ពាក្យពុទ្ធទំនាយភាគ២ ‹‹ កុក និង ខ្លា ››
ផ្គរលាន់ទិសបូព៌ាសូរសណ្តុក អ្នកតាម្ចាស់ស្រុកឱបដៃយំ
កំពឹសឡើងពងលើកំពូលភ្នំ ក្អែកសសម្ងំក្នុងគុម្ពត្រែង។
ពោធិ៍ព្រឹក្សរិលគល់ពុំចាក់ឫស ពស់វែកត្រាំពិសគ្រប់កន្លែង
ក្របីលាក់ខ្លួនពួនសម្រួចស្នែង រាជហង្សដើរហើរស្វែងកាច់សម្បុក។
ពពេចក្រាបពងក្រោមគង្គារ ក្អែកពាំផ្លែល្វារាយគ្រប់ស្រុក
អ្នកផងឃើញហើយខំរើសទុក ដំណរទៅមុខទើបដឹងខ្លួន។
ស្វាក្រេះក្រញ៉ឹងប្រឹងហាត់គុន លុះឃើញសេះលន់ទើបរត់ពួន
កុកសកវែងរែងអួតខ្លួន ថាដឹងចំនួនត្រីក្នុងទឹក។
កុកសាប់រកស៊ីដោយវាលត្រាញ់ ស្រស្រាក់ស្រស្រាញ់ពុំមានភ្លឹក
កុកគ្រោងយោងខ្លួនដើរកាត់ទឹក ចាប់ត្រីរាល់ព្រឹកគ្មានមេត្តា។
ខ្លាញីរកស៊ីដោយសំសាន្ត លាក់ប្រាណសម្ងំចាំសាសនា
លុះឭផ្គរលាន់សប់ទិស្សា ទើបខ្លាយាត្រាពីក្នុងព្រៃ។
សត្វកុកនឹងខ្លានៅដោយខ្លួន មិនដែលជួបជួនគ្នាឡើយណីយ៍
បើជួបកាលណាអស្ចារ្យក្រៃ គ្រប់សាសន៍ដទៃភ័យមិនខាន។
ត្បិតអ្នកទាំងពីរសឹងកោងកាច អួតអាងអំណាចតែរៀងបា្រណ
មានរិទ្ធិចេស្តាពន់ប្រមាណ សឹងហៅក្លាហានឥតឧប្បមា។
ឥឡូវសូមសួរអ្នកទាំងឡាយ ចិត្តស្ម័គ្រមេត្រីចូលខាងណា
តើចូលខាងកុកឬខាងខ្លា អ្នកមានបញ្ញាទើបថាត្រូវ៕
Post A Comment: