កិច្ចសម្ភាសន៍រវាងរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ជាមួយនឹងទូរទស្សន៍បារាំង France 24 បានក្លាយជាប្រធានបទដ៏ក្ដៅគគុក បន្ទាប់ពីអ្នកសារព័ត៌មានបានដេញដោលសួរដេញជើង រហូតធ្វើឱ្យលោករដ្ឋមន្ត្រីដែលធ្លាប់តែមានវោហារសាស្ត្រការទូត បែរជាទាល់តម្រិះ និងឆ្លើយយកព្រួចតែម្ដង។
ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ អ្នកសារព័ត៌មានបានសួរដដែលៗ ដើម្បីឱ្យលោកពន្យល់ជុំវិញការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា អំពីវត្តមានទាហានថៃដែលកំពុងបន្តកាន់កាប់លើទឹកដីកម្ពុជា។ ជំនួសឱ្យការបកស្រាយដោយតថភាពជាក់ស្ដង លោករដ្ឋមន្ត្រីបានព្យាយាមគេចវេស ប៉ុន្តែនៅតែមិនអាចគេចផុតពីសំណួរដ៏មុតស្រួចរបស់អ្នកកាសែតឡើយ។
អ្វីដែលធ្វើឱ្យគេហួសចិត្តបំផុតនោះ គឺនៅពេលអស់តម្រិះ លោករដ្ឋមន្ត្រីថៃបានដោះសារថា តំបន់ដីទាំងនោះ កម្ពុជាទើបតែមកតាំងទីលំនៅ តាំងពីសម័យដែលថៃបើកជំរំទទួលជនភៀសខ្លួនកម្ពុជាប៉ុណ្ោះ។ នេះគឺជាការភូតភរទាំងស្រស់ ព្រោះជាក់ស្ដែងនៅតំបន់ ថ្មដា ខេត្តពោធិ៍សាត់ មិនដែលមានប្រវត្តិជាជំរំជនភៀសខ្លួនដូចការលើកឡើងរបស់លោកនោះឡើយ។
នៅចុងបញ្ចប់នៃកិច្ចសម្ភាសន៍ លោករដ្ឋមន្ត្រីបានអះអាងថា លោកនៅតែជឿជាក់លើការសន្ទនាទ្វេភាគី។ ប៉ុន្តែនៅពេលអ្នកកាសែតសួរដេញជើងថា តើលោកបានជជែកជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឬនាយករដ្ឋមន្ត្រីថៃបានជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជាដោយផ្ទាល់ដែរឬទេ? លោកបែរជាឆ្លើយទាំងទាល់ច្រកថា លោកបានត្រឹមតែទាក់ទងគ្នាតាម WhatsApp ជាមួយភាគីកម្ពុជាតែប៉ុណ្ណោះ!
រឿងនេះបានបង្ហាញឱ្យឃើញថា «ភូតច្រើន ចាញ់អាត្មា»។ ក្នុងពិភពការទូត ការនិយាយការពិតគឺជាគ្រឹះនៃទំនុកចិត្ត ប៉ុន្តែសម្រាប់កិច្ចសម្ភាសន៍មួយនេះ លោករដ្ឋមន្ត្រីហាក់បានបំប្លែងខ្លួនពី «អ្នកជំនាញការទូត» មកជា «អ្នកជំនាញការភូត» វិញ ដែលធ្វើឱ្យរូបលោកបាត់បង់តម្លៃក្នុងឆាកអន្តរជាតិយ៉ាងខ្លាំង។