មុនពេលបើអាជីវកម្ម តើអ្នកត្រូវយល់ដឹងអ្វីខ្លះ?

មុនពេលបើកមុខជំនួញអ្វីមួយ តើគេគួរពិនិត្យមើលលើចំណុចអ្វីខ្លះ?


មុខជំនួញទោះធំឬតូចតែងតែកើតឡើង អំពីគំនិតផ្តួចផ្តើមថាចង់រកស៊ីលើវិស័យអ្វី បំណង និងឆន្ទៈដែលចង់ឲ្យគំនិតនេះទទួលបានផល និងផ្លែផ្កា។ មនុស្សភាកច្រើនតែងតែមានគំនិត និងចង់រកស៊ីលើរបរណាមួយ ក៏ប៉ុន្តែអ្នកខ្លះមានចិត្តរារេក ហើយអ្នកខ្លះក៏ហ៊ានប្រថុប្រថានដែរ។ អ្នកខ្លះបារម្មណ៍ថាខ្លាចខាត ដោយការរកស៊ីគឺមានភាពប្រថុប្រថានពេក។ អ្នកខ្លះគិតថាខ្លួនចាស់ពេក ហួសពេលរកស៊ីហើយ។ អ្នកខ្លះយល់ថា ការធ្វើការឲ្យគេជាបុគ្គលិកដោយទទួលបានប្រាក់ខែវិញ មានប្រាក់ខែចំណូលជាប់លាប់ជាងទៅរកស៊ី ព្រោះជួនកាលចំណេញ ហើយជួនកាលក៏ខាតដែរ។

ការធ្វើជំនួញប្រកបដោយជោគជ័យគឺ ផ្តើមចេញពីការយកគំនិតទាំងប៉ុន្មានដែលខ្លួនមាន មកធ្វើការសិក្សាឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្ត បើកជំនួញណាមួយនោះ។

ជាទូទៅ មនុស្សភាគច្រើនតែងតែមានគំនិតល្អៗជាច្រើន ក្នុងការរកស៊ី។ ប៉ុន្តែ អ្វីដែលសំខាន់នោះគឺថា តើគេត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យគំនិតល្អៗ ដែលពួកគេមាននោះ អនុវត្តក្លាយជាអាជីវកម្មពិត និងជាក់លាក់មួយ។

យុទ្ធសាស្ត្រ

ដំបូង យើងត្រូវមានគំនិតផ្តួចផ្តើមច្បាស់លាស់ ហើយគំនិតនោះគឺ មិនត្រូវងាករេឡើយ។ បើសិនយើងចង់ប្រកបរបរអ្វី យើងត្រូវប្រកាន់គោលជំហរនោះឲ្យច្បាស់លាស់ ដោយមិនត្រូវគិតម្តងចង់រកស៊ីនេះ ហើយម្តងចង់រកស៊ីនោះឡើយ។ ព្រោះតាមធម្មតា យើងតែងតែមានគំនិតច្រើន ប៉ុន្តែយើងត្រូវមានគំនិតច្បាស់លើគំនិតណាមួយ ដែលយើងច្បាស់លាស់ ហើយប្រាកដប្រជាជាងគេ។

ពេលយើងមានគំនិតនោះហើយ យើងត្រូវមកពិចារណាលើសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងកត្តាទាំងឡាយដែលយើងមាន ហើយថាតើយើងបានដឹងអ្វីខ្លះ យើងមានបទពិសោធន៍អ្វីខ្លះលើវិស័យនោះ និងថាតើយើងអាចធ្វើបានក្នុងកម្រិតណា។

ក្រោយយើងបានដឹងនូវចំណុចទាំងអស់នេះ ដូចជាយើងដឹងថាឥឡូវយើងមានសមត្ថភាពគ្រប់គ្រាន់ហើយនោះ ជំហានបន្ទាប់ទៀត យើងត្រូវ សិក្សា និងវាយតម្លៃលើទីផ្សារ លើវិស័យដែលយើងចង់ប្រកបរបរជំនួញនោះ ថាតើអតិថិជនរបស់យើងជាអ្នកណាឲ្យពិតប្រាកដ តើទីផ្សារនោះ មានទំហំប៉ុណ្ណា ហើយមានសក្តានុពលកម្រិតណា។ ជួនកាលយើងគិតថា មុខជំនួញនោះយើងពិតជាអាចធ្វើបាន និងរកចំណូលបានច្រើនណាស់ ក៏ប៉ុន្តែនៅពេលដែលយើងចាប់ផ្តើមសិក្សាទៅនោះ ទើបអាចបង្ហាញថា ភាពចំណេញពិតប្រាកដគឺអត់ដូចអ្វីដែលយើងបានស្មាននោះទេ។ ដូច្នេះការដែលសំខាន់គឺយើងត្រូវធ្វើការសិក្សា ដែលជាទូទៅយើងតែងនិយាយថា "សិក្សាទីផ្សារ"។

ការសិក្សាទីផ្សារ

ក្នុងការសិក្សាទីផ្សារ យើងត្រូវសិក្សាលើកត្តាទាំងឡាយដូចជា៖
  1. សិក្សាអំពីអតិថិជន
  2. សិក្សាអំពីដៃគូប្រគួតប្រជែង
  3. សិក្សាអំពីដៃគូពាណិជ្ជកម្ម
  4. សិក្សាអំពីក្រុមហ៊ុនរបស់ខ្លួនយើងផ្ទាល់
ព្រោះថា ការសិក្សាទីផ្សារគឺជាការសិក្សា និងប្រមូលព័ត៌មានទាំងឡាយណាដែលមាន និងពាក់ព័ន្ធទៅនិងកត្តាមួយចំនួនដូចដែលបានរៀបរាប់ខាងលើនេះ ដើម្បីយកមកវិភាគ ហើយដើម្បីឲ្យឈានដល់ការសម្រេចចិត្តបង្កើតអាជីវកម្មនោះ។

ផែនការអាជីវកម្ម

ក្រៅពីការសិក្សាទីផ្សារ បន្ទាប់មកយើងក៏ត្រូវពិនិត្យមើលលើផែនការអាជីវកម្ម "Business Plan"។ ពាក្យថាផែនការអាជីវកម្ម ឬផែនការធុរៈកិច្ចនេះគឺមានលាយលំពាក្យថាផែនការ ដូចនេះវាត្រូវបានចាត់ទុកដូចជាផែនទីមួយដែរ ហើយដែលផែនទីនេះគឺមានលក្ខណៈទន់ភ្លន់ និងអាចបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៅក្នុងការប្រកបមុខរបររបស់យើងនោះ។ ដូចដែលយើងដឹងហើយថា នៅពេលដែលយើងមានផែនទីមួយ ក្នុងដៃ យើងមានលក្ខណៈងាយស្រួល និងមានទំនុកចិត្ត ហើយមិនខ្លាចវង្វេងផ្លូវឡើយ។

ជាទូទៅ ប្រជាពលរដ្ឋខ្មែរយើងដែលប្រកបរបរខ្នាតតូច និងមធ្យម ពួកគាត់មិនដែលប្រើប្រាស់ផែនការអាជីវកម្មនេះទេ។ មានតែក្រុមហ៊ុនខ្នាតធំ និងក្រុមហ៊ុនខ្នាតមធ្យមខ្លះទេ ដែលប្រើប្រាស់ផែនការអាជីវកម្មនេះ។ ផែនការនេះគឺមានលក្ខណៈសំខាន់ណាស់។ ឧទាហរណ៍ ដូចដែលយើងចង់ទៅខ្ចីបំណុល "loan" ពីធនាគារ (ពាក្យខ្មែរសមញ្ញថា ខ្ចីបុល)។ ព្រោះថា ធនាគារតម្រូវឲ្យយើងរៀបចំផែនការអាជីវកម្ម ហើយលុះត្រាតែយើងមានផែនការច្បាស់លាស់ ទើបធនាការអាចផ្តល់កម្ចីបំណុល "loan" នេះឲ្យយើងខ្ចីបាន។

កត្តាដែលគួរប្រុងប្រយ័ត្នក្នុងការប្រកបរបររកស៊ីណាមួយ

បើសិនយើងពិនិត្យមើលលើស្ថានភាពភាពសេដ្ឋកិច្ច និងស្ថានភាពទីផ្សារក្នុងកម្ពុជាបច្ចុប្បន្ននេះ អ្នកប្រកបរបរជំនួញគួរមានការប្រុងប្រយ័ត្ន ជាពិសេសលើចំណុចជាច្រើន។

ជាទូទៅ មុននឹងយើងសំរេចចិត្តប្រកបរបរអ្វីមួយ យើងគួរមានភាពប្រុងប្រយ័ត្នលើគ្រប់ចំណុច និងជ្រុងជ្រោយ បូករួមទាំងការវិវឌ្ឍន៍នៃស្ថានភាពទីផ្សារដែលទាក់ទននិងអតិថិជន ឬដៃគូប្រគួតប្រជែង គឺយើងត្រូវតាមដានជាប់ជានិច្ច។ ចំពោះការប្រែប្រួលលើច្បាប់ទម្លាប់ក៏យើងត្រូវធ្វើការតាមដានឲ្យបានជាប់លាប់ផងដែរ។

ទីផ្សារដែលមានសក្តានុពល

នៅពេលបច្ចុប្បន្ននេះ ប្រសិនបើយើងមើលពីខាងក្រៅ យើងឃើញថាប្រជាជនខ្មែរយើងប្រកបរបរកសិកម្មច្រើន។ ព្រោះពួកគាត់គិតថារកស៊ីក្នុងវិស័យកសិកម្មនេះ ធ្វើឲ្យពួកគាត់កាន់តែមានចំណូល ដូច្នេះម្នាក់ៗខំប្រឹងស្វាស់ស្វែងសំរុកចូលទៅក្នុងវិស័យនេះយ៉ាងច្រើន។

ប៉ុន្តែនៅក្នុងវិស័យកែច្នៃ ឧទាហរណ៍ ការកែច្នៃចំណីអាហារ យើងគិតថាវាគឺជាវិស័យមួយដ៏មានសក្តានុពលសំរាប់ប្រទេសកម្ពុជាយើង។ ព្រោះថាយើងមានធនធានទាំងអស់ ដូចជាផលិតផលកសិកម្ម ដើម្បីអាចនាំចេញ ឬអាចលក់បាននៅក្នុងទីផ្សារបានយូរអង្វែង ហើយយើងធ្វើការកែច្នៃ។

វិស័យមួយទៀត ដែលគេចាត់ទុកថាវិស័យស្នូលនោះគឺវិស័យទេសចរណ៍។
វិស័យមួយទៀតគឺ វិស័យសំណង់ ។

សន្និដ្ឋាន

ជាសរុបមកវិញ ការចាប់ផ្តើមមុខរបររកស៊ី គេត្រូវចាប់ផ្តើមពីពន្លកគំនិត និងអំពីឆន្ទៈដែលចង់ឲ្យពន្លកគំនិតនេះកើតជាផ្លែផ្កា។ បន្ទាប់មកគេត្រូវសិក្សាទីផ្សារឲ្យបានច្បាស់លាស់ ដើម្បីឲ្យដឹងថាមុខជំនួញនេះពិតជានឹងទទួលបានជោគជ័យ។ កត្តាមួយដ៏សំខាន់ទៀត ក្នុងការបង្កើតមុខជំនួញគឺ ដើមទុន។ នៅប្រទេសកម្ពុជា ការបង្កើតមុខជំនួញគឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើដើមទុនផ្ទាល់របស់ម្ចាស់ក្រុមហ៊ុន ហេតុដូច្នេះហើយ បានជាមនុស្សភាគច្រើនយល់ថា គន្លឺះនៃការធ្វើជំនួញនៅប្រទេសកម្ពុជាគឺ លុយ

នេះគឺមានភាពខុសពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន អ្វីដែលជាទុនដ៏សំខាន់នោះគឺ គំនិត។ ចំណែកឯរឿង លុយ វិញ ឲ្យតែគេមានគំនិតច្បាស់លាស់ មានផែនការអាជីវកម្មច្បាស់លាស់ ធនាគារនឹងឲ្យខ្ចីលុយធ្វើជាទុនទៅរកស៊ី៕​ 

ប្រភពពី៖ taroacademy
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: