bayon angkor

«វាជាលើកទីមួយហើយដែលខ្ញុំបានបើកភ្នែកធំៗ ស្តាប់ការបកស្រាយដ៏ពឹស្តាររបស់ លោកស្រី ង៉ីន ផល្លីណា ស្តីអំពីព្រះបាទជ័យវរ័ន្មទី៧ ហើយរឿងទាំងអស់នេះ ភាគច្រើនយើងមិនធ្លាប់ បានលឺពីមុននោះទេ។» នេះជាសម្តីរបស់និសិ្សតឆ្នាំទី៥ នៃសកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល ឃឹម ណាំហ្គេច ជាមួយទឹកមុខ ដ៏រំជើបរំជួល បន្ទាប់ពីបានអង្គុយយ៉ាងយកចិត្ត ទុកនៅក្នុង បន្ទប់តូចល្មមមួយមានគ្មា ប្រហែលជា៤០នាក់ស្តាប់បថកថា មួយត្រូវបាន រៀបចំ ឡើងដោយលោកស្រី ង៉ីន សុផលី្លកាអ្នកសរសេរសៀវភៅត្រីក្សត្រដែជាលទ្ធផល ស្រាវជ្រាវ រយៈពេល៤ឆ្នាំរបស់លោកស្រីដ៏សម្រូងចម្រាសក្នុងការដោះប្រស្នាអំពីត្រីក្សត្រកម្ពុជាដ៏ល្បីល្បាញនាសម័យអង្គរគឺព្រះបាទជ័យវរ្ម័នទី៧ ព្រះនាងជ័យរាជទេវី និងព្រះនាងឥន្រ្ទទេវី ដែលជា ព្រះអគ្គមហេសីទាំងពីររបស់ព្រះអង្គ។ លង់លក់ទៅក្នុងអតីតកាល រយៈពេលប្រហែលពីរ ម៉ោង យើងហាក់បានត្រូវមន្តអាគមឱ្យត្រលប់ទៅមើលហេតុការណ៍ដែលកើតឡើង រវាងស.វទី១២។



ចាប់តាំងពីការធ្វើឱ្យសុបិនអំពីអង្គររស់ឡើងវិញដោយលោក ហេនរី ម៉ូហូថ (Henri Mouhot) អ្នករុករក និងជាធម្មជាតិវិទូជាតិបារាំងសេសម្នាក់តាមរយៈអត្ថបទ តំណើរទៅកាន់ប្រទេស សៀម កម្ពុជា និងឡាវ។ ចាប់តាំងពីឆ្នាំ១៨៦០មក រឿងនិទានអំពីអង្គរបន្តិចម្តងៗបានភ្ជាប់ទៅនឹងប្រវត្តិសាស្រ្តរបស់កម្ពុជា ប៉ុន្តែមិនត្រូវបានពិភាក្សាវែកញែក ក្បោះក្បាយពីក្សត្រស្ថាននិកទីក្រុងយសោធបុរៈជាទីក្រុងធំបំផុតលើលោកមុនការធ្វើបដិវត្តន៍ឧស្សាហកម្មឡើយ។ ខ្លឹមសារ សិលាចារិករបស់ប្រាសាទតាព្រហ្មហាក់បាន ចង្អុលបង្ហាញពីវីរភាពរបស់ព្រះអង្គដែលមានសន្តតិវង្សពីវង្សក្សត្ររបស់កម្វុជទេស (កម្ពុជា) តាំងពីសម័យនរគភ្នំមក។ ប៉ុន្តែរហូតមកដល់នឹងពេលនេះយើងមិនទាន់ប្រទះសិលាចារិកនៅអង្គរណានិយាយដល់ការចូលទិវង្គត់របស់ទ្រង់ដូចការរៀបរាប់ពីព្រះអង្គនៅព្រះជន្មនៅឡើយទេ ហើយអ្នកប្រវត្តិសាស្ត្រនៅតែដាក់សំនួរពី ការបាត់ខ្លួន ឫជួនកាល គ្រាន់តែសន្មតថាព្រះអង្គបានសុគតក្នុងមូលហេតុមិនច្បាស់លាស់។



ការព្យាយាមបកស្រាយពីការសុគតរបស់ព្រះបាទជ័យវរ័ន្មបានផ្តើមឡើងដោយអ្នកប្រវត្តិវិទ្យា វីកទ័រ ហ្គូលូប៊េវ (Victor Goloubew) អ្នកស្រាវជ្រាវឆ្នាំ១៩៣៤ លោកបានស្វែងរកឃើញរូបចំលាក់លាន នៅបរិវេណប្រាសាទភ្នំបាខែងពីការព្យាបាលរោគហាក់ដូចជាជំងឺឃ្លុង តែលោកមិនអាចកំនត់អត្តសញ្ញាណថាជាព្រះមហាក្សត្រដូចទៅតាមការអះអាងរបស់ប្រជាជននៅតំបន់នោះថាជាព្រះបាទជ័យវរ្ម័នទី៧ (ស្តេចគំលង់) ផ្អែកទៅតាមរូបសំនាក់តម្កល់លើលានព្រះគំលង់ខាងឆ្វេងព្រះបរមរាជវាំងអង្គរធំជាប់នឹងលានជល់ដំរី។ ប៉ុន្តែលោកស្រីផល្លីកាបានបដិសេធពីរឿងនេះថា៖

« យើងអង្កេតឃើញថាមានការភាន់ច្រលំច្រើនអំពីរូបសំនាក់នានា ឧទាហរណ៍ រូបព្រះយមរាជ ដែលដាក់នៅលើសំនង់ឋាននរក ឫលានព្រះគំលង់តែ ប្រជាជន បានហៅថាជាព្រះគំលង់ទៅវិញ ដូចគ្នានេះដែរនៅខាងក្រោយឈៀងខាងឆ្វេង ទីសក្ការព្រះអង្គចេកព្រះអង្គចមក៏មាន ការតាំងរូបព្រះយមរាជដូចគ្នានេះដែរតែត្រូវបានអ្នកស្រុកហៅថា ជាយាយទេពទៅវិញ សម្រាប់អ្នកប្រវត្តិសាស្ត្រ វាគឺជាចំងល់របស់យើងថាហេតុអ្វីបានជារូប ព្រះយមរាជ ត្រូវបាន អ្នកស្រុកភ្ជាប់ទៅនឹង ព្រះបាទជ័យវរ្ម័ន ទី៧ ទន្ទឹមនឹងការស្រាវជ្រាវរបស់យើង យើងបានរកចំលើយដ៏ភ្ញាក់ផ្អើលមិនដែលមានការលើកឡើងពីមុនមក ហើយវាជាប់ទាក់ទងនឹងសេចក្តី ស្រលាញ់ និងស្អប់មួយ។»


រឿងនិទានរបស់អ្នកស្រុកហាក់ជាចេទនាបញ្ចប់ប្រវត្តិរបស់ព្រះបាទជ័យវរ័ន្មទី៧ ប៉ុន្តែ នៅបន្សល់ទុកចល្លោះប្រហោងដែរមិនបាននិយាយដល់គឺព្រះអគ្គមហេសីដ៏សំខាន់របស់ទ្រង់ព្រះនាងឥន្ទ្រទេវី។ «សម្រាប់ការស្រាវជ្រាវព័ត៍មានទាំងនេះ នឹងផ្តល់តំរុយដល់យើង ក្នុងការឈានទៅ រកការកំនត់អត្តសញ្ញាតិ្តពិតប្រាកដរបស់ទ្រង់ផ្សេងពីរូបដែលយើងបានស្គាល់ស្រាប់» អ្នកស្រីបញ្ជាក់បែបនេះនៅពេលដែលអ្នកស្រីព្យាយាមអោនពន្យល់ជាមួយខ្ញុំក្នុងជំនួបដាច់ដោយលែកនៅហាងកាហ្វេមួយក្នុងរាជធានីក្បែរវិមានឯករាជ្យ រួចគាត់បន្តពន្យល់បច្ចេកទេសវិភាគទៀតថា៖ «រូបមន្តដូចគ្នានឹងព្រះឆាយាល័ក្ខរបស់ព្រះបាទសូរ្យវរ័ន្មទី២ ដែលមានឆ្លាក់លើអង្គរវត្ត យើងអាចប្រើដើម្បីមើលថាតើព្រះបាទជ័យវរ្ម័នទី៧ មានភិនភាគបែបណានៅលើផ្ទាំងចំលាក់ ដើម្បីធ្វើដូចឆ្នេះ បានយើងត្រូវទៅអង្កេតលើ ប្រាសាទដែលព្រះអង្គបានសាងសងហើយយើង ចាប់ផ្តើមកំនត់អត្តសញ្ញាណរបស់ទ្រង់ ដើម្បីស្រង់ទិដ្ឋន័យបន្ថែមទៀតអំពីទ្រង់ ហើយឈានទៅរកការសន្និដ្ឋានថាមានអ្វីកើតឡើងចំពោះទ្រង់ទាំងពីរនៅទីបញ្ចប់»។ ព្រះបាទជ័យវរ្ម័នទី៧ជាបងប្អូនជីទួតមួយរបស់ព្រះសូរ្យវរ័្មនទី២ ហើយព្រះអង្គនេះហើយជាមហាក្សត្រ តំបូងគេ ដែលបានយកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ក្នុងរាជរបស់ព្រះអង្គក្រៅពីការបន្តកសាងប្រាសាទធំៗដើម្បីបង្ហាញពីអំនាចស្មើរនឹងអទិទេពដែលជាប្រពៃណីរាប់រយឆ្នាំមកហើយនោះ លើសពីនេះ ព្រះអង្គក៏បានបំពេញអាណាចក្ររបស់ព្រះអង្គដោយសេវា សាធារណៈដូចជា មន្ទីពេទ្យ សាលាសំនាក់ សាលារៀន ហេដ្ឋារចនាសម្ព័នដើម្បីតភ្ជាប់ទីក្រុងសំខាន់នានា និងធ្វើឱ្យចលនាសេដ្ឋកិច្ចរីកចំរើនដល់ចំនុចកំពូល។ សំនង់ប្រាសាទដ៏ធំបំផុតរបស់ព្រះអង្គគឺជាសំនង់ប្រសាទបែបពុទ្ធនិយម គឺប្រាសាទបាយ័ន្តដែលស្ថិតនៅចំអង្កត់ផ្ចិតនៃរាជធានីយសោធបុរ ឫអង្គរធំខុសពីប្រាសាទអង្គរវត្តបែបហិណ្ឌូ ដ៏ល្បីល្បាញដែលមានរបងថ្មព័ន្ធជិតជុំវិញ។ ព្រះរាជាខ្លាំងពូកែដែលត្រូវបាន លោក ល័ស ហ្វីន័ត (Louis Finot) អ្នកស្រាវជ្រាវបារាំងប្រដូចព្រះអង្គទៅនឹងស្តេច ល័ស៧ (Louis VII) របស់បារាំងក្នុងពេលតំណាលគ្នា។ ព្រះអង្គមិនបានបំពេញប្រាសាទបាយ័ន្តដោយចំលាក់ពិព័ណនាពីទេវកថាហិណ្ឌូទេតែ ពីជីវភាពរស់នៅរបស់រាជវង្សានុវង្សនិងប្រជារាស្រ្តរបស់ព្រះអង្គ និងហាក់បើកទូលាយដល់សាធាណៈជន ប្រើប្រាស់ប្រាសាទនេះដើម្បីបូជាដល់ព្រះពោធិសាត់ក្នុងព្រះពុទ្ធសាសនាមហាយាន។


ពាក្យមួយឃ្លាដែលមានន័យរាប់ពាន់ឆ្នាំបង្កប់ដោយក្តីស្រលាញ់ដ៏ជ្រាលជ្រៅគឺ «ទុក្ខរបស់ប្រជារាស្ត្រ គឺជាទុក្ខរបស់ទ្រង់ផ្ទាល់» នេះជាទស្សនៈវិស័យរបស់ព្រះអង្គក្នុងការភ្ជាប់ព្រះកាយព្រះអង្គផ្ទាល់កៀកទៅនឹងប្រជានុរាស្ត្រកម្វុជទេសលើសពីការបន្តរមរតកពីបណ្តាអតីតព្រះមហាក្សត្រនៃលទ្ធិព្រាហ្មណ ដែលស្និតនឹងពួកព្រាហ្ម។ ព្រះបាទជ័យវរន្ម័រទី៧ បានរំដោះកម្វុជទេសពីនឹមត្រួតត្រារបស់ចាម និងអនុវត្តន៍ក្រមវិន័យថ្មីមួយដែលផ្លាស់ប្តូរប្រវត្តិសាស្រ្តកម្ពុជាអតីតកាល មកជាប្រទេសដ៏រុងរឿងប្រកបដោយពុទ្ធិបំផុតមួយរបស់ពិភពលោកក្នុងសម័យកាលនោះ។ ហើយមហិច្ចតានេះគឺចាំបាច់ត្រូវមានអ្នកគាំទ្រដែលនៅពីក្រោយទ្រង់។ «យើងចង់បង្ហាញឱ្យអ្នកជំនាន់ថ្មីបានដឹងថាតួនាទីរបស់ព្រះអគ្គមហេសីទាំងពីរគឺសំខាន់ណាស់ក្នុងរាជកិច្ចដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ដូចមានភស្តុតាងបានបង្ហាញស្រាប់។ ផ្អែកតាមរូបចំលាក់នៅប្រាសាទបាយ័នកាយវិការសំពះរបស់ទ្រង់នៅលើរាជរុដ្ឋនិងសកម្មភាពនានាដែលបានធ្លាក់លើផ្ទាំងថ្មបានផ្តល់ព័ត៍មានថាព្រះអង្គទាំងបីអង្គនេះហើយដែលបានលើកតំកើងប្រជាជនរបស់ព្រះអង្គ ហើយក៏បង្ហាញថា ព្រះមហាក្សត្រ និងមន្រ្តីគឺមានវត្តមានក្នុងន័យបំរើប្រជារាស្ត្រ បែបនេះហើយការផ្តួចផ្តើមឱ្យស្រ្តីបានសិក្សារៀនសូត្ររួមនឹងបុរសក៏ប្រឆាំងនឹងផ្នត់គំនិតសាសនាព្រាហ្ម៍ដែរ។»


ឧបសគ្គរបស់លោកស្រីតំបូងៗគឺការព្យាយាមកំនត់អត្តសញ្ញាណរបស់ព្រះមហេសីទាំងពីរព្រះអង្គហើយវាកើតឡើងនៅពេលលោកស្រីចាប់ផ្តើមការអង្កេតលើចំលាក់នៅប្រាសាទបាយ័នដោយការចាប់អារម្មណ៍លើរូបស្រីអប្សរាពីរអង្គស្ទួនគ្នាឈរស្វាគមន៍គ្រប់ទ្វាចូលទៅកាន់ប្រាសាទបាយ័នដែលមានភិនភាគដូចគ្នានឹងរូបអប្សរាដែលគាត់ប្រទះឃើញនៅឯប្រសាទតាព្រហ្ម ដែលមានលក្ខណៈពិសេសប្លែកគេដោយមានស្នាកស្នាមដាំត្បូងស៊ឹងគ្រប់ទីកន្លែងលើរាងកាយ និង ចញ្ចើម។ «គេបានប្រាប់ខ្ញុំថារូបចំលាក់អប្សរាទាំងអស់នោះគឺជាស្រីរបាំលំអរប្រាសាទ ប៉ុន្តែខ្ញុំមានចំងល់ចំពោះភាពខុសគ្នាលើចំនុចលំអិតផ្សេងៗដែលសិល្បករបានឆ្លាក់។ ពួកគេមានកាយវិការ គ្រឿងអលង្ការពិសេសៗ និងឈរលើទម្រ និងមានស៊ុមដែលរឹតតែពិសេសគឺរូបរាងមុខមាត់ប្រហាក់ប្រហែលគ្នា ហើយតែងហែរហមពីក្រោយតួអង្គដែលយើងអាចកំនត់បានថាជាព្រះមហាក្សត្រ»។


ផ្អែកតាមសិលាចារិកព្រះខ័នបានបង្ហាញថាព្រះបាទជ័យវរ័ន្មទី៧មានមហេសីពីរព្រះអង្គដែលជាបងប្អូនស្រីបង្កើតនឹងគ្នា ព្រះមហេសីទាំងពីរគឺជាពុទ្ធសាសនិកយ៉ាងខ្ជាប់ខ្ជួន និងជាសាស្រ្តាចារ្យដ៏ឆ្លាតវៃ។ បើទោះបីជាសិលាចារឹកនេះបានបង្ហាញថាព្រះនាងឥន្ទ្រទេវី គឺជាបងស្រីបង្កើតរបស់ ព្រះនាងជ័យរាជទេវី ដែលបានរៀបអភិសេកបន្ទាប់ពីការយាងចូលទិវង្កត់របស់ព្រះនាងជ័យរាជទេវី ប៉ុន្តែចំលាក់មួយនៅប្រាសាទបាយ័ន្តបានបង្ហាញពីវត្តមានរបស់ព្រះនាងឥន្រ្ទទេវីមានបុត្រមួយព្រះអង្គគង់នៅពីក្រោយព្រះបាទជ័យវរ័ន្មទី៧ដែលគង់ទល់មុខនឹងព្រះនាងជ័យរាជទេវីដែលមានបុត្រយ៉ាងហោចណាស់៥អង្គ ដែលប្រហាក់ប្រហែលនឹងការដឹងតាមសិលាចារិក។ ព្រះបាទជ័យវរ័ន្មទី៧បានឡើងសោយរាជ្យបន្ទាប់ពីព្រះអង្គបានយកឈ្នះពីការលុកលុយរបស់ចាមដែលជាអ្នកកាន់សាសនាព្រាហ្មណ៍បន្ទាប់ពីការរងចាំយ៉ាងស្ងប់ស្ងៀមអស់រយៈពេល១៥ឆ្នាំ ព្រះអង្គបានផ្លាស់ប្តូរសាសនារដ្ឋមកកាន់ព្រះពុទ្ធសាសនាមហាយានស្របពេលដែល សាសនា នេះ កំពុងចុះឥទ្ធិពលលើផ្នែកនយោបាយក្នុងចំនោមប្រជាជនដែលកំពុងងាកទៅរកព្រះពុទ្ធសាសនាវិញ។ នេះប្រហែលជាធ្វើឱ្យមានជំលោះដល់ពួកបរោហិត។ ក្នុងរាជ្យព្រះអង្គគេឃើញមានសំនង់ប្រាសាទជាច្រើនសង់ឡើងដើម្បីឧទិ្ទសដល់ក្រុមគ្រួសារព្រះអង្គនិង ព្រះពុទ្ធហើយពេលខ្លះអទិទេពរបស់ពួកព្រាហ្មក៏ត្រូវឆ្លាក់គោរពទៅដល់ព្រះពុទ្ធផងដែរ។ ប៉ុន្តែចំលាក់ដែលតែងបង្ហាញពីការគោរពដ៏ស្មោះស្ម័គ្ររបស់ត្រីក្សក្រមិនបានប្រទះឃើញទៀតទេក្រោយពីទ្រង់បាត់ទៅ តែបានជំនួសមកវិញនៅចំលាក់របស់ទ្រង់ និងមហេសីទាំងពីរដែលឆ្លាក់នៅពីក្រោយគោរពទៅដល់ព្រះសិវៈដែលត្រូវបានគេឆ្លាក់នៅរាជ្យក្រោយមកទៀត ដែលផ្ទុយទាំងស្រុងនឹងចំលាក់របស់ព្រះអង្គដែលគេប្រទះឃើញនៅប្រាសាទបន្ទាយឆ្មាដែលសង់ឡើងដើម្បីឧទ្ទិសដល់ ស្រីន្ទកុមារា ព្រះរាជាទាយាទរបស់ទ្រង់ដែលបានសុគតនៅ ក្នុងសមរភូមិជាមួយចាមដែលកាន់សាសនាព្រាហ្មណ៍។ ចំលាក់នៅទីនោះហាក់ បានបង្កប់នូវ ការទាស់ទែងគ្នាក្នុងសាសនា និងការខឹងសំបាររបស់ទ្រង់យ៉ាងខ្លាំងចំពោះសាសនាព្រហ្មណ៍ ដែលកាលនោះជាសាសនារបស់សត្រូវរបស់ព្រះអង្គ។ រូបចំលាក់ដែលលោកស្រី ផល្លីកាបានកំនត់ថាជាព្រះបាទជ័យ វរ្ម័នទី៧ ត្រូវបានសិល្បៈករឆ្លាក់ ដោយមានកាយវិការប្រហារជិវិតលើពួកព្រាហ្ម និងព្រះអង្គឈរលើខ្នងដំរីលើកធ្នូបាញ់ទំលាក់ព្រះសិវៈទំលាក់ចុះក្រោមជាដើម។


នេះប្រហែលជាសាររបស់ព្រះអង្គចំពោះពួកព្រាហ្មដែលព្យាយាមទាមទារអំនាចមកឱ្យពួកព្រាហ្មណ៍និយមដែលប្រហែលបានចូលដៃជាមួយសត្រូវ។ នៅក្នុងសៀវភៅត្រីក្សត្របានចង្អុលបង្ហាញទៀតថា មានជំលោះសាសនាដ៏ធំមួយ ហើយព្រះអង្គប្រហែលជាត្រូវបានពួកព្រាហ្មណ៍ឫយ៉ាងហោចណាស់មានការគាំទ្រពីពួកព្រាហ្មមិនពេញចិត្តនឹងរបបគ្រប់គ្រងរបស់ព្រះអង្គដែលយកមហេសីជាទីប្រឹក្សាធ្វើគត់ដើម្បីប្លន់អំនាចពីព្រះអង្គ និងព្រះនាងឥន្ទ្រទេវីមកវិញ។ ព្រះនាងឥន្ទ្រទេវីប្រហែលជាមានតួនាទីសំខាន់ខ្លាំងណាស់ដែលក្នុងវិស័យការពារជាតិ។ ចំលាក់នៅប្រាសាទបាយ័នមួយផ្ទាំងបានបង្ហាញពីព្រះនាងឥន្រ្ទទេវីកំពុងបូជាដល់ទង់សម្រាប់ទ័ពដែលមានព្រះបាទជ័យវរ័ន្មគង់ថ្វាយផ្កាឈូកពីក្រោយ។ ដូចគ្នានេះដែលចំលាក់លើប្រាសាទសំខាន់ៗដែលបានសាងសង់ក្នុងរាជ្យព្រះអង្គដូចជាព្រះខ័ន បន្ទាយក្តី បន្ទាយឆ្មា ជាដើមសុទ្ធតែបង្ហាញព្រះរាជ្យតួនាទីសំខាន់ៗរបស់ស្រ្តី លើសសម័យ កាលណាណាទាំងអស់ដូចមានការលើកឡើងក្នុងសិលាចារឹកមន្ទីពេទ្យមួយថា៖


«យើងរកឃើញនៅថែវទ្វារខាងត្បូង នៅប្រាសាទបាយ័នមានការកោសលុបរូបដែលយើងបានសន្មត់ថាជាព្រះនាងជ័យរាជទេវី និងឥន្រ្ទទេវីយើងដឹងថា ក្រោយពីព្រះអង្គទាំងពីរ សុគតទៅមានការជ្រែករាជ្យ និងអំពើហឹង្សាលើព្រះពុទ្ធសាសនាដូចមានការកោសរូបព្រះពុទ្ធរូបនៅលើប្រាសាទនានាតួយ៉ាងប្រាសាទបាយ័ន និងប្រាសាទតាព្រហ្មជាដើម តែយើងឆ្ងល់ថាហេតុអ្វីបានជាព្រះឆាយាល័ក្ខព្រះនាងត្រូវបានគេកោសលុបដែរ ជាពិសេសគឺនៅថេវខាងត្បូង យើងសង្ស័យថាពួកបុរោហិត ប្រហែល មិនសប្បាយចិត្តនឹងវត្តមានរបស់ព្រះរាជតួនាទីរបស់មហេសីដ៏មានឥទ្ធិពលទាំងពីរអង្គនេះទេ ព្រោះពួកគេ (ព្រាហ្ម) ប្រហែលបានបាត់ផលប្រយោជន៍នៅពេលដែលព្រះអង្គទាំងបី ឫត្រីក្សត្រ ធ្វើកំនែរទម្រង់ប្រទេសហេតុនេះអាចរាប់ថាជាការសងសឹក»។

នេះមិនមែនជាការបញ្ជាក់ពីការសន្និដ្ឋានរបស់លោកស្រីនោះទេទាំងស្រុងនោះទេ។ ថ្វីត្បិតរូបចំលាក់របស់ត្រីក្សត្រត្រូវបានគេរកឃើញគ្រប់ទីកន្លែងតាមពុទ្ធនិយមតែគេក៏រកឃើញផងដែររូបចំលាក់ព្រះអង្គនិមិត្តជាទេពក្នុងព្រាហ្ម័ណ៍ផ្សេងៗដែលសង់ឡើងក្នុងរាជ្យព្រះអង្គ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺត្រីក្សត្រក៏ប្រទះឃើញផងដែរឆ្លាក់នៅបាតនៃលានព្រះគំលង់ ឫជាឋាននរកដែលគេសង់ ក្រោយមកទៀតនៅខាងឆ្វេងលានជល់ដំរីឫវាលមេរុ ដែលតាមប្រពៃណីរបស់ក្សត្រក្នុង ព្រះពុទ្ធសាសនាគួរទីតាំងសម្រាប់សង់ព្រះចុល្លាមុន្និចេតេយ្យដែលតំកល់នៅឋានត្រៃត្រឹង នេះបើតាមការចង្អុលបង្ហាញរបស់លោកស្រី។

«វាមិនមែនផ្អែកតែលើឯកសារប្រវត្តិសាស្ត្រដែលគេធ្វើឡើងពឹងផ្អែកលើសិលាចារឹក និងការចងចាំនានាហើយអាចសន្មត់ចំពោះរឿងរ៉ាវដែលបានកើតឡើងនៅពេលនោះបានទេខណៈពេលដែលរូបពិតរបស់ព្រះអង្គនៅតែមានភាពស្រពិចស្រពិលនៅឡើយពីអតីតកាល។ យើងដឹងថាឯកសារទាំងនោះត្រូវបានសរសេរឡើងដោយអ្នកស្រាវជ្រាវជំនាន់មុន ដោយផ្អែកលើភស្តុតាងដែលពួកគេអាចរកបាននៅជំនាន់នោះ។ ប៉ុន្តែជាការពិត ការស្រាវជ្រាវទាំងនោះអាចនឹងមានការខ្វះចន្លោះ»។

ឆ្លើយតបនឹងសំនួរមួយដែលលើកឡើងដោយខេមរជននិយាយភាសារបារាំងម្នាក់ដែលចូលរួមស្តាប់នឹងលើកយោបល់ពីការខ្វែងគ្នានឹងព្រឹត្តិការណ៍ដែលបានកត់ចូលក្នុងប្រវត្តិពង្សសាវតាខ្មែរ។ លោកស្រី ង៉ីន ផល្លីការអ្នកស្រាវជ្រាវ និងសរសេរសៀវភៅ ត្រីក្សត្រ ដែលបានចំណាយ ពេលមួយរយៈចុងក្រោយរស់នៅខេត្តសៀមរាបដើម្បីអង្កេតលំអិតទៅលើចំលាក់លើប្រាសាទនានាដែលបានកសាងឡើងក្រោមរាជ្យព្រះបាទជ័យវរ្ម័នទី៧នៅអំឡុងពេលធ្វើការបទបង្ហាញរបស់លោកស្រីស្តីពីបំនកស្រាយអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះបាទជ័យវរ័ន្មទី៧ ព្រះនាង ជ័យរាជទេវី និងព្រះនាងឥន្រ្ទទេវី នៅឯមជ្ឈបណ្ឌលធនធានសោត ទស្សបុប្ផាណា កាលពីកន្លងទៅនេះ។

ដោយ៖ ឥលិហ្សូវណ្ណ ច័ន្ទរស្មី
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: