អត្ថបទទី ២៦២៖ តើពេលណាទើបជាពេលវេលាត្រឹមត្រូវ ក្នុងការទិញឡាន?
នៅក្នុងសម័យកាលបច្ចុប្បន្ន ការមានរថយន្តជិះមិនមែនជារឿងចម្លែកនោះទេ។ មនុស្សភាគច្រើនមិនថាកំពុងបង់រំលស់ ឬទិញដាច់សុទ្ធតែមានរថយន្តប្រើប្រាស់ ដើម្បីសម្រួលដល់ការធ្វើដំណើរ។ អ្នកខ្លះមិនត្រឹមតែមានមួយគ្រឿងទេ គឺមានច្រើនគ្រឿងថែមទៀតផង។ ប៉ុន្តែសំណួរដ៏សំខាន់គឺ៖ តើពេលណាដែលយើងពិតជាគួរទិញឡាន?
ដើម្បីកុំឱ្យការវិភាគនេះហាក់ដូចជាការនិយាយតាមអារម្មណ៍ផ្ទាល់ខ្លួន ខ្ញុំសូមលើកយកទស្សនៈពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលល្បីល្បាញមកចែករំលែក៖
១. ក្បួនរបស់លោក Dave Ramsey៖ "គ្មានសាច់ប្រាក់ កុំទិញ"
លោក Dave Ramsey គឺជាអ្នកជំនាញដែលជួយសង្គ្រោះប្រជាជនអាមេរិកជាច្រើនលាននាក់ឱ្យរួចផុតពីបំណុល។ គោលការណ៍របស់លោកគឺសាមញ្ញបំផុត៖ "បើអ្នកគ្មានលុយសុទ្ធក្នុងដៃគ្រប់គ្រាន់ទេ កុំទិញរថយន្តដោយការបង់រំលស់ឱ្យសោះ"។ ការបង់រំលស់ គឺជាការដកហូតចំណូលនៅថ្ងៃអនាគតរបស់អ្នកមកចំណាយនៅថ្ងៃនេះ ដែលវានាំឱ្យអ្នកធ្លាក់ក្នុងអន្ទាក់បំណុលយ៉ាងងាយ។
២. ក្បួន 20-4-10៖ សម្រាប់អ្នកដែលចាំបាច់ត្រូវបង់រំលស់
ក្នុងករណីដែលអ្នកចាំបាច់ត្រូវតែមានឡាន ហើយមិនអាចទិញដាច់បាន អ្នកជំនាញបានដាក់ក្បួនវិន័យ ដើម្បីកុំឱ្យជីវិតជួបវិបត្តិហិរញ្ញវត្ថុ៖
20%៖ ត្រូវមានលុយបង់មុន (Down payment) យ៉ាងតិច ២០%
នៃតម្លៃឡាន។
4 ឆ្នាំ៖ ត្រូវបង់រំលស់ឱ្យដាច់ក្នុងរយៈពេលមិនលើសពី ៤
ឆ្នាំ។
10%៖ ប្រាក់ដែលត្រូវបង់រំលស់ប្រចាំខែ មិនត្រូវលើសពី ១០%
នៃចំណូលសរុបរបស់អ្នកឡើយ។
ឧទាហរណ៍៖ ប្រសិនបើអ្នកមានប្រាក់ចំណូល ៣,០០០ ដុល្លារក្នុងមួយខែ អ្នកអាចចំណាយបង់រំលស់ឡានក្នុងរង្វង់ ៣០០ ដុល្លារបាន។ ប៉ុន្តែបើអ្នកមានប្រាក់ចំណូលត្រឹម ១,០០០ ដុល្លារ ឬទាបជាងនេះ ការជិះម៉ូតូ ឬកង់អាគុយ គឺជាជម្រើសដ៏វៃឆ្លាតបំផុត។ សូមកុំយកឡានមកធ្វើជាបន្ទុកដែលធ្វើឱ្យអ្នកដាច់បាយ។
យើងឃើញមានករណីជាច្រើនដែលមនុស្សមានចំណូលត្រឹម ៧០០ ដុល្លារ តែហ៊ានបង់រំលស់ឡានស៊េរីចាស់ ដែលជាហេតុនាំឱ្យពួកគេខាតបង់ទាំងពេលវេលា ទាំងប្រាក់កាស ហើយចុងក្រោយត្រូវគេដកហូតឡានវិញ នៅពេលដែលពួកគេជួបវិបត្តិចំណូល។
៣. ឈប់រស់នៅដើម្បីបង្ហាញអ្នកដទៃ (High Show)
មានពាក្យលួងចិត្តខ្លួនឯងមួយថា៖ "ទិញឡានទុកជិះទៅស្រុក ជួបជុំគ្នាពេលភ្ជុំ ឬចូលឆ្នាំ"។ តាមពិតទៅ បើយើងមានកូនតូចតែមួយ ការជិះម៉ូតូ ឬឡានក្រុងក៏មានសុវត្ថិភាព និងសន្សំសំចៃដែរ។ រឿងអ្នកដទៃមើលងាយ ឬមើលមិនឃើញ គឺជាបញ្ហារបស់ពួកគេ។ រឿងសំខាន់សម្រាប់គ្រួសារអ្នក គឺតើអ្នកមានថវិកាគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពដែរឬទេ? ការធ្វើអ្វីមួយហួសពីសមត្ថភាព គឺជាការដាក់គុកឱ្យខ្លួនឯងដោយចំណងបំណុល។
រឿងពិតពីបទពិសោធន៍៖
កាលពី ១០ ឆ្នាំមុន ខ្ញុំមានមេម្នាក់ដែលរកចំណូលបានជិត ១០,០០០ ដុល្លារក្នុងមួយខែ។ គាត់ជិះម៉ូតូសេរីចាស់មកធ្វើការ ខ្ចប់បាយពីផ្ទះ និងរស់នៅក្នុងផ្ទះល្វែងធម្មតា។ ថ្ងៃមួយ គាត់ទៅទិញដីតម្លៃ ២០០,០០០ ដុល្លារ ដោយជិះម៉ូតូទៅ។ អ្នកលក់ដីរកគាត់មិនឃើញព្រោះគិតថា "អ្នកមានលុយទិញដី ២ សែនដុល្លារ មិនអាចជិះម៉ូតូបានទេ"។
នេះជារឿងកំប្លែងមួយ ប៉ុន្តែវាជាមេរៀនធំ៖ សម័យនេះ កុំវាយតម្លៃមនុស្សតាមសំបកក្រៅ។ អ្នកខ្លះជិះឡានថ្លៃ មិនប្រាកដថាមានលុយច្រើនជាងអ្នកជិះម៉ូតូឡើយ។ សម្រាប់អ្នកមានលុយរាប់លានដុល្លារ ការទិញឡានថ្លៃៗ គឺដូចជាការទិញឡានជ័រឱ្យកូនលេងអ៊ីចឹង ព្រោះពួកគេរកលុយទិញឡាននោះបានក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
ចូរត្រូវចងចាំថា
ប្រសិនបើអ្នកមានលុយសុទ្ធក្នុងដៃ ហើយការទិញឡាននោះមិនធ្វើឱ្យអ្នកអស់លុយពីគណនីទាំងស្រុង អ្នកអាចទិញបានតាមការពេញចិត្ត។ ប៉ុន្តែត្រូវចាំថា៖
ក្តីសុខពិតប្រាកដមិនមែនស្ថិតនៅលើម៉ាកឡាន ឬសេរីឡាននោះទេ។
បំណុលគឺជាភ្លើង ដែលក្តៅជាងព្រះអាទិត្យទៅទៀត។
ចូររស់នៅតាមកម្រិតដែលយើងមាន
មិនមែនរស់នៅដើម្បីឱ្យអ្នកដទៃមើលឃើញថាខ្លួនយើងមានឡានជិះនោះទេ។
សូមកុំធ្វើជាទាសករនៃរូបភាពខាងក្រៅឱ្យសោះ។ ការសន្សំលុយដើម្បីវិនិយោគ ឬបង្កើតទ្រព្យសកម្ម វានឹងផ្តល់ឱ្យអ្នកនូវសេរីភាពហិរញ្ញវត្ថុដែលអ្នកអាចទិញឡានជិះបានដោយមិនបាច់គិតច្រើននៅថ្ងៃអនាគត។
