សូក្រាតត្រូវបានជនជាតិក្រិចចាត់ទុកថា ជាបិតាទស្សនវិជ្ជា ។ គាត់ជាទស្សនវិទូឥតកែប្រែ បានសេចក្តីថាគាត់រស់នៅក្នុងទស្សនវិជ្ជា ហើយដល់ស្លាប់ទៅវិញ ក៏នៅក្នុងទស្សនវិជ្ជាដែរ ។គំនិតដែលគាត់លើកយកមកអនុវត្តគីជាគំនិតសច្ចៈ ហើយមិនមានជាសច្ចៈក្លែងបន្លំឡើយ ។ គាត់ជាទស្សនវិទូដែលចូលចិត្តឱ្យមានសេរីភាពខាងផ្លូវកាយ និងផ្លូវចិត្ត ទុកពេលទំនេរ ដើម្បីធ្វើការគិតពិចារណារឿងសង្គមមនុស្ស ហើយគាត់តែងនិយាយថា “ម្តាយខ្ញុំជាឆ្មបសម្រាលកូន ចំណែកខ្ញុំជាឆ្មបសម្រាលគំនិត” ។
ចំពោះវិធីបង្រៀនរបស់គាត់មានពីរគឺសិល្បៈបង្កើតគំនិត និងការចំអក ។ សូក្រាតប្រើវិធីបង្កើតគំនិត ចំពោះមនុស្សសាមញ្ញដែលមិនចេះអួតអាងហើយដឹងថា ខ្លួនគ្មានចេះអ្វីសោះ ហើយគាត់ធ្លាប់បង្ហាញដល់សិស្សគាត់នូវវិធីមួយដែលមានឈ្មោះថា “ ហូតយកចំណេះដឹងពីមនុស្ស” ។
ឃ្លាចម្បងរបស់គាត់ស្តីពីទស្សនវិជ្ជាគឺ ខ្ញុំដឹងតែមួយមុខគត់ គឺគ្មានចេះអ្វីសោះ ។ មួយវិញទៀត គាត់បានលើកឡើងថា “ត្រូវដុសខាត់ព្រលឺង ឱ្យបានប្រសើរជាងដុសខាត់សរីរៈ និងត្រូវជជែកគ្នា ដើម្បីរកការពិត ព្រោះការជជែកជាវិធីបង្កើតគំនិត” ។ សូក្រាតមិនត្រឹមតែទស្សនវិទូដ៏ ល្បីលាញប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធជនដ៏ឆ្នើមទៀតផង ។គាត់ស័្មគ្រចិត្តធ្វើពលីកម្ម ប្តូរជីវិតខ្លួនឯង គឺមិនសុខចិត្តរត់ចោល សមមិត្តរួមអាវុធក្នុងសមភូមិឡើយ ។លើសនេះ គាត់ជាមនុស្សមិនចូលចិត្តភាព អយុត្តិធម៌ទេ ម្លោះ ហើយ គាត់ត្រូវតែប្រឆាំងនឹងអំពើអាក្រក់ទាំងនោះ ជានិច្ច ។
ពាក្យស្លោកនិងភាសិតរបស់គាត់ត្រូវបានកត់ទុកបានមួយចំនួនដូចជា៖ “បុគ្គលណាដែលចាត់ទុកខ្លួនថាជាទស្សនវិទូ គឺបុគ្គលនោះជាអ្នកសាកល្បង រុញខ្លួនបន្តិចម្តងៗ បង្ខិតជីវិតឱ្យចូលទៅ រកសេចក្តីស្លាប់ ព្រោះហ៊ានធានាការពារអះអាងពីយុត្តិធម៌ និងសច្ចធម៌ របស់សង្គម"។ កាលបើហ៊ានបញ្ជាក់ពីយុត្តិធម៌ និងសច្ចធម៌ ដូច្នេះហើយដែលជាទំនាស់រវាងច្បាប់ និងការកាន់ច្បាប់ ។
តើច្បាប់មានលំអៀងដែរឬទេ? ច្បាប់ធានាជីវិតប្រកបដោយសច្ចភាពដែរឬទេ ? ច្បាប់បម្រើ ទៅតាមគោលដៅនៃអ្នកចង់បានយុត្តិធម៌ដែរឬទេ ?” ពាក្យស្លោកសូក្រាតនេះ គឺគាត់ចង់និយាយពីសច្ចៈ និងយុត្តិធម៌ ។ ទាក់ទងនឹងទស្សនៈនេះ សិស្សរបស់គាត់ប្លាតុង បាននិយាយថា “ ច្បាប់នៅក្នុងក្រុងអាតែន បញ្ជាហាមឃាត់ឱ្យខ្លួនខ្ញុំរស់នៅស្ងប់ស្ងៀមបាន ប៉ុន្តែមិនអាចធ្វើឱ្យព្រលឹងវិញាណរបស់ខ្ញុំស្ងប់ស្ងៀមបានឡើយ ហើយអ្នកក៏ស្គាល់ច្បាស់នូវសច្ចភាព ដែលជាភាពផ្ទុយពីអយុត្តិធម៌ ។
ពេលនេះ ខ្ញុំជួបអយុត្តិធម៌ហើយ អយុត្តិធម៌នេះឯងកំពុងទំពារខាំខ្ញុំ បង្ខំខ្ញុំឱ្យលះបង់សច្ចភាព...ខ្ញុំជឿជាក់ថា សច្ចភាពពិតជាឈ្នះ នៅ ចុងក្រោយនៃជីវិតរបស់ខ្ញុំត្រូវរលត់ ។” ថ្ងៃមួយ សូក្រាតបាននិយាយផ្លែផ្កាឱ្យអ្នកនយោបាយម្នាក់ថា៖ “ មនុស្សម្នាក់ៗ ហើយស្ទើរតែគ្រប់គ្នាច្រើនភាន់ច្រឡំថាខ្លួនបានរៀនចេះចប់សព្វគ្រប់អស់ហើយ តាមពិតមនុស្សដែលអួតអាងថាចេះដឹងនៅជុំវិញខ្ញុំនេះ គឺគ្រាន់តែជាការហាត់ពោលថាតាមក្បូនរបស់អ្នកប្រាជ្ញជាន់មុនៗមកប៉ុណ្ណោះ ។ ឯការពិតអ្នកទាំងនោះពុំទាន់យល់ដឹងអំពី អាថ៌កំបាំងនៃវិជ្ជាជ្រៅៗ ខ្ពស់ប្លែកៗ ច្រើនស្រទាប់ណាស់ ដែលគេនឹកមិនឃើញ យល់មិនដល់ ហើយបែរជាអួតខ្លួនដោយយកការល្ងង់ខ្លៅមកអះអាង ថាជាការចេះដឹងទៅវិញ ។ ទស្សនៈរបស់សូក្រាតនេះចង់បញ្ជក់ពីភាពស្គាល់ខ្លួនឯងដោយខ្លួនឯង និងត្រូវស្គាល់ខ្លួនឯង
មុននឹងស្គាល់អ្វីៗដទៃទៀត។ អ្នកនយោបាយអគតិនោះមិនយល់ពីទស្សនៈរបស់សូក្រាតបែរជាខឺងជាខ្លាំង ហើយចោទគាត់ថា បាននិយាយតិះដៀលបង្អាប់គេ ។ជាច្រើនលើកច្រើនសារ គាត់តែងប្រឈមមុខជាមួយរដ្ឋអំណាច ក្នុងគោលបំណងព្យាយាមបញ្ចូលនូវទស្សនៈនយោបាយតិះទៀតដ៏ល្បីល្បាញរបស់គាត់ ។ចុងបញ្ចប់ សូក្រាតត្រូវបានគេកាត់ទោសប្រហារជីវិតដោយថ្នាំពុលពីបទចោទប្រកាន់ បំផ្លាញយុវវ័យ ហើយមិនជឿលើអាទិទេព ទីក្រុង តាមរយៈការនិយាយញុះញង់ជាសាធារណៈ ។
ស្ថិតក្នុងស្ថានភាពនេះ សូក្រាតមិនបានតក់ស្លុតនិងសុំគេ ដើម្បី សម្រាលទោស ឬមានគំនិតរត់គេចពីគុកទេ ព្រោះគាត់នៅ តែមានជំនឿលើគោលការណ៍មិនរំលោភច្បាប់។ មរណៈភាពរបស់សូក្រាតបានលេចឡើងនូវចំណោទ ជាច្រើនរាប់មិនអស់ ស្តីអំពីការគំរាមកំហែងដល់បញ្ញាវ័ន្តដែលកំពុងតែចូលរួមក្នុងកិច្ចការនយោបាយ ។ លក្ខណៈសម្បត្តិរបស់សូក្រាតខាងលើ គឺខុសពីពួកសូហ្វីស ដែលជាសត្រូវមានគំនិតប្រឆាំងនឹងទស្សនវិជ្ជាសូក្រាត ។ ជានិច្ចកាលពួកនេះតែងតែព្យាយាមតាមផ្តន្ទាឈ្នានីស បង្កហេតុរករឿង បន្តុះបង្អាប់សូក្រាតឥតឈប់ឈរ ពោលគឺចង់បន្ទាបបន្ថោកទ្រឹស្តីរបស់សូក្រាតឱ្យចុះអាប់ឱនជាងខ្លួន ។
ពួកសូហ្វីសបានលើកយកឈ្មោះសូក្រាត មកប្រឌិតជារឿងឥតប្រយោជន៍ សម្រាប់សើចចំអក លេងជាល្បែង ទុករូបលោកដូចជាកូនក្មេង ។ ក្នុងតម្លៃសីលធម៌សូក្រាតជានិច្ចកាល ចេញមុខប្រឆាំងនឹងពួកសូហ្វីស ដែលពូកែអួត ហើយចូលចិត្តយកពាក្យសម្តីទៅ ប្រើផ្លូវខុស និងធ្វើអាកប្បកិរិយា ដូចជា អ្នកចេះដឹង ច្រើន ។ ភាគច្រើននៃពួកសូហ្វីសបានអះអាងថា អ្វីដែលយើងកំណត់ថាត្រឹមត្រូវ យុត្តិធម៌ គឺគ្រាន់តែជាការបង្ហាញតាមតែអំពើចិត្តតែប៉ុណ្ណោះ ។
អនុភាពនៃភាពត្រឹមត្រូវ យុត្តិធម៌ គឺកម្លាំងដែលធ្វើឱ្យជឿ តាមរយៈភាពប៉ិនប្រសប់នៃការនិយាយ និងអូសទាញ ។ ជាទូទៅ ពួកសូហ្វីសជាអ្នកស៊ីឈ្នួលនិយាយ ឱ្យអ្នកនយោបាយ និងមេធាវីជំរះក្តី ព្រោះ ពួកគាត់មានសមត្ថភាពអាចនិយាយ បកស្រាយពីខ្មៅ ទៅស ឬពីស ទៅ ជាខ្មៅបាន។គោលបំណងអតិថិជនពួកនេះ គឺចង់ឈ្នះតាមរយៈការលើកឡើងនូវហេតុផលសមស្របមួយ មិនមែនចង់ទទួលបានចម្លើយត្រឹមត្រូវទេ ។គេត្រូវបង់ថ្លៃឱ្យពួកនេះ ដើម្បីឱ្យបង្រៀនមនុស្សទាំងឡាយឱ្យចេះនិយាយ អះអាង និងបញ្ចុះបញ្ចូល ។
ជំនាញទាំងឡាយ ដែលពួកសូហ្វីសបានបង្រៀន គឺល្បិច និងឧបាយកលក្នុការពិភាក្សាដេញដោល ហើយនឹងការបោក ឬការបំភាន់ជាជាងសិល្បះ នៃការធ្វើទឡ្ហីកម្ម ប្រកបដោយវិចារណញាណ ។ទោះបីជាពួកសូហ្វីស ខិតខំធ្វើការបន្តុះបង្អាប់សូក្រាត យ៉ាងណាក៏ដោយ ក៏ប្រជាជនស្ទើរតែទាំងអស់ នៅតែគោរព ស្រឡាញ់ទ្រឹស្តី និងរូបលោកដដែល ។ ជារួម មានតែសូក្រាតទេដែលជាទស្សនវិទូពិតប្រាកដ ស្រឡាញ់សច្ចធម៌ យុត្តិធម៌ ចំណែកឯពួកសូហ្វីសជាអ្នកដែលមានសច្ចធម៌ យុត្តិធម៌ក្លែងក្លាយ ។
ពួកសូហ្វីសនេះ គ្រាន់តែអាចបោកប្រាស និងឆក់ឱកាសយកផលប្រយោជន៍ ពីភាពឆោតល្ងង់របស់ជនមួយក្តាប់តួចប៉ុណ្ណោះ ។ ក្នុងស្ថានភាពបច្ចុប្បន្ន មានអ្នកទទួលបានសញ្ញាប័ត្រ PhD (PhD=បណ្ឌិតទស្សនវិជ្ជា )ជាច្រើន ដែលមិនបានគិតដល់ពី សញ្ញាប័ត្រខ្លួន បានផ្សារភ្ជាប់នឹងពាក្យទស្សនវិជ្ជា ហើយបានអួតអាងខ្លួនដូចពួកសូហ្វីស ។អ្នកទាំងនេះ បានត្រឹមតែ បោកអ្នកល្ងង់ខ្លៅ មួយចំនួនប៉ុណ្ណោះ បើជួបនឹងអ្នកទស្សនវិជ្ជាពិតដូចសូក្រាត ពិតជាខ្ចប់ជាមិនខាន ។ នៅស្រុកខ្មែរ បើសំបូរមនុស្សដូចពួកសូហ្វីស ហើយមិនសូវមានមនុស្សដូចសូក្រាតប្រហែលជា អាចអូសសង្គមឱ្យដើរថយ ពិសេសបើពួកគាត់ជាអ្នកកាន់ក្បាលមេក្រូ៕
ដោយៈ ចៅ ឧស្សាហ៍
Post A Comment: