គន្លឹះល្អបំផុតក្នុងសន្សំលុយ

ដើម្បី​ក្លាយ​ទៅជា​អ្នក​មាន​បាន ​លោកអ្នក​ត្រូវតែ​ចេះ​រក្សា ​គ្រប់​គ្រង​ និងចាត់​ចែង​លុយកាក់ ​របស់​អ្នក​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត។ ​មិនមែន​ឱ្យតែ​មាន​លុយ​ អ្នក​ចេះតែចាយ​តាម​ចំណង់​របស់​អ្នក​នោះទេ។​ ដើម្បី​ឱ្យការ​ចាយ​លុយ​របស់​លោក​អ្នកមាន​ប្រសិទ្ធភាព​ លោក​អ្នក​ត្រូវ​តែចំណាយ​តាម​ការគ្រោង​ ដែល​រាប់​បញ្ចូល​ទាំងអ្វី​ដែល​សំខាន់​ត្រូវ​ទិញ​បន្ទាន់ ​និងអ្វី​ដែល​មិន​ទាន់​សំខាន់។ ​ហើយអ្នកក៏ត្រូវដាក់កំហិតខ្លួនឯង ក្នុងការចាយវាយ​អោយត្រឹមត្រូវ​ផងដែរ។

ខាង​ក្រោម​នេះ​គឺជាគន្លឹះ​សំខាន់ៗ​ដែលមហា​សេដ្ឋី​បាន​ចែករំលែក​ស្ដី​អំពីការ​សន្សំលុយ៖ ​

១. ចំណាយ​លុយ​លើខ្លួន​ឯង​ជាមុន​សិន​

តើអ្នក​នឹងធ្វើ​អ្វីមុន​គេ​ នៅពេល​ដែល​លោក​អ្នក​ទទួល​បានសែក​ដែល​គេសង​លុយ?​ តើលោក​អ្នក​គួរតែ​ចំណាយ​ជាមុន​ រួចហើយ​សល់​ប៉ុន្មាន​ទុកសន្សំ ​ឬក៏ទុក​សន្សំមុន​ រួចទើប​ចំណាយ?​ គន្លឹះ​ដ៏ល្អ​ដែល​អ្នក​គួរ​ធ្វើនោះគឺ​ អ្នក​ត្រូវ​កាត់​ចំណែក​សម្រាប់​ខ្លួន​ឯង​ជាមុន​ មុននឹង​លោក​អ្នក​ចំណាយ​លុយ​កាក់​ទាំង​នោះ​ទៅវិញ។ ​

២. ធ្វើផ្ទះ​របស់​អ្នក​ឱ្យ​សាមញ្ញ​

មាន​មហាសេដ្ឋី​ខ្លះបាន​រស់នៅ​ក្នុងវិមាន​ដ៏ល្អ​ប្រណិត ​ដែល​ផ្ដល់ភាព​ស្រណុក​សុខស្រួល​យ៉ាង​ក្រៃលែង​ដល់ពួក​គេ​។ ប៉ុន្តែ​មហាសេដ្ឋី​ដូចជាលោក​ Warren Buffet ជាដើម ​បានធ្វើ​ឱ្យផ្ទះ​របស់​លោក​សាមញ្ញ​បំផុត​។ លោក ​Buffet នៅតែ​បន្តរស់​នៅក្នុង​ផ្ទះមួយ​ដែល​មាន​បន្ទប់គេង​៥នៅ​ក្នុង ​តំបន់ ​Omaha ដែល​គាត់​បាន​ទិញតាំង​ពីឆ្នាំ ​១៩៥៧ ក្នុង​តម្លៃ ​៣១,៥០០ ដុល្លារ។ ​​

៣. ប្រើ​ឧបករណ៍​ប្រើកម្លាំង​ ឬសេវាដឹក​ជញ្ជូន​សាធារណៈ​

វាជារឿង​ចម្លែក​ដែល​មហាសេដ្ឋី​ភាគ​ច្រើន​ចូល​ចិត្តដើរ ​ជិះកង់ ​ឬប្រើ​សេវាដឹក​ជញ្ជូន​សាធារណៈ​ នៅពេល​ដែល​ពួក​គេធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​ដែល​ពួក​គេរស់នៅ​។ តាម​ពិត ​បុគ្គល​ទាំង​នេះ​អាច​នឹងជិះ​ឧទ្ធម្ភគចក្រ​ដើម្បី​ទៅ​ប្រជុំបាន ​ប៉ុន្តែ​ពួក​គេ​ជ្រើស​រើស​ប្រើ​ប្រាស់​កម្លាំង​ផ្ទាល់​ខ្លួន​ និងសេវា​ដឹក​ជញ្ជូន​សាធារណៈ​ ដើម្បី​កាត់​បន្ថយ​លើ​ការ​ចំណាយ​ដែល​មិន​ចាំបាច់។

៤. កាត់​សក់​នៅផ្ទះ​ខ្លួន​ឯង​

មហាសេដ្ឋី​ល្បីៗ​មួយ​ចំនួន​ធំ​ចំណាយ​លុយ​ដល់​ទៅ ​៧,២០០ ដុល្លារ ​ដើម្បី​កាត់​សក់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ (ដោយ​មិន​រាប់​បញ្ចូល​លុយ​បន្ថែម​ដែល​គាត់​ឱ្យ​ទៅជាង​ផ្ទាល់​ផង)​។ មហាសេដ្ឋី​ដូច​ជាលោក​ John Caudwell មិន​ទៅកាត់​សក់​នៅហាងទេ​ តែគាត់​កាត់សក់​នៅផ្ទះ​លោកផ្ទាល់។ ​

៥. សន្សំ​សំចៃ​លើ​ការ​ស្លៀក​ពាក់​

មនុស្ស​ច្រើន​ណាស់​ដែល​ផ្ដល់តម្លៃ​ឱ្យមនុស្ស​ដទៃទៀត ​លើ​សំលៀក​បំពាក់​ដែល​ពួក​គេប្រើ​ ប៉ុន្តែ​មហាសេដ្ឋី​ខ្លះ​ដូច​ជាលោក ​David Cheriton ដែល​ក្លាយ​ទៅជាមហា​សេដ្ឋី​ដោយ​សារ​ការ​វិនិយោគ​របស់​លោក​ជាមួយ​ក្រុមហ៊ុន​ Google ស្លៀក​តែខោ​ខៅប៊យ​ និង​អាវយឺត។ ​

៦. មើល​រំលង​សម្ភារៈ​ទំនើបៗ​

បើអ្នក​មិនចេះ​មើល​រំលង​សម្ភារៈ​ទំនើបៗ​ទេនោះ ​លោក​អ្នក​នឹង​មិន​អាច​សន្សំលុយ​កាក់​បាន ​ឡើយ​។ មហាសេដ្ឋី​ច្រើន​ណាស់ ​មានលោក ​Warren Buffet ជាដើម​មិនប្រើប្រាស់​សម្ភារៈ​ទំនើប​ឡើយ។​


ប្រភព៖ Lifehack
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: