៥ មេរៀនជីវិតសំខាន់ៗផ្លាស់ប្តូរគំនិត ជោកវាសនា និងគ្រប់គ្រងលុយឱ្យជោគជ័យ

អត្ថបទនេះបង្ហាញពី ៥ មេរៀនជីវិតសំខាន់ៗពី Talk Show ដែលជួយបម្លែងផ្នត់គំនិត អភិវឌ្ឍខ្លួន និងគ្រប់គ្រងលុយឱ្យមានប្រសិទ្ធភាព ដើម្បីឈានទៅរកភាពជោគជ័យក្នុងជីវិ
គន្លឹះគ្រប់គ្រងលុយ៖ ចៀសវាងការចាយដោយអារម្មណ៍
កំណត់ត្រាគំនិត - ជីវិត និងសង្គម

មេរៀនជីវិតពី Talk Show៖ ផ្នត់គំនិតអ្នកមាន វិធីគ្រប់គ្រងលុយ និងការអភិវឌ្ឍខ្លួន

ការជជែកដេញដោលគ្នានៅក្នុងកម្មវិធី Podcast ជារឿយៗតែងតែបង្កប់នូវគំនិតមុតស្រួចដែលអាចដាស់ស្មារតីយើងឱ្យភ្ញាក់ខ្លួន។ ថ្ងៃនេះ Bongsokla សូមដកស្រង់និងសង្ខេបនូវអត្ថន័យជ្រាលជ្រៅជុំវិញបញ្ហាសង្គម ការរស់នៅ ការតស៊ូ និងក្បួនគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីទុកជាទុនសម្រាប់ការអភិវឌ្ឍខ្លួនរបស់បងប្អូនទាំងអស់គ្នា។

💡 ១. ហេតុអ្វីយើងត្រូវ "ខ្លាចក្រ"?

បើយើងមិនខ្លាចក្រទេ ជីវិតយើងនឹងជួបភាពក្រីក្រជាក់ជាមិនខាន។ ភាពក្រីក្រគឺជារឿងដ៏លំបាក វានាំមកនូវការមើលងាយ សូម្បីតែពីសំណាក់មនុស្សជុំវិញខ្លួន មិត្តភក្តិ ឬសូម្បីតែក្រុមគ្រួសារ។ ដូច្នេះ កុំទាន់ខ្វល់ពីរឿងបង្កើតមិត្តភក្តិឱ្យបានច្រើន ខំប្រឹងរកចំណូលសិនទៅ នៅពេលដែលយើងរឹងមាំ មិត្តភក្តិនឹងកើនឡើងដោយឯកឯង។

🌱 ២. ឥទ្ធិពលនៃពាក្យសម្ដីរបស់ឪពុកម្ដាយ (ទ្រឹស្ដីដើមឫស្សី)

ពាក្យសម្ដីលើកទឹកចិត្តរបស់ឪពុកម្ដាយ អាចកែប្រែវាសនាកូនបានមួយជីវិត។ ការដែលឪពុកម្ដាយតែងតែសរសើរថា "កូននេះឆ្លាត" វាគឺជាការបញ្ជូនថាមពល (Law of Attraction) ទៅកាន់ខួរក្បាលកូន ធ្វើឱ្យកូនមានជំនឿជាក់លើខ្លួនឯង។

ឪពុកម្ដាយគ្រប់រូបគួរចៀសវាងការជេរប្រមាថ ឬបង្អាប់កូន។ ការចិញ្ចឹមកូនគឺដូចជា "ការដាំដើមឫស្សី" អញ្ចឹង។ ឫស្សីប្រើពេលរាប់ឆ្នាំដើម្បីចាក់ឫសទៅក្នុងដីដោយមិនទាន់លូតលាស់ចេញមកក្រៅឡើយ ប៉ុន្តែនៅពេលដែលវាចាក់ឫសរឹងមាំហើយ ទោះខ្យល់ព្យុះខ្លាំងប៉ុណ្ណាក៏វាមិនរលំដែរ។ ការវិនិយោគលើការអប់រំ និងការលើកទឹកចិត្តកូន គឺជាការចាក់ឫសដ៏រឹងមាំនេះឯង។
"អ្នកអត់ចេះអភិវឌ្ឍខ្លួន... នៅឃ្លានពេលណា ត្រូវរៀនពេលហ្នឹង។ បើឈប់ឃ្លាន ចាំឈប់រៀន!"

💼 ៣. ធ្វើការឱ្យគេ គឺដើម្បី "ខ្លួនឯង"

មនុស្សជាច្រើនតែងតែត្អូញត្អែរនិងធុញថប់នឹងការធ្វើការឱ្យគេ។ ប៉ុន្តែសូមកុំច្រឡំ! ការធ្វើការឱ្យក្រុមហ៊ុន មិនមែនធ្វើដើម្បីតែថៅកែទេ តែគឺធ្វើដើម្បីខ្លួនឯង។ វាគឺជាសាលារៀនដែលមិនត្រឹមតែមិនយកលុយយើងទេ ថែមទាំង "បើកប្រាក់ខែ" ឱ្យយើងរៀនទៀតផង។

ទោះអ្នកធ្វើការឱ្យគេ ៥ ឆ្នាំ ឬ ១០ ឆ្នាំក៏ដោយ ចូរប្រមូលយកបទពិសោធន៍ រៀនពីប្រព័ន្ធការងាររបស់គេឱ្យបានច្រើនបំផុត។ ពេលណាដែលអ្នកចេះច្បាស់ ពេលណាដែលមានឱកាស ត្រូវតែលោតចេញមកធ្វើសម្រាប់ខ្លួនឯង។ មុននឹងក្លាយជាថៅកែគេ អ្នកត្រូវតែចេះរៀនធ្វើជាកូនចៅគេសិន។

🤖 ៤. កុំខ្លាច AI តែត្រូវយកវាធ្វើជា "ជំនួយការ"

កុំបារម្ភថា AI នឹងមកដណ្ដើមការងារអ្នក។ AI មិនមែនជាសត្រូវទេ តែវាជាជំនួយការដ៏ពិសេសបំផុតដែលអាចធ្វើការបានយ៉ាងលឿន។ ទោះយើងស្ថិតក្នុងវ័យណាក៏ដោយ ក៏មិនត្រូវបដិសេធក្នុងការរៀនសូត្រពីបច្ចេកវិទ្យាថ្មីៗនេះដែរ ព្រោះអ្នកដែលចេះប្រើ AI នឹងមានប្រៀបជាងអ្នកដែលមិនចេះប្រើវាដាច់តែម្ដង។

💰 ៥. ក្បួនគ្រប់គ្រងលុយ (បញ្ហា ៩៩% របស់មនុស្សទូទៅ)

បញ្ហាធំបំផុតនៅក្នុងគ្រួសារមិនមែនរឿងអីផ្សេងទេ គឺភាគច្រើនផ្ដើមចេញពី "លុយ"។ មនុស្ស ៩៩% តែងតែចាយលុយទៅលើ "របស់ដែលមិនគួរចាយ"។ ការទិញរបស់តាមអារម្មណ៍ ជាពិសេសការទិញទំនិញតាមអនឡាញ (Online Shopping) ដោយសារតែឃើញគេ Live លក់ ឬអូសចុះអូសឡើងឃើញស្អាត ហើយក៏ទម្លាក់លេខទម្លាក់លុយភ្លាមៗ គឺជាទម្លាប់ដែលបំផ្លាញហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

ច្បាប់ ២៤ ម៉ោង (The 24-Hour Rule)

នៅពេលដែលអ្នកអូសទូរស័ព្ទឃើញរបស់ដែលអ្នកចង់ទិញខ្លាំង សុំកុំទាន់អាលទិញភ្លាម! សូមទុកពេលឱ្យខ្លួនឯង ២៤ ម៉ោង សិន ដើម្បីពិចារណាថាតើវាពិតជា "ចាំបាច់" ឬគ្រាន់តែជា "អារម្មណ៍មួយឆាវ"។ ជឿឬទេ? ក្រោយ ២៤ ម៉ោង អារម្មណ៍ចង់ទិញរបស់អ្នកនឹងថយចុះ ហើយអ្នកនឹងសង្គ្រោះលុយបានយ៉ាងច្រើន!

Post a Comment