បណ្ឌិត និងអ្នកចែវទូក

មានបុរសម្នាក់ រៀនចប់ថ្នាក់បណ្ឌិតពីបរទេស។ ដោយសារមានចំណេះដឹងខ្ពស់ខ្ពស់ បណ្ឌិតនោះមានការងារ និងថានៈខ្ពស់ ក្នុងទីក្រុងដ៏ធំមួយ។

ថ្ងៃមួយគាត់សម្រាកវិស្សមកាល ហើយបានធ្វើដំណើរកំសាន្តទៅទីជនបទ ស្រុកស្រែចំការ។ ដោយជក់ចិត្តនឹងជនបទ គាត់ក៏ចៃដន្យ ត្រូវជិះទូកឆ្លងទន្លេ ទៅត្រើយម្ខាង ដើម្បីកំសាន្តបន្ត។

គាត់បានហៅម្ចាស់ទូកដម្នាក់ ហើយនិយាយ និងសួរនាំអំពីតម្លៃ និងទីដៅដែលត្រូវទៅ។ ប្រហែលជាឥរិយាបថរបស់គាត់បែបហ្នឹងក៏មិនដឹង គាត់ហៅម្ចាស់ទូកថា៖ នែម្ចាស់ទូក! ខ្ញុំត្រូវការជួលមួយថ្ងៃ តើថ្លៃប៉ុន្មាន?

ម្ចាស់ទូកជាអ្នកជនបទ ក៏និយាយបែបធម្មតាៗជាមួយបុរសបណ្ឌិតនោះ។ បាទបង! មួយថ្ងៃ ខ្ញុំយក៨ម៉ឺនរៀល ជូនបងដល់ទីណាក៏បាន។

បណ្ឌិតរូបនោះបង្ហាញនូវទឹកមុខខឹង ហើយនិយាយទាំងទ្រគោះថា៖ នែ! លោក ខ្ញុំជាបណ្ឌិត! ខ្ញុំរៀនចប់នៅបរទេស ហើយជាមន្ត្រីនៅទីក្រុងផង។ លោកត្រូវហៅខ្ញុំថា លោកបណ្ឌិតៗ ឮទេ?

ម្ចាស់ទូកក៏ឆ្លើយយ៉ាងសុភាព៖​ បាទទាន! ជាកិត្តិយសណាស់ ដែលលោកបណ្ឌិតបានអញ្ជើញជិះទូករបស់ខ្ញុំ។ តើលោកបណ្ឌិតចង់ទៅខាងណា?

នៅលើទូក បណ្ឌិតរូបនោះ បង្ហាញនូវមោទនភាពយ៉ាងខ្លាំង ទាំងនិយាយបែបមើលងាយបុរសនោះផង។ បណ្ឌិតនោះនិយាយថា៖ មើល៍ម្ចាស់ទូក! ហេតុអី បានធ្លាក់ខ្លួនមកធ្វើការបែបហ្នឹង? ធម្មតាមួយថ្ងៃរកបានប៉ុន្មាន?

បុរសនោះតបថា៖​ បាទលោកបណ្ឌិត! ជីវភាពខ្ញុំក្រីក្រ! មិនមានលទ្ធភាពអីច្រើនទេ! ណាមួយក្នុង១ថ្ងៃ ខ្ញុំអាចរកបានច្រើនបំផុត១០ម៉ឺនរៀលប៉ុណ្ណោះ។ បណ្ឌិតនោះក៏សួរបន្តទៀត។ តើលោក មិនបានរៀនសូត្រអីទេឬ បានជាអាចត្រឹមតែចែវទូក? បុរសនោះ ក៏តបថា៖​ បាទទាន! មិនបានរៀនសូត្រអីមែន។


បណ្ឌិតរូបនោះបន្តថា៖ ហ៊ឺ! ស្រុកយើងមានមនុស្សល្ងង់ច្រើនណាស់! ហើយលោក ក្រៅពីចែវទូក អាចធ្វើអីកើត? បុរសនោះតបថា ក្រៅពីប្រើកម្លាំង គាត់មិនអាចធ្វើអីបានផ្សេងឡើយ។ បណ្ឌិតរូបនោះ កាន់តែមានអំណួតឡើង ហើយនិយាយបែបមើលស្រាលកាន់តែខ្លាំង។ បណ្ឌិត៖​ ខ្ញុំអាណិតលោកណាស់! មើលទៅលោកសឹងតែអាចថា បាត់បង់អស់៦០-៧០% ព្រោះក្នុងខ្លួនប្រហោងធ្លុង គ្មានចំណេះដឹងអីសោះ។

បុរសម្ចាស់ទូករៀងស្រងូតស្រងាត់នឹងការនិយាយមើលងាយពីបុរសម្នាក់ដែលមានចំណេះដឹងពេញខ្លួនម្នាក់នោះ។

មួយសន្ទុះ ម្ចាស់ទូកក៏បន្លឺឡើងថា៖ ខ្ញុំអាចសួរលោកបណ្ឌិតមួយសំណួរបានទេ? បណ្ឌិតរូបនោះ ក៏ឆ្លើយទាំងអំណតថា៖ ចង់សួរ១០០សំណួរក៏បាន! ស្អីក៏ខ្ញុំចេះដែរ ព្រោះខ្ញុំរៀនដល់ថ្នាក់បណ្ឌិត ហើយខ្ញុំធ្វើការត្រួតមនុស្សរាប់រាប់រយនាក់ឯណោះ។ បុរសនោះញញឹមស្ងួត ក៏សួរថា៖ តើលោកចេះហែលទឹកទេ? បណ្ឌិតនោះក៏ឆ្លើយបែបហីថា៖ ពិតជាសំណួរដែលគ្មានបានការមែន! ខ្ញុំជាអ្នករៀនសូត្រ ទៅរៀនហែលទឹកមានប្រយោជន៍អី? ណាមួយខ្ញុំមិនត្រូវខ្ជះខ្ជាយពេលវេលា! លោកជាមនុស្សល្ងង់ សួរសំណួរក៏បែបល្ងង់ៗដែរ។

បុរសម្ចាស់ទូកមានទឹកមុខស្ងួតហើយតបថា៖ បើលោកបណ្ឌិតមិនចេះហែលទឹក លោកនឹងបាត់បង់ជីវិត១០០% ព្រោះទូកនេះនឹងលិចក្នុងពេល២នាទីទៀត។​ ខ្ញុំសង្ឃឹមថា ចំណេះដឹងឥតព្រំដែនរបស់លោក ជួយលោកបានមិនខាន។

តើបុរសជនបទគួរជួយបណ្ឌិតនោះឬទេ? យកល្អ មិនបាច់ជួយទេ! 😥😥

Axact

វិរៈបុត្រខ្មែរ

គេហទំព័រយើងខ្ញុំ បង្កើតឡើងក្នុងគោលបំណងជួយអភិវឌ្ឍន៍ផ្នែកផ្នត់គំនិត ប្រាជ្ញា និងស្មារតីរបស់ប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់ការសិក្សាស្រាវជ្រាវ មានការអប់រំ និងផ្តល់ជូនចំណេះដឹងជាច្រើនទៀត មកចែករំលែកដល់មិត្តអ្នកអាន។

Post A Comment: