ប្រវត្តិសាស្ត្រនៃការបែកបាក់៖ តើមូលហេតុអ្វីបានជាកូរ៉េត្រូវពុះចែកជាពីរ?
ដំណើររឿងដ៏ជូរចត់នៃជាតិសាសន៍តែមួយ ដែលត្រូវបំបែកដោយមហាអំណាច
មកទល់នឹងពេលនេះ មានរយៈពេលជាង ៦០ ឆ្នាំហើយ ដែលបងប្អូនកូរ៉េទាំងពីរបានធ្លាក់ទៅក្នុងសង្គ្រាម និងបាត់បង់អាយុជីវិតប្រជាជនស្លូតត្រង់រាប់លាននាក់នៅលើទឹកដីឧបទ្វីបនេះ។
កាលដើមឡើយ ប្រទេសកូរ៉េគឺជាប្រទេសតែមួយ ស្ថិតនៅក្រោមសន្តតិវង្ស Joseon (Kingdom of Joseon) ចន្លោះឆ្នាំ ១៣៩២ ដល់ ១៨៩៥។ ពួកគេបានប្រើប្រាស់ភាសាតែមួយ និងមានវប្បធម៌តែមួយយ៉ាងរឹងមាំបំផុត។
១. ដើមចមនៃវិបត្តិ៖ ការឈ្លានពានពីសំណាក់ជប៉ុន
រឿងរ៉ាវដ៏កម្សត់បានចាប់ផ្តើមឡើង តាមរយៈការវាយដណ្តើមយកទឹកដីពីសំណាក់អាណាចក្រជប៉ុននៅចុងសតវត្សទី១៩។ អាណាចក្រជប៉ុនបានកាត់យកឧបទ្វីបកូរ៉េជាផ្លូវការនៅ ឆ្នាំ ១៩១០ ហើយចាប់តាំងពីពេលនោះមក រហូតដល់ឆ្នាំ ១៩៤៥ កូរ៉េបានក្លាយជាប្រទេសចំណុះរបស់ជប៉ុនទាំងស្រុង។
២. សង្គ្រាមលោកលើកទី២ និងការជ្រៀតជ្រែកពីមហាអំណាច
នៅពេលសង្គ្រាមលោកលើកទី២ បានបញ្ចប់ទៅក្នុង ឆ្នាំ ១៩៤៥ សម្ព័ន្ធមិត្តអាមេរិកត្រូវចូលកាន់កាប់ទឹកដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ជប៉ុន រួមទាំងកូរ៉េផងដែរ។ ទន្ទឹមនឹងនោះ សហភាពសូវៀតក៏មានមហិច្ឆតាចង់គ្រប់គ្រងទឹកដីដែលខ្លួនធ្លាប់បោះបង់ចោលកាលពីសង្គ្រាម Russo-Japanese នាឆ្នាំ ១៩០៥ វិញដែរ។
នៅថ្ងៃទី៦ ខែសីហា ឆ្នាំ ១៩៤៥ អាមេរិកបានទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា។ ពីរថ្ងៃក្រោយមក សូវៀតបានប្រកាសសង្គ្រាមជាមួយជប៉ុន និងវាយលុកចូលតំបន់ម៉ាន់ជូរី រហូតកាន់កាប់ទីតាំងសំខាន់ៗនៅភាគខាងជើងនៃប្រទេសកូរ៉េ។
៣. ការគូសបន្ទាត់ខ្សែស្របទី៣៨ (The 38th Parallel)
ត្រឹមតែ ៥ ថ្ងៃមុនជប៉ុនចុះចាញ់ មន្ត្រីអាមេរិកពីររូបគឺ Dean Rusk និង Charles Bonesteel បានទទួលភារកិច្ចកំណត់ព្រំដែនកាន់កាប់។ ដោយមិនបានប្រឹក្សាយោបល់ជាមួយជនជាតិកូរ៉េឡើយ ពួកគេបានសម្រេចចិត្តកាត់ចែកកូរ៉េជាពីរ តាមខ្សែស្របទី៣៨ ដើម្បីធានាថាទីក្រុងសេអ៊ូលស្ថិតក្នុងដែនអាមេរិក។
៤. នយោបាយផ្ទុយគ្នា និងការកើតឡើងនៃរដ្ឋទាំងពីរ
អាមេរិកចង់ឱ្យកូរ៉េក្លាយជាប្រជាធិបតេយ្យ ចំណែកសូវៀតចង់ឱ្យក្លាយជាកុម្មុយនីស្ត។ នៅខែឧសភា ឆ្នាំ ១៩៤៨ កូរ៉េខាងត្បូងបានប្រកាសខ្លួនជាប្រទេស ក្រោមការដឹកនាំរបស់លោក Syngman Rhee។
ក្នុងពេលដំណាលគ្នានោះ នៅភាគខាងជើង សូវៀតបានតែងតាំងលោក Kim Il-sung ជាមេដឹកនាំថ្មី ដែលក្រោយមកលោកបានដាក់ងារខ្លួនឯងថា "មេដឹកនាំដ៏អស្ចារ្យ"។
៥. សង្គ្រាមបង្រួបបង្រួមដែលបរាជ័យ
នៅឆ្នាំ ១៩៥០ លោក Kim Il-sung បានបើកការឈ្លានពានទៅកូរ៉េខាងត្បូង ដើម្បីបង្រួបបង្រួមកូរ៉េក្រោមរបបកុម្មុយនីស្ត។ សង្គ្រាមនេះមានរយៈពេល ៣ ឆ្នាំ និងបានសម្លាប់មនុស្សជាង ៣ លាននាក់ ប៉ុន្តែចុងក្រោយ ប្រទេសទាំងពីរនៅតែមិនអាចរួបរួមគ្នាបាន និងត្រូវត្រឡប់ទៅរកបន្ទាត់ព្រំដែនខ្សែស្របទី៣៨ ដដែល។