ពេលមានទឹកជំនន់ជន់លិចតាមខេត្ត ក្រុងមួយចំនួន ក្រៅពីមានមនុស្សស្លាប់ជាង៣០នាក់ វត្តអារាមជាច្រើន ស្រែចំការ និងសាលារៀនក៏ត្រូវបានជន់លិចធ្ងន់ធ្ងរដែរ រហូតមិនអាចឲ្យពុទ្ធបរិស័ទធ្វើដំណើរទៅបុណ្យក្នុងពិធីកាន់បិណ្ឌ និងសិស្សមិនអាចទៅរៀនបាន ។
វត្តជិត១០០ក្នុងខេត្ត៣ ត្រូវទឹកជន់លិច
វត្តអារាមជិត ១០០វត្ត នៅខេត្តចំនួន ៣ ត្រូវបានរងគ្រោះដោយសារទឹកជំនន់នៅក្នុងឆ្នាំនេះ។ មន្ត្រីជាន់ខ្ពស់ នៃក្រសួងធម្មការនិងសាសនា មានប្រសាសន៍ប្រាប់ វិទ្យុអាសីសេរី ថានៅថ្ងៃទី២ ខែតុលា ថា វត្តនៅខេត្តក្រចេះ និងខេត្តកំពង់ធំ រងគ្រោះធ្ងន់ធ្ងរជាងគេរហូតធ្វើឲ្យព្រះសង្ឃខ្លះត្រូវបង្ខំ ព្រះទ័យនិមន្តចេញពីវត្តមកគង់នៅទីទួលមានសុវត្ថិភាពបណ្ដោះអាសន្ន។ តាមរបាយការណ៍ផ្លូវការពីក្រសួងធម្មការបង្ហាញថា ខេត្តបន្ទាយមានជ័យ មាន ៨វត្ត ត្រូវបានរងគ្រោះដោយសារទឹកជំនន់ ហើយខេត្តស្ទឹងត្រែង មាន ១៣វត្ត បានជន់លិចដែរ។ ប៉ុន្តែទំហំធ្ងន់ធ្ងរប៉ុណ្ណោះ មិនបានលម្អិតក្នុងរបាយការណ៍នោះទេ។
សាលារៀនប្រមាណ៣៣៦កន្លែងត្រូវបិទទ្វារដោយសារទឹកជន់លិច
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ដែលទើបចូលកាន់តំណែង បានមានប្រសាសន៍ ប្រាប់វិទ្យុអាសីសេរី នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ ថា មានសាលារៀនសរុប ៣៣៦ ទូទាំងប្រទេសមិនអាចបើកទ្វារទទួលសិស្សឲ្យចូលបើកបវេសនកាលបាននៅ ថ្ងៃដំបូងដោយសារទឹកជន់លិច។ សាលាទាំង ៣៣៦ នោះស្ថិតក្នុងខេត្តព្រៃវែង កណ្ដាល កោះកុង បន្ទាយមានជ័យ បាត់ដំបង ក្រចេះ និងខេត្តរតនគិរី។ ក្នុងចំណោមសាលាទាំង ៣៣៦ ដែលលិចទឹកនោះ មានសាលាបឋមសិក្សាចំនួន ២៨៨។
ស្រូវប្រមាណ៤ពាន់ហិកតារប្រឈមនឹងការខូចខាតនៅស្ទឹងត្រែង
ដំណាំស្រូវប្រមាណ ៣ ទៅ ៤ពាន់ហិកតារ អាចប្រឈមមុខទៅនឹងការខូចខាតទាំងស្រុងនៅស្រុកចំនួនពីរ គឺស្រុកសៀមប៉ាង និងស្រុកសេសាន ខេត្តស្ទឹងត្រែង បន្ទាប់ពីទឹកជំនន់ជន់លិចច្រើនថ្ងៃកន្លងទៅនេះ។ អភិបាលរងខេត្តស្ទឹងត្រែង លោក យ៊ូ បាសិទ្ធ នៅថ្ងៃអង្គារ ទី១ ខែតុលា មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរខេត្តមិនទាន់ទទួលបានសេចក្តីរាយការណ៍ជាក់លាក់ពីផលស្រូវ រងការខូចខាតនៅតាមបណ្ដាស្រុកក្រុង ដែលរងគ្រោះទឹកជំនន់ផ្សេងទៀតនៅឡើយទេ ក៏ប៉ុន្តែ សេចក្តីរាយការណ៍បណ្ដោះអាសន្នឲ្យដឹងថា ស្រូវជាង ៨ពាន់ហិកតារ និងដំណាំរួមផ្សំជាង ១ពាន់ហិកតារផ្សេងទៀត ត្រូវទឹកជន់លិច។
មនុស្សជាង៣០នាក់ស្លាប់ដោយសារទឹកជំនន់
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឲ្យ ដឹងថា មកទល់ថ្ងៃទី៣០ ខែកញ្ញា តួលេខបឋម ទឹកជំនន់នៅទូទាំងប្រទេសបានសម្លាប់មនុស្សជាង ៣០នាក់ និងបង្ខំពលរដ្ឋរាប់ពាន់គ្រួសារផ្សេងទៀតឲ្យជម្លៀសចេញពី ផ្ទះសំបែង។ ទឹកជំនន់ទន្លេមេគង្គលើនៅខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម ចាប់ផ្ដើមស្រកក៏ពិតមែន ប៉ុន្តែតាមការព្យាករកម្ពស់ទឹកអាចនឹងហក់ឡើងវិញ បើសិនជាមានភ្លៀងធ្លាក់ខ្លាំង។ សន្ទូងនិងដំណាំផ្សេងៗរាប់ពាន់ហិកតារ ត្រូវបានជន់លិចយូរ បណ្ដាលឲ្យរលួយនិងខូចខាតស្ទើរទាំងស្រុង។
ចំណែក តួលេខបណ្ដោះអាសន្នរបស់អាជ្ញាធរខេត្តស្ទឹងត្រែង ឲ្យដឹងថា គ្រោះទឹកជំនន់ឆ្នាំនេះ ប្រជាពលរដ្ឋជាង ៧ពាន់គ្រួសារ រងផលប៉ះពាល់ដោយទឹកលិចភូមិ និងផ្ទះសម្បែង ក្នុងនោះប្រជាពលរដ្ឋជាង ១.៣០០គ្រួសារ ត្រូវជម្លៀសទៅស្នាក់នៅទីទួលសុវត្ថិភាព។ ដោយឡែក ស្ពានជាង ១០០កន្លែង វត្តចំនួន ១៨វត្ត សាលារៀន ២២សាលា ផ្លូវកៅស៊ូជាង ៩ពាន់ម៉ែត្រ និងផ្លូវលំជាង ១៥ម៉ឺនម៉ែត្រ ត្រូវទឹកជន់លិច និងប្រជាពលរដ្ឋ ២នាក់បានស្លាប់ដោយលង់ទឹក៕
អត្ថបទដោយ ៖ សុខភាពកម្ពុជា
ចេញផ្សាយ ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣
Post A Comment: