ពិតប្រាកដណាស់ការស្លៀកពាក់ខ្លីអាចនឹងធ្វើឲ្យយុវតីដែលគិតថា ខ្លួនឯងជាមនុស្សទាន់សម័យ និងគួរឲ្យទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ។ ប៉ុន្តែភាពស៊ីវិល័យជ្រុលហួសហេតុពេកអាចផ្ដល់ក្តីអន្ដរាយចំពោះខ្លួនឯង និងវប្បធម៌ជាតិផងដែរ។
ជាក់ស្ដែងយុវតី ហ្សា វ័យ ២០ ឆ្នាំ បានថ្លែងប្រាប់អ្នកយកព័ត៌មាន LIFT ទាំងអឹមអៀនថា៖ «ខ្ញុំចូលចិត្តស្លៀកពាក់ខ្លីៗ ពីព្រោះនៅពេលខ្ញុំស្លៀកសម្លៀកបំពាក់ខើចលើខើចក្រោម ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានភាពទាក់ទាញពិសេស សង្សាររបស់ខ្ញុំក៏សរសើរថា ខ្ញុំស្អាតដែរ»។
យុវនិស្សិត រូបនោះ បានបង្ហើបប្រាប់ថា នៅពេលកញ្ញាទៅទីកន្លែងស្ងាត់ៗ ការស្លៀកពាក់ខ្លីអាចធ្វើឲ្យមានភាពស្និទ្ធស្នាលជាមួយសង្សារ កាន់តែខ្លាំង។
កញ្ញា ហ្សា បានបញ្ជាក់ថា នៅពេលដែលពួកគេមានភាពស្និទ្ធស្នាលនឹងគ្នា ពួកគេចេះតែចង់នៅជាមួយគ្នា។
រីឯយុវជន លី វីន អាយុ ២៥ឆ្នាំ ជានិស្សិតមួយរូបបានឲ្យដឹងពីអារម្មណ៍របស់ខ្លួនថា៖ «នៅពេលខ្ញុំឃើញសង្សារស្លៀកសំពត់ខ្លី ខ្ញុំមានអារម្មណ៍ខុសប្រក្រតីតែម្ដង។ ខ្ញុំចង់គយគន់ជើងរបស់នាង និងចង់ស្ទាបអង្អែលផងដែរ»។
លោកបានបន្ដថា៖ «និយាយឲ្យស្មោះត្រង់ទៅ ខ្ញុំចូលចិត្ដឲ្យសង្សាររបស់ខ្ញុំស្លៀកពាក់ខ្លីពេលនៅជាមួយខ្ញុំ។ ប៉ុន្ដែនៅពេលនាងនៅឆ្ងាយខ្ញុំអត់ចង់ឲ្យនាងស្លៀកខ្លីទេ ពីព្រោះខ្ញុំខ្លាចគេកេងចំណេញ»។
យុវជនរូបនេះអះអាងថា៖ «ពេលនៅជិតសង្សារដែលនាងស្លៀកពាក់សិចស៊ីនៅទីកន្លែងស្ងាត់ៗ ខ្ញុំមានចិត្តចង់រួមភេទច្រើនជាងពេលនាងស្លៀកពាក់ធម្មតាៗ»។
ពិត ប្រាកដណាស់ការស្លៀកពាក់ខ្លីអាចនឹងធ្វើឲ្យយុវតីគិតថា ខ្លួនឯងជាមនុស្សទាន់សម័យ និងគួរឲ្យទាក់ទាញចំណាប់អារម្មណ៍ពីអ្នកដទៃ។ ប៉ុន្តែភាពស៊ីវិល័យជ្រុលពេកអាចផ្ដល់អន្ដរាយចំពោះខ្លួន និងវប្បធម៌ជាតិផងដែរ។
ចំពោះកង្វល់ខាងលើនេះ លោក ថៃ នរៈសត្យា ជារដ្ឋលេខាធិការក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានយល់ស្របថា៖ «ក្មេងៗឥឡូវ ពួកគាត់ចូលចិត្តលេងទៅតាមម៉ាកយីហោរ តាមសម័យកាល ហើយចេះតែមានគំនិត និងទិញសម្លៀកបំពាក់ខ្លីៗដែលអាចបង្ហាញសាច់ដ៏សខ្ចីរបស់ពួកគេ»។
លោក បានឲ្យដឹងថា៖ «បើគិតក្នុងន័យមួយធ្ងន់ ការស្លៀកខ្លីៗ ប្រាកដជាដើម្បីភាពទាក់ទាញការស្រឡាញ់មែនហើយ។ ប៉ុន្ដែការតុបតែងជ្រុលរបស់គាត់អាចនឹងទាក់ទាញចំណង់របស់កន្លង់ជាច្រើន និងបញ្ឆេះកាមារម្មណ៍ឲ្យពុះកញ្ជ្រោលក្នុងខ្លួន ដែលនាំឲ្យមានហេតុការណ៍កើតឡើងមិនល្អ ដូចជាឧក្រិដ្ឋកម្មចាប់រំលោភជាដើម»។
ជាមួយគ្នានេះ លោក កូវ ធីម ជាសាស្រ្តាចារ្យមួយរូបនៅសាកលវិទ្យាល័យ ភូមិន្ទ នីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច បានប្រាប់ឲ្យដឹងថា៖ «លោកគ្រូមិននិយាយពីខាងក្រៅទេ តែលោកគ្រូនិយាយពីអ្វីដែលកើតឡើងក្នុងសាលារៀន គឺនិស្សិតស្រីមួយចំនួនចូលចិត្តស្លៀកបែបខ្លីៗ។ លោកគ្រូមិនដឹងថាពួកគាត់កំពុងគិតយ៉ាងណាឡើយ បើបញ្ចេញទាំងអស់អ៊ីចឹង មិនដឹងថាមានតម្លៃត្រង់ណាទៀតទេ។ ម្យ៉ាងវិញទៀត អ្នកដែលស្លៀកពាក់សិចស៊ីនេះ មិនសូវរៀនពូកែប៉ុន្មានទេ និងឧស្សាហ៍ឈប់ជាញឹកញយ»។
លោកបានប្រសាសន៍ថា ក្នុងនាមជាគ្រូបានត្រឹមតែជួយណែនាំពួកគាត់ឲ្យបានល្អប៉ុណ្ណោះប៉ុន្ដែបើពួកគាត់មិនស្តាប់ក៏យើងមិនដឹងធ្វើយ៉ាងម៉េចដែរ។ លោកសូមឲ្យពួកគាត់ចងចាំថា បុរសដែលស្រឡាញ់ពិតគេប្រាកដជាមិនចង់ឲ្យសង្សាររបស់ខ្លួនបង្ហាញ សាច់ឲ្យបុរសដទៃមើលលើមើលក្រោមនោះទេ។
បើយោងទៅតាមរបាយការណ៍របស់អង្គការសហប្រជាជាតិដែលដកស្រង់ដោយកាសែត The Cambodia Daily កាលពីថ្ងៃទី១១ ខែ កញ្ញា ២០១៣ នេះ បាន បញ្ជាក់ថា នៅក្នុងវប្បធម៌នៃការប្រឆាំងអំពើហិង្សាលើស្រ្តីភេទនៅតំបន់ អាស៊ី ប៉ាស៊ីហ្វិក បានឲ្យដឹងថា បុរសខ្មែរច្រើនជាងម្នាក់ក្នុងចំណោម ៥ នាក់ចន្លោះអាយុពី ១៨ ទៅ ៤៩ ឆ្នាំ រកឃើញថា បានបំពានផ្លូវភេទទៅលើស្រ្តី។ នៅក្នុងនោះជាងពាក់កណ្តាលត្រូវបានបញ្ជាក់ថា ពួកគេធ្លាប់ប្រព្រឹត្តអំពើចាប់រំលោភដំបូងបំផុតរបស់ពួកគេអំឡុង ពេលដែលពួកគេអាយុក្រោម ២០ ឆ្នាំ។
ថ្វីដ្បិតតែវាមិនមែន ជាមូលហេតុតែមួយដែលឈានទៅដល់ការចាប់រំលោភក៏ដោយ ក៏ការស្លៀកពាក់ខ្លីនៅតែជាកត្តារួមផ្សំមួយនៃការបង្កើតជារូបភាពទាក់ទាញទៅដល់ដៃគូបុរស ហើយការទាក់ទាញនេះអាចឈានទៅដល់ការចង់ប៉ះពាល់ និងរួមភេទ។
ចំពោះ ស្ដ្រីខ្មែរផ្សេងទៀតដែលមិនយល់ស្របនឹងការស្លៀកពាក់ខ្លីខាង លើនេះ កញ្ញា ចាន់ ស្រីម៉ៅ អាយុ ២៣ ឆ្នាំ ជានិស្សិតឆ្នាំ ទី៣ នៅសាកលវិទ្យាល័យ បញ្ញាសាស្រ្ត បាននិយាយថា៖ «តាំងពីដើមឡើយខ្ញុំមិនចូលចិត្តស្លៀកខោអាវសិចស៊ីទេ ពីព្រោះវាមិនសមរម្យ។ ខ្ញុំគិតថា អ្នកស្លៀកពាក់ខ្លីមួយចំនួនជានារីឆើតឆាយ ហើយពួកគេអាចរងការកេងចំណេញពីសង្សារនៅពេលណាត់ជួបគ្នា»។
រីឯលោក គីម ឆាយ អាយុ ៤៧ ឆ្នាំ ជាឪពុកម្នាក់ ក៏បានបង្ហាញនូវភាពខ្វល់ខ្វាយរបស់ខ្លួនដែរថា៖ «ក្មេងៗឥឡូវ មានសេរីភាពពេញទី។ យើងប្រាប់ថាកុំឲ្យស្លៀកខ្លីគេថាយើងនឹងចាស់កំរឹល។ ដល់ពេលមានរឿងអ្វីកើតឡើង វាខូចដល់កិត្ដិយសគ្រួសារ និងសង្គមទៀត»។
អ្នកស្រី ធីដា ឃិះ ជានាយិកាអង្គការសីលការ (SILAKA) បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំយល់ថា គេស្លៀកពាក់ខ្លីហ្នឹង គឺទៅតាមម៉ូដដែលកំពុងពេញនិយមនៅក្នុងតំបន់ និងសកលលោក។ ប្រហែលជាគេមានមោទនភាពចំពោះរូបរាងដ៏ស្អាតរបស់ខ្លួនឯងហើយមើលទៅ ហើយគេចង់បង្ហាញអ្នកដទៃឲ្យបានឃើញ»។
អ្នកស្រីបន្ដថា៖ «មនុស្សប្រុសអាចវាយតម្លៃផ្សេងដែលយល់ច្រឡំចំពោះស្ដ្រី។ នៅពេលស្ដ្រីស្លៀកពាក់ខ្លី មិនមែនមានន័យថា គេចង់បើកដៃឲ្យយើងប៉ះពាល់លើរូបកាយរបស់គេទេ។ វាគ្រាន់តែជាការបង្ហាញម៉ូដទាន់សម័យប៉ុណ្ណោះ។ ដូច្នេះ វាជាការយល់ច្រឡំដែលអាចឈានដល់អំពើជ្រុលជ្រួស ឬការរំលោភ»។
អ្នកស្រីផ្ដល់យោបល់ថា៖ «ខ្ញុំថា ស្ដ្រីអាចស្លៀកពាក់នូវអ្វីដែលខ្លួនឯងស្រឡាញ់ តែពេលជួបជាមួយបុរស សូមប្រាប់គេឲ្យហើយថា ខ្ញុំស្លៀកខ្លីមិនមែនខ្ញុំចង់រួមភេទទេ។ ខ្ញុំគ្រាន់តែស្លៀកឲ្យទាន់សម័យប៉ុណ្ណោះ»។
អ្នកស្រីបានបន្ថែមថា៖ «ឯបុរសវិញ ក៏គួរតែសួរត្រង់ៗថា តើនារីជាដៃគូអាចឈានមួយជំហានទៀត ក្រៅពីការស្និទ្ធស្នាលគ្នាចិត្ដនិងចិត្ដរហូតដល់ការប៉ះពាល់ដល់រាងកាយឬទេ? ត្រូវហ៊ានសួរឲ្យច្បាស់កុំឲ្យឈានទៅដល់បញ្ហារំលោភលើរាងកាយស្ដ្រី»។
ពាក់ព័ន្ធនឹងវប្បធម៌ផូរផង់របស់នារីខ្មែរ លោកសាស្ដ្រាចារ្យ កូវ ធីម បានត្អូញត្អែរថា៖ «ប្រពៃណីរបស់នារីខ្មែរបច្ចុប្បន្ន មិនដឹងថានៅឯណានោះទេ ហើយការប្រព្រឹត្តរបស់គាត់មិនត្រឹមតែប៉ះពាល់ដល់ខ្លួនគាត់ ប៉ុណ្ណោះទេ តែមកដល់កេរ្តិ៍ឈ្មោះគ្រួសារ នឹងអាចទៅដល់អ្នកដទៃដែលគាត់ល្អៗនោះ ដូចជាសុភាសិតមួយពោលថា ត្រីមួយកន្ត្រកស្អុយមួយ គឺស្អុយទាំងអស់»។
បន្ថែមពីនេះ លោក នរៈសត្យា បានបំភ្លឺថា៖ «ក្រសួងមិនដែលប្រលែងដៃក្នុងការអប់រំយុវជនខ្មែរទៅលើបញ្ហា ស្លៀកពាក់នោះទេ។ យើងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យជ្រាបចូលក្នុងផ្នត់គំនិតរបស់ ប្រជាជនខ្មែរ»។
ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា ក្រសួងមិនអាចចេញជាច្បាប់ ឬបទបញ្ជាហាមឃាត់ពួកគាត់មិនឲ្យស្លៀកខ្លី ឬសិចស៊ីឡើយ ព្រោះបើចាត់វិធានការបែបនេះមនុស្សមួយចំនួននឹងយល់ឃើញថាក្រសួងរំលោភសិទ្ធិ ឬបំពានសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះអ្វីដែលក្រសួងអាចធ្វើបាន គឺគ្រាន់តែធ្វើជាហ្វ្រាំងជួយទប់មនុស្សដែលជ្រួលជ្រើមមួយចំនួននោះ កុំឲ្យធ្វើហួសព្រំដែនប៉ុណ្ណោះ។
ជាចុងក្រោយលោករដ្ឋលេខាធិការ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹមថា យុវជនខ្មែរនឹងនាំគ្នាគិតដល់វប្បធម៌ដ៏ផូរផង់ និងភាពថ្លៃថ្នូររបស់ខ្លួន។ សង្គមមិនមែនហាមឲ្យស្លៀកខ្លី ឬក៏សិចស៊ីនោះទេគ្រាន់តែចង់ឲ្យការស្លៀកពាក់របស់ប្រជាជនខ្មែរ នៅក្នុងកម្រិតមួយសមរម្យមិនសុភាពពេក ហើយក៏មិនឆើតឆាយពេក។
លោក ថៃ នរៈសត្យា លើកឡើងទៀត ថា៖ «សូមចងចាំថា ភាពស្រស់ស្អាតរបស់នារីខ្មែរ មិនស្ថិតលើការបង្ហាញសាច់ដ៏សខ្ចីនោះទេ ប៉ុន្ដែវាសំខាន់បំផុតគឺជាកិត្តិយស និងភាពថ្លៃថ្នូរ»៕
Post A Comment: