ពិធី​សាស្រ្ត​ដែល​យក្ស​ចិន​ប្រើ​ក្នុង​ការ​ធ្វើ​ជំនួញ

បើសិន​ជា​យើង​ក្រឡេក​មើល​ទៅលើ​​វិធី​សាស្រ្ត​ធ្វើ​ជំនួញ​វិញ ចិន​គឺ​ជា​​ប្រ​ជា​ជន​ល្បី​ក្នុង​ការ​ធ្វើ​ដំណើរ​គ្រប់​ទិស​ទី​លើ​ពិភព​លោកក្នុង​ការ​ជួញ​ដូរ​ជា​មួយ​នឹង​ម្ចាស់​ស្រុក។ តាំង​ពី​សម័យ​អតីតកាល​មក​ យើង​បាន​ឃើញស្រាប់​​នៅ​លើ​ចម្លាក់​តាម​ជញ្ជាំង​នៃ​ប្រា​សាទ​អង្គរ មែន​ហើយ​យើង​ក៏​បាន​ដឹង​ថា ចិន​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញនា​សម័យ​នោះ​ផង​ដែរ។ 

ចំពោះ​លក្ខណៈ​នៃ​ការ​ធ្វើ​ជំនួញ​ខ្នាត​ធំ​របស់​ចិន​សម័យ​បច្ចុប្បន្ន យើង​ឃើញ​ថា​មាន​កត្តា​ពីរយ៉ាង​ដែល​​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​យក្ស​ចិន​​មាន​ភាព​ជោគ​ជ័យ​លើ​សេដ្ឋ​កិច្ច​និង​ជំនួញ។ ទី​មួយ​គឺ​ ការ​បណ្តាក់​ទុន​ទ្រង់ទ្រាយធំ (ផ្គត់​ផ្គង់​ដោយទុន​​អន្ត​រជាតិ និង​ប្រាក់​សន្សំ​របស់​ជាតិ)។ 

ទី​ពីរ​គឺ ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៃ​ការ​ខ្ជាក់​ចេញ​នូវ​ផលិត​ផល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ ជា​ការ​ពិត​ កត្តា​ទាំង​ពីរ​នេះ​បាន​លេច​ឡើង​ព្រម​គ្នា ដែល​ជា​កត្តា​​រុញ​ច្រាន​សេដ្ឋ​កិច្ច​ជាតិ​ឲ្យ​មាន​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​គួរ​ឲ្យ​កត់​សម្គាល់​។ ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​បាន​នាំ​ទៅ​ដល់​ប្រ​សិទ្ធិផល​ខ្ពស់​​ ដែល​ជួយ​អង្រន់​ដល់​មែក​ធាង​ទិន្ន​ផល និង​បង្កើន​ធនធានសម្រាប់​ការ​បណ្តាក់​ទុន​បន្ថែម​សម្រាប់​យក្ស​ចិន​។

ជាបន្ទាប់​ទៅ​ទៀត​នេះ យើង​នឹង​ធ្វើ​ការ​អធិប្បាយ​អំពីវិធីសាស្រ្ត​សំខាន់​ៗ​នៅ​ចំពោះ​មុខ​ដែល​ចិន​ប្រើ​ក្នុង​ការ​ធ្វើ​ជំនួញ ហើយ​ក៏​រាប់​ថា​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ចិន​ឈាន​ដល់​ចំណុច​កំពូល​បើធៀប​ទៅ​នឹង​សេដ្ឋ​កិច្ច​ប្រទេស​លើ​សកល​​លោក។

  • ចំណាយ​ឲ្យ​តិច​​បំផុត៖ ចំពោះ​ការ​ផលិត​ប្រ​ទេស​ចិន​មានពលករដ៏ច្រើន​សើស​លប់ ពួក​គេ​ធ្វើ​ការ​ងារ​ធ្ងន់ និង​ទទួល​ប្រាក់​កម្រៃ​ទាបបើធៀប​ទៅនឹង​ប្រទេស​នៅ​អ៊ឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ រហូត​ដល់​ពេល​បច្ចុប្បន្ន យើង​ឃើញ​ថា​ចិន​មិន​ទាន់​មាន​ភាព​ទទួល​ខុសត្រូវ​ខ្លាំង​ចំពោះ​ការបំពុលប​រិស្ថាន ដែល​ជា​មូល​ហេតុ​មួយ​ក្នុង​ការ​ចំណាយ​បន្ថែម​ចំពោះ​ការ​ផលិត​។ បើសិន​ជា​យើង​ក្រឡេក​មើល​ទៅ​ក្នុង​ពន្ធ​ធនា​គារ​របស់​ចិនដែល​មាន​អ្នក​ទោស​ដ៏​ច្រើន​សន្ធឹកសន្ធាប់វិញ យើង​នឹង​ដឹង​ហើយ​ថា​ពួក​គេ​កំពុង​ធ្វើ​អ្វី។ មែន​ហើយ គឺពួក​គេ​ពាក់​ស្លាក​នៅ​លើ​ហោ​ប៉ៅអាវ ហើយ​គ្រប់​គ្នា​មាន​ផែន​ការ​សម្រាប់​បំពេញ​ប្រចាំ​ថ្ងៃ។ ​អ្នក​គ្រប់​គ្រង់ពន្ធធនាគារ​ និង​ឆ្មាំ​គុក​និយាយ​ថា អ្នក​ធ្វើ​ការល្អ​បាន​អាហារ​ល្អ អ្នក​មិន​ធ្វើ​ការ​គឺ​មិន​មាន​អា​ហារ អ្នក​មិន​បាន​សម្រេច​តាម​ផែនការ​ត្រូវ​ទទួល​ពិ​ន័យ​។ ជា​ការ​ពិត​ ទាំង​អស់​នេះ​អាច​ជា ចំណុច​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ប្រ​ទេស​ចិន​ចំណាយ​តិច​ក្នុង​ការ​ផលិត បើ​ធៀប​ទៅ​នឹងគូ​ប្រជែង​របស់​គេលើ​លោក។
  • ផលិត​ឲ្យ​បាន​ច្រើន​​បំផុត៖ នេះ​ជា​វិធី​សាស្រ្ត​ដ៏​មាន​ប្រសិទ្ធិភាព​មួយ ​ដែល​ចិន​ប្រើ​ក្នុង​ការ​យក​ឈ្នះ​លើ​ទី​ផ្សារ​អន្តរ​ជាតិ។ នៅ​ពេល​ដែល​តម្រូវ​ការ​ពិ​ភព​លោក​ និង​ចំនួន​ប្រ​ជាជន​កើន​ឡើង គឺ​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ផលិត​ផល​ប្រើប្រាស់​ និង​ទទួល​ទាន។ យក្ស​ចិន​មិន​សំចៃ​ពេលនោះ​ទេ ដោយ​ផ្អែក​ទៅ​លើ​កត្តា​ទាំង​ពីរ​ខាង​​លើ​​ ដែល​ជួយ​រុញ​ច្រាន​សេដ្ឋ​កិច្ច​ចិន​ឲ្យ​រីក​ចម្រើន​នោះ គេ​កាន់​តែ​បង្កើន​នូវ​ការ​ខ្ជាក់​ចេញ​នូវ​ផលិតផល​ដ៏​ច្រើន​សន្ធឹក​សន្ទាប់ដែល​រាប់​ចាប់​ពីគ្រឿង​អេឡិច​ត្រូនិច គ្រឿង​ម៉ាស៊ីន គ្រឿង​ដេរប៉ាក់ សម្លៀក​បំពាក់ គ្រឿង​សង្ហា​រឹម​ ស្បែក​ជើង និង​សូម្បី​តែឧបករណ៍​វេជ្ជសាស្រ្ត។ល។ នៅ​ឆ្នាំ​2001 ជា​ពេល​ដែល​ចិន​បាន​ចូល​ជា​សមាជិក​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិ​ភព​លោក​ (WTO) ហើយ​សន្យា​ថា​នឹង​គោរព​ឲ្យ​បាន​នូវ​ច្បាប់​នៃ​ការ​ជួញ​ដូរ​អន្តរ​ជាតិ។ សហរដ្ឋ​អាមេរិក អ៊ឺរ៉ុប​ ក៏​ដូច​ជាពិ​ភព​លោក​​បាន​យល់​ព្រម​ទទួល​យក​ការ​នាំ​ចូល​ផលិត​ផល​របស់​ចិន​ដែល​ដឹក​ចេញ​​ទៅ​លក់​ដូច​ទឹក​ជំនន់។ មិន​គួរ​ឲ្យ​ជឿ​ដែល​ផលិត​ផល​របស់​យក្ស​មួយ​នេះ​ លក់​ដាច់​យ៉ាង​ច្រើន​សន្ធឹក​សន្ទាប់ ដោយ​ហេតុ​ថា វា​មាន​តម្លៃ​ថោក​ វា​ទាន់​សម័យ​ ព្រម​ទាំង​មាន​ការ​បញ្ចុះ​តម្លៃ​ជារៀង​រាល់​រដូវ​កាល និង​បុណ្យ​ផ្សេងៗ។
  • កំណត់​តម្លៃ​ឲ្យថោក​​បំផុត៖ ដោយ​យោង​ទៅ​លើ​ចំណុច​ទី​មួយ​ ចិន​ចំណាយ​តិច​បំផុត​ក្នុង​ការ​ផលិត យើង​ក៏​អាច​ប៉ាន់​ប្រមាណ​បាន​ដែរ​ថា តម្លៃ​នៃ​ផលិតផល​ចិន មាន​ការ​ប្រគួត​ប្រជែង​ខ្លាំង​បំផុត​ចំពោះ​​ផលិត​ផល​នាំ​ចេញ​ពី​ប្រ​ទេស​នានា។ វា​មាន​តម្លៃ​​ខុស​គ្នា​ដាច់​ស្រឡះ​បើ​យើង​គ្រាន់​តែ​​ធ្វើ​ការ​ប្រៀប​ធៀប​ទូរទស្សន៍​LCD ​របស់​ចិន និង​របស់​អាមេរិក​ ឬ​អ៊ឺរ៉ុប​ ដែលនេះ​មិន​ទាន់​រាប់​បញ្ចូល​ការ​បញ្ចុះ​តម្លៃ នៅ​រាល់ថ្ងៃ​សុក្រ (Black Friday) បុណ្យ​គ្រីស្មាស់ (Christmas) បុណ្យ​ចូលឆ្នាំ​ថ្មីព្រម​​ទាំង​កម្ម​ពីធីផ្សេងៗផង។
  • លក់​ឲ្យ​ដាច់​​បំផុត៖ ប្រ​ទេស​ចិន​ប្រើ​យុទ្ធសាស្រ្ត​វាយ​លុក​ទីផ្សារ​​អន្ត​រជាតិ​ ជា​ពិសេស​ទីផ្សារ​អាមេរិក និង​អ៊ឺរ៉ុប​ដោយ​នាំ​ចេញ​នូវ​ផលិត​ផល​ដែល​បង្ក​គ្រោះ​ថ្នាក់​ចំពោះ​ផលិត​ផល​ក្នុង​ស្រុក និង​ផលិត​ផល​នាំ​ចូល​ពី​ប្រ​ទេស​នានា។ បើ​តាម​របាយ​ការណ៍​របស់​លោក ម៉ាទីន ស៊ីន (Martin Sheen, Death By China) បន្ទាប់​ពី​ចិន​បាន​ចូល​ជា​សមាជិក​អង្គ​ការ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ (WTO) រោង​ចក្រ​របស់​អាមេរិក​ចំនួន​57,000 ត្រូវ​បាន​បាត់​ខ្លួន បន្សល់​ទុក​នូវអ្នកអត់​ការងារ​ធ្វើ​ចំនួន​​25​លាន​នាក់ជាង។ 

មិន​តែ​ប៉ុណ្ណោះ អាមេរិក​ដែល​ជា​មិត្ត​ស្គាល់​ចិត្ត​នៅ​ជាប់​បំណុល​ដល់​ទៅ 3ពាន់​ពាន់​លាន​ដុល្លារ (3 Trillion Dollars)ចំពោះ​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ។ ដោយ​សារ​តែ​តម្លៃ​ថោក អាច​ប្រើ​ប្រាស់​បាន និង​ទាន់​សម័យ​នៃ​ផលិត​ផល​ចិន បាន​ធ្វើ​ឲ្យ​ចិន​លក់​ផលិតផល​នាំ​ចេញ​របស់​ខ្លួន​ដាច់​បំផុត ហើយ​ក៏​ធ្វើ​ឲ្យ​ផលិត​ផល​ដទៃ​ទៀត​មិន​អាច​ប្រគួត​ប្រជែង​បាន។ ចង់​ឬ​មិន​ចង់​រោង​ចក្រ និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ត្រូវ​បិទទ្វា ឬ​ប្តូរទីតាំងដើម្បី​កាត់​បន្ថយ​ការចំណាយ និង​បុព្វ​ហេតុ​ប្រគួត​ប្រជែង។

ប្រភពពី៖ Thearithsung
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: