រឿងកំប្លែងរបស់ពិភពលោក៖ តើពិភពលោកវិលវល់ ឬកំពុងក្រឡាប់ចាក់?
ពិភពលោកវិលវល់ឬក្រឡាប់ច័ក្រ? ពីមុន ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាមេរិកបានដាក់ទណ្ឌកម្មមិនឱ្យរុស្ស៊ីនាំប្រេងចេញ សូម្បីឥណ្ឌានិងចិនក៏អាមេរិកហាមមិនឱ្យទិញប្រេងពីរុស្ស៊ីដែរ។ តែក្រោយមានវិបត្តិប្រេងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ លោក ដូណាល់ ត្រាំ បែរជាទូរស័ព្ទទៅលោក ពូទីន ដើម្បីសុំឱ្យរុស្ស៊ីនាំប្រេងចេញលក់ទៅឱ្យពិភពលោកជាបន្ទាន់វិញ ដើម្បីបន្ធូរវិបត្តិប្រេងសកល។
នេះមានន័យថា រុស្ស៊ីនឹងបានលុយយ៉ាងច្រើនយកទៅធ្វើសង្គ្រាមជាមួយអ៊ុយក្រែនបន្តទៀត ក្នុងពេលដែលអ៊ុយក្រែនកំពុងជួយអាមេរិកក្នុងការទប់ទល់ដ្រូនជាមួយអ៊ីរ៉ង់។ តើត្រាំនិងពូទីនរកស៊ីជាមួយគ្នាឬ? ចុះវាសនារបស់សាមីកូនអុកដូចជាអ៊ុយក្រែន នឹងត្រូវពូទីននិងត្រាំបណ្តើរយកទៅទុកនៅត្រង់ណាវិញ?
រឿងនេះបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនយោបាយអន្តរជាតិ "គ្មានមិត្តអមតៈ ហើយក៏គ្មានសត្រូវអមតៈដែរ មានតែផលប្រយោជន៍អមតៈប៉ុណ្ណោះ"។ នៅពេលដែលផលប្រយោជន៍សេដ្ឋកិច្ចដើរមកដល់ផ្លូវទាល់ សូម្បីតែសត្រូវដែលធ្លាប់ជេរគ្នាផ្អើលមេឃ ក៏អាចប្រែមកជា "ដៃគូពាណិជ្ជកម្ម" យ៉ាងរហ័សក្នុងមួយពព្រិចភ្នែក។ សម្រាប់មហាអំណាច តម្លៃប្រេងនៅតាមស្ថានីយចាក់សាំងក្នុងស្រុករបស់គេ សំខាន់ជាងវាសនារបស់ប្រទេសដទៃដែលកំពុងឆេះខ្លោចដោយសារសង្គ្រាមទៅទៀត។
មេរៀនដែលកម្ពុជាគួររៀនពី "ល្បែង" មហាអំណាច៖
១.
កុំដាក់ពងមាន់ទាំងអស់ក្នុងកញ្ច្រែងតែមួយ៖
ការពឹងផ្អែកលើមហាអំណាចណាមួយខ្លាំងពេក គឺជាហានិភ័យ ព្រោះគេអាច "ដូរពណ៌"
បានគ្រប់ពេលឱ្យតែគេចំណេញ។
២. ការពង្រឹងផ្ទៃក្នុងឱ្យមាំ៖ ប្រទេសតូចត្រូវតែមានជំហរច្បាស់លាស់
និងភាពបត់បែនផ្នែកការទូត (Bamboo Diplomacy)។ យើងត្រូវចេះរាំនៅកណ្តាលព្យុះ
មិនមែនឈរឱ្យព្យុះបោកបក់តាមចិត្តនោះទេ។
៣. សេដ្ឋកិច្ចគឺជាដង្ហើម៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ
ការរក្សាស្ថិរភាពសេដ្ឋកិច្ច និងស្បៀងក្នុងស្រុក គឺជាខែលការពារដ៏រឹងមាំបំផុត
នៅពេលដែលមហាអំណាចលែងឈ្លោះគ្នា ហើយងាកមកចាប់ដៃគ្នាលើវាសនាយើង។