តម្លៃនៃក្តីស្រឡាញ់ និងពេលវេលា
កាលព្រេងនាយ នៅលើកោះដ៏ដាច់ស្រយាលមួយ គឺជាទីជម្រកនៃអារម្មណ៍ជាច្រើនរស់នៅជុំគ្នា មានទាំង ក្តីរីករាយ, សេចក្តីសោកសៅ, ក្តីស្រឡាញ់, ចំណេះដឹង និង ភាពស្រស់ស្អាត ជាដើម។ ថ្ងៃមួយ មានការប្រកាសអាសន្នថា កោះនេះនឹងត្រូវលិចលង់ក្នុងពេលឆាប់ៗខាងមុខ។ ឮដូច្នោះ អារម្មណ៍ទាំងអស់ក៏ប្រញាប់ប្រញាល់រៀបចំទូក ដើម្បីចាកចេញពីកោះនេះរៀងៗខ្លួន។
ក្នុងចំណោមនោះ មានតែ ក្តីស្រឡាញ់ មួយប៉ុណ្ណោះដែលមិនព្រមចាកចេញ។ នាងចង់នៅក្បែរកោះនេះ រហូតដល់ដំណាក់កាលចុងក្រោយ។ លុះដល់ពេលដែលកោះជិតនឹងលិចបាត់ទៅហើយ ក្តីស្រឡាញ់ក៏សម្រេចចិត្តហៅគេឱ្យជួយ។ នាងបានឃើញ ភាពស្តុកស្តម្ភ កំពុងអ៊ុំទូកដ៏ធំមួយឆ្លងកាត់ទីនោះ។
ភាពស្តុកស្តម្ភ៖ "ទេ! ខ្ញុំមិនអាចជួយអ្នកបានទេ ព្រោះលើទូកខ្ញុំពេញទៅដោយមាសពេជ្រជាច្រើន គ្មានកន្លែងទំនេរសម្រាប់អ្នកឡើយ។"
បន្ទាប់មក ក្តីស្រឡាញ់ក៏ស្រែកហៅ ភាពស្រស់ស្អាត ដែលកំពុងជិះទូកដ៏ស្អាតឆ្លងកាត់ដែរ។ ប៉ុន្តែភាពស្រស់ស្អាតបានបដិសេធ ដោយខ្លាចក្តីស្រឡាញ់ដែលកំពុងទទឹកប្រឡាក់ប្រឡូក ធ្វើឱ្យខូចសោភ័ណភាពទូករបស់គេ។ សូម្បីតែ សេចក្តីសោកសៅ ក៏ចង់នៅម្នាក់ឯង ចំណែក ក្តីរីករាយ វិញ ដោយសារតែសប្បាយខ្លាំងពេក ក៏មិនបានឮសម្លេងហៅជំនួយរបស់ក្តីស្រឡាញ់ដែរ។
រំពេចនោះ មានសម្លេងមួយបន្លឺឡើងថា៖ "មកជាមួយខ្ញុំមក ក្តីស្រឡាញ់! ចាំខ្ញុំជួយចម្លងអ្នក"។ ក្តីស្រឡាញ់សប្បាយចិត្តពេក រហូតភ្លេចសួរឈ្មោះសប្បុរសជននោះ។ លុះមកដល់ត្រើយ សប្បុរសជននោះក៏ធ្វើដំណើរទៅផ្ទះបាត់ទៅ។ ដោយងឿងឆ្ងល់ ក្តីស្រឡាញ់ក៏ដើរទៅសួរ ចំណេះដឹង ថា តើអ្នកដែលជួយនាងនោះជាអ្នកណា?
ក្តីស្រឡាញ់សួរទាំងឆ្ងល់ថា៖ "ហេតុអ្វីបានជាពេលវេលាព្រមជួយខ្ញុំ?"
ចំណេះដឹងឆ្លើយថា៖ "ព្រោះមានតែពេលវេលាប៉ុណ្ណោះ ដែលអាចដឹងថា 'ក្តីស្រឡាញ់'
មានតម្លៃធំធេងកម្រិតណា។"