រឿងបុរសកាសសាមសិប The story of a thirty-cent man

រឿងបុរសកាសសាមសិប The story of a thirty-cent man

រឿង បុរសកាស ៣០

កាលពីព្រេងនាយមានបុរសម្នាក់នៅស្រុកមួយ ឪពុកម្ដាយស្លាប់ទៅនៅកំព្រាតែម្នាក់ឯង ហើយក្រលំបាកណាស់គ្មានទ្រព្យសម្បត្តិអ្វីទេ មានតែកាស ៣០ ច្រកក្នុងថង់ក្រវាត់ជាប់ចង្កេះជានិច្ច។ បុរសនោះពិចារណាថា «អញទៅទីពឹងអ្នកណានឹងបានសុខ?» គិតទៅឃើញថា «គួរអញទៅជ្រកកោននឹងលោកក្រឡាហោមចុះ»។ គាត់ក៏ដើរចេញពីផ្ទះទៅដល់ក្រាបសំពះតាមសមគួរ។ លោកក្រឡាហោមសួរថា «ជីឯងមកពីស្រុកណា មានការអ្វី?» បុរសនោះជម្រាបថា «ខ្ញុំបាទមកពីស្រុកឆ្ងាយ ឪពុកម្ដាយស្លាប់ចោលអស់ហើយ នៅកំព្រាតែម្នាក់ឯង ខ្ញុំបាទមកនេះដើម្បីសូមជ្រកកោនបម្រើជាកូនក្មួយតទៅ សូមព្រះតេជព្រះគុណមេត្តា»។ លោកនោះសួរថា «ជីឯងចេះអក្សរល្មមធ្វើជាស្មៀនបានឬទេ?» បុរសជម្រាបថា «អក្សរខ្ញុំបាទមិនចេះទេ»។ លោកក្រឡាហោមប្រាប់ថា «យើងទទួលឱ្យនៅបាន តែត្រូវឱ្យជីឯងបោសសម្រាមក្រោមផ្ទះយើងរាល់ថ្ងៃកុំខាន»។ បុរសនោះក៏នៅបម្រើបោសក្រោមផ្ទះរាល់ថ្ងៃដល់ចំនួន ៣ ឆ្នាំ។ ថ្ងៃមួយបុរសកាស ៣០ សួរមាតាលោកក្រឡាហោមថា «លោកយាយ! តើលោកក្រឡាហោមជាកូនលោកយាយកើតឆ្នាំខែថ្ងៃអ្វី បានជាលោកមានបុណ្យមានទ្រព្យសម្បត្តិច្រើនម៉្លេះ?» យាយនោះប្រាប់ឆ្នាំថ្ងៃខែ និងពេលកើតសព្វគ្រប់។ បុរសនោះចាំប្រាកដក៏កត់ត្រាទុកក្នុងកំណាត់សំពត់ចាស់មិនឱ្យអ្នកណាដឹងឡើយ។ ក្រោយមកលោកក្រឡាហោមសួរបុរសនោះពីថ្ងៃខែឆ្នាំកំណើតវិញ បុរសនោះក៏យកកំណាត់សំពត់ដែលខ្លួនលួចកត់ត្រាឆ្នាំកំណើតរបស់លោកក្រឡាហោមនោះមកបង្ហាញ ហើយប្រាប់ថាខ្លួនមិនចេះអក្សរទេ តែឪពុកម្ដាយផ្ដាំថាជាថ្ងៃកំណើតខ្លួន។ លោកក្រឡាហោមឃើញថ្ងៃខែឆ្នាំ និងវេលាកើតដូចខ្លួនបេះបិទ ក៏គិតថាបុរសនេះនឹងមានបុណ្យស័ក្តិធំដូចខ្លួនមិនខាន ទើបសម្រេចចិត្តរៀបការកូនស្រីឱ្យ និងបង្ហាត់បង្ហាញឱ្យធ្វើរាជការរហូតបានចូលគាល់ស្ដេច។ ក្រោយមកមានអ្នកច្រណែនទៅប្រាប់លោកក្រឡាហោមថា បុរសនោះភូតភររឿងថ្ងៃកំណើតទេ។ លោកក្រឡាហោមខឹងណាស់ក៏រកឧបាយកម្ចាត់ចោល ដោយប្រើឱ្យនាំទ័ពទៅបង្ក្រាបចោរ (ក្នុងបំណងឱ្យស្លាប់ក្នុងសង្គ្រាម)។ ប៉ុន្តែបុរសនោះបែរជាមានជ័យជម្នះ បង្ក្រាបចោរបានរាបទាបទាំងអស់។ ស្ដេចសព្វព្រះទ័យយ៉ាងខ្លាំង ក៏តែងតាំងបុរសនោះជា «ក្រឡាហោម» ជំនួសឪពុកក្មេកដែលបានទទួលមរណភាពទៅ។
"សេចក្ដីអប់រំ៖ មនុស្ស កុំមើលងាយមនុស្ស"

ប្រភព៖ ដកស្រង់ចេញពីប្រជុំរឿងព្រេងខ្មែរ