តើអ្នក​ចង់ក្លាយ​ជាសេដ្ឋីទេ​? ត្រូវកម្ចាត់ចោលនៅទម្លាប់អាក្រក់ទាំង ១០នេះ

តើអ្នក​ចង់ក្លាយ​ជាសេដ្ឋីទេ​? មនុស្ស​គ្រប់គ្នា​ចង់បាន​បែបនេះ​។ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មាន​ទម្លាប់​​អាក្រក់​ដែលរារាំង​មិនឱ្យ​គេក្លាយ​ជាសេដ្ឋី​បាន​។ បើអ្នក​អាច​បំបាត់​ទម្លាប់​អាក្រក់​ទាំង​នេះ​បាន អ្នកគួរ​ដឹងខ្លួន​ថា​ការក្លាយ​ជាសេដ្ឋី​មិនមែន​ជារឿង​ដែល​ពិបាក​ដូចអ្នក​គិត​នោះទេ​។ ខាងក្រោម​នេះជា​ទម្លាប់​អាក្រក់​ទាំង​១០ដែល​អ្នកត្រូវ​តែ​បំបាត់​ឱ្យអស់​ពីក្នុង​ខ្លួន​៖

១. ដេកយូរ

មនុស្ស​ជោគជ័យ​ច្រើនតែ​មាន​ទម្លាប់​ក្រោក​ពីព្រឹក ដែល​ជាទូទៅ​គឺច្រើន​តែក្រោក​មុន​​មនុស្ស​​ផ្សេងទៀត​។ ដូច្នេះ​គេអាច​ចាប់ផ្តើម​ធ្វើការ អាន​ព័ត៌មាន ឆ្លើយ​តប​អ៊ីមែល​ និង​ហាត់ប្រាណ​ដោយ​​មិន​ខាត​ពេលច្រើន​សម្រាប់​គ្រួសារ។

២.​ ព្រងើយកន្តើយចំពោះសុខភាព

ទម្លាប់​សុខភាព​មិនល្អបង្កើត​សំណាង​អាក្រក់​។ ឬបើ​តាមទ្រឹស្តី​ព្រះពុទ្ធ សុខភាព​ជា​លាភ​មហា​សាល​។ នៅពេល​អ្នកមិនមាន​សុខភាព​ល្អ អ្នក​ធ្វើការ​មិនបាន​ច្រើន និង​មាន​អារម្មណ៍​ធុញថប់​។ តើអ្នក​អាច​រកទ្រព្យ​បាន​ដោយ​របៀប​ណា​បើអ្នក​គិត​តែ​រវល់​តែ​ឈឺ​?

៣. មិនអានសៀវភៅ

អ្នក​មានវិនិយោគ​ពេលវេលា និងការ​ប្រឹងប្រែង​ដើម្បី​ពង្រីក​ចំណេះ​ដឹង​របស់​គេ ដើរ​ឱ្យទាន់​ព្រឹត្តិការ និង​រៀន​​ពីមនុស្ស​ជោគជ័យ។ ការ​អាន​សៀវភៅ​ជួយ​ឱ្យ​អ្នក​ពង្រីក​ទស្សនវិស័យ ​ជំរុញអ្នក​ឱ្យមាន​​ក្តី​​សុបិន​​កាន់តែ​ធំ និង​លើក​ទឹកចិត្ត​អ្នកមិន​ឱ្យលះបង់​ព្យាយាម​។

៤. ពឹងលើប្រភពចំណូលតែមួយច្រក

អ្នក​ស្តុកស្តម្ភ​មានប្រភព​ចំណូល​ច្រើនច្រក​។ និយាយ​បែបនេះ​មិនមែន​មាន​ន័យ​ថា​អ្នក​គួរតែរក​​ការងារ​​បន្ថែម​ម៉ោង​ធ្វើកុំ​ឈប់នោះ​ទេ។ អ្នក​អាច​ធ្វើអ្វី​ដែល​អ្នក​ស្រឡាញ់​ ដូច​ជាការ​សរសេរសៀវ​​ភៅ ឬ​សរសេរអ្វី​ដែលមាន​ប្រយោជន៍​នៅ​លើអ៊ីនថឺណិត​ដើម្បីបាន​ប្រាក់ចំណូល​បន្ថែម។

៥.​ មិនរៀបចំគម្រោងថវិកា

មនុស្ស​គ្រប់គ្នាត្រូវ​ការបង្កើត​គម្រោង​ថវិកា​ឱ្យបាន​ម៉ត់ចត់ ប៉ុន្តែ​មាន​មនុស្សជា​ច្រើន​ដែល​មិន​ធ្វើ​បែប​​នេះ។ ដោយសារ​តែគេ​មើលមិន​ឃើញថា​គេចាយច្រើន​ជាប្រាក់​ចំណូល ទើប​គេច្រើន​​តែជួប​បញ្ហា​ហិរញ្ញវត្ថុ​ជា​ញឹកញាប់។

៦. ចាយមិនគិត

អ្នកក្រភាគ​ច្រើនមិន​សន្សំលុយ ហើយ​ចូលចិត្តខ្ចី​លុយគេ​ដើម្បី​សម្តែង​ភាពហ៊ឺហា។ ជា​លទ្ធផល អ្នកទាំង​នោះមិនមាន​លុយចាយ​នៅពេល​ចាស់ទៅ មិន​មាន​លុយកាក់​សម្រាប់​ការសិក្សារ​បស់កូន ឬមិន​មានលទ្ធភាព​សម្រេច​តាមក្តី​ប្រាថ្នា​ក្នុង​ជីវិត។

៧. គិតតែមិនធ្វើ

ការ​ចង់ក្លាយ​ជាសេដ្ឋី​ជារឿង​មួយ តែ​ការចាប់​ផ្តើម​សកម្មភាព​ដើម្បី​ក្លាយ​ជា​សេដ្ឋី​ជារឿង​​មួយផ្សេង​​ទៀត។ ប្រសិន​បើអ្នកចង់​ដោះខ្លួន​ឱ្យចេញផុត​ពីអន្ទាក់​បញ្ហា​លុយ​កាក់ អ្នក​ត្រូវតែ​ចាប់ផ្តើម​​សកម្មភា​ព​ឱ្យបាន​ឆាប់​។

៨. ផឹកស៊ី និងញៀនល្បែង

គ្មាន​ផ្លូវកាត់​ដើម្បីក្លាយ​ជាអ្នកមាន​ទេ។ ជោគជ័យ​ហិរញ្ញវត្ថុ​ត្រូវការ​ពេល​វេលា គំនិត​ផ្តួច​ផ្តើម និង​ការប្រឹងប្រែង​មិនចេះ​ឈប់។ មនុស្ស​ដែល​ញៀន​ល្បែង​វង្វេង​ថា​មាន​ផ្លូវកាត់​ទៅរក​ជោគជ័យ​។ ជាង​នេះ​ទៅ​ទៀត ការផឹក​ស៊ីច្រើន​ជ្រុល​ធ្វើឱ្យអ្នក​មិនអាច​ក្លាយ​ជា​សេដ្ឋី​បានដោយសារ​តែវា​បំផ្លាញ​សុខភាព​មិនឱ្យអ្នក​គិត​បាន​ច្បាស់​លាស់​។

៩. មើលទូរទស្សន៍ច្រើនពេក

ផ្ទះអ្នក​មានខ្លាំង​និងអ្នក​មិនសូវ​មានខុសគ្នា​ត្រង់ថា អ្នកមាន​ខ្លាំង​មាន​ទូរទស្សន៍​តូច តែ​មាន​បណ្ណាល័យ​ធំ ចំណែក​អ្នកមិន​សូវមាន​វិញមាន​ទូរទស្សន៍​ធំ តែ​មាន​បណ្ណាល័យ​តូច។ អ្នក​មាន​ចំណាយ​ពេលច្រើន​ដើម្បីអាន​សៀវភៅ ហាត់​ប្រាណ និង​អប់រំខ្លួន​ឯងជាជាង​​អង្គុយ ឬដេក​​មើល​ទូរទស្សន៍។

១០. មិនកំណត់គោលដៅប្រចាំថ្ងៃ

ទម្លាប់​ល្អបំផុត​សម្រាប់អ្នក​ចាប់ផ្តើម​ចង់ក្លាយ​ជាសេដ្ឋី​គឺការសរសេរ​គោលដៅ​ប្រចាំ​ថ្ងៃ​ឱ្យ​បាន​រាល់​ព្រឹក។ ទម្លាប់​បែបនេះជួយ​ជំរុញ​ទឹកចិត្តនិង​ណែនាំ​ផ្លូវអ្នក​ឱ្យដើរ​ត្រង់​ទៅរក​គោលដៅ​ទាំងនោះ​។ ការកំណត់​គោលដៅ​រាល់ថ្ងៃក៏​ជួយឱ្យអ្នក​មើលឃើញ​កិច្ចការ​ណា​ដែលមាន​អាទិភាព​ជាងកិច្ចការ​ផ្សេងទៀត​៕

ប្រែសម្រួល ៖ វេហា
ប្រភព ៖ Entrepreneur
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: