ចរិតខ្មែរភាគច្រើនចូលចិត្តភ្លេចប្រវត្តិសាស្រ្តជាតិឯង: វរជនខ្មែរមួយរូបធ្លាប់មានកិត្តិស័ព្ទល្បីល្បាញក្នុងប្រវត្តិសាស្រ្តខ្មែរនាទសវត្សរ៍ឆ្នាំ១៩៤០ និងដើមទសវត្សរ៍ឆ្នាំ១៩៥០ ដែលត្រូវបានឃាតករបោកគ្រាប់បែកសម្លាប់នាឆ្នាំ១៩៥០ តែបច្ចុប្បន្នមិនសូវមានរណាម្នាក់រំលឹកឈ្មោះគាត់នោះទេ!

លោក អៀវ កើស កើតនៅឆ្នាំ១៩០៥ នៅឃុំសង្កែរ ខេត្តបាត់ដំបង ជាបុត្រទោលរបស់លោក អៀវ ហេង និង អ្នកស្រី ទឹក ។ លោកបានរៀននៅវត្តកណ្តាល និងសាលាបឋមសិក្សាខេត្តបាត់ដំបង នៅអនុវិទ្យាល័យព្រះសុីសុវត្ថិ ក្រុងភ្នំពេញ និងសាលាពានិជ្ជកម្មក្រុងហាណូយ នៅឆ្នាំ១៩២៧។


លោក អៀវ កើស គឺជាអ្នកស្រាវជ្រាវភាសារខ្មែរ ជាកវីនិពន្ធ និងជាស្ថាបនិកមួយរូបនៃគណបក្សប្រជាធិបតេយ្យដំបូងបំផុតនៅកម្ពុជា។ កិត្តិស័ព្ទរបស់លោក អៀវ កើស មានភាពល្បីល្បាញបំផុតក្នុងទសវត្សរ៍ឆ្នាំ១៩៤០ រហូតពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៥០។

លោក អៀវ កើស ធ្លាប់កាន់តំណែងសំខាន់ៗមួយចំនួនដូចជា ជាសមាជិកសភាតំណាងរាស្ត្រ ជាឧបរដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភាពីឆ្នាំ១៩៤៦-១៩៥០។ បន្ទាប់ពី ព្រះអង្គម្ចាស់សុីសុវត្ថិ យុត្តិវង្ស សោយទីវង្គតទៅលោក អៀវកើស បានទទួលតំណែងជាប្រធាននៃគណបក្សប្រជាធិបតេយ្យ បន្តពីព្រះអង្គម្ចាស់។

នៅចុងឆ្នាំ១៩៤៩ លោក អៀវ កើស បានដង្ហែរ សម្តេចព្រះនរោត្តម សីហនុ ទៅទស្សនកិច្ចនៅប្រទេសបារាំង ។ លុុះត្រឡប់មកប្រទេសវិញ មិនបានប៉ុន្មានថ្ងៃផង គឺនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០ ក្រោយពេលដែលលោកទើបនឹងបិទសម័យប្រជុំគណៈកម្មការធិការនាយក នៃគណបក្សប្រជាធិបតេយ្យ បានបន្តិច ស្រាប់តែមានជនមិនស្គាល់មុខលួចគប់គ្រាប់បែកចូលទីស្នាក់ការគណបក្ស បណ្ដាលអោយលោកស្លាប់បាត់បង់ជីវិតទៅ។

បន្ទាប់ពីព្រះអង្គម្ចាស់សុីសុវត្ថិ យុត្តិវង្សសោយទីវង្គត ហើយនិងក្រោយពីមរណៈភាពនៃលោក អៀវ កើស បន្ថែមទៀតនោះ គណបក្សប្រជាធិបតេយ្យដែលធ្លាប់តែលេចធ្លោឈានមុខគេ នៅក្នុងឆាកនយោបាយខ្មែរនាទសវត្សឆ្នាំ១៩៤០ ក៏ចាប់ផ្តើមមានទំនាស់បែកបាក់គ្នាបន្តិចម្តងៗរហូតរលាយបាត់រូបរាង្គ។

សព្វថ្ងៃនេះឈ្មោះលោក អៀវ កើស គ្មាននរណាម្នាក់រំលឹកទេ គាត់ស្ទើរបាត់ឈ្មោះទៅហើយ មានតែប្រភពព័ត៌មានតិចតួចប៉ុណ្ណោះតាមរយៈឯកសារមួយចំនួនតូចដែលបានបោះពុម្ពក្នុងអំឡុងឆ្នាំ១៩៧០-១៩៧៥ ហើយសេសសល់មកដល់បច្ចុប្បន្ន។

បង្ហោះផ្សាយលើកទី២


ប្រភពពី៖ មរតកកម្ពុជា

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: