ឃ្លង់​ជា​ជំងឺ​សើ​ស្បែក បណ្ដាលឲ្យ​ស្បែក​ឡើង​កន្ទួល ពក មាន​ទាំង​កមរមាស់ ដំបៅ​ហើយ​ដែល​ធ្វើឲ្យ អវយវៈ​(​ដៃជើង​)​មាន​ភាព​ក្ងែង​ក្ងង់​ប្រកបដោយ​រាងកាយ​អាក្រក់​ក្រៃលែង​។ បើ​ផ្អែក​តាម​ប្រវត្តិសាស្ដ្រ កម្ពុជា ក៏បាន​បង្ហាញថា មាន​ព្រះមហាក្សត្រ ឬ ព្រះរាជា​កើត​ជំងឺឃ្លង់​ផងដែរ ទើប​គេ​បានដឹង​បន្ដ​មកដល់ពេលនេះ​ថា ស្ដេច​គម្លង់​ព្រោះ​គេ​ឃើញ​មាន​បដិមា​ស្ដេច​កើត​ឃ្លង់ ដូចជា នៅតាម​ទីលាន​ស្ដេច​គម្លង់​នៅ​ខាងជើង ជាប់​នឹង ទីលាន​បញ្ជល់​ដំរី​។ ជាពិសេស​នៅ​ភ្នំពេញ ក៏​គេ​ឃើញ​បដិមា​ស្តេច​គម្លង់​នៅខាងមុខ​វត្ត​ឧណ្ណាលោម ផងដែរ​។

បើ​ផ្អែក​តាម​ឯកសារ​តំបន់​ទេសចរណ៍​នៃ​ព្រះរាជណាចក្រ​កម្ពុជា បោះពុម្ព​លើក​ទី​២ របស់លោក​កែវ​ភួង​ឆ្នាំ​២០០៥​បានបញ្ជាក់​ក្នុង​ទំព័រ ១២៧ បានឲ្យដឹងថា ព្រះ​លាន​ស្តេច​គម្លង់​កសាងឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ មាន​គ្រឹះ​ប្រហែល​២៥​ម៉ែត្រ​និង​មាន​កម្ពស់​៦ ម៉ែត្រ​។ ឈ្មោះ​របស់​ព្រះ​លាន​នេះ​គឺ គេ​ហៅ​ដោយយោង​ទៅតាម​បដិមា​ជា​រូបសំណាក​នៃ​ស្តេច​កើត​ឃ្លង់​គង់នៅ​រានហាល​នៃ​ព្រះ​លាន​។ រូបសំណាក​អំពី​ថ្ម​នោះ​អង្គុយ​លុតជង្គង់​ខាងស្តាំ​។

ស្តេចគម្លង់

រូបសំណាក​សព្វថ្ងៃ​ជា​រូបសំណាក​ចម្លាក់​ទេ ឯ​រូប​ពិត​គឺ​តាំងនៅ​ក្នុង​សារមន្ទីរ​ជាតិ​នៅ​ក្រុងភ្នំពេញ​។ ក្នុង​អត្ថបទ​ដដែល​ក៏មាន​សំណួរ​ថា នរណា​ជា​ស្តេច​គម្លង់​? បើតាម​ចម្លើយ​ក្នុង​ឯកសារ​ដដែល​បាន​បញ្ជាក់ថា អ្នកខ្លះ​យល់ថា ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ព្រះអង្គ​កើត​ឃ្លង់ ព្រោះហេតុនេះ​ហើយ​ទើប​ព្រះអង្គ​បង្កើត​មន្ទីរពេទ្យ​ជាច្រើន​កន្លែង​ក្នុងប្រទេស​។ ចំណែកឯ​មតិ​ពី​ប្រវត្តិវិទូ​ខ្លះទៀត​បានឲ្យដឹងថា រូបនោះ​តំណាងឲ្យ​គូ​បេ​រា​ដែល​តំណាងឲ្យ​ព្រះ​ទ្រព្យ ឬ​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ព្រះអង្គ​កើត​ឃ្លង់​។

ប៉ុន្តែ​បើ​ផ្អែក​តាម​សិលាចារឹក​នៅលើ​រូប​នៅ​សតវត្សរ៍​ទី ១៤ ឬ​ទី​១៥​ថា​រូបនោះ​តំណាងឲ្យ​ព្រះ​យមរាជ ឬ​ជា​អ្នក​កាន់​ច្បាប់​កាត់ទោស​នៅ​ឋាននរក​។ ទាំងអស់នេះ​គឺជា អាថ៌កំបាំង​មួយ​ដែល​មិនទាន់បាន​ច្បាស់​ជាក់លាក់​នៅឡើយ ព្រោះ​ចំពោះ​អ្នក​ដែល​កើត​ជំងឺឃ្លង់​ជា​មនុស្ស​មាន​ឋានន្តរស័ក្តិ ខ្ពង់ខ្ពស់​នោះ​ពិតជា​មានការ​លាក់លៀម​យ៉ាងខ្លាំង​ដើម្បី​ការពារ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ។


ប៉ុន្តែ​យើង​បានឃើញ​រូបចម្លាក់​មួយ​នៅ​ជញ្ជាំង​ប្រាសាទបាយ័ន ចន្លោះ​ខាងជើង​នៃ​ប្រាង្គ​កណ្តាល​មានការ​ឆ្លាក់ អំពី​ព្រះរាជា​ប្រយុទ្ធ​ជាមួយ​នាគ​ដ៏​ធំ​។ តាមរយៈ​ចម្លាក់​ឃើញថា នាគ​នោះ​មាន​រាង​ជា​ពស់​ធំ​មួយ​បាន​រួតរឹត​ដងខ្លួន នៃ​ស្តេច​ដែល​កំពុង​ប្រយុទ្ធ​នោះ ដោយ​ស្តេច​បាន ជាន់​ជិត​កពស់ នោះ​ផង និង​ដៃ​ទាំងពីរ​ចាប់​សង្កត់​ខ្លួន​ពស់ និង​កាន់​កន្ទុយ​ពស់​យ៉ាង​ជាប់​។ បើតាម​ការសន្និដ្ឋាន​នៃ​ឆាកប្រយុទ្ធ​នេះ គេ​យល់ថា ប្រាកដជា​ជ័យជំនះ​បាន​ទៅលើ​ព្រះរាជា ទាំងស្រុង​តែម្តង​។ 

ខ្លះថាព្រះ​គ្រិ​ស្ណៈ​ប្រយុទ្ធ និង​នាគឈ្មោះ​កល្បៈ
ប៉ុន្តែ​ជា​ចុងក្រោយ​តាមរយៈ​ឯកសារ​បុរាណ​បានឲ្យដឹងថា ពស់​ព្រួស​ពិស​មកលើ​រាងកាយ​ព្រះរាជា​ទើប​បណ្តាលឲ្យ​ពិស​នោះ​ក្លាយជា​ជំងឺឃ្លង់ គ្របដណ្តប់​លើ​សរីរាង្គកាយ​របស់​ព្រះរាជា​តម​ក​។ យ៉ាងនេះ​ហើយ​ទើប​ស្តេច​កើតរោគ​ឃ្លង់ ដែល​មានចែង​ក្នុង​ប្រវត្តិ​តាម​ចម្លាក់​ថ្ម​ផង និង​តាម​ការនិយាយ​តៗ​គ្នា​រហូតមកដល់​បច្ចុប្បន្ន​នេះ​ផង​។

ទន្ទឹមនេះដែរ​ក៏​គេ​បានដឹង​តាមរយៈ ព័ត៌មាន​ពី​លោក ជីវ​តាក្វាន់​អ្នកទេសចរ​ចិន​ស្រុក​ខ្មែរ គ​.​ស ១២៩៦ បាន​បញ្ជាក់ថា នា​គជា​ដៃគូ​នៃ​ការរួមរ័ក​របស់​ព្រះមហាក្សត្រ​។​ ក្នុង​ឯកសារ​បញ្ជាក់ថា រៀងរាល់​រាត្រី​ព្រះមហាក្សត្រ​តែង​បាន​ផ្ទំ​ដោយ​ការ​រូ​មរ័ក​ជាមួយ​ព្រលឹង​នាគ​ជាដំបូង​គេ​ដែល​នាគ​នោះបាន​ប្រែកាឡា​ខ្លួន​ជា​ស្ត្រី​ល្អ​ស្អាត ហើយ​បន្ទាប់មក​ទើប​ព្រះអង្គ​យាង​ទៅ​ផ្ទំ​ជាមួយ​មហេសី​ដទៃទៀត​
ប៉ុន្តែ​គេ​សួរថា ហេតុអ្វី​បានជា​ព្រះរាជា​ប្រយុទ្ធ​ជាមួយ​នាគ​ទៅវិញ​? តើ​នាគ​នេះ​មក​បៀតបៀន ឬ​រំខាន​ដល់​ព្រះអង្គ​យ៉ាងដូចម្តេច​ដែរ​? តើ​ហេតុអ្វី​ក៏​មិនឃើញ​កង​ទាហាន​ជួយ​ព្រះអង្គ ហើយ​បណ្តាលឲ្យ​ព្រះអង្គ​ប្រយុទ្ធ​ផ្ទាល់​ព្រះហស្ត​តែមួយ​អង្គឯង​យ៉ាងនេះ​?

សរុបសេចក្តី​មក​ក៏​រឿងនេះ​ឋិត​នៅ​ជា​អាថ៌កំបាំង​រហូតដល់​គេ​និយាយថា ការ​សោយ​ទិវង្គត​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ក៏​ជា​អាថ៌កំបាំង​ដែរ ព្រោះ​មុន គ​.​ស ១២១៨ គេ​មិន​បានដឹង​ពី​ព័ត៌មាន​ថា ព្រះអង្គ​គង់នៅ​ទីណា​ឡើយ​។ ប៉ុន្តែ​ក៏មាន​រូបសំណាក​អំពី​ព្រះ​យមរាជ​ដែល​ឋិត​នៅ​កណ្តាលវាល​មាន​ដុះ​ស្លែ​នេះ ឬ​ជាការ​បិទបាំង​ជំនួស​រឿង​ស្តេច​កើត​ឃ្លង់​៕

ស្តេចគម្លង់

ប្រភពពី៖ កម្ពុជាថ្មី
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: