វគ្គទី១. ខុងជឺ បង្រៀនកូន

ខុងជឺ ជាអ្នកគិត ជាអ្នកនយោបាយ ជាអ្នកសិក្សាដ៏អស្ចារ្យរបស់ប្រទេស ចិន និងជាគ្រូនៃលទ្ធិ ខុងជឺ ដែលពិភពលោកបានស្គាល់ច្បាស់។ លោកមានជីវិតកាលពីជាង ២៥០០ ឆ្នាំមុន (មុនគ.ស. ៥៥១-៤៧៩) ក្នុងសម័យដែលប្រទេសចិន កំពុង មានភាពជ្រួលច្របល់យ៉ាងខ្លាំង។ 


សម័យនោះរាជវង្ស ចូវ ចាប់ផ្ដើមទន់ខ្សោយស្ដេចគ្រប់គ្រងនគរចំណុះបាននាំគ្នា​បះបោរពុំ​ព្រម​ស្ថិតនៅក្រោមអំណាចកណ្ដាលរបស់រាជវង្ស ចូវ ថែមទាំងពួកមន្រ្តីរាជការ ដែលស្ថិត​នៅក្រោម​ការគ្រប់គ្រងនាំគ្នាក្ដាប់អំណាចទុកទៀត ប្រទេសជាតិស្ថិតក្នុងស្ថានភាពអនាធិបតេយ្យ គ្មាន​ច្បាប់ទម្លាប់ គ្មានអ្នកណាស្ដាប់អ្នកណា ច្បាប់ទម្លាប់ចាស់ៗ ត្រូវបានលុបបំបាត់ចោលខណៈដែលសង្គមជាតិនៅពុំទាន់អាចបង្កើត​ច្បាប់ទម្លាប់ថ្មីដើម្បីប្រើជំនួសនៅឡើយ ទើបសង្គមពោរ​ពេញទៅដោយ​ភាពចលាចលដូច្នោះ។

ខុងជឺ គឺជាបញ្ញាជននៅក្នុងនគរ លូ លោកជាអ្នកលើកឡើងទ្រឹស្ដី «មេត្តាធម៌» គឺ «មានសេចក្ដីស្រលាញ់ចំពោះមនុស្សផងគ្នា» «អ្វីដែលខ្លួនពុំចង់បាន ចូរកុំរុញទៅឱ្យអ្នកដទៃ» «ខ្លួនអាចនៅឈរបានលុះណាតែអ្នកដទៃនៅឈរបាន ខ្លួនចម្រើនរុងរឿងបាន លុះណាតែអ្នកដទៃចម្រើនរុងរឿងដែរ»។ 


លើសពីនេះនៅមានសំណូមពរឱ្យមនុស្សនៅក្នុងសង្គមបដិបត្តិរវាងគ្នានិងគ្នាតាមច្បាប់ទម្លាប់ ឬប្រកាន់ខ្ជាប់តាមគោលការណ៍ចរិយាធម៌ពោលគឺ «ព្រះរាជាត្រូវតែប្រព្រឹត្តខ្លួនឱ្យសមជាព្រះរាជា មន្រ្តីរាជការត្រូវប្រព្រឹត្តខ្លួនឱ្យសមជាមន្ត្រីរាជការ ឪពុកម្ដាយត្រូវតែប្រព្រឹត្តខ្លួនឱ្យសមជាឪពុកម្ដាយ កូនត្រូវប្រព្រឹត្តខ្លួនឱ្យសមជាកូន»។


ផ្នែកខាងការសិក្សា ខុងជឺ ជាអ្នកពាំនាំការសិក្សា ដែលពីមុនមានតែនៅក្នុងក្រុមមនុស្សល្អ មកផ្សព្វផ្សាយដល់មនុស្សថ្នាក់កណ្តាលយ៉ាងទូលំទូលាយ។ លោកបានលើក​ឡើងនូវទស្សនៈ​ការសិក្សាថា «ត្រូវសិក្សាដោយមានការត្រិះរិះពិចារណា» «អ្នកសិក្សាខ្វះការគិតរមែង​តែជាបុគ្គល​ដែលងប់ងល់ ហើយបើចេះតែគិត ខ្វះការសិក្សាក៏មានគ្រោះថ្នាក់ដែរ»។ លោកបន្តទៀតថា «គប្បីសិក្សាដោយពុំចេះជិនណាយ»។

 ក្នុងកំឡុងពេលដែល ខុងជឺ មានជីវិតរស់នៅ លោកពុំបានទទួលជោគជ័យផ្នែកខាងនយោបាយទេ ហើយទស្សនៈរបស់លោកពុំត្រូវបានពួកអ្នកនយោបាយទទួលស្គាល់ឡើយក្នុងសម័យនោះ តែបន្ទាប់ពី ខុងជឺ បានទទួលមរណភាពទៅ ឱវាទរបស់លោក ក៏ប្រែក្លាយជាសម្ដីទិព្វដែលជនជាតិ ចិន បានប្រកាន់ខ្ជាប់ និងបដិបត្តិតាមអស់រយៈពេលជាង ២០០០ឆ្នាំ ទាំងផ្នែកប្រព័ន្ធសិក្សា ផ្នត់គំនិត ច្បាប់ទម្លាប់ វប្បធម៌ និងប្រពៃណី។

ខុងជឺ មានកូនសិស្ស៣០០០នាក់ តែអ្នកដែលមានឈ្មោះល្បីមានត្រឹមតែ៧២ នាក់ប៉ុណ្ណោះ។ កូនសិស្សម្នាក់ឈ្មោះ ឆើនកាំង មាននូវមន្ទិលក្នុងចិត្តថា ខុងជឺ អាចបង្រៀនកូនរបស់លោកនូវវិជ្ជាពិសេស ម៉្លោះហើយពេលមានឱកាស ឆើនកាំង ក៏បានសួរ ប៉វី ដែលជាកូនរបស់ ខុងជឺ ថា«តើលោកគ្រូមានបង្រៀនវិជ្ជាពិសេសអ្វីដល់លោកដែលឬទេ?»


ប៉វី ឆ្លើយថាគ្មានទេ ក៏ប៉ុន្តែមានពេលមួយនោះ លោកឪពុកកំពុងតែអង្គុយម្នាក់ឯង ខ្ញុំក៏បានចូលទៅរក លោកឪពុកក៏សួរខ្ញុំថា «តើឯងបានរៀនកំណាព្យហើយឬនៅ?» ខ្ញុំឆ្លើយថា «នៅ»។ ពេលនោះលោកឪពុកក៏មានប្រសាសន៍ «មិនសិក្សាពីកំណាព្យរមែងគ្មានពាក្យនិយាយ»។
បន្ទាប់មក ខ្ញុំក៏បានចាប់ផ្ដើមសិក្សាពីកំណាព្យ ហើយមានគ្រាម្ដងទៀតនោះ ខ្ញុំបានដើរឆ្លងកាត់បន្ទប់ធំមួយក៏បានជួបនឹងលោកឪពុកកំពុងអង្គុយម្នាក់ឯង លោកឪពុកសួរខ្ញុំថា«តើឯងបានសិក្សាពីចរិយាធម៌ហើយឬនៅ?» ខ្ញុំឆ្លើយថា «នៅ»។ លោកឪពុកមានប្រសាសន៍ថា «មិនសិក្សាពីចរិយាធម៌រមែងតែគ្មានកន្លែងឈរ»។ ពេលត្រលប់មកវិញ ខ្ញុំក៏ចាប់ផ្ដើមសិក្សាពីចរិយាធម៌។ បើតាមខ្ញុំចាំបាន គឺមានតែពីររឿងនេះប៉ុណ្ណឹងឯង»។
ឆើនកាំង និយាយថា «ខ្ញុំសួរត្រឹមតែមួយសំណួរសោះ ទទួលបានដល់បីចម្លើយគឺ «ត្រូវសិក្សាពីកំណាព្យ» និង «ចរិយាធម៌» ហើយរួមទាំង ដឹងទៀតថា លោកគ្រូ​មិនបានលម្អៀងទេ»។
តាមភាពជាក់ស្ដែង ខ្លឹមសារដែល ខុងជឺ បានបង្ហាត់បង្រៀនដល់សិស្សគណនោះគឺកំណាព្យនិងចរិយាធម៌ហ្នឹងឯង។ 


ខុងជឺ ធ្លាប់អធិប្បាយឱ្យសិស្សស្ដាប់ថា «គប្បីចាប់ផ្ដើមសិក្សាកំណាព្យជាមុនសិន ដើម្បីដឹកនាំចិត្តឈានទៅរកផ្លូវល្អ បន្ទាបមកទៀត សឹមចម្រាញដោយចរិយាធម៌និងតូរ្យតន្ត្រី»។ អ្វីដែល ខុងជឺ បានបង្ហាត់បង្រៀនកូនសិស្ស គឺជារឿងតែមួយ ដែលលោកបានបង្រៀនកូនរបស់លោកដែរ។ អាចនិយាយបានថា ខុងជឺ គឺជាបិតាគំរូដែលបានបង្ហាត់បង្រៀនកូនប្រកបដោយខ្លឹមសារ ដែលមានលក្ខណៈសមស្របទៅនឹងកម្មវិធីសិក្សារបស់សាលារៀនដែរ។
យើងអាចសង្ស័យថា ហេតុអ្វីបានជា ខុងជឺ សង្កត់ធ្ងន់ទៅលើរឿងសិក្សាពីបទកំណាព្យខ្លាំងម្លេះ? រឿងនេះក៏ដោយសារ ខុងជឺ ជាមនុស្សក្នុងសម័យបុរាណ។ សម័យនោះការសរសេរសៀវភៅមួយក្បាលៗមិនមែនជារឿងងាយស្រួលទេ ព្រោះក្រដាសជាវត្ថុរកបានដោយកម្រ ព្រមទាំងខ្វះបច្ចេកទេសក្នុងការបោះពុម្ពទៀតផង។ កាលណាគេចង់ផ្សព្វផ្សាយនូវចំណេះដឹង ឬផ្ទេរបទពិសោធន៍នានា ភាគច្រើនគេផ្សព្វផ្សាយតាមលំនាំបទចម្រៀង ឬបទកំណាព្យ។ លំនាំបទចម្រៀងទាំងនោះ ត្រូងបានច្រៀងតៗគ្នាមកជាច្រើនជំនាន់។
 

ខុងជឺ យល់ឃើញថា បទនិពន្ធទាំងនោះ មានសារៈសំខាន់ណាស់ចំពោះដំណើរជីវិត។ ហេតុដូច្នេះហើយ ទើបលោកយកមកចាត់ចូលក្នុងកម្មវិធីសិក្សា លោកបានប្រមូលរួបរួមបទនិពន្ធ និងទំនុកភ្លេងផ្សេងៗជាង៣០០០ បទកត់ត្រាទុកក្នុងសៀវភៅ «ស៊ឺជីង» ដែលបន្សល់ទុករហូតដល់ពេលបច្ចុប្បន្ននេះ ហើយត្រូវបានចម្រាញឱ្យនៅសល់តែ ៣០៥ បទ។

ខុងជឺ បានប្រាប់ពីផលប្រយោជន៍នៃបទកំណាព្យ ដល់កូនសិស្សរបស់គាត់ថា «កូនសិស្សទាំងឡាយ បទកំណាព្យជាប្រទីបបំភ្លឺគំនិតរបស់មនុស្សយើងគ្រប់រូប យើងអាចនាំយកបទកំណាព្យ ក្នុងប្រវត្តិសាស្រ្ដមក ប្រៀបធៀបឱ្យឃើញពីចំណុចល្អនិងពុំល្អបាន។ ក្រៅពីនេះបទកំណាព្យ និងទំនុកភ្លេងទាំងនេះនឹងជួយឱ្យមនុស្សយើងមានសាមគ្គីភាព ភាតរភាព និងគំនិតឯកច្ឆ័ន្ទគ្នា ព្រមទាំងអាចយកទៅប្រើប្រាស់ដើម្បីវិភាគវែកញែកបញ្ហានានាបានទៀតផង។
នៅក្នុងបទនិពន្ធមានចំណេះដឹងខាងវិទ្យាសាស្រ្ដធម្មជាតិជាច្រើន ហេតុដូចនេះ មិនថាពួកយើងយកទៅប្រើ ដើម្បីដោះស្រាយនូវបញ្ហាក្នុងសង្គមគ្រួសារ ឬដើម្បីប្រយោជន៍ក្នុងការបម្រើប្រទេសជាតិ សុទ្ធសឹងតែទទួលបានផលប្រយោជន៍ល្អទាំងអស់»។
តាមតថភាពជាក់ស្ដែង នៅក្នុងសម័យ ខុងជឺ សូម្បីតែអ្នកការទូតវេលាចរចាគ្នា ក៏តែងតែយកបទកំណាព្យទាំងនេះ ទៅនិយាយនាំមុខដែរ ដែលជាវិធីសាស្រ្ដល្អ ធ្វើឱ្យបរិយាកាសប្រព្រឹត្តទៅយ៉ាងរលូន។
 

ខុងជឺ ជំរុញឱ្យ ប៉វី សិក្សាពីបទនិពន្ធពីរបទ គឺ «ចូវណាន និងចៅណាន» ដែលមានក្នុងសៀវភៅ «ស៊ឺជីង» ។ ខុងជឺ បាននិយាយនឹងកូនថា «បើឯងមិនរៀននូវបទនិពន្ធពីរបទនេះទេ ប្រៀបបីដូចជាឯងឈរបែរមុខទៅរកកំពែង ឯងពុំអាចសម្លឹងឃើញអ្វីសោះឡើយ ហើយមិនអាចឈានទៅមុខបានសូម្បីតែមួយជំហាន»។ ចុះហេតុអ្វីបានជា ខុងជឺ ប្រៀបធៀបធ្ងនធ្ងរបែបនេះ? 

ព្រោះបទនិពន្ធពីរបទនេះ បានប្រមូលរួបរួមខ្លឹមសារនានាជាច្រើន ក្នុងសៀវភៅ «ស៊ឺជីង» ភាគច្រើននិយាយអំពី «ចរិយាធម៌»។ ខុងជឺ យល់ឃើញថាគុណធម៌របស់មនុស្សយើងគួរតែចាប់ផ្ដើមពីចំណុចនេះ។ 


 ខុងជឺ បាននិយាយថា «មិនសិក្សាពីចរិយាធម៌រមែងគ្មានទីកន្លែងសម្រាប់ឈរ»។ ពំនោលនេះ ងាយយល់ទេ ពាក្យថា ចរិយាធម៌តាមន័យរបស់ ខុងជឺ គឺច្បាប់ទម្លាប់នៃសម្ពន្ធភាពរវាងបុគ្គល និងបុគ្គលក្នុងសង្គមដែលលោកកំពុងរស់នៅនោះឯង ដូច្នេះបើប្រាសចាកច្បាប់ទម្លាប់ហើយ បុគ្គលនោះ រមែងរកកន្លែងឈរបានដោយលំបាកណាស់។

បច្ចុប្បន្ននេះសង្គមយើងខុសប្លែកគ្នាពី សម័យបុរាណរបស់ ខុងជឺ ជាខ្លាំង អត្ថន័យខ្លឹមសារក្នុងការអប់រំបងហាត់បង្រៀនកូន ក៏រមែងខុសប្លែកពីគ្នាដែរ។ ប៉ុន្តែបទពិសោធន៍របស់ ខុងជឺ ជាបទពិសោធន៍ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន ដូច្នេះយើងគួរនាំយកទៅសិក្សាវិភាគវែកញែក ដើម្បីយករឿងរ៉ាវល្អៗ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍។


យើងទទួលស្គាល់ថាក្មេងៗអាចចាប់យករឿងណាដែលជារូបធម៌ បានងាយជាងនាមធម៌ ដូចជាការបង្រៀនឱ្យក្មេងស្គាល់ថាតុជាអ្វី? កៅអីជាអ្វី? វាមិនពិកបាកប៉ុន្មានទេ តែបើយើងចង់បង្រៀនឱ្យក្មេងដឹងថា អ្វីជាគុណធម៌? អ្វីជាអំពើល្អ ឬអ្វីជាអំពើអាក្រក់? នោះក្មេងពិតជាពិបាកយល់ជាងការស្គាល់តុ ឬកៅអី។ ដូច្នេះ ការប្រើសិល្ប៍វិធីមកជំនួយក្នុងការអប់រំ បង្រៀនក្មេងឱ្យឃើញពីរូបភាពជាក់លាក់រមែងប្រសើរជាង ការបង្រៀនដោយទ្រឹស្ដី ឬពាក្យសម្ដីដ៏សោះកក្រោះ។


ខុងជឺ បានបង្រៀនកូន និងកូនសិស្សអំពីបទនិពន្ធ និងទំនុកភ្លេងគឺបង្ហាត់បង្រៀនឱ្យយចេះសិក្សា​ពីសិល្បៈហ្នឹងឯង។ ប្រការមួយទៀត ការអប់រំបន្ទុំនិស្ស័យក្មេង យើងគប្បីសង្កត់ធ្ងន់លើរឿងគុណធម៌ជាចម្បង ដើម្បីឱ្យក្មេងក្លាយទៅជាទំពាំងស្នងឫស្សីដ៏ល្អប្រសើរដែលអាចដោះស្រាយរាយនូវបញ្ហាផ្ទាល់ខ្លួន និងបញ្ហាសង្គមបានតាមបែបលក្ខណៈវិទ្យាសាស្រ្ដ មានទំនាក់ទំនង​ល្អជាមួយមនុស្សនៅក្នុងសង្គម ថែមទាំងអាចធ្វើការងារនិងសិក្សាយ៉ាងមានគោលដៅ ក្លាយទៅជាបុគ្គលដែលមានវីរិយភាពក្នុងការសិក្សា និងការធ្វើការងារ ហើយព្រមទាំង​អាចអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម និងជាអ្នកទទួលជោគជ័យក្នុងឆាកជីវីត។


វគ្គទី១៖ ខុងជឺ បង្រៀនកូន
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: