មេរៀនជើងខ្លាំង! ប៉ះចំអ្នកស្នេហាជាតិ ម្ចាស់ហាងដែលមើលងាយ "លុយរៀល" សឹងតែដាច់ផ្ងារ
មានបុរសម្នាក់វ័យប្រមាណជាង ៤០ ឆ្នាំ សក់ល្បាយអាចម៍ខ្លា រាងមាំខ្ពស់ សម្បុរសណ្តែកបាយ និងមានការរៀបចំខ្លួនយ៉ាងសមរម្យបែបអ្នកធ្វើការក្រុមហ៊ុន។ លោកបានបើករថយន្ត Lexus RX330 ចូលទៅឈប់នៅមុខម៉ាតក្នុងការ៉ាសសាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ។
បន្ទាប់ពីបានជ្រើសរើសទំនិញអស់ទឹកប្រាក់ចំនួន
១៩,៥ ដុល្លារ លោកក៏បានហូតក្រដាសប្រាក់រៀលចំនួន
៨ ម៉ឺនរៀល ដើម្បីទូទាត់។ ភ្លាមៗនោះ
ម្ចាស់ហាងបានតបមកវិញដោយសម្ដីឆ្គងថា៖
«សុំទោសពូ! ហាងខ្ញុំមិនទទួលលុយរៀលទេ គឺទទួលតែលុយដុល្លារប៉ុណ្ណោះ!»
គ្រាន់តែឮចប់ បុរសនោះមានអារម្មណ៍ភាំងបន្តិច រួចគិតក្នុងចិត្តទាំងហួសចិត្តថា៖ «ស្រុកខ្មែរយើងដល់ថ្នាក់ហ្នឹងផង? សូម្បីតែរូបិយវត្ថុជាតិខ្លួនឯង ក៏មិននាំគ្នាឱ្យតម្លៃ ចង់លើកតម្កើងតែលុយសាសន៍គេទៅវិញ!»
គិតហើយ គាត់ក៏ហូតក្រដាសប្រាក់ ២០ ដុល្លារ ឱ្យទៅអ្នកគិតលុយ។ បន្ទាប់មក អ្នកគិតលុយនោះក៏បានអាប់ប្រាក់រៀលចំនួន ២,០០០ រៀល មកឱ្យគាត់វិញ។
ឃើញឱកាសហុចឱ្យ បុរសនោះក៏តបទៅវិញភ្លាមថា៖ «បើហាងប្អូនមិនទទួលលុយរៀលពីបងទេ បងក៏សុំមិនទទួលលុយរៀលពីប្អូនវិញដែរ!»
ម្ចាស់ហាងចាប់ផ្ដើមទាល់តម្រិះ រួចសួរទាំងងឿងឆ្ងល់ថា៖ «ចុះបើអញ្ចឹង តើឱ្យខ្ញុំធ្វើម៉េចទៅវិញពូ?»
បុរសនោះតបវិញយ៉ាងមុតមាំថា៖ «ងាយតើ! ប្អូនយកលុយ ២០ ដុល្លារដែលបងឱ្យមិញហ្នឹង មកបត់ជា ៤០ ផ្នត់ រួចហែកឱ្យបង ១ ផ្នត់ (ស្មើនឹង ០,៥ ដុល្លារ) មក ជាការស្រេច!»
ពេលនោះហើយ ទើបម្ចាស់ហាងដឹងខ្លួនថាខ្លួនឯងកំពុងជាប់អន្ទាក់ "ចំណេះជិះកឯង" និងមានអារម្មណ៍អៀនប្រៀនចំពោះទង្វើដែលមើលរំលងរូបិយបណ្ណជាតិខ្លួនឯង។
🇰🇭 សារដាស់តឿន៖
"រូបិយវត្ថុជាតិ គឺជាព្រលឹងជាតិ។ ការរួមគ្នាប្រើប្រាស់ប្រាក់រៀល គឺជាការជួយពង្រឹងសេដ្ឋកិច្ច និងបង្ហាញពីមោទនភាពជាតិខ្មែរយើងគ្រប់រូប។"