ប្រធានបទៈ «ព្រះពុទ្ធសាសនានៅសម័យសង្គមរាស្ត្រនិយម»
ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមួយដែលមានអារ្យធម៌ជាយូរយាណាស់មកហើយ ហើយឥទ្ធិពលនៃព្រះពុទ្ធសាសនាបានជ្រួតជ្រាបដល់ក្រឪបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ទោះបីជាមានសម័យកាលខ្លះមានការប្រែប្រួលក៏ដោយ ព្រះពុទ្ធសាសនានៅតែស្ថិតស្ថេរក្នុងស្រុកខ្មែរជានិច្ច។ ហេតុតែខ្មែរបានឆ្លងកាត់សម័យកាលអស់ជាច្រើននោះ ក្រុមអាត្មាភាពខ្ញុំបាទ សូមលើកយកនូវព្រះពុទ្ធសាសនានៅសម័យសង្គមរាស្រ្តនិយមមកបង្ហាញ ថាតើព្រះពុទ្ធសាសនានាសម័យនោះមានសារៈសំខាន់យ៉ាងណាចំពោះសង្គម និងប្រជាពលរដ្ឋខ្មែរ?
១. ព្រះពុទ្ធសាសនាសម័យសង្គមរាស្ត្រនិយម
ប្រទេសកម្ពុជាបានទទួលឯករាជ្យ និងកាន់នយោបាយធម្មាធិបតីយ្យមានសិទ្ធិសេរីភាពបរិបូណ៌។ ប្រទេសកម្ពុជាមានភ័ព្វសំណាងដោយមានសម្តេច ព្រះនរោត្តម សីហនុ ព្រះឧបយុវរាជ ជាព្រះប្រមុខរដ្ឋ ជាព្រះអគ្គមគ្គុទ្ទេសក៍ ជាព្រះអគ្គពុទ្ធសាសនូបត្ថម្ភ ព្រះអង្គជានាយកដឹកនាំប្រទេសឱ្យប្រជារាស្ត្ររួចផុតពីទុក្ខភ័យគ្រោះថ្នាក់ បានឋិតនៅក្នុងសុខសន្តិភាព ជួបនឹងភាពសម្បូណ៍សប្បាយ។ រីឯព្រះពុទ្ធសាសនា ដោយមានការគាំទ្រនិងទំនុកបរុងផ្ចុងផ្តើមគ្រប់បែបយ៉ាងពីសំណាក់ពុទ្ធសាសនិជនដែលមានសេចក្តីជ្រះថ្លា មានជំនឿ គោរពរាប់អានចំពោះព្រះពុទ្ធសាសនា រួមមានទាំងព្រះមហាក្សត្រ ឥស្សរជន មន្រ្តី និងប្រជាពលរដ្ឋទូទាំងប្រទេស ទើបធ្វើឱ្យព្រះពុទ្ធសាសនាមានការរីកចម្រើនយ៉ាងខ្លាំង។
ព្រះពុទ្ធសាសនា មានការទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធនិងប្រទេសជាតិ បើប្រទេសមានទុក្ខ ព្រះពុទ្ធសាសនាក៏មានទុក្ខ តែបើប្រទេសជាតិបានសុខចម្រើន ព្រះពុទ្ធសាសនាក៏បានសុខចម្រើនដែរ។ សម្តេច ព្រះនរោត្តមសីហនុ កាលព្រះអង្គគង់នៅលើរាជបល្ល័ង្គជាព្រះមហាក្សត្រនៅឡើយ ព្រះអង្គបានប្រោសព្រះរាជទានរដ្ឋធម្មនុញ្ញដល់ប្រជារាស្ត្រព្រះអង្គ ក្នុងរដ្ឋធម្មនុញ្ញនោះត្រង់ប្រការ៨ បានលើកយកព្រះពុទ្ធសាសនាឱ្យជា សាសនារបស់រដ្ឋ។ ត្រង់នេះហើយដែលភស្តុតាងនៃព្រះរាជហឬទ័យរបស់ព្រះអង្គ ជាអគ្គពុទ្ធសាសនូបត្ថម្ភក៍ ទ្រង់គោរពរាប់អាន ទំនុកបំរុងព្រះពុទ្ធសាសនាដោយស្មោះចំបោះ គឺទ្រង់ចំណាយព្រះរាជទ្រព្យកសាងវត្តអារាម ព្រះចេតិយ និងព្រះរាជកុសលផ្សេងៗ មានកសាងពុទ្ធិកមហាវិទ្យាល័យជាដើម មិនតែប៉ុណ្ណោះព្រះអង្គទ្រង់បានទាំងព្រះភ្នួសជាភិក្ខុភាវៈក្នុងព្រះពុទ្ធសាសនាអស់រយៈកាល៣ខែផងទៀត ដើម្បីបំពេញរាជករណីយកិច្ចតាមព្រះរាជប្រវេណី ដែលព្រះរាជវង្សានុវង្សធ្លាប់បំពេញមកផង ដើម្បីទ្រង់បានសិក្សាច្បាប់ព្រះពុទ្ធសាសនាឱ្យបានជ្រាបយ៉ាងច្បាស់លាស់ផង ឱ្យបានសមដល់ព្រះរាជឋានៈរបស់ព្រះអង្គ ជាព្រះអគ្គពុទ្ធសាសនិក។
ព្រះមហាក្សត្រមុនៗ ដែលត្រូវជាព្រះរាជអយ្យកោ ព្រះរាជអយ្យិកា ព្រះវររាជបិតា ព្រះវររាជមាតារបស់ព្រះអង្គ ក៏សុទ្ធតែជាព្រះអគ្គសាសនិកទាំងអស់។ ប្រជារាស្ត្រនៃប្រទេសកម្ពុជានាសម័យនោះមានចំនួនជាង៦លាននាក់ (គ.ស ១៩៦៩-១៩៧០)។ ក្នុងចំនួននោះ មានប្រជារាស្ត្រ៩៩ភាគរយជាអ្នកកាន់ព្រះពុទ្ធសាសនា។
ការរៀបចំក្រសួងធម្មការ និងអង្គការសាសនា
រាជរដ្ឋាភិបាលបានចាត់ការរៀបចំឱ្យមានក្រសួងមួយហៅថា ក្រសួងធម្មការ ហើយឱ្យមានសមាជិកនៃរាជរដ្ឋាភិបាលមួយនាក់មានឋានៈជារដ្ឋមន្ត្រី ឬជារដ្ឋលេខាធិការកាន់កាប់ក្រសួងនេះ។ អង្គការទាំងនោះមានដូចតទៅនេះ៖
- ១. អង្គការគ្រប់គ្រងគណៈសង្ឃ៖ មានសម្តេចព្រះសង្ឃរាជ ឬសម្តេចព្រះសង្ឃនាយក ជាអ្នកត្រួតត្រាលើព្រះសង្ឃទូទាំងប្រទេស តាមឋានានុក្រម (មេគណ, អនុគណ, ចៅអធិការ)។
- ២. អង្គការថេរសភា៖ សម្រាប់វិនិច្ឆ័យអធិករណ៍ក្នុងព្រះពុទ្ធសាសនា។
- ៣. សង្ឃមហាសន្និបាតប្រចាំឆ្នាំ៖ ការប្រជុំសង្ឃជាមហាសន្និបាតម្តងក្នុងមួយឆ្នាំនៅភ្នំពេញ។
- ៤. អង្គការសិក្សាខាងព្រះពុទ្ធសាសនា (ពុទ្ធិកសិក្សា)៖ ចែកចេញជា ពុទ្ធិកបឋមសិក្សា (៣ឆ្នាំ), ពុទ្ធិកមធ្យមសិក្សា (៤ឆ្នាំ), និងឧត្តមសិក្សា (១០ឆ្នាំ)។
- ៥. ពុទ្ធសាសនបណ្ឌិត្យ៖ រួមមានបណ្ណាល័យ, ក្រុមជំនុំព្រះត្រៃបិដក, និងក្រុមជំនុំទំនៀមទំលាប់។
- ៦. ពុទ្ធិកសមាគមកម្ពុជារដ្ឋ៖ ជួយឧបត្ថម្ភសាសនាទាំងក្នុង និងក្រៅប្រទេស។
- ៧. សមាគមមិត្រពុទ្ធិកវិទ្យាល័យ៖ ជួយឧបត្ថម្ភពួកសមណនិស្សិត។
- ៨. សមាគមគិលានដ្ឋាន មហាក្សត្រិយានី៖ សម្រាប់ព្យាបាលរោគព្រះសង្ឃ។
២. វត្តអារាម និងភិក្ខុសាមណេរ
វត្តអារាមខាងព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជាកើតមានជាយូរអង្វែងមកហើយ។ ក្នុងសម័យសង្គមរាស្ត្រនិយម វត្តអារាមជាច្រើនបានផ្លាស់ប្តូររូបរាងថ្មី កសាងពីបេតុងអារម៉េ ដែក និងស៊ីម៉ង់ត៍។ គិតត្រឹមឆ្នាំ១៩៦១ វត្តអារាមមានចំនួន ២,៨៥០វត្ត និងមានព្រះសង្ឃចំនួន ៥៣,៥០៩រូប។
៣. វត្តអារាម និងប្រជាពលរដ្ឋខ្មែរ
ប្រជារាស្ត្រខ្មែរមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនា។ វត្តអារាមជាបង្អែកយ៉ាងមាំខាងផ្លូវចិត្ត។ មូលហេតុដែលពលរដ្ឋខ្មែរពេញចិត្តសាងវត្តអារាម គឺដោយសារវត្តមានប្រយោជន៍ជាច្រើនដូចជា៖
- វត្តអារាមជាទីតាំងនៃព្រះពុទ្ធសាសនាជាទីពឹងពំនាក់។
- ជាកន្លែងសិក្សាវិជ្ជាផ្សេងៗ (អក្សរសាស្ត្រ, គណិតសាស្ត្រ, សិល្បសាស្ត្រ...)។
- ជាមន្ទីរពេទ្យខាងផ្លូវចិត្ត ជួយរំលត់ទុក្ខព្រួយតាមផ្លូវធម៌។
- ជាសួនច្បារសម្រាប់លំហែរកាយ និងជាទីរមណីយដ្ឋាន។
- ជាទីប៉ាឆាសម្រាប់បូជាសព និងតម្កល់អដ្ឋិធាតុ។
- ជាទីកន្លែងផ្តល់បុណ្យកុសល សីល និងភាវនា។
- ជាទីជ្រកកោននៃកូនចៅប្រជាពលរដ្ឋ (សិស្ស និស្សិតក្រីក្រមកពីឆ្ងាយ)។
«ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ព្រះពុទ្ធសាសនានៅតែដើរតួរយ៉ាងសំខាន់ក្នុងការជួយផ្សះផ្សារនូវដំបៅដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា និងជួយជាកម្លាំងចិត្តក្នុងជីវភាពរស់ប្រចាំថ្ងៃជានិច្ច ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា»។
ឯកសារយោង៖ ព្រះពុទ្ធសាសនាតម្ពបណ្ណិទ្វីប និងជ្រោយសុវណ្ណភូមិ លោក កែវ ស៊ឹម, បោះពុម្ពឆ្នាំ ២០០៣