មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យ​ធនធាន​បញ្ញាញាណ​របស់​ខ្មែរ​បែកខ្ញែក​និង​ចូលគ្នា​មិន​ចុះ៖
 

មូលហេតុ​ទី១៖ ដោយសារ​ពណ៌​សម្បុរ​នយោបាយ។ បញ្ញវន្ត​ដែល​ស្ថិតក្នុង​និន្នាការ​នយោបាយ​ខុសគ្នា​មាន​ទស្សនៈ​ផ្ទុយគ្នា​ ស្រឡះ​អំពី​ការអភិវឌ្ឍ​ប្រទេស​បើទោះជា​ពួកគេ​ទទួលបាន​ការអប់រំ​ពី​ប្រភព​ តែមួយ​ក៏ដោយ។ ពួកគេ​វាយប្រហារ​រិះគន់​គ្នា​ដោយ​ឈរលើ​ទិដ្ឋភាព​នយោបាយ​ជាង​ទិដ្ឋភាព​ បច្ចេកទេស។ នៅពេលដែល​ប្រយោជន៍​នយោបាយ​ដឹកមុខ ចំណេះ​ជំនាញ​របស់​បញ្ញវន្ត​ទាំងនោះ​ត្រូវ​បែកខ្ញែក​គ្នា​ដោយ​ចៀស​មិន​ផុត។
 

មូលហេតុ​ទី២៖ ការប្រកាន់​បក្ខពួកនិយម​និង​ផលប្រយោជន៍។ អ្នកចេះដឹង​ពិតប្រាកដ​ដែល​ចេញពី​ប្រភព​គ្រួសារ​អ្នកក្រីក្រ មិនសូវមាន​សំណាង​ដូច​កូន​អ្នកធំ​ឬ​អ្នកមាន​សែស្រឡាយ​បក្ខពួក​នោះឡើយ។ យ៉ាងហោចណាស់ ពួកគេ​ត្រូវ​ចេះ​សម្រប​ខ្លួន​យ៉ាង​ល្អ​ទៅនឹង​អ្នកនយោបាយ​ពីព្រោះ​អ្នកចេះ​ ដែល​មិន​ចង់​ពាក់ព័ន្ធ​នឹង​នយោបាយ​នឹងមិន​ឡើងទៅ​កាន់​តួនាទី​សំខាន់​បានឡើយ។ ផ្ទុយទៅវិញ អ្នក​មិន​ចេះតែ​តាំងខ្លួន​ជា​អ្នកចេះ​ច្រើនតែ​មានសំណាង​ជាង​ឲ្យ​តែ​ពួកគេ​ ពូកែ​សម្តែង​តាម​អ្នកនយោបាយ។ អ្នកចេះដឹង​ខ្លះទៀត ដោយសារតែ​ផលប្រយោជន៍​ក៏​សុខចិត្ត​បំភ្លេច​ឧ​ត្ត​ម​គតិ​ចោល​ហើយ​បិទមាត់​ស​ ម្ញំ​សុខ​យករួចខ្លួន។
 

មូលហេតុ​ទី៣៖ គឺ​អំនួត។ អាច​ចាត់ទុកជា​អកុសល​មួយ​ក៏​ថា​បានដែរ​ដោយសារតែ​អ្នកចេះ​មួយចំនួន​ច្រើនតែ​ ចូលគ្នា​មិន​ចុះ​ដោយសារតែ​ពួកគេ​មាន​អំនួតរៀងៗខ្លួន។ និយាយ​តាមបែប​ផ្សេង អ្នកចេះដឹង​ដែល​គេ​ចាត់ទុកជា​អ្នកប្រាជ្ញ ឬ​បណ្ឌិត​ខ្មែរ​មួយចំនួន​មិនអាច​អង្គុយ​និយាយ​គ្នា​បានទេ​ដោយម្នាក់ៗច្រើនតែ ​សម្អាងថា​ខ្លួនឯង​ចេះ​គ្មាន​អ្នកណា​ប្រៀប​ហើយក៏​ប្រកាន់​ជំហរ​រឹងកំព្រឹស​ ដោយ​មិន​ខ្ចី​ស្តាប់​ហេតុផល​អ្នកដទៃ។ ទីបំផុត ពួកគេ​ក៏​បែរខ្នង​ដាក់គ្នា​ហើយ​ធ្វើការ​តាម​គំនិត​របស់ខ្លួនរៀងៗខ្លួន។
 

ការបែកបាក់​ចូលគ្នា​មិន​ចុះ​ដូច​បានលើកឡើង​ខាងដើម​គឺជា​ឧបសគ្គ​ធំធេង​បន្ថែម ​លើក​ង្វះ​ធនធានមនុស្ស​ដែល​ប្រទេសជាតិ​កំពុង​ជួបប្រទះ។ នេះ​ជា​ជំ​នុ​ច​ខ្សោយ​ដែល​ធ្វើ​ឲ្យ​សង្គម​មួយ​នេះ​បន្ត​ស្ថិតក្នុង​សភាព​ ក្រីក្រ​និង​ពឹង​លើ​ជំនួយ​បរទេស​យ៉ាងខ្លាំង​នៅឡើយ។ ដូច្នេះ ជា​ដំណោះស្រាយ ឧ​បគ្គ​ទាំង​អម្បាលម៉ាណ​នេះ​គួរតែ​ត្រូវបាន​លើក​ចេញ​ជា​ចាំបាច់។
 

ដើម្បី​ឲ្យ​ខ្មែរ​ខ្លាំង​និង​មាន​ទឹកមាត់ប្រៃ​នៅលើ​ឆាក​អន្តរជាតិ ខ្មែរ​គួរតែ​ចេះ​ប្រមូលផ្តុំ​ធនធាន​បញ្ញា​ណាណ​ដែល​ខ្លួន​មាន​ដើម្បី​ អភិវឌ្ឍន៍​ប្រទេស​របស់ខ្លួន។ អ្នកចេះ​អ្វី​ជួយ​ធ្វើ​កិច្ចការ​នោះ​តាម​ជំនាញ។ អ្នកចេះ​ច្រើន​បូកផ្សំ​ជាមួយ​អ្នកចេះ​តិច​ដោយ​មិន​មើលបំណាំ​គ្នា​នឹង​ ក្លាយជា​សក្តានុពល​ដ៏​ធំ​មួយ​បាន។ ការផ្តាច់​អ្នកជំនាញ​ឲ្យ​ចេញពី​អ្នកនយោបាយ​គឺជា​រឿង​សំខាន់​មួយទៀត​សម្រាប់​ កម្ពុជា​ពោលគឺ​ទោះជា​អ្នកនយោបាយ​ឈ្លោះ​គ្នា ឬ​ផ្លាស់ប្តូរ ក៏​អ្នកជំនាញ​នៅតែ​អាច​បន្ត​ធ្វើការ​តាម​ជំនាញ​របស់ខ្លួន​ដដែល។
 

គេ​នៅ​ចាំបាន​ថា នៅមុន​ពេល​សោយ​ទិវង្គត សម្តេច​ឳ នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ ទ្រង់​បាន​ផ្តាំ​ឲ្យ​ខ្មែរ​សាមគ្គី​គ្នា​ដើម្បី​ក្លាយជា​អ្នកខ្លាំង។ ទោះបីជា​យឺត​ពេល​បន្តិច តែ​ក៏​នៅ​មិនទាន់​ហួសពេល​ដែរ​ប្រសិនបើ​ខ្មែរ​ចង់​ឲ្យ​ប្រទេស​របស់ខ្លួន​ ខ្លាំង​មែន​នោះ ពោលគឺ​ខ្លាំង​ឲ្យ​គេ​កោតស្ញប់ស្ញែង​លើ​ឆាក​អន្តរជាតិ តែ​មិនមែន​ខ្លាំង​តែ​ឈ្លោះ​គ្នាឯង​រួចហើយ​ស្រែ​ករក​អន្តរាគមន៍​ឲ្យ​បរទេស​ ជួយ​ដោះស្រាយ​នោះឡើយ៕
សម្រង់បទវិភាគរបស់ ប៉ែន បូណា
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: