មិនមែនមនុស្សគ្រប់រូបសុទ្ធតែអត្មានិយមទេ តែវាគឺជាធម្មជាតិរបស់មនុស្សដែលមិនសូវចូលចិត្តចំពោះសេចក្តីទុក្ខសោកទាំងនេះ។ តែក្តីទុក្ខទាំងនោះ ចេះតែតាមលងបន្លាចមនុស្សគ្រប់ពេលវេលា ដូចជាស្រមោលអន្ទោលតាមប្រាណ។ ដូច្នេះក្តីទុក្ខនេះបានធ្វើឱ្យអ្នកយំ ហើយស្ថិតនៅក្នុងពិភពមួយដ៏សែនឯកា ហើយវាក៏អាចក្លាយជាសត្រូវនៃជនដទៃៗផងដែរ។
"ចូរកុំបណ្តោយឱ្យក្តីទុក្ខនោះដេកត្រាំក្នុងចិត្តរបស់អ្នក អ្នកត្រូវតែរិះគិតរកវិធីដើម្បីបំបាត់ក្តីនោះវិញ ប្រសើរជាងការបន្តោយដោយមិនធ្វើអ្វីមួយ។ ព្រោះអ្នកដឹងហើយថា នៅពេលអ្នកសើច ពិភពលោកនឹងរីករាយជាមួយអ្នក។"
មនុស្សនៅជុំវិញខ្លួនអ្នក ក៏នឹងរីករាយសើចសប្បាយតាមអារម្មណ៍នៃក្តីសុខទាំងនោះផងដែរ។ ការសប្បាយមនុស្សគ្រប់រូបណាក៏គេពេញចិត្តដែរ បើអ្នកសប្បាយ ទឹកមុខអ្នកញញឹម មនុស្សនៅក្បែរខ្លួនអ្នកក៏នឹងរំភើបចិត្ត រីករាយចិត្ត ផ្ទុយស្រឡះពីការបង្ហាញភាពទុក្ខសោករបស់អ្នក។
ស្នាមញញឹមរបស់អ្នក មិនមែនគ្រាន់តែជាការបង្ហាញចេញនូវភាពសប្បាយរីករាយខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាពន្លឺដែលអាចបំភ្លឺផ្លូវឱ្យអ្នកដទៃដែលកំពុងស្ថិតក្នុងភាពងងឹតនៃក្ដីអស់សង្ឃឹម។ កាលណាអ្នកញញឹម អ្នកកំពុងតែប្រាប់ទៅកាន់ពិភពលោកថា អ្នកមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីឈរលើបញ្ហាទាំងពួង។ ចូលចងចាំថា គ្មាននរណាម្នាក់អាចជួយជ្រោមជ្រែងអ្នកបានល្អជាង 'ខ្លួនឯង' ឡើយ។
នៅពេលអ្នកសម្រេចចិត្តរលាស់ចោលនូវភាពសោកសៅ ហើយជំនួសមកវិញនូវក្តីសង្ឃឹម នោះអ្នកនឹងឃើញថា មនុស្សជុំវិញខ្លួននឹងចាប់ផ្ដើមផ្ដល់ថាមពលវិជ្ជមានមកឱ្យអ្នកវិញជាមិនខាន។ ស្នាមញញឹមគឺជាភាសាសកលដែលមិនចាំបាច់បកប្រែ តែវាមានអានុភាពអាចរំលាយរាល់ភាពឯកាបានយ៉ាងអស្ចារ្យ។
រក្សាស្នាមញញឹមអ្នកដើម្បីពិភពលោកស្រស់ថ្លា
អត្ថបទដោយ៖ Nhoeb Sokla