វិធីយកឈ្នះភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ

វិធីយកឈ្នះភាពភ័យខ្លាចក្នុងការនិយាយជាសាធារណៈ
✍️ អត្ថបទដោយ៖ Roger Bourne

ស្រមៃថា អ្នកកំពុងអង្គុយលេងយ៉ាងសប្បាយរីករាយ និងធូរអារម្មណ៍ នៅក្នុងពិធីជប់លៀងលាគ្នារបស់មិត្តរួមការងារម្នាក់ឈ្មោះ Joe។

រំពេចនោះ មេរបស់អ្នកដើរមកជិត ហើយសួរថា៖ «បន្តិចទៀត (ប្រហែល ១០ នាទីទៀត) ជួយឡើងនិយាយពាក្យជូនពរ និងលាទៅកាន់ Joe បន្តិចបានទេ?»

«ខ្ញុំ... ខ្ញុំនិយាយមិនកើតទេមេ!» អ្នកឆ្លើយតបទាំងភ្ញាក់ផ្អើល និងគាំងបំពង់ក។

រលកនៃភាពភ័យខ្លាចក៏ចាប់ផ្ដើមបុកឡើងភ្លាមៗ៖
«ខ្ញុំធ្វើមិនបានទេ!»
«ខ្ញុំប្រាកដជាឆ្កួតហើយ បើហ៊ានឡើងនិយាយ!»

អ្នកព្យាយាមប្រកែកក្នុងចិត្ត ប៉ុន្តែវាមិនបានផលទេ... រហូតដល់អ្នកនឹកស្រមៃចង់ឱ្យដីហែកលេបខ្លួនឯងបាត់ឥឡូវហ្នឹងតែម្តង។

ប៉ុន្តែ រឿងហ្នឹងក៏មិនបានកើតឡើងដែរ។

ការនិយាយជាសាធារណៈ តែងតែបង្កើតឱ្យមានការព្រួយបារម្ភ និងភ័យព្រួយយ៉ាងខ្លាំងចំពោះមនុស្សភាគច្រើន ជាពិសេសនៅពេលដែលពួកគេត្រូវឡើងនិយាយជាលើកដំបូង។

ប៉ុន្តែការពិតនោះគឺ ការនិយាយនៅមុខប្រជាជនច្រើន តែងតែជាការលាយឡំគ្នារវាង «ភាពភ័យរន្ធត់» និង «ភាពរំភើបញាប់ញ័រ»។

វាជារឿងធម្មតាសម្រាប់មនុស្សគ្រប់ៗគ្នា។

🎿 វាដូចជានឹងការជិះស្គីលើទឹកកកអញ្ចឹង៖

ពេលដែលអ្នកទើបតែចាប់ផ្ដើមដំបូង អ្វីដែលអ្នកគិតឃើញមានតែ៖ ខ្លួនឯងធ្វើឆ្គងៗម៉េចមិនដឹងទេ, វាយ៉ាងម៉េចក៏គ្រោះថ្នាក់ម៉្លេះ, ហើយអ្នកប្រហែលជាគ្មានថ្ងៃជិះវាបានទេ...។

ប៉ុន្តែ ពេលអ្នកចាប់ផ្ដើមបត់បានមួយជុំ ថែមល្បឿនបានបន្តិច ព្រិលចាប់ផ្ដើមខ្ទាតប្រដេញពន្លឺថ្ងៃ... រំពេចនោះ អារម្មណ៍រំភើបបន្តិចបន្តួចក៏ចាប់ផ្ដើមលេចឡើង。

លុះពេលក្រោយមក នៅពេលដែលអ្នកក្លាយជាអ្នកជិះស្គីដ៏ស្ទាត់ជំនាញមួយរូប ជញ្ជីងរវាង «ភាពភ័យរន្ធត់» និង «ភាពរំភើប» ក៏ចាប់ផ្ដើមផ្លាស់ប្ដូរ។ ឥឡូវនេះ អ្នកកំពុងជិះរលូនចុះតាមជម្រាលភ្នំ បត់បែនយ៉ាងស្ទាត់ជំនាញ និងមានអារម្មណ៍ប្រៀបដូចជាជើងឯកអូឡាំពិកអញ្ចឹង!

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកជិះក្នុងល្បឿនលឿនលើទឹកកក ភាពភ័យព្រួយបន្តិចបន្តួចនៅតែលួចលាក់ខ្លួននៅក្នុងចិត្តរបស់អ្នកជានិច្ច។

ជាទូទៅ សម្រាប់អ្នកទើបតែចាប់ផ្ដើមនិយាយជាសាធារណៈ អារម្មណ៍តែមួយគត់ដែលយើងជួបប្រទះ គឺ «ភាពភ័យរន្ធត់»។

រង់ចាំដល់វេនខ្លួនឯងឡើង... ចាប់ផ្ដើមនិយាយ... ភាពភ័យរន្ធត់នៅតែមិនទាន់បាត់ទៅណា។ វាហាក់ដូចជាមកលេបត្របាក់យើង ធ្វើឱ្យយើងបាត់បង់ការគិត និងមានអារម្មណ៍ថាស្ពឹកស្រពន់ ឬគាំងស្មារតី។ ប៉ុន្តែ ជាចុងក្រោយ យើងក៏នៅតែអាចជម្នះនិយាយរហូតដល់ចប់ ហើយពេលដើរចុះពីលើឆាក ពេលដែលអារម្មណ៍ស្ពឹកស្រពន់ចាប់ផ្ដើមថមថយ អារម្មណ៍បន្ទាប់ដែលយើងទទួលបាន គឺ «ភាពធូរទ្រូង» ដែលអាសន្នមួយនេះបានកន្លងផុតទៅ។

ទោះជាយ៉ាងណា យើងនៅតែមានមោទនភាពស្ងាត់ៗចំពោះភាពក្លាហានរបស់ខ្លួនឯងក្នុងការឡើងនិយាយនោះ ហើយពន្លឺនៃភាពរំភើបតូចមួយ ក៏ចាប់ផ្ដើមឆេះឡើងនៅក្នុងចិត្ត។

ជាពិសេស ប្រសិនបើយើងអាចឈប់បន្ទោសខ្លួនឯងថា «យើងនិយាយអាក្រក់មើលមិនកើត»។

តាមពិតទៅ នៅពេលអ្នកដើរចេញពីក្រោមពន្លឺភ្លើងឆាក អ្នកគួរតែប្រាប់ខ្លួនឯងថា៖ «ធ្វើបានល្អណាស់!»
ហេតុអ្វី? ព្រោះវាជាការពិត! អ្នកបានជម្នះវាហើយ។

នៅពេលអ្នកហាត់សម និងសាកល្បងកាន់តែច្រើន ភាពភ័យរន្ធត់នឹងថយចុះ ហើយភាពរំភើបនឹងកើនឡើង។ ពេលអ្នកឡើងនិយាយម្ដងទៀត... ម្ដងទៀត... មិនយូរប៉ុន្មាន អ្នកនឹងភ្ញាក់ផ្អើលដោយដឹងខ្លួនឯងថា អ្នកកំពុងតែរីករាយជាមួយវា។

ហើយបន្តិចម្តងៗ អ្នកនឹងចាប់ផ្ដើម «ញៀន» នឹងអារម្មណ៍រំភើបនៃការឡើងនិយាយ។

ញៀនរហូតដល់ថ្នាក់ថា ពេលយប់ឡើងអ្នកដើរទៅបើកទូរទឹកកករកអីផឹក គ្រាន់តែពន្លឺទូរទឹកកកភ្លឺឡើង ភ្នែកប៉ះពន្លឺភ្លាម អ្នកឈរនិយាយបកស្រាយអស់ ៥ នាទីបាត់!

ហើយនៅពេលនោះហើយ ដែលភាពសប្បាយរីករាយពិតប្រាកដចាប់ផ្ដើមចូលមក។

💡 ហើយសូមចាំថា...

ប្រសិនបើអ្នកគ្មានអារម្មណ៍ភ័យអរ ឬរំភើបបន្តិចសោះទាល់តែសោះមុនពេលនិយាយ អ្នកនឹងធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ថាស្តាប់ទៅធុញ និងគ្មានជាតិកែវ (ស្តាប់ទៅស្ងួត)។

តើអ្នកដឹងទេថា អ្នកនិយាយដ៏ឆ្នើមបំផុតនៅលើពិភពលោកមួយចំនួន ធ្លាប់មានអាកការៈក្អួតចោត ដោយសារតែភ័យ មុនពេលពួកគេឡើងទៅនិយាយបង្កើតសុន្ទរកថាយ៉ាងកញ្រ្ជោល និងរំជួលចិត្ត?

ដូចនេះ ចូរយោគយល់ និងចិត្តល្អចំពោះខ្លួនឯង។

អ្នកនឹងធ្វើបានល្អឡើងៗ ជារៀងរាល់លើកដែលអ្នកឡើងនិយាយ។

ប៉ុន្តែ លក្ខខណ្ឌគឺ អ្នកត្រូវតែហ៊ានឡើងនិយាយ។

ដូច្នេះ ចូរក្រសោបយកចំណេះដឹងទាំងនេះ ហើយបន្ទាប់មក... «ធ្វើវាភ្លាមទៅ!»

Post a Comment