កំណត់ត្រាជីវិត៖ កុំស្អប់ភាពក្រ តែត្រូវខំអភិវឌ្ឍខ្លួន
មនុស្សភាគច្រើនស្អប់ក្រណាស់ខ្លាចក្រណាស់។ ហេតុអ្វី? ព្រោះនៅពេលក្រមនុស្សជាច្រើនតែងតែមើលងាយយើង។ ពេលយើងក្រមិនត្រឹមតែអ្នកដទៃទេ សូម្បីតែអ្នកនៅជិតខ្លួនយើងដូចជា ក្រុមគ្រួសារ ឬមិត្តភក្តិ ក៏អាចមានការមើលងាយដែរ។ ដូច្នេះហើយ មនុស្សជាច្រើនខិតខំរកលុយ និងព្យាយាមធ្វើអ្វីៗដើម្បីឲ្យជីវិតកាន់តែប្រសើរ។
មានមនុស្សមួយចំនួនគិតថា ការមានមិត្តភក្តិច្រើនគឺសំខាន់។ ប៉ុន្តែពិតប្រាកដហើយ មិនចាំបាច់មានមិត្តភក្តិច្រើនពេកទេ។ អ្វីដែលសំខាន់គឺយើងត្រូវខំរកលុយ ខំអភិវឌ្ឍខ្លួនឯង។ នៅពេលយើងមានសមត្ថភាព មានភាពជោគជ័យ មនុស្សជុំវិញខ្លួនយើងក៏នឹងកើនឡើងដោយឯងៗ។
ការចង់ក្លាយជាអ្នកជោគជ័យក្នុងការរកស៊ី យើងត្រូវស្គាល់មនុស្សឲ្យបានច្រើន។ ការស្គាល់មនុស្សច្រើន និងការបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃ គឺជាផ្នែកសំខាន់មួយនៃភាពជោគជ័យ។ គេតែងនិយាយថា “ដើរជាមួយអ្នកមាន យើងនឹងមានឱកាសក្លាយជាអ្នកមានដែរ” ព្រោះយើងអាចរៀនគំនិត និងបទពិសោធន៍ពីពួកគេ។
ការងារដើម្បីរៀន មិនមែនត្រឹមតែដើម្បីប្រាក់ខែ
មនុស្សជាច្រើនមានការយល់ច្រឡំថា ការធ្វើការឲ្យគេ គឺជាការធ្វើការដើម្បីគេប៉ុណ្ណោះ។ តាមពិតមិនមែនទេ។ ការធ្វើការឲ្យគេ គឺជាការធ្វើការដើម្បីខ្លួនឯងផងដែរ។ ពេលយើងធ្វើការយើងទទួលបានពីរយ៉ាង៖
- ប្រាក់ខែ
- បទពិសោធន៍
បទពិសោធន៍គឺមានតម្លៃខ្លាំងណាស់។ ឧទាហរណ៍ ប្រសិនបើយើងចង់បើកហាងកាហ្វេ យើងគួរតែទៅធ្វើការនៅហាងកាហ្វេសិន ដើម្បីរៀនពីវិធីឆុងកាហ្វេ ការបម្រើភ្ញៀវ និងការគ្រប់គ្រងហាង។ នៅពេលយើងចេះហើយ មានបទពិសោធន៍គ្រប់គ្រាន់ហើយ ទើបយើងអាចបើកអាជីវកម្ម ផ្ទាល់ខ្លួនឯងបាន។
ដូច្នេះ ការធ្វើការឲ្យគេ ៥ ឆ្នាំ ឬ ១០ ឆ្នាំ មិនមែនជារឿងអាក្រក់ទេ។ អ្វីដែលសំខាន់គឺយើងត្រូវរៀនពីការងារនោះ។ ពេលយើងចេះហើយ និងមានឱកាស យើងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនឯងបាន។
ការអភិវឌ្ឍខ្លួនគឺសំខាន់បំផុត
មនុស្សត្រូវតែអភិវឌ្ឍខ្លួនជានិច្ច។ ប្រសិនបើយើងមិនអភិវឌ្ឍខ្លួនទេ យើងនឹងនៅតែដូចដើម មិនរីកចម្រើន។ មានពាក្យមួយដែលគួរឲ្យគិតថា៖
"Keep learning while you are still hungry. If you stop being hungry, stop learning."
ន័យគឺថា មនុស្សគួររៀនជានិច្ច មិនថាវ័យចាស់ ឬវ័យក្មេងទេ។ ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងលឿន។ មុននេះគេនិយាយពី IT ប៉ុន្តែឥឡូវគេនិយាយពី AI។ មនុស្សជាច្រើនខ្លាចថា AI នឹងដណ្តើមការងាររបស់មនុស្ស។ ប៉ុន្តែជាក់ស្តែង AI មិនមែនមកដើម្បីជំនួសមនុស្សទេ ប៉ុន្តែមកដើម្បីជាជំនួយការដល់មនុស្ស។ ប្រសិនបើយើងចេះប្រើវា វាអាចជួយឲ្យយើងធ្វើការបានលឿន និងឆ្លាតជាងមុន។
ការគ្រប់គ្រងលុយ
លុយមានបីផ្នែកសំខាន់៖
- ចំណូល
- ចំណាយ
- ចំណេញ
បញ្ហារបស់មនុស្សភាគច្រើនគឺ ចាយលុយលើសពីចំណូល។ នេះជាមូលហេតុដែលធ្វើឲ្យជីវិតមានបញ្ហាហិរញ្ញវត្ថុ។ យើងគួរចាយលុយតែអ្វីដែលចាំបាច់ ដូចជា៖
- ទឹក
- ភ្លើង
- សាលារៀន
- ថ្នាំពេទ្យ
- អាហារហូបចុក
របស់ដែលយើងមានរួចហើយ មិនគួរទិញបន្ថែមដោយសារអារម្មណ៍ទេ។ ឧទាហរណ៍ ស្បែកជើងមានពាក់រួចហើយ តែឃើញស្អាតហើយចង់ទិញបន្ថែម។ នេះគឺជាការចាយលុយដែលមិនចាំបាច់។
វិធីមួយដើម្បីបង្ការ ការចាយលុយតាមអារម្មណ៍ គឺ ចាំ ២៤ ម៉ោង មុននឹងសម្រេចចិត្តទិញ។ បើក្រោយ ២៤ ម៉ោង យើងនៅតែចង់ទិញ នោះទើបសម្រេចចិត្តទិញ វាទៅ។
សរុបសេចក្ដីមក ជីវិតមនុស្សនឹងរីកចម្រើន ប្រសិនបើយើងមានផ្នត់គំនិតល្អ។ យើងមិនគួរខ្លាចក្រទេ យើងមិនស្អប់ភាពក្រទេ ប៉ុន្តែត្រូវខិតខំធ្វើការ រៀន និងអភិវឌ្ឍខ្លួនជានិច្ច។
- ធ្វើការឲ្យគេ ដើម្បីរៀនបទពិសោធន៍
- អភិវឌ្ឍខ្លួនជានិច្ច
- គ្រប់គ្រងការចាយលុយឲ្យបានល្អ
បើយើងអនុវត្តបាន នោះជីវិតយើងនឹងមានឱកាសជោគជ័យ និងមានស្ថេរភាពជាងមុន។ ហើយភាពជោគជ័យគឺកើតចេញពីប្រព័ន្ធអស់ទាំងនោះ ដោយលឿនរហ័ស។