ដើមកំណើត នឹងការវិវត្តន៍នៃអារ្យធម៌ខ្មែរ
ដោយ លី ធាម តេង
នៅពុទ្ធសាសនបណ្ឌិត្យ
          យើងដឹងហើយថា ដែលគេហៅពេញលេញជា «អារ្យធម៌» មួយបានលុះណាតែអារ្យធម៌នោះ មានលក្ខណៈគ្រប់គ្រាន់បញ្ជាក់អោយឃើញនូវការចេះដឹងចុះចេញមកពីជាតិនោះ ច្បាស់ប្រាកដ ប្រជាសម្រាប់ជាគ្រឿងសំគាល់នូវចំណេះ​វិជ្ជា ឬលក្ខណៈនៃសេចក្តីចម្រើនរបស់ជាតិ។ រីឯអារ្យធម៌​ខ្មែរមានរូបរាងបន្តិចម្តងៗ មកជាអង្វែងហើយ, បើគិតទៅតាមប្រវត្តិសា ស្រ្តយើងឃើញថា ចាប់​ផ្តើម​មាន​តាំងពីមុន គ្រិស្តសតវត្យទៅទៀត។ អារ្យធម៌ដំបូងនោះគឺគម្រោងការចេះដឹងផ្សេងៗ មាន​ភាសា-ភ្លេង-ចំរៀង-ទំនៀមទម្លាប់របស់ជនជាតិដើម គឺកុលសម្ព័ន្ធផ្សេងៗ ជាពួករដ្ឋវាសី (Autochtones) ដែលរស់នៅលើដែនដីខ្មែរយើង ដូចជា គួយ-សម្រែ-ព័រ-ភ្នង ហើយដែល​សព្វថ្ងៃ​ពិត​មែន​តែពួកនេះទៅជាអ្នកនៅដោយព្រៃ ហាក់ដូចជាគ្មានវឌ្ឍនធម៌សោះ តែជនជាតិ​ទាំង​នេះ​បាន​ទុក​កេរ្តិ៍អារ្យធម៌អោយយើងច្រើនណាស់ ដូចជាទំនៀមទំលាប់, សិល្បៈ, ភាសា ។ល។ ក្រោយពេល​ដែល​កសាង​បានជារូបឆោមហើយអរិយធម៌យើងក៏ត្រូវទទួលឥទ្ធិពលខ្លះៗ អំពីអារ្យធម៌ជនជាតិ​ផ្សេងៗ​ដែលចូលមកអាស្រ័យក្នុងស្រុកយើង ព្រោះជាធម្មតា តាមមតិមនុស្សបុរាណ ឬក៏សព្វ​ថ្ងៃ​សុទ្ធ​តែត្រូវការបញ្ចូលបន្ថែមយ៉ាងនេះ ដូចមានសេចក្តីបញ្ជាក់តទៅ នូវដើមកំណើត​ឥទ្ធិពល​ដែល​ផ្សាយ​ចូលមកគឺ៖

ក. អារ្យធម៌ឥណ្ឌា
 ​អារ្យធម៌ឥណ្ឌាជាអារ្យធម៌ខ្លាំងខ្លា ព្រោះមានមកក្នុង​អាណាចក្រឥណ្ឌា​ជាច្រើន​ពាន់ឆ្នាំ​មុនគ្រិស្ត​សករាជ បានឆ្លងចូលមកក្នុងប្រទេសយើងតាមរយៈ ព្រាហ្មណ៍កៅណ្ឌិន្យ កាលពីសតវត្យទី១ នៃ​គ្រិស្តសករាជ ហើយបានផ្សាយពាសពេញលើប្រទេសយើងតាំងពីកាលនោះមក ដូច​ជាភាសា​សំស្រ្កឹត, លទ្ធិ, សាសនា និងទំនៀមជាច្រើនដែលក្លាយទៅជាទំនៀមទំលាប់សាមញ្ញ​របស់ស្រុក​យើង​រហូតដល់សព្វថ្ងៃ។ ដោយហេតុពួកព្រាហ្មណ៍ទាំងនោះ បានឡើងជាក្សត្រគ្រងរាជ្យលើទឹកដី ក៏ចាត់ចែងផ្សាយអារ្យធម៌បន្ថែមនេះ អោយបានរីកជាមួយអារ្យធម៌ដើមនៃយើង។
ខ. អារ្យធម៌ចិន
          តាមការសង្កេតអារ្យធម៌ចិនបានចូលមកស្រុកយើងក្នុងរវាងសតវត្យទី៣ តាមរយៈអន្តោប្​រវេសន៍​ ដែលនាំទំនិញចេញចូល ហើយខ្លះក៏មកតាំងទីនៅជាប់លាប់​នៅស្រុកយើង​ព្រម​ទាំង​មាន​ប្រពន្ធកូន ពង្រីកគ្រួសារ ហើយបង្ហាត់ហ្វឹក​ហ្វឺនអារ្យធម៌ចិនតាមរយៈក្រុមញាតិ ពីព្រោះចិន​បាន​មក​ពង្រីក​គ្រួសារបន្តិចម្តងៗ ជាពិសេសគឺទំនៀមទំលាប់, ការប្រតិបត្តិក្នុងការរស់នៅប្រចាំថ្ងៃ ជំនឿ​ផ្សេងៗ​ជាច្រើនទៀត។ ដូច្នេះឥទ្ធិពលអារ្យធម៌ចិន ក៏រលាយចូលក្នុងអារ្យធម៌ដើមរបស់យើង ហើយ​រីក​សាយព្រមគ្នាជាលំដាប់មក។
គ. អារ្យបច្ចិមប្រទេស
          អារ្យធម៌នេះបានចូលមកស្រុកយើងនៅចុងសតវត្យទី១៩ តែមានកំលាំងខ្លាំងក្លាណាស់ ព្រោះ​​ជាប់មកជាមួយពួកអ្នកមានអំណាចធ្វើជាអាណាព្យាបាលប្រទេសយើង។ ហេតុនេះទើបមាន​សន្ទុះ​យ៉ាងរហ័សនាំអោយយើងជ្រើសយកសុជីវធម៌, សម្លៀកបំពាក់ និងបែបបទសិល្បៈខ្លះ​មក​បញ្ចូល​បន្ថែមក្នុងអារ្យធម៌ដើម ហើយកាន់តែរីកចម្រើនឡើងរហូតដល់សព្វថ្ងៃនេះ។
          ដូច្នេះ យើងបញ្ជាក់បានថា ទោះបីជាអារ្យធម៌ដើមរបស់យើង ត្រូវទទួលឥទ្ធិពលអារ្យធម៌​ពី​ទីនានា​ខ្លះមកបន្ថែមក៏ដោយក៏យើងនៅតែមានលក្ខណៈមួយ ជាលក្ខណៈជាតិយើង ឥតអោយបាត់​បង់​ឡើយហើយអារ្យធម៌នានានោះ គ្រាន់តែជារណប ឬក៏​ជាវត្ថុ​ធាតុ​សម្រាប់​ធ្វើអោយអារ្យធម៌ដើម របស់ខ្លួនយើង រឹតតែមានទ្រង់ទ្រាយល្អឡើងប៉ុណ្ណោះ។ ហេតុ​នេះ ទើបយើងទទួលស្គាល់បាន​ថា​ខ្មែរ​មាន​អារ្យធម៌មួយពិតប្រាកដរបស់ខ្លួនពុំមែនទើបតែយកតាមគេទេ ហើយកេរ្តិ៍សំណល់អារ្យធម៌​ដើម​នោះ អ្នកប្រាជ្ញសព្វថ្ងៃទទួលស្គាល់គ្រប់គ្នា គេអោយឈ្មោះថាអារ្យធម៌អូស្រ្តូ-អាស៊ី (Austro-Asiatiques) ដែលមានកំណើតដើមនៅលើដែនដីនានា ជាកោះជាជ្រោយ នៅតាមសមុទ្រប៉ាស៊ីហ្វិក គឺភូមិភាគស្រុកយើង, ផ្ទុយពីអារ្យធម៌ឥណ្ឌូ-អឺរ៉ុប (Indo-Européenes)  ដែលមានកំណើត​នៅឥណ្ឌា​និង​នៅអឺរ៉ុប។
          បើរកឃើញនូវកំណើត និងរូបរាងច្បាស់នៃអារ្យធម៌ខ្មែរ​ដែលប្រតិស្ឋាន​ឡើងជាក់ប្រាកដ​លើ​ដី​យើង​ដូច្នោះហើយ យើងតោងតែតាមដានសង្កេតមើលថាតើ តាំងពីមានរូបរាងមក​រហូត​សព្វថ្ងៃ​នេះ អស់រយៈពេលជាងពីរពាន់ឆ្នាំមកហើយ មានការវិវត្តន៍យ៉ាងណាខ្លះ។ យើងដឹងមកហើយថា ពិត​មែន​តែ​មាន​ឥទ្ធិពលនៃអារ្យធម៌នានាជាតិជាពិសេសគឺជាតិដែលទាក់ទងនឹងខ្មែរយើងមែន, ប៉ុន្តែ​ឥទ្ធិពលទាំងនោះរឹងរឹតតែធ្វើជាមធ្យោបាយ ជួយជំរុញច្រានអោយអារ្យធម៌​មានកំលាំង​នឹងមាន​រូប​រាង​បែកសាច់ឈាមពេញលេញបរិបូណ៌ឡើងទៅវិញ។ ដូច្នោះយើងអាចចែករំលែកនៅ​អារ្យធម៌​យើង​តាម​បែបប្រវត្តិសាស្ត្រ ជាបីសម័យកាលធំៗគឺ៖
១. អារ្យធម៌ខ្មែរសម័យអង្គរ
          សម័យកាលដ៏ធំនេះ យើងរាប់តាំងពីសម័យដើម មកទល់គ្នានឹងពេលខ្មែរលះរាជធានីអង្គរ ក្នុងសតវត្យទី១៤នៃគ្រិស្តសករាជ។ ពេលវេលានេះជាពេលកសាងឥតឈប់ឈរ ប្រៀបឧបមាបី​ដូច​ជា​ឈើដែលទើបតែនឹងដុះហើយលូតលាស់ជាលំដាប់រហូតទល់បានជាទ្រង់ទ្រាយរុក្ខជាតិមួយ ធួនល្មម។ ចាប់ពីមុនគ្រិស្តសករាជមកទល់នឹងសតវត្យទី៧ អារ្យធម៌ខ្មែរពុំទាន់លេច​ឈ្មោះ​ពេញ​ទី​នៅ​ឡើយមែន ប៉ុន្តែបើមើលពីកេរ្តិ៍ដំណែលជាសក្ខីភាពក៏គង់នៅសេសសល់ច្រើនណាស់ ដូចជា​ប្រាសាទ​ថ្មតូចអាចនៅភូមិភាគអង្គរបុរី។ ល្បែងប្រពៃណីផ្សេងៗនឹងភាសានិយាយស្តីជាដើម។ លុះ​ចាប់​ពី​សតវត្យទី៨មកស្ថាបត្យកម្មធំៗរបស់យើងកលេចធ្លោៗឡើង របៀបរៀបចំស្រុកទេស​ក៏ចេះ​តែ​កើត​ជាលំដាប់។ របបជីវភាព (Mode de vie) របស់ខ្មែរក៏ផ្លាស់ប្តូរទៅ​រក​វឌ្ឍន​ភាព​សមសួនដូច​មាន​ចម្លាក់​នៅជាប់ជញ្ជាំងប្រាសាទអង្គរធំទុកជាដានស្រាប់។ មែកធាងគ្រប់វិស័យ បានចម្រើន​ឥត​ឧបមា​ស្មើៗ គ្នារហូតបានទៅជាអារ្យធម៌ជាតិខ្លាំងពូកែមួយនៅចុងបូព៌ាប្រទេសនេះ។ អាស្រ័យ​ហេតុ​នេះហើយ​ បានជានៅសម័យនេះ ជាថ្មីៗនៅជិតខាងយើង​បានចម្លងប្រឌិត​យកបែប​អារ្យធម៌​យើង​ទៅធ្វើជាអារ្យធម៌ជាតិខ្លួន។
២. អារ្យធម៌ខ្មែរសម័យកណ្តាល
          សម័យកាលនេះ យើងរាប់ពីសតវត្យទី១៥ រហូតមកដល់ទី១៩ នៃគ្រិស្តករាជ។ គ្រានេះ​ប្រវត្តិ​សាស្រ្តប្រាប់យើងថា ស្រុកទេសកើតវឹកវរដោយសង្រ្គាម​ទន្ទ្រាន​ស្រុកមក​ពីបច្ចាមិត្រ​ឯក្រៅៗ​ផង នឹងមានសង្រ្គាមក្នុងស្រុករុកគួនខ្លះទៀតផង នាំអោយផ្លែផ្កាអារ្យធម៌ធ្លាក់ចុះត្រដាបទៅវិញ។ កាល​ណាមានអាសន្ន ឬកោលាហលយ៉ាងនេះ ផ្លូវវប្បធម៌ក្តី ផ្លូវសង្គមកី្ត ដែលជាមែកធាងធំៗ នៃ​អារ្យធម៌​យើងនោះ ក៏វិលត្រឡប់ជាស្ងប់ស្ងៀម គឺពុំបានលូតលាស់ឡើងថែមទៀតទេ នឹងថែមទាំង​ចង់​ថយក្រោយទៅវិញទៀតផង ដ្បិតអ្នកស្រុកអ្នកទេសមានឪកាសនឹងកសាង ហើយបើសាង​បាន​ហើយ ក៏គ្មានលទ្ធភាពនឹងរក្សាគ្រងទុកអោយគង់វង់បាន ដោយសារការ​ចលាចលបុករុក​ជា​រឿយៗ។ រីឯអ្នកទន្ទ្រានទឹកដីមកពីក្រៅសោត ក៏ព្យាយាមដឹកជញ្ជូនប្រមូលយកអារ្យធម៌យើងទៅ ហើយ​លូចបញ្ចូលអារ្យធម៌គេអោយស្រោចចូលមកផែនដីយើងទៀតផង។ ហេតុនេះហើយ យើងមិនត្រឹមតែលំបាកដោយរក្សាទ្រព្យមត៌កអារ្យធម៌ខ្លួនបណ្ណោះទេ ថែមទាំងលំបាកទប់ទល់នឹងកំលាំងអារ្យធម៌ក្លាយរបស់គេ ចូលមកជ្រៀតជ្រែកថែមទៀត។ សង្ខេប​ទៅ​ឃើញថាក្នុងសម័យកាលនេះ ជាគ្រោះជោគគ្រោះ​ជាំធ្លាក់មក​លើអារ្យធម៌​យើង​ក្នុង​ប្រវត្តិ​សាស្ត្រ។
៣. អារ្យធម៌ខ្មែរសម័យបច្ចុប្បន្ន
          សម័យនេះយើងពុំបាច់រៀបរាប់ច្រើនទេ ព្រោះជាពេលដែលយើងគេបានឃើញ​បានយល់​នឹង​ភ្នែកសព្វៗខ្លួនហើយ។
          ប៉ុន្តែគួរសង្កេតតែមួយចំណុច គឺត្រង់សម័យកាលនេះមានចែកជាពីរភាគ គឺ សម័យអាណា​ព្យាបាល​បារាំង និងសម័យឯករាជ្យ។
          សេចក្តីបរិយាយមកនេះ គ្រាន់តែអោយយើងរកឃើញថា ខ្មែរយើងពិតជាមាន​អារ្យធម៌​មួយ​របស់​ខ្លួន នឹងមានទាំងប្រវត្តិច្បាស់លាស់ផង ពុំមែនដូចពាក្យស្មានខ្លះថា ខ្មែរចំលង ឬយកឬសគល់​ពី​អារ្យធម៌នរណាមួយទាំងស្រុងនោះឡើយ។
ដកស្រង់ពីកម្ពុជាសុរិយា ទំព័រ ១០៤១ ឆ្នាំទី៣៥ លេខ ១០ ព.ស ២៥០៥ គ.ស ២៩៦៣
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: