​មាន​សេចក្ដី​អធិប្បាយ​តទៅ​នេះ ៖

ចំណេរ​កាល​ពី​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​រាជា (ពញាយ៉ាត) មក​មាន​ព្រះ​មហា​ក្សត្រ​ច្រើន​ព្រះ​អង្គ​គង់​នៅ​ក្រុង​ភ្នំពេញ ជាប់​រៀង​រហូត​មក ដល់​ព្រះ​បាទ​សម្ដេច​ព្រះ​ស្រីសុគន្ធបទ ៗ ស្ដេច​បោះបង់​ចោល​ក្រុង​ភ្នំពេញ ទៅ​សាង​ក្រុង​ថ្មី​នៅ​ទួល​បាសាន ខែត្រ​ស្រីសន្ធរ ក្នុង​ឆ្នាំ​ឆ្លូវ សម្ដស័ក ព. ស. ២៤០៨ គ. ស. ១៨៦៥ ។ ព្រះ​មហា​ក្សត្រ​អង្គ​ក្រោយ ៗ មក បាន​ផ្លាស់​ទៅ​សាង​ទីក្រុង​នៅ​ខែត្រ​ផ្សេង ទៀត ៗ ជា​ច្រើន រហូតដល់​សាង​ក្រុង​ឧត្តុង្គមាន​ជ័យ ។

ចំណេរ​កាល​ពី​នោះ​មក​ទៀត ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម​ទ្រង់​គង់​នៅ​ក្រុង​ឧត្ដុង្គ​មាន​ជ័យ, ខាង​ក្រោយ​ព្រះ​អង្គ​បោះបង់​ចោល​ក្រុង​ឧត្ដុង្គ ស្ដេច​មក សាង​ក្រុង​ភ្នំពេញ ជា​គ្រា​ទី​ពីរ នៅ​ឆ្នាំ​ឆ្លូវ សម្ដស័ក ព. ស. ២៤០៨ គ. ស. ១៨៦៥ ។ គ្រា​នោះ ទ្រង់​បាន​និមន្ត​សម្ដេច​ព្រះ​សុគន្ធាធិបតី ប៉ាន គណៈ​ធម្មយុត្តិ​ពី​វត្ត​សាលាគូ[1](វត្ត​អំពិល​បី) ក្រុង​ឧត្ដុង្គ ឲ្យ​មក​គង់​នៅ​វត្ត​ខ្ពបតាយ៉ង ដែល​ជា​វត្ត​បទុមវតី​សព្វ​ថ្ងៃ​នេះ ហើយ​ទ្រង់​និមន្ត​សម្ដេច​ព្រះ​សង្ឃរាជ ទៀងគណៈ​មហានិកាយ ពី​វត្ត​ពុទ្ធប្រាង្គណ៍ ក្រុង​ឧត្ដុង្គ ឲ្យ​មក​គង់​នៅ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ។

រឿង​ប្រែ​ឈ្មោះ​វត្ត​ខ្ពបតាយ៉ង ឲ្យ​ហៅ​ថា​វត្ត​បទុមវតី​រាជវរារាម​វិញ អ្នក​ឧកញ៉ា​មហា​វិនិច្ឆ័យ នៅរ៉ឺត្រែត អាយុ ៩០ ឆ្នាំ នឹង​ព្រះ​ពុទ្ធាចារ្យ ភុល – ទេស ព្រះ​ជន្ម ៦៤ ឆ្នាំ គង់​នៅ​វត្ត​បទុមវតី បាន​ដំណាល​ថា កាល​សម្ដេច​ព្រះ​សុគន្ធាធិបតី ប៉ាននិមន្ត​ចេញ​ពី​វត្ត​សាលា​គូ ក្រុង​ឧត្ដុង្គ មក​គង់​នៅ​វត្ត​ខ្ពបតាយ៉ង ក្រុង​ភ្នំពេញ​ជា​ដំបូង គ្រា​នោះ វត្ត​ខ្ពបតាយ៉ង​ជា​ទី​វត្ត​ចាស់​បុរាណ គ្មាន​វិហារ​កុដិ​សាលា​ជា​កេរ្តិ៍​ដំណែល​ចាស់​នៅ​សេសសល់​ទេ សូម្បី​ភិក្ខុ ឬ​សាមណេរ ១ អង្គ​ក៏​គ្មាន​ដែរ ។ វត្ត​ចាស់​នោះ​ក្លាយ​ទៅ​ជា​ទី​ព្រៃ​សុទ្ធសាធ ព្រោះ​អ្នក​ស្រុក​បោះបង់​ចោល​ជា​ច្រើន​រយ​ឆ្នាំ​មក​ហើយ ប៉ុន្តែ បាន​ជា​គេ​ដឹង​ថា​កន្លែង​នោះ​ជា​ទី​វត្ត​ចាស់​បុរាណ ដោយសារ​គេ​មើល​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ផង គេ​សង្កេត​មើល​ឃើញ​ទី​ទួល​ព្រៃ​មួយ​ខ្ពស់​ជាង​គេ​ផង ហើយ​នៅ​លើ​ទួល​នោះ​មាន​រោង​ប្រក់​ស្លឹក​តូច​មួយ បែប​ជា​រោង​ឧបោសថ ក្នុង​រោង​នោះ​មាន​ព្រះ​ជីរ៍ ១ អង្គ​តូច នៅ​ក្បែរ​ព្រះ​ជីរ៍​នោះ​មាន​ផែន​ថ្ម​សន្លឹក​សីមា ១ ផ្ទាំង, នៅ​ទិស​ខាង​កើត​មុខ​ទួល​នោះ​មាន​ខ្ពប​មួយ​តូច​វែង ដែល​ខ្មោច​តាយ៉ង​គាត់​ជីក​យក​ទឹក​ស្រោច​ដំណាំ​គាត់, ឯ​ទឹក​ក្នុង​ខ្ពប​នេះ​មិន​រីង​ស្ងួត​ទេ តែង​ដក់​នៅ​ខួប​ប្រាំង​វស្សា​ហើយ​ថ្លា​ស្អាត​ផង អ្នក​ស្រុក​ដង​យក​ទឹក​ក្នុង​ខ្ពប​នេះ​ប្រើប្រាស់​បាន ។

គ្រា​នោះ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម​ទ្រង់​ត្រាស់​បង្គាប់​មេ​ការ ឲ្យ​ដឹកនាំ​យក​ឈើ​ព្រះ​រាជទ្រព្យ​ពី​ក្រុង​ឧត្ដុង្គ​មក​កសាង ព្រះ​វិហារ, កុដិ, សាលា នៅ​លើ​ទី​ទួល​នោះ ទ្រង់​ឲ្យ​ជីក​គូ​ស្នាម​ភ្លោះ​ខាង​ជើង ខាង​ត្បូង​នឹង​ខាង​លិច​វត្ត ដើម្បី​យក​អាចម៍​ដី​ចាក់​បំពេញ​ពង្រីក​ទី​ទួល​នោះ​ឲ្យ​បាន​ខ្ពស់​ធំ​ទូលាយ​ជាង​មុន នឹង​ទ្រង់​ឲ្យ​ជីក​ខ្ពប​ចាស់​នោះ​ឲ្យ​ជ្រៅ​ជាង​មុន​ទៅ​ទៀត រួច​ឲ្យ​ដាំ​ដើម​ឈូក​ក្នុង​គូ​ស្នាម​ភ្លោះ​ទាំង ៣ ជ្រុង​វត្ត ។ លុះ​រៀបចំ​ទី​វត្ត​ល្មម​សម​គួរ​ហើយ ក៏​ធ្វើ​បុណ្យ​បញ្ចុះ​សីមា​ឆ្លង​វិហារ​កុដិ​សាលា, វេលា​នោះ បាន​ប្រែ​ឈ្មោះ "វត្ត​ខ្ពបតាយ៉ង" ជា "វត្ត​បទុមវតី​រាជវរារាម" វិញ ប្រែ​ថា "វត្ត​មាន​ឈូក​ជា​របង ជា​អារាម​ដ៏​ប្រសើរ​របស់​ព្រះ​រាជា " ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

បាន​រក​ឃើញ​ភស្ដុតាង​មួយ​ទៀតៈ មាន​ផែន​ថ្ម ១ ផ្ទាំង​ជា​សន្លឹក​សីមា​ទិស​បូព៌ ដែល​គេ​ដំកល់​ទុក​នៅ​មុខ​ព្រះ​វិហារ​វត្ត​បទុមវតី​សព្វ​ថ្ងៃ​នេះ មាន​អក្សរ​ចារិក​នៅ​ថ្ម​សន្លឹក​សីមា​នោះ​ថា "ពុ. ២៤១៤ មមែ នក្សត្រ​ត្រីសក​ហេមន្តរតូ បុស្សមាគ សុក្កបក្ស ចតុទ្ទសី តិថីភុម្មវារ ជា​បរិច្ឆេទកាល​កំណត់​ទី​ត្រង់​ណេះ បាន​បន្ចុះ​ជា​មហា​សីមា​រួច​ហើយ ឯ​មហា​សីមា​នេះ​បណ្ដោយ ៥ សិន ទទឹង ៤ សិន ។

«បូរព៍» 

បញ្ជាក់​សេចក្ដី​ក្នុង​អក្សរ​ចារឹក​ខាង​លើ​នេះ ឲ្យ​ងាយ​ស្ដាប់​ថា ថ្ងៃ ៣ ᧮ ២ ឆ្នាំ​មមែ នក្សត្រ​ត្រីស័ក ហេមន្ត​រដូវ ព. ស. ២៤១៤ ជា​បរិច្ឆេទកាល កំណត់​ទី​ត្រង់​នេះ​បាន​បញ្ចុះ​ជា​មហា​សីមា​រួច​ហើយ ឯ​មហា​សីមា​នេះ បណ្ដោយ ៥ សិន ទទឹង ៤ សិន[3] ។

គិត​តាំង​ពី ព. ស. ២៤០៨ គ. ស. ១៨៦៥ ជា​ឆ្នាំ​ដែល​សម្ដេច​ព្រះ​សុគន្ធាធិបតី ប៉ាន ចាប់​ផ្ដើម​កសាង​វត្ត​បទុមវតី​ជា​ដំបូង​បំផុត​មក ការ​រៀបចំ​តាក់តែង​វត្ត​នេះ​ចេះ​តែ​បាន​ចំរើន​កើន​ឡើង​រៀងរាល់​ឆ្នាំ ដូច​មាន​កុដិ, សាលា​នឹង​បូជនីយដ្ឋាន​ជា​ច្រើន គឺ

ព្រះ​ពោធិព្រឹក្ស

ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម ទ្រង់​ត្រាស់​បង្គាប់​មុខ​មន្ត្រី​ឲ្យ​ធ្វើ​បុណ្យ​សម្ពោធិ ៣ ថ្ងៃ​ដាំ​កូន​ព្រះ​ពោធិព្រឹក្ស ដែល​ព្រះ​រតនសារត្ថេរ​គង់​នៅ​លង្កា​ទ្វីប​នាំ​មក​ថ្វាយ​ព្រះ​អង្គ នៅ​ទី​មុខ​វត្ត​បទុមវតី នៅ​ថ្ងៃ ៣ ᧺ ៣ ឆ្នាំ​កុរ នព្វស័ក ព. ស. ២៤៣០ ច. ស. ១២៤៩ គ. ស. ១៨៨៧ ក្នុង​សម័យ​នៃ​សម្ដេច​ព្រះ​សុគន្ធាធិបតី ប៉ាន ។

ព្រះ​ចេតិយ​អង្គ​ធំ

សម្ដេច​ព្រះ​មង្គល​ទេពាចារ្យ អៀមបាន​ឃោសនា​ពួក​ពុទ្ធបរិស័ទ​កសាង​ព្រះ​ចេតិយ​ធំ​មួយ​អង្គ​ក្នុង​វត្ត​បទុមវតី ។ លុះ​កសាង​រួច​ស្រេច​ហើយ​បាន​ធ្វើ​បុណ្យ​បញ្ចុះ​ព្រះ​បរម​សារីរិកធាតុ ១ អង្គ នឹង​ព្រះ​អរហន្តធាតុ ១ អង្គ ដែល​ព្រះ​រតនសារត្ថេរ​នៅ​លង្កា​ទ្វីប​នាំ​យក​មក​ថ្វាយ​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម ក្នុង​ពេល​ជា​មួយ​កូន​ព្រះ​ពោធិព្រឹក្ស​នោះ ព្រម​ទាំង​បញ្ចុះ​ព្រះ​អដ្ឋិធាតុ​នៃ​សម្ដេច​ព្រះ​សុគន្ធាធិបតី ប៉ាន ផង នៅ​ថ្ងៃ ៤ ᧱ ៦ ឆ្នាំ​រកា ឯកស័ក ព. ស. ២៤៥២ ច. ស. ១២៧១ ត្រូវ​នឹង​ថ្ងៃ​ទី ៨ ខែ​ម៉េ គ. ស. ១៩០៩ ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ (ព្រះ​បរម​រាជានុកោដ្ឋ) ។

ព្រះ​វិហារ​ថ្មី

សម្ដេច​ព្រះ​មង្គល​ទេពាចារ្យ ស៊ុក ជា​មេ​គំនិត​បាន​ចាប់​ផ្ដើម​រុះរើ​ព្រះ​វិហារ​ចាស់​ក្នុង​វត្ត​បទុមវតី​ចេញ ហើយ​កសាង​ព្រះ​វិហារ​ថ្មី​តាំង​ពី​ក្នុង​ឆ្នាំ​ឆ្លូវ នព្វស័ក ព. ស. ២៤៨០ គ. ស. ១៩៣៧ ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ - មុនីវង្ស ។ លុះ​កសាង​ព្រះ​វិហារ​ថ្មី​នោះ​រួច​ស្រេច​ហើយ បាន​ធ្វើ​បុណ្យ​សម្ពោធិ​ឆ្លង​នៅ​ថ្ងៃ ៧ ᧯ ៤ ឆ្នាំ​មមី ចត្វាស័ក ព. ស. ២៤៨៥ ច. ស. ១៣០៤ ត្រូវ​នឹង​ថ្ងៃ​ទី ២០ ខែ​ម៉ារ្ស គ. ស. ១៩៤២ ក្នុង​រជ្ជកាល​នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម – សីហនុ - វរ្ម័ន នឹង​ក្នុង​សម័យ​នៃ​សម្ដេច​ព្រះ​សុធម្មាធិបតី អ៊ុង – ស្រី ។

ក្រៅ​អំពី​ថាវរ​វត្ថុ ៣ យ៉ាង​ខាង​ដើម​នេះ នៅ​មាន​កិច្ចការ​ជា​សំខាន់​ច្រើន​ទៀត[6]គឺ​បាន​រៀបចំ​តាក់តែង​ទី​ខាង​មុខ​វត្ត​បទុមវតី​ឲ្យ​ស្អាតបាត​សមរំ​ល្អ, បាន​ធ្វើ​កុដិ​ធំ ៗ ជា​ច្រើន​ខ្នង, បាន​ធ្វើ​ទី​ប៉ាឆា ៣ ខ្នង, បាន​ធ្វើ​សាលា​សំណាក់ ២ ខ្នង នឹង​សាលា​ភេសជ្ជៈ ១ ខ្នង, បាន​ធ្វើ​ស្រះ​ឈូក ១ គូ, បាន​ធ្វើ​សាលា​បិណ្ឌ ១ ខ្នង នឹង​សាលា​បរិយត្តិធម្មវិន័យ ១ ខ្នង, បាន​រុះរើ​រោង​ជួង​ចាស់​ធ្វើ​ជា​ថ្មី​ឡើង​វិញ​នៅ​កន្លែង​ចាស់​ដដែល, បាន​ចាក់​ដី​បំពេញ​ទី​វត្ត​ឲ្យ​រាប​ស្មើ ព្រម​ទាំង​បាន​ធ្វើ​កំពែង​វត្ត​ផង ។ល។ ការ​រៀបចំ​ទី​វត្ត​បាន​ចំរើន​ឡើង​រៀងរាល់​ឆ្នាំ ដោយសារ​កម្លាំង​សទ្ធា​ជ្រះថ្លា​នៃ​ពួក​ពុទ្ធបរិស័ទ​ទាំងឡាយ មាន​អ្នក​ឧកញ៉ា​មហា​មន្ត្រី ញ៉ឹក – នូវ ជា​អ្នក​ទទួល​ភារៈ​ចាត់ការ បាន​ចាប់​ផ្ដើម​រៀបចំ​ទី​មុខ​វត្ត​នឹង​ក្នុង​វត្ត​តាំង​ពី ព. ស. ២៤៨៥ គ. ស. ១៩៤២ ជា​ដើម​រៀង​មក ក្នុង​សម័យ​នៃ​សម្ដេច​សុធម្មាធិបតី អ៊ុង – ស្រី ។

សេចក្ដី​បញ្ចប់


អាយុ​វត្ត​ខ្ពបតាយ៉ង,ចាប់​រាប់​ពី​ត្រឹម ព. ស. ១៩៧៨ គ. ស. ១៤៣៥ ដែល​ចាប់​ផ្ដើម​កសាង​វត្ត​ខ្ពបតាយ៉ង​នៅ​សម័យ​សាង​ក្រុង​ភ្នំពេញ​គ្រា​ដំបូង រហូត​មក​ដល់ ព. ស. ២៤០៨ គ. ស. ១៨៦៥ ដែល​ប្រែ​ឈ្មោះ​វត្ត​ខ្ពបតាយ៉ង ជា​វត្ត​បទុមវតី​វិញ នៅ​វេលា​សាង​ក្រុង​ភ្នំពេញ​គ្រា​ទី ២ ឃើញ​បាន​ចំនួន ៤៣១ ឆ្នាំ នេះ​ជា​អាយុ​នៃ​វត្ត​ខ្ពបតាយ៉ង ។

អាយុ​វត្ត​បទុមវតី,ចាប់​រាប់​ពី​ត្រឹម​ឆ្នាំ​ដែល​តាំង​ឈ្មោះ​វត្ត​បទុមវតី​រហូត​មក​ដល់ ព. ស. ២៤៩៨ គ. ស. ១៩៥៥ បាន​ចំនួន ៩០ ឆ្នាំ នេះ​ជា​អាយុ​នៃ​វត្ត​បទុមវតី ។ យក ៤១៣ ឆ្នាំ​បូក​រួម​នឹង ៩០ ឆ្នាំ ត្រូវ​ជា ៥២១ ឆ្នាំ នេះ​ទុក​ជា​រយៈ​កាល​នៃ​វត្ត​នេះ ដែល​បាន​ប្រតិស្ឋាន​មក ។

[1]ហៅ​តាម​ត្រឹមត្រូវ​ថា វត្ត​សាលា​គំនូរ ។ ឬ​ហៅ សាលា​គូ ព្រោះ​មាន​សាលា​ពីរ ក៏​បាន ។
[2]ចំឡង​តាម​បែប​អក្សរ​ដែល​គេ​ចារិក​នៅ​ថ្ម​សន្លឹក​សីមា​នោះ ។
[3]២ ហត្ថ​ត្រូវ​ជា ១ ម៉ែត្រ, ២ ម៉ែត្រ​ត្រូវ​ជា ១ ព្យាម, ២០ ព្យាម​ត្រូវជា ១ សិន ។ ឯ​ហា​សីមា​វត្ត​បទុមវតី​នេះ បណ្ដោយ ៥ សិន ត្រូវ​ជា ២០០ ម៉ែត្រ, ទទឹង ៤ សិន ត្រូវ​ជា ១៦០ ម៉ែត្រ ។ (វចនានុក្រម​ខ្មែរ) ។
[4]ស្រង់​ពី​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា ។
[5]ស្រង់​ពី​ច្បាប់​ព្រះ​រាជ​ពង្សាវតារ​ក្រុង​កម្ពុជា ។
[6]ស្រង់​ពី​សេចក្ដី​រាយការ​របស់​អ្នក​ឧកញ៉ា​មហា​មន្ត្រី ញ៉ឹក – នូវ ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: