ពីមុនគេគិតថា មនុស្សត្រូវចេះអាន និងចេះសរសេរ ។ ប៉ុន្តែក្នុងសម័យកាលឌីជីថលនេះ ការចេះអាន និងចេះសរសេរមិនត្រូវបានចាត់ទុកថា ជាមូលដ្ឋាននៃចំណេះដឹងទេ។ ការចេះប្រើកុំព្យូទ័រ និងអ៊ីនធើរណេត គឺជាកត្តាមូលដ្ឋានចំនួន២ដែលមនុស្សគ្រប់រូបត្រូវចេះដឹងនៅក្នុងសម័យកាលនេះ ។
ក្រឡេកត្រឡប់ក្រោយបន្តិចនៅក្នុងទស្សវត្សរ៍១៩៩០ អ្នកដែលគ្រាន់តែចេះប្រើកុំព្យូទ័រក៏អាចរកលុយចាយបានដែរនៅពេលនោះ ។ ការវាយអត្ថបទកុំព្យូទ័រមួយទំព័រអាចរកបានចំនួន១ដុល្លារ ។ ការវាយអត្ថបទតាមកុំព្យូទ័របានក្លាយជាមុខរបរមួយដែលអាចរកប្រាក់ចំណូលគ្រាន់បើ ហើយសាលាបង្រៀនវាយអក្សរតាមកុំព្យូទ័រកកើតយ៉ាងច្រើន ។ ប៉ុន្តែក្រោយមកមុខរបរនេះ ក៏បាត់បង់ ហើយរបរអ៊ីនធើរណេតបានចូលមកជំនួសវិញ ។ នៅតាមដងផ្លូវសំខាន់ៗនៅក្នុងទីក្រុងភ្នំពេញ មានកន្លែងបម្រើសេវាកម្មអ៊ីនធើរណេតជាច្រើន ។ ប៉ុន្តែមិនយូរប៉ុន្មានមកដល់ពេលនេះ របរបសេវាអ៊ីនធើរណេតតាមដងផ្លូវក៏សឹងតែរលុបបាត់ទាំងស្រុងចេញពីដងផ្លូវនៅទីក្រុងភ្នំពេញ ដោយសារតែមនុស្សស្ទើរតែគ្រប់គ្នានៅភ្នំពេញបានប្រើប្រាស់អ៊ីនធើរណេតនៅផ្ទះ ឬក៏តាមស្មាតហ្វូនរបស់ពួកគេ ។
ការកើតឡើង និងការបាត់ទៅវិញនៃមុខរបរទាំងពីរនេះ បានប្រាប់ដល់ប្រជាជនកម្ពុជាថា បច្ចេកវិទ្យាបានធ្វើឱ្យមានការកកើតមុខរបរថ្មីៗ និងធ្វើឱ្យមុខរបរមួយចំនួនហួសសម័យកាល ។ ដូច្នេះវាចាំបាច់ណាស់ដែលមនុស្សត្រូវតែធ្វើទំនើបកម្មចំណេះដឹងរបស់ពួកគេឱ្យបានទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ។ បើពុំនោះទេ ពួកគេមិនអាចចាប់យកឱកាសថ្មីនៃមុខរបរ និងការងារឡើយ ។
បច្ចេកវិទ្យាបានផ្តល់ឱកាសកាន់តែច្រើនសម្រាប់មនុស្សដែលមានចំណេះដឹងដែលទំនើបទាន់សម័យកាល ។ ប៉ុន្តែផ្ទុយទៅវិញ ជនក្រីក្រកម្ពុជាជាច្រើនប្រហែលជាមិនអាចទាញយកប្រយោជន៍ពីការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះឡើយ ។ នេះក៏ព្រោះតែពួកគេមិនមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ។ ដូច្នេះការពង្រីកបណ្តាញអ៊ីនធើរណេតឱ្យដល់ជនបទ គឺជារឿងល្អមួយ ដើម្បីជួយជនដល់ក្រីក្រកម្ពុជានៅតាមជនបទ ។
នេះជាអ្វីដែលរដ្ឋាភិបាល និងអ្នកនយោបាយគួរគិតគូរ ដើម្បីធានាថា ទាំងអ្នកមាន និងអ្នកក្រមានលទ្ធភាពដូចគ្នាទទួលយកផលប្រយោជន៍ពីបច្ចេកវិទ្យាព័ត៌មាននេះ ៕
នាំមកដោយ៖ កោះសន្តិភាព
Post A Comment: