តើការស្លាប់របស់លោកបណ្ឌិត កែម ឡី អ្នកណាខាត និងអ្នកណាចំណេញ សំលាប់ដោយសារអ្វី? និងអ្នកណាជាអ្នកសំលាប់?
ដោយ៖ ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី ១៣ កក្កដា ២០១៦

ជាប្រតិកម្មនឹងការធ្វើឃាតលោក បណ្ឌិត កែម ឡី លោក ហ៊ុន សែន បានស្រែកសួរមហាជននៅថ្ងៃទី១១ ខែកក្កដា ២០១៦ ក្នុងពិធីសម្ភោធអាគារអគ្គនាយកដ្ឋានក្រសួងការពារជាតិថា 


«តើការស្លាប់នេះវា ធ្វើឲ្យអ្នក ណាចំណេញ? តើរដ្ឋាភិបាល បានអ្វីមកវិញពីការសំលាប់លោកបណ្ឌឹត កែម ឡី? តើគណបក្សប្រជាជន បានចំណេញអ្វីពីការសំលាប់នេះ?» 

លោក ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា«ការស្លាប់របស់លោក បណ្ឌិត កែម ឡី គឺរដ្ឋាភិបាល ជាអ្នកខាត និងបក្សប្រជាជនជាអ្នកខាត។ ដូច្នេះ គ្មានហេតុផលអ្វីដែល រដ្ឋាភិបាលត្រូវសំលាប់លោកបណ្ឌិត កែម ឡី នោះទេ»។


ជាការពិតការស្លាប់របស់លោកបណ្ឌិត កែម ឡី គឺពិតជាមិនបានចំណេញដល់បក្សប្រជាជនមែន ហើយក៏ វាមិនបានចំណេញ ដល់រដ្ឋាភិបាលកម្ពុជាដែរ។ តែវាប្រសើរជាងទុកគាត់ឲ្យនៅរស់។ ព្រោះទោះជាគាត់នៅ រស់ ក៏ រដ្ឋាភិបាល ឬគណបក្សប្រជាជនមិនដែលបានប្រើគាត់ ឬយកគំនិតគាត់ធ្វើជាធនធានមូលដ្ឋានសម្រាប់ ជួយកសាងប្រទេសជាតិដែរ។ ពោលរដ្ឋាភិបាល និងគណបក្សប្រជាជនមានតែទុកគាត់ជាសត្រូវ ហើយគាត់ ធ្វើឲ្យរដ្ឋាភិបាល និងបក្សប្រជាជន បាត់បង់ប្រជាប្រីយភាព បន្តិចម្តងៗតាមរយៈការវិភាគរបស់គាត់។

ជារួមការស្លាប់របស់គាត់គឺ «ពលរដ្ឋខ្មែរទូទៅជាអ្នកខាត និង ប្រទេសជាតិខ្មែរដែលត្រូវការធនធាន មនុស្ស ជាអ្នកខាត»។ ព្រោះគាត់ជាធនធានដ៏មានតំលៃម្នាក់សម្រាប់ជាតិសាសន៍ខ្មែរ ហើយធនធាន នេះនឹងមាន តំលៃពិតប្រាកដបើរដ្ឋាភិបាល ចេះប្រើប្រាស់គាត់ដើម្បីប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរ។

សួរថាតើអ្នកណាជាអ្នកចំណេញ? សម្រាប់នៅកម្ពុជា អ្នកចំណេញ គឺមិនមែនរដ្ឋាភិបាលឡើយ តែជាបុគ្គល ឬ ក្រុមគ្រួសារអ្នកមានអំណាច ក្នុងរដ្ឋាភិបាលគឺ ជាអ្នកចំណេញដោយបានកំចាត់ចោលនូវ អ្នកគំរាម ផលប្រយោជន៍ផ្ទាល់ របស់ពួកគេ។ សម្រាប់អន្តរជាតិ អ្នកចំណេញគឺ ប្រទេសជិតខាង «យួន និងថៃ»។ ព្រោះថា ជាតិសាសន៍ជិតខាង ដែលធ្លាប់មានប្រវត្តិជូរចត់ជាមួយយើង និងចង់គ្រប់គ្រងយើង គេមិន ដែលចង់ឲ្យយើងមានធនធានមនុស្ស ល្អៗទេ ហើយគេក៏មិនដែលចង់ឲ្យយើងរីកចំរើនជាងគេដែរ។ ជារួម ការបាត់បង់ធនធានមនុស្សដ៏មាន តំលៃម្នាក់របស់ជាតិសាសន៍មួយ ស្មើនឹងការបាត់បង់ស្មារតីជាតិ និងកម្លាំងកសាងជាតិមួយផ្នែកធំ នៃ ជាតិសាសន៍នោះ ហើយវាធ្វើឲ្យជាតិសាសន៍ជិតខាង និងជាតិសាសន៍ ផ្សេងៗទៀតកាន់តែមើលងាយ ជាតិសាសន៍យើងកាន់តែខ្លាំងឡើង។

សួរថាហេតុអ្វីបានជាគេសំលាប់គាត់? សំលាប់ព្រោះតែ រឿងបុគ្គល ឬរឿងជំពាក់លុយដូចអ្វីដែលឃាតករ (សិប្បនិមិត្ត?) និយាយ គឺ១០០% មិនសមហេតុផលទាល់តែសោះ។ ដូច្នេះ វាមិនពិបាកយល់ទេដោយយើង ចោទសួរថា តើសកម្មភាពរបស់លោកបណ្ឌិត កែម ឡី វាប៉ះពាល់ប្រយោជន៍អ្នកណាច្រើនជាងគេ? ជារួម សកម្មភាពរបស់គាត់ វាមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍រដ្ឋាភិបាលទេ ព្រោះរដ្ឋាភិបាលគ្មានអ្វីត្រូវ បាត់ បង់ ឬខាតពីសកម្មភាពរបស់លោកបណ្ឌិត កែម ឡី ឡើយ ពោលវាមានតែជួយរដ្ឋាភិបាលទៅវិញ ហើយ ជួយពលរដ្ឋ ជួយប្រទេសជាតិ និងជួយទាំងអ្នកប្រឆាំងមេដឹកនាំរដ្ឋាភិបាលថែមទៀត។ 


ជាការពិតទៅ សកម្មភាពរបស់គាត់ វាប៉ះពាល់ប្រយោជន៍ភាគីសំខាន់ពីរគឺ៖ «(១) ប្រយោជន៍បុគ្គល និង គ្រួសារអ្នកមាន អំណាចក្នុងរដ្ឋាភិបាលកម្ពុជា (ឬបក្សប្រជាជន) និង (២) ប្រយោជន៍ប្រទេសយួនដែលជាអ្នកមានគុណលើ បុគ្គល ឬអ្នកកាន់អំណាចនៅកម្ពុជា»។ ព្រោះសកម្មភាពរបស់គាត់ពិតជាបាន ចាក់ចំប៉េះដូងពួកគេរាល់ថ្ងៃ និងដាស់ស្មារតីពលរដ្ឋខ្មែរកាន់តែខ្លាំងឡើងៗ។

ដូច្នេះ យើងសួថារអ្នកណាជាអ្នកសំលាប់លោក បណ្ឌិត កែម ឡី? តាមហេតុផលផលប្រយោជន៍ ខាងលើ គឺមានតែភាគីសំខាន់ពីរនោះហើយ។តែបើយើងថាយួនមកសំលាប់គាត់ គឺវាមិនត្រូវ។ ព្រោះនេះជាទឹក ដីកម្ពុជា។ ព្រោះបើយួនអាចមកសំលាប់ លោក កែម ឡី បាននៅលើទឹកដីកម្ពុជា នោះមានន័យថា អ្នកខាង ក្នុងជាអ្នកបើកដៃ។ បើអ្នកខាងក្នុងបើកដៃ ដូច្នេះមានអ្វីខុសគ្នាដែលចោទថាទាំងអ្នកខាងក្នុង និងអ្នកខាង ក្រៅជាឃាតករនោះ? ម្យ៉ាងទៀត បើយួនអាច មកសំលាប់ខ្មែរបានស្រេចតែចិត្តនៅលើទឹកដីខ្មែរ នោះមាន ន័យថារដ្ឋាភិបាលខ្មែរសព្វថ្ងៃ គឺយួនពិតជា គ្រប់គ្រង ទាំងស្រុងហើយ។ ដូច្នេះ មានអ្វីដែលខុសពេល យើងចោទ ថា រដ្ឋាភិបាលសព្វថ្ងៃ ជាអ្នកសំលាប់ ឬជារដ្ឋាភិបាលអាយ៉ងយួន សំលាប់ខ្មែរ ឬជាមេដឹកនាំ អាយ៉ងយួនសំលាប់ខ្មែរនោះ? តែបើយួនមិនសំលាប់ ដូច្នេះ មានតែជនមានអំណាច ឬគ្រួសារអ្នកមានអំណាច នៅកម្ពុជានេះហើយ ជាអ្នកសំលាប់។ 


ព្រោះវាពិតជា ប៉ះពាល់ផលប្រយោជន៍របស់យួន ជាមេរបស់ពួកគេ និងផលប្រយោជន៍របស់ពួកគេ យ៉ាងពិតប្រាកដ ដោយ វាធ្វើឲ្យការឈ្លានពានរបស់ចៅហ្វាយគេបរាជ័យ ធ្វើឲ្យមុខជំនួញពួកគេត្រូវបកអាក្រាត បាត់បង់ចំណូល ខាតបង់ព្រទ្យធន ខាតបង់ទុនសម្រាប់គ្រួសារ សម្រាប់ពង្រឹងបក្ស និងពង្រឹងអំណាចពួកគេនាពេលអនាគត។ 

ជាពិសេសគឺ ធ្វើឲ្យពលរដ្ឋខ្មែរកាន់តែយល់ ដឹង នាំឲ្យពិបាកគ្រប់គ្រង និងជួយធ្វើឲ្យគ្រួសារគេ ឬបក្សគេ សាបរលាបប្រជាប្រិយភាពបន្តិចម្តងៗ និងអស់ អំណាចនាពេលណាមួយខាងមុខជាក់ជាមិនខាន។ ដូច្នេះ ការកំចាត់រូបគាត់ចោល ពិតជាសំខាន់ និងមាន ប្រយោជន៍ខ្លាំងណាស់សម្រាប់ពួកគេ ដើម្បីទស្សនវិស័យវែង ឆ្ងាយក្នុងការកាន់អំណាច និងរក្សានយោ បាយមហាមិត្តម៉ឺនៗឆ្នាំជាមួយយួននៅកម្ពុជា។

ដូច្នេះ ក្នុងហេតុផលទាំងអស់ខាងលើនេះ យើងអាចយល់បានថាការធ្វើឃាតនេះមិនអាចជារឿងបុគ្គល ឬរឿង ជំពាក់លុយ កំប៉ិកកំប៉ុកបានឡើយ។ ពោលវាទាក់ទងនឹងការធ្វើឃាតមានផែនការណ៍ជាក់លាក់ ទាក់ទងរឿងនយោបាយ រឿងប្រយោជន៍គ្រួសារបុគ្គលមានអំណាច និងរឿងរក្សាសម្ព័ន្ធភាពនយោបាយយូរ អង្វែងជាមួយមហាមិត្តអ្នកមានគុណនៅកម្ពុជាពិតៗ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: