មានបុរសម្នាក់ កំពុងតែកាប់មែកឈើក្នុងព្រៃធំមួយ។ ពេលដែលកំពុងកាប់ជិតដាច់ហើយ មានខ្លាមួយក្បាលបានដើររកចំណីក្នុងព្រៃនោះ ហើយបានឃើញបុរសនោះ ក៏លោតសង្រ្គបមកលើគាត់។ គាត់ភ័យខ្លាំងណាស់ ក៏លោតចាប់មែកឈើដែលគាត់បានកាប់ មែកនោះក៏បានបាក់ធ្លាក់មកលើខ្នងខ្លា ហើយគាត់ក៏តោងខ្នងខ្លាយ៉ាងជាប់។ ខ្លាភ័យណាស់ ខំប្រឹងបោលក្តឿងចូលព្រៃ។
ខ្លារត់ចូលព្រៃហើយ ក៏បុរសម្នាក់នោះនៅតែមិនធ្លាក់ពីលើខ្នងខ្លាទៀត ហើយខ្លាក៏គិតតែពីរត់ រត់ចូលភូមិអ្នកស្រុកទៀត។
មានកសិករម្នាក់ក្រោយពេលងើបពីដកស្ទូង ក៏បានឃើញបុរសកំពុងតែជិះលើខ្នងខ្លា ដូចនេះគាត់គិតថា៖ "គេអីក៏សំណាងម្ល៉េះ ទំនេរគិតតែពីសប្បាយ ជិះខ្លាដើរលេង។"
ឯបុរសជិះខ្លាពេលឃើញបុរសជាកសិករនោះគាត់គិតថា៖ "បុរសនេះពិតជាសំណាងណាស់ មិនខ្វល់ព្រួយពីអ្វីឡើយ ចំណែកអញបើធ្លាក់ពីលើខ្នងខ្លា ខ្លានឹងស៊ីជាក់ជាមិនខាន។ បើខ្លាមិនស៊ីក៏គង់តែនឹងស្លាប់លើខ្នងខ្លាដែរ បើរវល់តែជាមួយខ្លា រត់ៗមិនឈប់គ្មានពេលដេកពូនបាយទឹកអ្វីនោះ។"