វគ្គទី៥៖ មរតករបស់ ខុងមីង

ខុងមីង (ជូកាត់លៀង) (គ.ស.១៨១-២៣៤) ជាអ្នកនយោបាយនិងជាអគ្គមេទ័ពដ៏ឈ្លាស
ប្រតិ​ពលដែលមានសមត្ថភាពខ្ពស់ នៅក្នុងសម័យ សាមកុក។ គាត់ជាអ្នកនយោបាយដ៏​បរិសុទ្ធ​យុត្តិធម៌ ពោរពេញទៅដោយ គុណធម៌។ កូនដែលបានឃើញច្បាស់ពីលិខិតថ្លែងការណ៍ពី​ទ្រព្យសម្បត្តិដែលជាកេរមរតករបស់ខ្លួនចំពោះព្រះចៅ ឡៅសៀន ថា៖

«ទូលព្រះបង្គំបានបម្រើរាជការថ្វាយព្រះចៅផែនដីអង្គមុន ទើបពុំបានប្រកបមុខរបរចិញ្ចឹមគ្រួសារ។ ឥឡូវនេះ ទូលព្រះបង្គំនៅសល់តែកេរពីជីដូនជីតា គឺដើមមន៨០០ដើម ដីស្រែ១៥ហិចតាដែល​ជាទ្រព្យសម្បត្តិ ល្មមនឹងចិញ្ចឹមគ្រួសាររបស់ទូលព្រះ​បង្គំឱ្យមានសុភមង្គល​តាំងតែអំពីកូន រហូតដល់ចៅបាន។ សម្រាប់ទូលព្រះបង្គំបម្រើរាជការគ្មានអ្វីបណ្ដាល​ឱ្យក្ដៅ​ក្រហាយទេ ហេតុនេះហើយ ទើបមិនបានបង្កើតអាជីពដទៃ ហើយក៏មិនធ្លាប់គិតសន្សំទ្រព្យជាកេរមរតកបន្ថែមទៀត ឬចង់សាងឋានៈខ្លួនឯងឱ្យស្ដុកស្ដម្ភអ្វីដែរ។ 


ក្នុងគ្រាដែលទូលព្រះបង្គំលាចាកលោកនេះទៅ ក្រុមគ្រួសាររបស់ទូលព្រះបង្គំនឹងមិនមានបានមិនមានកេរមរតកសេសសល់និងមិនមានទ្រព្យសម្បត្តិនៅខាងក្រៅដ៏មហិមាឡើយ ព្រោះទង្វើនេះទូលព្រះបង្គំគិតថា ទុរយសចំពោះព្រះអង្គ»។

ខុងបេង ពោលដូច្នេះហើយ ក៏ធ្វើដូច្នេះមែន។ ក្នុងគ.ស. ២៦៩ រាជវង្ស ជិន បានរួបរួមប្រទេសចិន ហើយបានកសាង អំណាច ឱ្យមានឯកភាពឡើង។ ក្នុងខណៈពេលនោះ ស្ដេចនៃរាជវង្ស ជិន បានទិញយកមន្ត្រី និងកូនចៅមន្រ្ដីក្នុងសម័យរាជវង្ស ហាន ដោយបែកចំហ ថែមទាំងប្រទាន​អំណាចយស ស័ក្ដិដល់ពួក នេះផងដែរ។ វេលានោះ កូនចៅជំនាន់ ទី៣ របស់ ខុងបេង ឈ្មោះ ជូកាត់វ៉ាយ នៅមានជីវិតនៅឡើយ គេបដិសេធមិនទទួលយកលាភយសស័ក្ដិ បំភាន់ភ្នែកដែល​ស្ដេចប្រទានឱ្យ ដោយនិយាយថា «នៅផ្ទះរបស់ទូលព្រះបង្គំមានដើមមន ចំនួន៨០០ដើម មានដីធ្លីល្មមគ្រប់គ្រាន់ដើម្បីទ្រទ្រង់ជីវិតគ្មានការក្ដៅក្រហាយទេ ទូលព្រះបង្គំជាមនុស្សអសមត្ថភាព គ្មានប្រយោជន៍ចំពោះប្រទេសជាតិ ហេតុដូច្នេះ សូមព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឱ្យទូលព្រះបង្គំជាខ្ញុំ ត្រលបទៅប្រើជីវិតបែបមានសុភមង្គលនៅឯស្រុកកំណើតវិញចុះ»។
ចៅទូតរបស់ ខុងបេង ប្រកាសពីមរតកដូច្នេះ សឱ្យឃើញថា មិនខុសពីការប្រកាសទ្រព្យសម្បត្តិរបស់ ខុងបេង កាលពីជាង៣០ឆ្នាំមុនទេ។


ការពិត ខុងបេង ជាមនុស្សពូកែម្នាក់ កាលពីលោកនៅមានជីវិត គាត់មានតំណែងជាអគ្គ​សេនាបតី​នៃនគរចុកកុក ដែល ឡៅពី ជាអ្នកស្ថាបនាឡើង នៅគ.ស.២២១-២៦៣ មានព្រំដែនស្ថិតនៅក្នុងតំបន់ សេឈួន ហើយបានបាត់បង់ក្នុងសម័យព្រះចៅ ឡៅសៀន ដែលជាព្រះរាជបុត្ររបស់ ឡៅពី នោះឯង។


ព្រះចៅ ឡៅសៀន ទន់ខ្សោយពេក រាជការនយោបាយនិងអំណាចទាំងអស់នៅកក្នុងនគរនេះ ស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ ខុងបេង។ ប៉ុន្តែគាត់ពុំដែលធ្លាប់ឆក់ឱកាសនោះ សាងភាពមានបានដល់ខ្លួន ឯងឡើយ មិនធ្លាប់ប្រើអំណាចខាងនយោបាយប្រព្រឹត្តអំពើពុករលួយ។ មានមនុស្សជាច្រើនប្រហែលជាសង្ស័យថា ហេតុអ្វីបានជាគាត់មិនសាង ទ្រព្យសម្បត្តិទុកឱ្យកូនចៅខ្លះ តើគាត់មិនបានបន្សល់អ្វីខ្លះខ្លះទុកដល់កូនចៅទេឬ?
ធាតុពិត ខុងបេង ជាមនុស្សមានចក្ខុវិស័យវែងឆ្ងាយ គាត់យល់ឃើញថា ទ្រព្យសម្បត្តិអ្វីក៏មិនអស្ចារ្យ និងស្ថិតស្ថេរចេរកាលស្មើនឹងមរតកខាងផ្លូវចិត្តគំនិតដែរ។ 


គាត់គិតដល់អនាគតវែងរបស់កូនចៅជាននិច្ច ដូចជាអត្ថន័យនៅក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅកាន់បងប្រុសរបស់គាត់និយាយពី ជូកាត់ចាន់ ជាកូនប្រុសរបស់គាត់ថា «ឥឡូវនេះ ចាន់ មានអាយុ៨ឆ្នាំហើយ គេជាមនុស្សឆ្លាត គួរឱ្យស្រលាញ់ណាស់ ខ្ញុំខ្លាចតែគេទទួលជោគជ័យលឿនពេក ជាហេតុធ្វើឱ្យគេពុំអាចធ្វើកិច្ចការធំបាន នេះឧបសគ្គសម្រាប់ថ្ងៃអនាគត»។

ខុងបេង ក្រែងថាកូនរបស់ខ្លួនឆ្លាតជ្រុលពេក ដែលជាបច្ច័យបណ្ដាលឱ្យគេក្រអឺតក្រទប ឆ្មើងឆ្មៃ មានគំនិតអាត្មានិយមជាឧបសគ្គដល់ភាពរីកចម្រើន ដូចនេះ ទើបគាត់ដាក់រហស្សនាម ជូកាត់ចាន់ ជាបុត្ររបស់គាត់ថា «ស៊ឺយួន» ប្រែថាគិតវែងឆ្ងាយ។ គាត់តែងនិយាយ ជាមួយកូនចៅរបស់គាត់ជានិច្ចថា «ត្រូវតែអ្នកមានឧត្តមគតិខ្ពស់» «ត្រូវតែជាអ្នកមានដំណើរជីវិតយ៉ាងមានគោលដៅ មានគំនិតហ្មត់ចត់»។
នេះគឺជាក្ដីសង្ឃឹមដែល ខុងបេង បានផ្ដាំផ្ញើដល់កូនចៅ ប៉ុន្តែតើត្រូវធ្វើដូចម្ដេច ទើបមានឧត្តមគតិខ្ពស់ទៅ?


ខុងបេង បានបង្រៀនថា ការសាងនូវឧត្តមគតិដ៏ខ្ពង់ខ្ពស់ត្រូវប្រកបដោយលក្ខខណ្ឌពីរប្រការគឺ៖
១. ត្រូវមានសមាធិ
២. ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ ចេះសន្សំសំចៃ»

គាត់បានបន្តទៀតថា «មុនដំបូងត្រូវមានសមាធិជាមុនសិន ទើបអាចសិក្សារៀនសូត្របាន បើគ្មានការសិក្សា ក៏គ្មានបញ្ញា គ្មានគំនិតគិតជ្រៅជ្រះ។ ការសិក្សា បើខ្វះភាពនឹងន ខ្វះសមាធិ ក៏ពុំអាចសិក្សាបានសម្រេច ពេលណាចង់សិក្សា ត្រូវតែមានឆន្ទៈ ត្រូវមានឧត្តមគតិ មានគោលការណ៍ ចិត្តស្ងប់ អ្នកដែលមានចិត្តមិនស្ងប់ រមែងមិនអាចតាំងចិត្ត សិក្សាបានឡើយ។ ការប្រើជីវិតក៏ដូចគ្នាដែរ អ្នកដែលប្រើជីវិតសុខសប្បាយ ភ្លើតភ្លើនពេក ចិត្តតែងរាយមាយ ពេលណាចិត្តគំនិតរាយមាយហើយ តើមានឧត្តមគតិពីណាមក ដូចនេះការប្រើជីវិតបែបសន្សំសំចៃ មានលក្ខណៈសាមញ្ញ ទើបជាកត្តាសំខាន់ក្នុងការសាងនូវគុណធម៌លម្អប្រាណ»។


តាមអត្ថន័យរបស់ ខុងបេង គឺអ្នកដែលមិនចេះសន្សំំសំចៃ ចូលចិត្តប្រើជីវិតបែបខ្ជះខ្ជាយ បណ្ដាលឱ្យមានចិត្តលោភលន់គ្មានទីបញ្ចប់។ ពេលណាក្លាយទៅជាដូច្នេះ ជីវិតរកសេចក្ដីសុខ ក្ដីស្ងប់ពុំបានឡើយ។ បើទោះជា ជីវិតលោតលេងលើគំនរមាសប្រាក់យ៉ាងណាក៏ដោយ ក៏កិលេស តណ្ហាឧបាទាន ញ៉ាំងឱ្យគេមានអារម្មណ៍ខ្វះខាតជានិច្ច គួរឱ្យអាណិតជាពន់ពេក។
វាខុសអំពីអ្នកដែលប្រកាន់ខ្ជាប់គុណធម៌ប្រចាំជីវិតទាំងស្រុង បើទោះជាជីវិតរបស់គេ មានការប្រព្រឹត្តទៅបែបសាមញ្ញ តែគេមានបីតិសោមនស្សរីករាយទៅនឹងអំពើល្អក្នុងជីវិត។


ខុងបេង បានសរសេរសំបុត្រណែនាំក្មួយប្រុសរបស់គាត់ថា «កើតជាមនុស្សត្រូវផ្អែកលើឧត្តមគតិដ៏ខ្ពង់ខ្ពស់មិនគិតតែផលប្រយោជន៍បន្តិចបន្តួចស្ថិតនៅចំពោះមុខឱ្យសោះ កុំចង់បានក្ដីសុខកំប៉ិចកំប៉ុកក្នុង ជីវិត។ ត្រូវសេពគប់កល្យាណមិត្ត និងគ្រូបាចារ្យឱ្យទូលាយកុំគិតតែពីគុណស្រ័យ និងគំនុំផ្ទាល់ខ្លួន បើធ្វើដូច្នេះហើយ ពុំទទួលបានជោគជ័យ ជីវិតក៏គ្មានអ្វីឱ្យខាតបង់ដែរ។ កំឡុងពេលសិក្សារមែងកើតសេចក្ដីសុខ សប្បាយរីករាយ និងមានលទ្ធផលល្អចំពោះអនាគត ខ្លាចក្រែងតែមានឧត្តមគតិមិនច្បាស់លាស់ប៉ុណ្ណោះ បើខ្វះភាពឧស្សាហ៍ព្យាយាម ចិត្តចង្អៀតចង្អល់ បណ្ដោយអារម្មណ៍ គ្របដណ្ដប់សតិបញ្ញា រហូតដល់សុខចិត្តនៅក្រោមឥទ្ធិពល សម្ភារនិយម គ្មានភាពជាម្ចាសការ ខ្វះភាពដាច់ខាត រមែងធ្លាក់ជាទាសករ ខ្ញុំកំដរកិលេសតណ្ហា ជីវិតរមែងអន់ថយយ៉ាង ប្រត្យក្ស។


នេះគឺជាមរតកផ្នែកខាងគំនិតរបស់ ខុងបេង ទុកឱ្យដល់កូនចៅ ជាមរតកដ៏មានតម្លៃថ្លៃលើទ្រព្យធននានាលើពិភពលោក។ ខុងបេង ចង់ឱ្យកូនចៅក្លាយជាមនុស្សល្អ មានឧត្តមគតិ ទើបបង្រៀនកូនចៅឱ្យ ចេះសន្សំសំចៃ ប្រើជីវិតបែបសាញ្ញ ដើម្បីអនាគតរុងរឿងភ្លឺស្វាង។ ពេលក្លាយជាមនុស្សល្អហើយ ប្រវត្តិសាស្រ្តរមែងពោលសរសើរ បើជាមនុស្សអាក្រក់ទុរយស មនុស្សជំនាន់ក្រោយ និងជេរដាក់បណ្ដាសាអស់កាលជានិច្ច
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: