សុភាសិតខ្មែរមួយពោលថា "​ឧបាយកលសើៗ ពុំស្មើនិងគំនិតជ្រៅ"​ បានបង្កប់ទៅដោយ ​អត្ថន័យ​​យ៉ាង​​ជ្រោវជ្រៅ និង ហាក់ដូចជាស៊ីគ្នាទៅនិងស្ថានភាពបច្ចប្បន្នភាពកម្ពុជាខ្លាំងណាស់។ ការរៀបចំ​យុទ្ធ​​សាស្ត្រផែនការជាបន្ត​បន្ទាប់​ ដើម្បីវាយបង្ក្រាបមកលើដៃគួររបស់ខ្លួន វាគឺជា​សិល្បៈ​នៃអ្នករៀប​ចំ​យុទ្ធសាស្ត្រ ឧបាយកល និងអ្នកមានគំនិតស៊ីជម្រៅ។ ជាការពិតណាស់ ​ការធ្វើអ្វីមួយ​ដោយភាពមិនច្បាស់លាស់ គ្មានគម្រោង គ្មានការសិក្សា គ្មានការវិភាគ​អោយបានល្អិតល្អន់ ឬការរៀបចំឡើងដោយសើៗ នោះ​ ការបរាជ័យ​ក៏កំពុងតែដើរខិតកាន់ជិតមកដល់ដែរ។

ការគិតជ្រៅផ្លូវឆ្ងាយ​រមែងបំបែកឧបសគ្គ និងការត្រៀមទុកជាមុន​​ ដើម្បីទប់ទល់នូវគ្រោះកាច់ណា​មួយ​ដែលបម្រុង​ចូលមក ដូចភាសិត​មួយ​ពោលថា៖ "​មើលអោយឆ្ងាយ បាញ់អោយបំបែបឧបសគ្គ"
សុភាសិតនេះ ​គឺហាក់ដូចជាមនុស្សពីរក្រុម ក្រុមទី១. គឺជាជនដែលមានល្បិចកល ហើយក្រុមទី២.​ គឺជនដែល​មានគំនិតជ្រៅមើលឃើញវែងឆ្ងាយ។ ការអនុវត្តន៍ល្បិចកលជាច្រើនហើយបន្តបន្ទាប់យ៉ាងណាក៏ដោយ អោយ​តែ​គ្មានគំនិត​ហើយគិតសើៗ ដោយមិនប្រកបទៅដោយបញ្ញាអោយបានជ្រៅផ្លូវវិនាសគឺខ្លួនអ្នកជាអ្នកដើរដោយ​ ខ្លួនឯង។

ភាពជាអ្នកមានគំនិតវៃឈ្លាតនិងមិនស្លាប់ដោយឧបាយកលរបស់អ្នកដទៃ។ ដូចជារឿងនិទានប្រឌិតមួយដែល​​ អប់រំនូវបញ្ញាអោយយល់ឃើញពីការព្យាយាមសាងគំនិតអោយវៃឈ្លាត និងស៊ីជម្រៅក្នុងការគិតសព្វការងារ​ផ្សេងៗ គឺ​អាចបាញ់ជៀសបាននូវផលវិនាសបាន។ 


អ្នកមានគំនិតវៃឈ្លាតនិងមិនស្លាប់ដោយឧបាយកលរបស់អ្នកដទៃ
 (រឿង​ចចក​ឈ្មោះ​បូតិមំសះ)

កាល ​កន្លង​ទៅ​ជា​យូរ​លង់​ណាស់​ហើយ មាន​ហ្វូង​សត្វ​ចៀម​ជា​ច្រើន នៅ​អាស្រ័យ​ក្នុង​គុហារ​ក្បែរ​ភ្នំ​ទៀប​ហេមវន្ត​ប្រទេស ។ ក្នុង​ចំណោម​សត្វ​ទាំង​ទ្បាយ​នោះ មាន​មេ​ចៀម​១ ឈ្មោះ​មេណ្ឌមាតា ជា​សត្វ​វាង​វៃ​ប៉ិនប្រសប់​ក្នុង​ឧបាយ​គ្រប់​យ៉ាង ។ ក្នុង​ទី​មិន​ឆ្ងាយ​ពី​គុហា ជា​លំ​នៅ​នៃ​ចៀម​ទាំ​ទ្បាយ​នោះ មាន​សត្វ​ចចក​១​ឈ្មោះ​បូតិមំសះ និង​ភរិយា​ឈ្មោះ​វេណីយា​នៅ​រួម​សំវាស​គ្នា​ក្នុង​គុហា ១ ដែរ ។

ចចក​ឈ្មោល​ចចក​ញី​ជា​ប្តី​ប្រពន្ធ​នោះ បាន​មាន​មធ្យោបាយ​ដ៏​ប្រពៃ​ខាង​ការ​ប្រវ័ញ្ចន៍ បោក​សម្លាប់​សត្វ​ចៀម​ទាំង​ទ្បាយ​ស៊ី​អស់​ជា​ច្រើន និង​ចង់​ស៊ី​សាច់​មេ​ចៀម​ឈ្មោះ មេណ្ឌមាតា​ជា​សត្វ​ឈ្លាស​វៃ​នោះ​ទៀត ទើប​ពោល​ប្រាប់​ប្រពន្ធ​ថា ចូរ​នាង​យក​មេ​ចៀម​ឈ្មោះ​មេណ្ឌមាតា​នោះ ជា​សម្លាញ់​ចុះ ! កាល​បើ​សេចក្តី​ស្រទ្បាញ់​កើត​ទ្បើង​រវាង​នាង​ និង​មេ​ចៀម​នោះ​ហើយ អញ​នឹង​ដេក​ធ្វើ​ពុត​ជា​ស្លាប់. នាង​ចូល​ទៅ​ជិត​មេ​ចៀម​ពោល​ប្រាប់​ថា " ហ៊ឺ! ប្តី​ខ្ញុំ​ស្លាប់​ទៅ​ហើយ. ឯ​ខ្ញុំ​វៀវ​តែ​នាង​ចេញ​គ្មាន​ញាតិ​ណា​មួយ​សោះ​សូម​អញ្ជើញ​នាង​ទៅ​ជួយ​ធ្វើ​ ពិធីសរីរកិច្ច​ដល់​ប្តី​ខ្ញុំ តាម​សេចក្តី​អង្វនិង​សង្គហកិច្ច​របស់​នាង​រវាង​ប្តីខ្ញុំ " លុះ​នាង​ពោល​យ៉ាង​នេះ​ហើយ​ចូរ​នាំ​មេណ្ឌ​​មាតា​នោះមក. បើ​មេ​ចៀម​នោះ​លុះ​ក្នុង​បវញ្ចន​កិច្ច​របស់​នាង​មែន អញ​នឹង​លោត​ទៅ​ខាំ​វា​ត្រង់​ក​ឲ្យ​ស្លាប់​តែ​ម្តង ។

មេ​ចចក​ធ្វើ​តាម​ពាក្យ​របស់​ប្តី​ខ្លួន​សព្វ​គ្រប់ ក៏​បាន​នាង​មេណ្ឌ​មាតា​នោះ​ធ្វើ​ជា​សម្លាញ់​មែន ហើយ​ពោល​ប្រាប់​រឿង​រ៉ាវ​តាម​លំអាន​ពាក្យ​ស្វាមី ។ មេចៀម​ពោល​ថា ប្តី​នាង​ស៊ី​ញាតិ​របស់​ខ្ញុំ​អស់​ច្រើន​គ្នា​ហើយ. ឥទ្បូវ​ចង់​ស៊ី​ខ្ញុំ​ទៀត​ឬ? ខ្ញុំ​ខ្លាច​ណាស់​មិន​ហ៊ាន​ទៅ​ទេ ។ មេ​ចចក​ថា កុំ​ខ្លាច​អី​មិន​ដែល​ល្បី​ថា​សត្វ​ស្លាប់​ហើយ​អាម​ធ្វើ​ឲ្យ​គេ​ភ័យ​ទៀត​ទេ​ ហើយ​នាំ​នាង​មេណ្ឌ​មាតា​នោះ​មក ។

ចចក ​បូតិមំសះ ឮ​សូរ​ជើង​សត្វ​ទាំង​ពីរ​នោះ​មក គិត​ថា យី! អស្ចារ្យ​ណាស់ មី​ចៀម​នេះ​លុះ​ក្នុង​អំណាច​បវញ្ចន​កិច្ច​ប្រពន្ធ​អញ​ហើយ​តើ ហើយ​អើត​ក្បាល​រមិ​មើល ។ មេ​ចៀម​ឃើញ​អាការះ​ចចក​ធ្វើ​ដូច្នោះ ទើប​ស្រែក​អា​ក្រោះ​យ៉ាង​ខ្លាំង​ដោយ​ពាក្យ​អាស្រូវ​ភាស​ថា "​អើ​អាចង្រៃ​នេះ​មាន​ធម៌​លាមក​ណាស់​វ៉ឺយ វាពុត​ធ្វើ​ជា​ស្លាប់​ដេក​លក់​វា​ហី ប្រុង​បញ្ឆោត​សម្លាប់​អញ​ធ្វើ​អាហារ​ចំណី​របស់​វា បើ​កុំ​តែ​អញ​ឃើញ​ទាន់​ម្ល៉េះ​សម​ជា​ឆ្ងាញ់​វា​យ៉ាង​ណា​ទៅ​អេះ" ហើយ​ងាក​ក្បាល​ស្ទុះ​បោល​យ៉ាង​លឿន​ទៅ ។

មេចចក​វេណិយា​អស់​សង្ឃឹម​ហើយ ក៏​ចូ​លទៅ​ស្តី​បន្ទោស​ចចក​ជា​ប្តី​ខ្លួន​នោះ​ដោយ​គាថា​ថាៈ

ត្វំ ខោសិ សម្ម ឧម្មត្តោ ទុម្មេធោ អវិចក្ខណោ យំ មតាលយំ កត្វា អកាលេនវិបេក្ខសិ ។
នែ! អ្នក​ចង្រៃ​អ្នក​ណា​ធ្វើ​ពុត​ជា​ស្លាប់ រមិល​មើល​ខុស​កាល​អ្នក​នោះ​ជាសត្វ​ឆ្កួត មាន​គំនិត​អាក្រក់ មិន​ចេះ​ពិចរណា ។ 


ចចក ​ឈ្មោះ​បូតមំសះ​ទាល់​បុច្ឆ ក៏​នៅ​ស្ងៀម​បើក​តែ​ភ្នែក​សម្លឹង​ប្រពន្ធ​មឺសៗ រុយ​ទុំ​លែង​ទាំង​ដេញ​ថែម​ទៀត ព្រោះ​ប្រពន្ធ​ជាន់​កែង​ជាប់ ។
អត្ថបទនេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

 ​
Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: