គម្លង់ មកពីពាក្យឃ្លង់ជាជំងឺស្បែកដែលសភាពស្បែកឡើងគ្រើម ហើយលែងមានកាយវិញ្ញាណ ជំងឺនេះមិនមែនជាជំងឺតំណពូជទេ វាជាជំងឺឆ្លងតាម ទឹករងៃ រលាត់ស្បែក ការឆ្លងជំងឺនេះតាមផ្លូវដង្ហើមគឺមានភាគរយតិចតូច ហើយវាមិនចេញរោគសញ្ញាលឿនទេ វាសំងំនៅក្នុងរាងកាយមនុស្សពី៥ទៅ១០ឆ្នាំ។

នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា មានលេចឡើងនូវរឿងនិទាន និង រឿងប្រវត្តិសាស្រ្តមួយចំនួនដែលទាក់ទងនឹងស្តេចគម្លង់ ហើយខ្ញុំសូមលើកយករឿងនិមួយៗ មកបកស្រាយដូចខាងក្រោម:

រឿងពង្សសាវតាវត្តទឹកវិល

ព្រះបាទស័ង្ខចក្រ ឬស្ដេចគម្លង់ ព្រះមហាក្សត្រខ្មែរទី១៥ ទើបតែបានអាយុ១៤វស្សា បានឡើងគ្រងរាជសម្បត្ដិបន្ដពីព្រះបិតា នៅថ្ងៃ១កើត ខែផល្គុន ឆ្នាំជូត ព.ស១៤៦០ ម.ស ៨៣៤ ច.ស៦៧៨ ត្រូវជា គ.ស៩១៦ ។ ព្រះអង្គមានព្រះបរមរាជនាមព្រះបាទសម្ដេចព្រះស័ង្ខចក្រព័ត្រ រាជាធិរាជ ។

ដើមហេតុធំនោះគឺបណ្ដាលមកពីព្រះបាទស័ង្ខចក្រមិនបានគ្រប់គ្រង ផែនដី ដោយសុចរិតយុត្ដិធម៌ត្រឹមត្រូវតាមទសពិធរាជធម៌ ។ ដែលជាប្រភពធ្វើឲ្យប្រជាពលរដ្ឋ និងនាម៉ឺនមុខមន្ត្រីគ្រប់ជាន់ថ្នាក់រងទុក្ខវេទនា ក្ដៅក្រហាយមិនសប្បាយចិត្ដ ជាពិសេសនាម៉ឺនដែលមានដើមកំណើតជានាគ ។ នាម៉ឺននាគទាំងនេះ ដែលធ្លាប់ចូលមកបម្រើទឹកដីខ្មែរ តាំងពីសម័យរាជ្យព្រះថោងនាងនាគ សុទ្ធតែមានបុណ្យបារមីឬទ្ធិតេជៈខ្លាំងពូកែ ។
ស្តេចគម្លង់ ឬ ព្រះគម្លង់


ថ្ងៃមួយ នាឱកាសព្រះអង្គយាងចុះមករោងជុំនុំ ស្រាប់តែព្រះអង្គទតឃើញពួកនាម៉ឺននាគប្រកាន់អាកប្បកិរិយា ច្រឡើសបើស មិនសមរម្យឈរទ្រឹងនៅស្ងៀម មិនព្រមលុតជង្គង់ថ្វាយបង្គំព្រះអង្គដូចប្រក្រតី ព្រះស័ង្ខចក្រទ្រង់ពិរោធខឹងក្រេវក្រោធយ៉ាងខ្លាំង ដកដាវដេញតាមប្រហារជីវិតនាម៉ឺននាគទាំងនោះ ។ នាម៉ឺននាគមិននៅស្ងៀម បណ្ដោយឲ្យព្រះមហាក្សត្រពិឃាដឡើយ ។ គេនាំគ្នាព្រួសពិសដាក់មុខព្រះស័ង្ខចក្រ ហើយនាំគ្នារត់បាត់អស់ទៅ ចាប់តាំងពីថ្ងៃនោះមក នាម៉ឺន និងពពួកនាគឈប់ចេញមកជួយគ្រប់គ្រង កសាង ថែរក្សាស្រុកខ្មែរដូចដើមទៀតហើយ ។

ចំណែកព្រះ ស័ង្ខចក្រវិញ ដែលមានពិសនាគប្រឡាក់ជាប់ពេញមុខ ខំជូតដុសលាង និងប្រើអស់គ្រប់មធ្យោបាយដែរ តែនៅតែមិនជ្រះស្អាត ។ មិនយូរប៉ុន្មាន ព្រះភ័ក្ភ្រព្រះអង្គកើតមានជម្ងឺឃ្លង់ភ្លើង គ្មានគ្រូពេទ្យហ្មណាមួយអាចមើលព្យាបាលជម្ងឺព្រះអង្គបានជាសះស្បើយ ឡើយ ។


យោងតាមអត្ថបទខាងលើ អ្នកនិពន្ធគ្រាន់តែចង់ប្រៀបប្រដូចការគ្រប់គ្រងនគរខ្មែររបស់ព្រះបាទស័ង្ខចក្រ ដែលធ្វើឲ្យរាស្រ្តរងទុក្ខវេទនា ហើយផ្តល់ងារមួយថាជាស្តេចគម្លង់ប៉ុណ្ណោះ។

ហើយផ្តល់វិធីសាស្រ្តក្នុងការព្យាយាមសង្គមឃ្លង់មួយដោយវិធី:

ទី១ ត្រូវតែយកសង្គមនោះមកស្ងោជំរះរាងកាយឲ្យមេរោគងាប់អស់សិន។
ទី២ ត្រូវយកថ្នាំដាក់ឲ្យកើតមានរូបរាងវិញ ឬរៀបចំកម្រិតដាក់ឲ្យមានស្ថាប័ន រចនាសម្ព័ន្ធត្រឹមត្រូវប្រសើរសម្រាប់សង្គមជាតិ។
ទី៣ ដាក់បញ្ចូលសង្គមជាតិនូវថ្នាំ ឬព្រលឹង ឬទ្រឹស្ដីមនោគមវិជ្ជាជាតិដែលអាចធ្វើឲ្យសង្គមជាតិនោះមានជីវិត រស់រាន ល្អបរិសុទ្ធប្រពៃទៅអនាគត ។

រឿងទិទានមួយទៀត ចងក្រងដោយ Robert J Casey នៅឆ្នាំ១៩២៩

មានមហាក្សត្រមួយអង្គដែលពូកែខាងចម្បាំង បានរំដោះទឹកដីសង្គ្រោះនគរ នៅក្នុងសមរភូមិចុងក្រោយរបស់ព្រះអង្គ មានគ្រូទាយមួយបានទាយឲ្យព្រះអង្គថា សមរភូមិនេះ ព្រះអង្គនឹងទទួលបានជ័យជំនះទៀត ក៏ប៉ុន្តែព្រះអង្គក៏ជួបនឹងគ្រោះកាចដែរ ហើយក្នុងគ្រានោះ ព្រះអង្គនឹងរកឃើញវត្ថុមានតម្លៃ២ពីក្នុងភក់។

ពេលធ្វើសឹកសង្គ្រាមលើកចុងក្រោយនោះ ព្រះអង្គក៏ទទួលបានជ័យជំនះមែន ក្នុងពេលដែលព្រះអង្គហែទ័ពចូលក្នុងអាណាចក្រអង្គរវិញ មានស្រ្តីចំណាស់ម្នាក់ រត់ចេញពីក្នុងចំណោមប្រជាជនដែលមកអបអរសាទរ ហើយបានអោបព្រះអង្គនិងថើបព្រះអង្គ ក្រោយមកទើបដឹងថា ស្រ្តីចំណាស់នោះមានជំងឺឃ្លង់ដ៏កាចសាហាវ។ ហើយព្រះអង្គក៏បានឆ្លងជំងឺឃ្លង់ពីស្រ្តីចំណាស់នោះ គេជឿថាអ្នកដែលព្រះអង្គបានប៉ះទាំងឡាយក៏ឆ្លងជំងឺនោះដែរ។

ក្រុមជំនុំរាជវាំង បានយកព្រះអង្គទៅគង់នៅកន្លែងដាច់ដោយឡែកពីគេ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺនេះដល់អ្នកដទៃ ហើយព្រះស្ងោយក៏ត្រូវបានយកទៅថ្វាយព្រះអង្គនៅទីនោះ។ ក្នុងចំណោមស្រីស្នំជាច្រើនពាន់នាក់ ក្នុងនោះមានស្រីស្នំ២នាក់ ដែលមានភក្តីស្មោះស្ម័គ្រនឹងព្រះអង្គ ហើយអាណិតព្រះអង្គក៏បានជីកដីធ្វើរូងចូលទៅកាន់កន្លែងដែលព្រះអង្គគង់ ហើយធ្វើការបម្រើព្រះអង្គរហូតមក ព្រះអង្គព្រះកន្សែងរំភើប ហើយបាននឹកដល់សម្តីគ្រូទាយដែលនិយាយថា ព្រះអង្គនឹងទទួលបានវត្ថុមានតម្លៃ២ចេញពីភក់នោះ។

នោះគ្រាន់តែជារឿងនិទាននៃស្តេចគម្លង់មួយព្រះអង្គ ដែលមនុស្សភាគច្រើនយល់ច្រឡំថាជា ព្រះបាទជ័យវរ្ម័នទី៧ ដោយអះអាងថាព្រះអង្គបានសាងសង់មន្ទីរពេទ្យ១០២ ដើម្បីព្យាបាលជំងឺឃ្លង់ តែសរុបសេចក្តីមក ព្រះបាទជ័យវរ្ម័នទី៧ ពុំធ្លាប់បានត្រូវឃុំឃាំង ហើយព្រះអង្គទទួលជ័យជំនះនឹងឡើងសោយរាជ្យ នៅព្រះជន្ម៥០ព្រះវស្សារួចធ្វើការគ្រប់គ្រងប្រទេសជាតិជាង៤០ឆ្នាំទៀត។

មតិមួយទៀតយល់ថា ព្រះមហាក្សត្រដែលមានជំងឺឃ្លង់គឺព្រះបាទយសោវរ្ម័នទី១ ដូចជាសៀវភៅ តំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ប្រហែលជាអ្នកនិពន្ធយកតាមការស្រាវជ្រាវបរទេស ពីព្រោះឯកសារបរទេសខ្លះក៏សរសេរថា ព្រះបាទយសោវរ្ម័នទី១កើតឃ្លង់ដែរ។

បដិមាព្រះគម្លង់ ឬ ព្រះយម


ភិនភាគ
រូបចម្លាក់ធ្វើពីថ្មភក់ រចនាប័ទ្មបាយ័ន ចុងសតវត្សទី១២ ដើមសតវត្សទី១៣ មានពុកមាត់ មានចង្កូម គ្មានជំរកអាស្រ័យ តែងអង្គុយ ហាលខ្យល់ ហាលក្តៅ ហាលភ្លៀង។

ប្រវត្តិឈ្មោះ
អ្នកស្រាវជ្រាវ អ្នកប្រវត្តិសាស្រ្ត អ្នកស្រុក តែងហៅបដិមាមួយនេះថាជា ព្រះយម (យមរាជ) អ្នកកាត់ក្តី ឬ ព្រះគម្លង់ (ស្តេចកើតឃ្លង់) តើឈ្មោះទាំងនេះមានប្រភពមកពីទីណា?

ព្រះគម្លង់ (ស្តេចគម្លង់)
ដោយសារបដិមានេះ ជាបដិមានៅហាលខ្យល់ ហាលថ្ងៃ ហាលភ្លៀង ពុំមានរោងសំណាក ទើបធ្វើឲ្យរូបបដិមានេះ មានដុះស្លែគ្រើមៗ មើលទៅដូចជាកើតឃ្លង់ ទើបអ្នកស្រុកហៅថា ព្រះគម្លង់ ឬ ស្តេចគម្លង់។ ដែលមតិខាងលើយល់ថា ជាបដិមាព្រះបាទយសោវរ្ម័នទី១ ឬ ព្រះបាទជ័យវរ័្មនទី៧នោះ តែធាតុពិតការស្រាវជ្រាវចុងក្រោយបានបង្ហាញថារូបនោះគឺជារូបព្រះយមទៅវិញ។

ព្រះយម
លោកCoedès បានបកស្រាយដោយផ្អែកលើសិលាចារឹកនៅលើរូបនៅសតវត្សរ៍ទី១៤ ឬទី១៥ ថារូបនោះជារូបយមរាជដែលជាអ្នកកាន់ច្បាប់កាត់ទោសនៅឋាននរកទេ។

ទោះជាយ៉ាងណាក៏ដោយ វត្តមាននៃជំងឺឃ្លង់គឺពិតជាមានមែន នៅសម័យអង្គរ ហើយមានមន្ទីរពេទ្យដើម្បីព្យាបាលជំងឺនោះ ដោយប្រើប្រាស់ឱសថបុរាណដូចជាឱសថ ខ្លាញ់ទឹកដោះគោថ្លា ខ្លាញ់ទឹកដោះគោស្រស់ ប្រេង ទឹកឃ្មុំ រងូ ស្លឹកស្រម៉ ផ្លែស្រម៉ជាដើម។

គួរបញ្ជាក់ផងដែរថា នៅសម័យប៉ុលពល អ្នកដែលមានជំងឺឃ្លង់ត្រូវបញ្ចូនឲ្យទៅនៅជុំគ្នា ដើម្បីព្យាបាល នឹងកុំឲ្យរាលដាលដល់អ្នកដទៃ ដែលស្ថិតនៅ ភូមិត្រើង ខេត្តកំពង់ចាម សព្វថ្ងៃ ក៏នៅមានមន្ទីរពេទ្យព្យាបាលជំងឺឃ្លង់នៅទីនោះដែរ ជំងឺឃ្លង់គឺជាជំងឺដែលអាចមើលជាដាច់ ប្រសិនបើបានព្យាបាលទាន់ពេលវេលា បើពុំដូចនោះទេ អាចនឹងពិការ។ ដោយមូលហេតុនេះហើយ ទើបគេសន្មតមួយទៀតថា បដិមាព្រះបាទជ័យវរ្ម័នទី៧ពិការគឺមកពីទ្រង់មានជំងឺឃ្លង់ ដែលធាតុពិតគឺមិនដូច្នោះទេ បដិមាពីដើមគឺមានតួខ្លួនពេញលេញទាំងអស់។

  • សូមជូនរឿងនិទាននៃព្រះគម្លង់មួយទៀត

មានរឿងនិទានមួយ តំណាលថា កាលដើមឡើយអាកាសធាតុរាំងស្ងួត ធ្វើស្រែមិនបាន ប្រជាជនបានទៅបន់ស្រន់សុំព្រះគម្លង់ឲ្យជួយ ព្រះគម្លង់បានឡើងទៅឋានសួគ៌ ទៅសុំគោពីឋានសួគ៌មកឲ្យឋានមនុស្ស ដោយសន្យាថា នឹងមិនឲ្យមនុស្សបរិភោគសាច់គោឡើយ។ ក្រោយមកមនុស្សបានយកគោធ្វើជាពាហនៈសម្រាប់ភ្ជួររាស់ធ្វើស្រែចំការ។ ថ្ងៃមួយ មនុស្សបានក្បត់ពាក្យសច្ចៈ ដោយនាំគ្នាបរិភោគសាច់គោធ្វើជាចំណី។ ឋានលើខឹងសំបារយ៉ាងខ្លាំង ហើយព្រះគម្លង់ ដូចព្រះអង្គជាអ្នកដែលស្នើសុំសត្វគោពីឋានលើមក ទើបព្រះអង្គសុខចិត្តដាស់ទោសខ្លួនឯង អង្គុយហាលថ្ងៃ ហាលខ្យល់ ហាលភ្លៀង ដោយគ្មានអាស្រមដូចទេពដទៃ ចំណេរក្រោយៗមក រាល់បដិមាព្រះគម្លង់ដែលសាងហើយ គឺពុំមានអាស្រមទេ គឺទុកនៅកណ្តាលថ្ងៃ។

តួយ៉ាងដូចជារូបសំណាកព្រះគម្លង់នៅលានស្តេចគម្លង់ និង មុខវត្តឧណ្ណាលោមជាដើម។ ក្រោយមកទៀតគេ ក៏បានសាងរូបសំណាកព្រះគម្លង់មួយទៀត ដាក់នៅតាមផ្លូវមាត់ទន្លេ ដោយមានអាស្រម រំលងបានប៉ុន្មានឆ្នាំ មិនដឹងមូលហេតុអ្វី គេក៏រើអាស្រម និង រូបសំណាកនោះចេញវិញ នៅសល់តែរូបសំណាកមុខវត្តឧណ្ណាលោមមួយដដែរ។
ស្តេចគម្លង់ ឬ ព្រះគម្លង់

រូបបដិមាពិតប្រាកដនៃព្រះយម(ស្តេចគម្លង់)តំកល់នៅសារមន្ទីរជាតិក្នុងបន្ទប់ត្រង់កន្លែងរចនាប័ទ្មបាយ័ន។
រូបបដិមាសិប្បនិម្មិតមួយ ដាក់នៅក្នុងសារមន្ទីរជាតិដដែលនៅកណ្តាលស្រះទាំង៤។
រូបបដិមាសិប្បនិម្មិតមួយនៅមុខវត្តឧណ្ណាលោម។
រូបបដិមាសិប្បនិម្មិតមួយ នៅលានព្រះគម្លង់ទីក្រុងសៀមរាប។
រូបបដិមាមួយទៀត នៅក្បែរព្រះអង្គចេកព្រះអង្គចម ដែលអ្នកស្រុកហៅថាយាយទេព។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: