វគ្គទី៤៖ ធៀនជីជឺ ពុករលួយ


សម័យចានក្វ័រ នៅនគរឈី មានមហាអាមាត្យម្នាក់់ឈ្មោះ ធៀនជីជឺ មានគ្រាមួយលោក​មហា​អាមាត្យបានទទួលនូវ សំណួកប្រាក់ ២០០០ ពាន់ តម្លឹងពីមន្រ្តីតូចតាចមួយរូប។ លោកមហា អាមាត្យ យក ប្រាក់នោះ ទៅផ្ទះដើម្បី ឱ្យ ម្ដាយជាអ្នកទុកដាក់ តែ ម្ដាយជរា​នឹកសង្ស័យ ក្នុងចិត្ត ជាខ្លាំង ទើបសួរទៅកូនថា៖ «កូនកាន់តំណែងជាមហាអាមាត្យអស់រយៈពេល ៣ឆ្នាំហើយ ម៉ែ មិនដែល ឃើញកូនមាន​ប្រាក់បៀរវត្សច្រើនដល់ម្ល៉េះឡើយ។ ម៉ែសួរកូនដោយត្រង់​ចុះប្រាក់ ដ៏ច្រើនសន្ធឹក សន្ធាប់នេះតើកូនបានមកពីណា? បានមកដោយភាពមិនស្អាតស្អំ តើមែនឬទេ?

វគ្គទី៤៖ ធៀនជីជឺ ពុករលួយ

ធៀនជីជឺ ពុំហ៊ានកុហកម្ដាយ ពេលត្រូវម្ដាយសួររហូតទាល់ច្រកដូច្នេះ ក៏ព្រមទទួលការពិតថា៖
«មានមន្ត្រីតំណែងតូចម្នាក់ ប្រគល់ប្រាក់ដ៏មហាសាលនេះ ទុកជារង្វាន់ដល់កូនណ៎ាម៉ែ ! »។
ម្ដាយរបស់គាត់ខឹងខ្លាំងណាស់ និយាយដាស់តឿនដល់ ធៀនជីជឺ ថា

«ម៉ែដឹងថាបញ្ញាជនត្រូវមានគុណធម៌នៅក្នុងចិត្ត បញ្ញាជនគប្បីបដិបត្តិខ្លួនដោយភាពស្មោះត្រង់ សុចរិត យុត្តិធម៌ មិនប្រព្រឹត្តនូវអំពើពុករលួយមិនឆ្លៀតឱកាសទទួលសគុណពីអ្នកណាងាយៗទេ តែគប្បីអនុវត្តការងារដោយការព្យាយាមឱ្យដល់ទីបំផុត ពាក្យសម្ដីដែលនិយាយ​ហើយត្រូវ​តែស្មោះត្រង់ ពុំកុហកបោកប្រាស់កេងប្រវ័ញ្ចអ្នកដទៃ ចិត្តគំនិតមិនងប់ងល់ទៅនឹងរឿងថោកទាប អសីលធម៌ ឬលោភលន់ចង់បានសំណូកសូកប៉ាន់ ដែលបានមកដោយភាពស្មោកគ្រោក មិនស្អាតស្អំ និងអយុត្តិធម៌ទេ»។

ឥឡូវនេះ ព្រះករុណាព្រះអង្គទុកព្រះទ័យលើរូបកូនដល់ថ្នាក់នេះ ទ្រង់បានតែងតាំងកូនឱ្យឡើងកាន់តំណែងជាមន្ត្រីថ្នាក់ខ្ពស់ និងទទួលបានប្រាក់ខែក៏ខ្ពស់ កូនគប្បីអនុវត្តតួនាទីដោយ​ការព្យាយាម​យ៉ាងមុតមាំ ទើបជាការត្រឹមត្រូវណ៎ាកូន ! ។

ក្នុងឋានៈកូនជាមហាអាមាត្យ ដែលជាអ្នកទទួលគ្រប់គ្រងអំណាច ខាងនយោបាយ កូនគប្បី​យកកម្លាំងនិងសមត្ថភាពទាំងអស់ ដែលស្ថិតនៅក្នុងខ្លួនរបស់កូន មកអនុវត្ត​លើការងារ​ឱ្យអស់​ពីសក្ដានុពល កូនគប្បីស្មោះត្រង់ចំពោះតួនាទី រហូតអស់ជីវិតគ្មានថ្ងៃកែប្រែ ហើយគប្បី​ជាមន្ត្រីមាន​ចិត្តស្មោះ មានដៃស្អាតស្អំនិងពុំប្រព្រឹត្តអំពើពុករលួយ ទើបអនាគតជួបប្រទះតែការងារល្អ គ្មាន​គ្រោះភយន្តរាយទាំងពួង។

ប៉ុន្តែឥឡូវនេះកូនបែរជាធ្វើរឿងផ្ទុយទៅវិញ កូនកំពុងស្ថិតនៅឆ្ងាយអំពីគំរូនៃមន្ត្រីស្អាតស្អំទាំងស្រុងហើយ»។ គាត់នៅដៀលត្មះ ធៀនជីជឺ យ៉ាងធ្ងនធ្ងរទៀតថា៖
«ជាមន្រ្តីមានចិត្តមិនល្អ ទុកដូចជាកូនអកត្តញ្ញូ ទ្រព្យសម្បត្តិដែល បានមកដោយពុំស្អាតស្អំទាំងនេះ ម៉ែមិនត្រូវការទេ ចំណែកកូនអកត្តញ្ញូ វិញ ក៏ម៉ែមិនត្រូវដែរ»។

ពេលបានស្ដាប់នូវឱវាទរបស់ម្ដាយហើយ ធៀនជីជឺ មានអារម្មណ៍អៀនខ្មាសជាខ្លាំង ក៏យកសំណូកទាំងនោះ ទៅឱ្យមន្ត្រីដែលមានតំណែងតូចនោះវិញ ហើយក៏ចូលទៅគាល់ស្ដេច ឈីសៀន ដើម្បីក្រាបបង្គំទូល សូមអភ័យទោសដោយខ្លួនឯង។
ស្ដេច ឈីសៀន បានជ្រាបរឿងនេះហើយ ក៏ត្រាស់សរសើរម្ដាយរបស់ ធៀនជីជឺ យ៉ាងច្រើន ថែមទាំងព្រមលើកលែងទោសឱ្យ ធៀនជីជឺ ទៀតផង។

បើឪពុកម្ដាយគ្រប់រូបត្រិះរិះឱ្យដឹងច្បាស់ថាភាពសុចរិតទៀងត្រង់ជាគុណធម៌ដ៏ល្អប្រសើរកម្រិត​ណាហើយ ហើយបានបង្ហាត់បង្រៀនដល់កុលបុត្រកុលធីតាតាំងតែពីតូច រហូតដល់ធំ​ឱ្យប្រកាន់ខ្ជាប់​គុណធម៌ ទើបសង្គមរបស់យើងមានភាពសុខសាន្ត គ្មានមនុស្ស​កេងប្រវ័ញ្ច​ដែលគិតតែឆ្អិតក្បាល​ស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។ សង្គមរមែង​មាន​ការ​អភិវឌ្ឍទៅមុខយ៉ាងរលូន មនុស្សនៅក្នុងសង្គម​ក៏មានអនាគតរុ​ងរឿងភ្លឺ​ស្វាងដែរ។
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: