ជំនឿវិញ្ញាណនិយម (Animism)
========================
មេមត់ អារក្ស អ្នកតា ព្រះភូមិ ជំនាងផ្ទះ ម្រេញគង្វាល ជាដើម ជាវិញ្ញាណសក្តិសិទ្ធិទាំងឡាយ នៅក្នុងជំនឿអ្នកតា ឬជំនឿវិញ្ញាណនិយម (Animism) ដែលមានអាយុយូរអង្វែង នៅក្នុងទឹកដីខ្មែរ មុនសម័យព្រាហ្មញ្ញសាសនា និងពុទ្ធសាសនា ហើយក៏នៅមានឥទ្ធិពល បន្តរហូតមកដល់សព្វថ្ងៃនេះ នៅក្នុងទឹកដីអាស៊ីអាគ្នេយ៍ ដូចជា នៅលាវ ថៃ និងប្រទេសខ្មែរជាដើម។ នៅក្នុងជំនឿវិញ្ញាណនិយមណេះ គេច្រើនគោរព វិញ្ញាណប្លែកៗ ទៅតាមមុខងារផ្សេងៗ ដូចជា៖
ក. អ្នកតា ៖ អ្នករក្សាព្រៃភ្នំនិងសត្វ ដែលរស់នៅ អាស្រ័យព្រៃភ្នំ ជាជម្រក។
ខ. អារក្ស ៖ អ្នករក្សាទឹក និងសត្វ ដែលរស់នៅ អាស្រ័យដោយទឹកជាជម្រក។
គ. មេមត់ ៖ អ្នករក្សាវិន័យនិងរបៀបរៀបរយ ប្រចាំមណ្ឌលរស់នៅ។
ឃ. ព្រះភូមិ ៖ អ្នករក្សាដីភូមិចំការដំណាំ។
ង. ជំនាងផ្ទះ ៖ អ្នករក្សាការពារលំនៅស្ថាន។
ច. ម្រេញគង្វាល ៖ អ្នករក្សាកុមារ និងជនដែលមិនអាចជួយរក្សាខ្លួនឯងបាន ដូចជាអ្នកពិការនិងចាស់ជរា។
ឆ. កូនក្រក ៖ អ្នករក្សាសព្វសត្វដែលបម្រើប្រយោជន៍គ្រួសារ ដួចជា សេះ គោ ក្របី ដំរី ឆ្កែឆ្មា ជាដើម។
នៅជំនាន់បុរាណ ពេលមានអ្នកភូមិណាមួយ ធ្វើអ្វីខុសឆ្គង ខុសទម្លាប់របស់អ្នកភូមិ ដែលគេគិតថា ជាទង្វើអវិជ្ជមាន នាំសៅហ្មង ដល់ការរស់នៅក្នុងភូមិ គេតែងតែចាត់ចែងធ្វើពិធីហៅ ព្រលឹងមេមត់ មកអប់រំប្រដែប្រដៅមនុស្សដែលមានកំហុសនោះ ដោយពន្យល់ប្រាប់ នូវវិធីប្រដៅកែកុន ដាក់ទណ្ឌកម្ម ឬហាមប្រាម កុំអោយធ្វើខុសទៀត ឬក៏ ដើម្បីបណ្តេញ ជាតិខ្មោចព្រាយបិសាច ដែលកាន់កាប់ខ្លួនអ្នកទោសនេះ អោយចេញពីខ្លួនទៅវិញ។ បន្ទាប់មក គេចងអំបោះឆៅពណ៌ក្រហម អោយជននោះ ជាដំណាង នូវការទទួលពរជ័យថ្មី ថាខ្លួនគេបានចាកផុត ពីឥទ្ធិពលបិសាច សន្ធប់ព្រលឹងហើយ។
នៅពេលមានចម្បាំង តទល់នឹងបច្ចាមិត្រ គេតែងប្រារព្ធពិធី ចូលព្រលឹងអ្នកតា ឬចូលអារក្ស ដើម្បីតម្លើងឬទ្ធិអំណាច ពង្រឹងស្មារតី និងភាពក្លាហានរបស់ មេកន្ទ្រាញនិងកងទ័ព ដែលត្រូវចេញច្បាំង ដោយមានបំពាក់ កន្សែងយន្ត័ពណ៌ក្រហមនៅក ឬពាក់ខ្សែក ខ្សែដៃ ខ្សែចង្កេះ មានបន្តោង ឬអង្កាំ ធ្វើពីភ្លុកដំរី ចែជ្រូកព្រៃ ខ្នាយរមាស ត្រឡោកដូង ខ្លឹមចន្ទ័ ខ្លឹមក្រញូង ខ្លឹមម្រះព្រៅ ជាដើម។
នៅតាមទន្លេ ស្ទឹង បឹងធំៗ គេតែងសង់រោងអារក្ស ដើម្បីគោរពវិញ្ញាណ ដែលរក្សាទឹក។ តាមព្រៃភ្នំ គេសង់ខ្ទមអ្នកតា។ នៅតាមដីចំការនិងដីភូមិ គេសង់ខ្ទមព្រះភូមិ។ នៅក្នុងផ្ទះ គេមានហឹងមានថូដាក់ជើងធូប សម្រាប់គោរពជំនាងផ្ទះ និង ថាសដាក់នំដាក់ស្ករគ្រាប់ សម្រាប់សែនម្រេញគង្វាល។ ចំណែកខ្ទមមេមត់ គេតែងសង់នៅកណ្តាលភូមិ មានទីធ្លាធំសម្រាប់ប្រជុំញាតិ ព្រោះជាកន្លែងសម្រាប់អារកាត់ទោស និងការផ្តល់នូវការអប់រំនានា ទាក់ទងទៅនឹង វិន័យនិងការរក្សាសណ្តាប់ធ្នាប់ ប្រចាំភូមិ។
នៅក្នុងជំនឿវិញ្ញាណនិយមនេះ គ្មានស្ថានសួគ៌ទេ មានតែស្ថានមនុស្ស និងស្ថាននរក (ទីដាក់ទោសព្រលឹងមនុស្សស្លាប់ អោយទទួលទោសកំហុស ដែលខ្លួនធ្លាប់ធ្វើខុស កាលនៅរស់ គ្រប់ទោសរួចហើយ ទើបអាច វិលត្រឡប់ មកចាប់កំណើត ជាមនុស្សម្តងទៀតបាន)។ នៅពេលមានមនុស្សស្លាប់ គេតែងតែចាប់សត្វចំអិន ធ្វើជាអាហារសែន ដើម្បីអោយវិញ្ញាណសត្វទាំងនោះ ជួយហែហម ព្រលឹងបុគ្គលដែលស្លាប់ អោយបានធ្វើដំណើរ ទៅដល់ស្ថាននរក មិនអោយវង្វេងបាត់តាមផ្លូវ។ ជួនកាល ក៏មានការកាប់សត្វសែនព្រេន ការព្រលែងសត្វពីទ្រុង ឬ ការសូន្យរូប ដើម្បីឧទ្ទិសឧបកិច្ច រំដោះព្រលឹងបិសាច អោយចេញពីរូបមនុស្សឈឺ ជាដើម។ល។
អ្នកស្រុកដែលមាន ជំនឿជ្រៅទៅលើ វិញ្ញាណនិយម តែងចាត់ទុក មេធ្មប់ ជាមេកន្ទ្រាញនៃវិញ្ញាណអាក្រក់មួយ (ដូចជាយមរាជដែរ) ដែលតែងតែតាម យាយីជីវិតមនុស្ស អោយសៅហ្មងរលំរលាយ។ ចំណែក ពពួកព្រាយ ពពួកអាប គ្រាន់តែជាវិញ្ញាណតូចតាច (ប្រៀបដូចជាសេនា) ដែលមានបាបច្រើន មិនទាន់អាចទៅចាប់កំណើត នៅឯណាបាន។ ម៉្យាងវិញទៀត នៅក្នុង ជំនឿអារក្សអ្នកតានេះ គឺគ្មានបិសាចនិងយក្សទេ ព្រោះថា ជំនឿបិសាចនិងយក្សនេះ បានឆ្លងមកឥណ្ឌូចិន ពីប្រទេសឥណ្ឌា តាមរយៈជំនឿផ្សេងៗទៀត។ ក្រោយៗបន្តបន្ទាប់មក អ្នកស្រុក បានចាត់ទុក ពពួកយក្សនិងបិសាចនេះ ទៅក្នុងជំពូក វិញ្ញាណយាយី តែមិនមែនជាវិញ្ញាណ ដែលថែរក្សាការពារសង្គមមនុស្សឡើយ។
រីឯការលេងភ្លេងមេមត់អារក្ស ក៏មានលំដាប់លំដោយ ទៅតាមពិធី ដែលមេកន្ទ្រាញ និងអ្នកភូមិត្រូវការ។ នៅក្នុងវង់ភ្លេងអារក្ស យើងសង្កេតឃើញ មានគេប្រើទ្រខ្មែរ (ទ្រឆែ) កេន ចាប៉ីដងវែង ចាប៉ីខ្សែដៀវ ស្នែង ព្លយ ខ្យងស័ង្ខ គងមង (គងឈ្មោល) គងញី ត្រដោក ក្រាប់ញី ក្រពះ(ឬក្រាប់ឈ្មោល) សំភោរ ស្គរភេរី ស្គរដៃ ស្គរណាំងសា និងគ្រឿងភ្លេង មួយចំនួនទៀត (ដែលខ្ញុំភ្លេចឈ្មោះ)។ គ្រឿងភ្លេងនោះទៀត ក៏មានចំនួន តិចឬច្រើន ទៅតាមតម្រូវការ របស់អ្នកភូមិ និងទៅតាមទីតំបន់ ដែលគេរស់នៅ ឧទាហរណ៍ ពិធីរំដោះគ្រោះ ពិធីតម្លើងរាសី ពិធីដាក់ទណ្ឌកម្ម ពិធីរំលឹកគុណដូនតា ពិធីគោរពវិញ្ញាណក្ខន្ធ័សក្តិសិទ្ធិ នៅរតនគីរី ខុសពីនៅឧត្តរមានជ័យ ខុសពីនៅ កោះកុង។ល។
.......
ដោយ អ្នកស្រី កែវចន្ទ័បូរណ៍
Post A Comment: