ស្តេចគម្លង់៖ រឿង ស្តេចគម្លង់ ឬព្រះបាទស័ង្ខចក្រ The Secret History and Mystery of Cambodia’s Leper King

Discover the captivating legend of the Leper King (King Sankchak), the 15th monarch of the Khmer Empire. Explore the historical mysteries, the curse o

ព្រះបាទ ធនញ្ជ័យគោរពរាជ្យក្សត្រខ្មែរទី១២ សោយរាជ្យសម្បត្ដិបាន៦៦ឆ្នាំ ព្រះអង្គចូលទីវង្គតក្នុងព្រះជន្ម៩៤វស្សា ព្រះអដ្ឋិធាតុព្រះអង្គត្រូវបានគេដង្ហែយកទៅតម្កល់ទុកឯភ្នំ ក្រោម ក្រោយដែលបានធ្វើពិធីបុណ្យយ៉ាងអធិកអធម ព្រះរាជបុត្រព្រះអង្គព្រះនាមវិជ័យកុមារដែលប្រសូតក្នុងឆ្នាំច បានឡើងសោយរាជ្យបន្ដពីព្រះអង្គ ។

ស្ដេចសោយរាជ្យបន្ទាប់ពីព្រះបាទធនញ្ជ័យគោរពរាជ្យ ថ្ងៃ ៥កើត ខែផល្គុន ឆ្នាំច ព.ស១៣៣៨ ត្រូវជា គ.ស៨៩៤ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់បានចុះសម្រុងគ្នាសុខចិត្ដយល់ព្រម តែងតាំងអភិសេកវិជ័យកុមារជាព្រះមហាក្សត្រ ។ កាលនោះព្រះអង្គបានអាយុ២៥វស្សា ព្រះអង្គមានព្រះរាជបរមនាម ព្រះបាទសម្ដេចព្រះស្រីជ័យជេដ្ឋនឫទ្ធិរាជារាមាធិបតីបរមបពត៌ ព្រះបាទជ័យជេដ្ឋជាមហាក្សត្រទី១៣ ។

ក្នុង ឆ្នាំច ចុល្លសករាជ១៩២ ជាមួយនឹងព្រះនាងភគវត្ដី(ពង្សាវតារបស់សម្ដេចវាំងជួន មិនបានបញ្ជាក់អំពីឈ្មោះមហេសីស្ដេចអង្គនេះទេ) ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមជេដ្ឋាជ័យកុមារព្រះ នាងភគវត្ដី បើតាមពង្សាវតារវត្ដទឹកវិលក្នុងស្រុកស្អាងខេត្ដកណ្ដាល ត្រូវជាប្អូនបង្កើតរបស់ព្រះបាទជ័យជេដ្ឋ ។ មិនតែប៉ុណ្ណោះ ជាមួយនឹងព្រះនាងភគវត្ដីដដែល ព្រះអង្គមានបុត្រីមួយព្រះអង្គទៀតព្រះនាមតារាវត្តី ។

ក្នុងរាជស្ដេចអង្គនេះព្រឹត្ដិការណ៍ដែលគេអាចគាត់សម្គាល់បាននោះ គឺដំណើរទស្សនកិច្ចយ៉ាងយូរបស់ព្រះអង្គដែលដើរមើលត្រួតត្រាទឹកដី ខណ្ឌសីមា អស់ពេលមួយឆ្នាំ៥ខែ កាលនោះក្នុងឱកាសដែលព្រះអង្គគ្មានវត្ដមាននៅរាជធានីមហានគរ ព្រះអង្គបានផ្ទុកផ្ដាក់កិច្ចការនគរឲ្យសម្ដេចចៅហ៊្វាទឡ្ហៈ(ជា រដ្ឋមន្ដ្រីទី១) និងនាម៉ឺន៤នាក់កាន់កាប់ជំនួស ក្រៅពីនេះ គេពុំឃើញមានព្រឹត្ដិការណ៍អ្វីជាសំខាន់គួរឲ្យចាប់អារម្មណ៍ ឡើយ ។ ព្រះបាទស្រីជ័យជេដ្ឋសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបាន៦០ ឆ្នាំ ព្រះអង្គចូលទីវង្គតនៅឆ្នាំរកា ក្នុងព្រះជន្ម៨៤វស្សា ។

Leper King Original

ព្រះបាទជេដ្ឋាជ័យ ព្រះរាជបុត្រ របស់ព្រះអង្គ ព្រះជេដ្ឋាជ័យកុមារ ត្រូវឡើងសោយរាជ្យបន្ដ ហើយពិធីអភិសេកបានប្រព្រឹត្ដទៅនៅថ្ងៃ៩កើត ខែបុស្ស ឆ្នាំរកា ព.ស១៣៩៧ ត្រូវជាគ.ស៨៥៣ ដោយមានព្រះរាជបរមនាមព្រះបាទសម្ដេច បរមជេដ្ឋាជ័យរាជាធិបតី កាលនោះព្រះអង្គទើបតែបានព្រះជន្ម២៤វស្សា ។ ព្រះអង្គជាព្រះមហាក្សត្រទី១៤(ក្នុងបញ្ហាឈ្មោះ ដើមកំណើតសែស្រឡាយ ថ្ងៃខែឆ្នាំកើតស្ដេចទាំងអស់នេះ គេមានការពិចារណាយ៉ាងច្រើនក្នុងការរៀបចំកំណត់ឲ្យបានត្រឹមត្រូវ ពីព្រោះពង្សាវតារ និងឯកសារផ្សេងៗ បានកត់ត្រាខុសអំពីគ្នាទាំងអស់ មានជាអាទិ ដូចពង្សាវតារកោកកាក ក្នុងស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល បានសរសេរថា ព្រះស្រីជ័យជេដ្ឋ ព្រះជេដ្ឋាជ័យ ព្រមទាំងព្រះធនញ្ជ័យគោរពរាជ្យ សុទ្ធតែត្រូវជាបងប្អូនបង្កើត និងត្រូវជាកូនរបស់ព្រះបាទបទុមសូរ្យវង្ស) ។

ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គព្រះនាម ស័ង្ខកុមារ ដែលបានប្រសូតឆ្នាំកុរ ច.ស២៦៥។ នេះបើតាមពង្សាវតារសម្ដេចវាំងជួន ។ ចំណែកពង្សាវតារវត្ដទឹកវិល បានសរសេរថាព្រះជេដ្ឋាជ័យ បានរៀបអភិសេកជាមួយនឹងប្អូនបង្កើតព្រះអង្គព្រះនាមតារាវត្តី ដែលព្រះអង្គបានថ្វាយឋានៈជាព្រះអគ្គមហេសី ជាមួយនឹងព្រះអគ្គមហេសីនេះ ព្រះសេដ្ឋាជ័យបានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ព្រះនាម បទុមរាជា ដែលប្រសូតក្នុងឆ្នាំរោង ហើយជាមួយនឹងព្រះម្នាងមាលាវត្ដីបានព្រះរាជបុត្រីមួយព្រះនាម សុភវត្ដី ដែលប្រសូតក្នុងឆ្នាំឆ្លូវ ។

អាយុបាន ២១ឆ្នាំ ក្នុងឆ្នាំឆ្លូវ ដោយតប់ប្រមល់ មិនអាចរស់នៅក្នុងព្រះបរមរាជវាំងតទៅទៀតកើត ព្រះបទុមរាជាសុំឪពុកទៅសាងផ្នួសបួសជាសង្ឃនៅឯភ្នំគូលែន ។ រីព្រះនាងសុភវត្ដីកាលបានអាយុ១៦ឆ្នាំ ថ្ងៃមួយបានសុំសេចក្ដីអនុញ្ញាតពីព្រះបិតា ដើម្បីធ្វើដំណើរទៅក្រសាលកំសាន្ដលេងតាមមាត់សមុទ្រ ។ នៅពេលដែលនាងកំពុងតែដើរប្រពាតព្រៃ ចៃដន្យអ្វី ស្រាប់តែមានខ្យល់ព្យុះសង្ឃរាបក់បោក និងភ្លៀងបង្អុរមកយ៉ាងខ្លាំងក្លា ចំនួនបីថ្ងៃបីយប់ ធ្វើឲ្យព្រះនាងវង្វេងផ្លូវ ក្នុងព្រៃភ្នំរកទិសទីចេញមិនរួច ។ ព្រះមហាក្សត្រជាឪពុក និងម្ដាយបានឲ្យនាម៉ឺនមន្ដ្រីសេនា ប្រជាជននាំគ្នាកាប់ឆ្ការព្រៃ ដើររុករាវរកគ្រប់ច្រកល្ហក រហូតដល់សមុទ្រ តែនៅតែរកមិនឃើញ ។ កន្លែងព្រៃភ្នំដែលព្រះមហាក្សត្រនិងពលទាហានដើររកព្រះនាង សុភវត្តី បានជាប់ឈ្មោះ ភ្នំជ្រាវ រៀងរហូតមកដល់សព្វថ្ងៃ ។ បីខែកន្លងមក ដោយរកកូនមិនឃើញ និងដោយក្ដីអស់សង្ឃឹមព្រះបាទជេដ្ឋាជ័យ ក៏ដាច់ចិត្ដនាំមុខមន្ដ្រីពលរេហ៍ត្រលប់ចូលព្រះរាជធានីវិញ ។

នឹងនិទានពីព្រះនាងសុភវត្តី នាងវង្វេងរកទិសទី រកច្រកផ្លូវត្រលប់មកព្រះពន្លាមិនឃើញទាល់តែសោះ ពីព្រោះទេវតាធ្វើអន្តរាគមន៍ចុះមកបំបិទបំបាំងផ្លូវ (ត្រង់ចំណុច នេះ យើងនឹងឃើញមានការទាក់ទង និងប្រវត្ដិស្ដេចត្រសក់ផ្អែមទៅថ្ងៃក្រោយ) ។ ដើរតត្រុកវិលចុះវិលឡើងវក់វីរកផ្លូវមិនឃើញ នាងសុភវត្តីស្រេកឃ្លានហេវហត់អស់កម្លាំងជាខ្លាំង ដាក់ខ្លួនចុះអង្គុយសម្រាកដោយក្ដីមួរហ្មងអស់សង្ឃឹម នាងក្រឡេកមើលទៅជិតឆ្ងាយ ឃើញទឹកមួយថ្លុកដក់ក្នុងស្នាមដានជើងដំរី ។ ដំរីនេះជាដំរីស នាងលូកដៃទៅក្បង់ទឹកយកមកសោយចម្អែតកាយ ។

ពេលវេលាកន្លងយូរមក ព្រះនាងបានអ្នកស្រុកអ្នកភូមិភ្នំជ្រាវទទួលចិញ្ចឹម បីបាច់ទំនុកបម្រុង ព្រមទាំងនាំគ្នាសង់ដំណាក់ថ្វាយព្រះនាង ដំណាក់នេះជាប់ឈ្មោះ «គុកព្រះរាជមន្ទីរ» តរៀងមក ។ ពីថ្ងៃនោះមក ព្រះនាងរស់លាយលំជាមួយនឹងប្រជានុរាស្ដ្រតំបន់ជ្រាវ(អាថ៌កំបាំងដែល អាចឆ្ងល់ និងចោទសួរនោះ គឺថ្ងៃក្រោយមក ហេតុដូចម្ដេច ព្រះនាងសុភវត្តីមិនបានវិលត្រលប់ចូលទៅព្រះរាជវាំងវិញ ? ចំពោះព្រឹត្ដិការណ៍នេះ គេពុំឃើញមាន ឯកសារពង្សាវតារខ្មែរណាមួយបានបញ្ជាក់ និងលើកយកមកស្រាយឲ្យបានសមហេតុសមផលទេ) ។

បាតុភូតអស្ចារ្យដែលគេមិនអាចយល់ស្មានបាន គឺមិនយូរប៉ុន្មានផង ព្រះនាងសុភវត្តីទ្រង់មានគភ៌គ្រប់ថ្ងៃខែកាលណា ព្រះនាងប្រសូតបានកូនប្រុស ដែលព្រះនាងដាក់ឈ្មោះថា ពញាជ័យ ។ ចំណែកព្រះមហាក្សត្រវិញ ព្រះបាទជេជ្ឋាជ័យ ព្រះអង្គបានចូលទីវង្គតនៅឆ្នាំជូត ក្នុងព្រះជន្ម៨៧វស្សា ដោយជម្ងឺចាស់ជរា ។ ព្រះអង្គសោយរាជ្យសម្បត្ដិប្រទេសកម្ពុជាបាន៦៤ឆ្នាំ ។

ស្ដេចគម្លង់ ឬព្រះបាទស័ង្ខចក្រ

គ្រានោះ ព្រះរាជបុត្រ ព្រះស័ង្ខចក្រដែលទើបតែបានអាយុ១៤វស្សា បានឡើងគ្រងរាជសម្បត្ដិបន្ដពីព្រះបិតា នៅថ្ងៃ១កើត ខែផល្គុន ឆ្នាំជូត ព.ស១៤៦០ ម.ស ៨៣៤ ច.ស៦៧៨ ត្រូវជា គ.ស៩១៦ ។ ព្រះអង្គមានព្រះបរមរាជនាមព្រះបាទសម្ដេចព្រះស័ង្ខចក្រព័ត្រ រាជាធិរាជ ។ ព្រះស័ង្ខចក្រជាក្សត្រខ្មែរទី១៥ ដែលគេបានដាក់ឈ្មោះថា ស្ដេចគម្លង់ ព្រះអង្គបានលើកឋានៈព្រះនាងកើត ដែលជាព្រះរាជវង្ស ជាព្រះអគ្គមហេសី ដែលមានព្រះនាមថ្មីជាសម្ដេចព្រះភគវត្ដីស្រីចក្រព័ត្រ ក្នុងច.ល៣១៤ ជាមួយនឹងព្រះនាងកើត ព្រះអង្គបានព្រះរាជបុត្រមួយព្រះអង្គព្រះនាមចក្រពង្ស ។

ព្រឹត្ដិការណ៍ សំខាន់ ដែលពង្សាវតារខ្មែរបានកត់សម្គាល់ក្នុងរាជព្រះអង្គ បានកើតផ្ទុះឡើងក្រោយដែលព្រះអង្គសោយរាជ្យសម្បត្ដិបាន៤៤ឆ្នាំ។ កាលនោះព្រះអង្គមានព្រះជន្ម៥២វស្សា នេះបើតាមពង្សាវតារវត្ដទឹកវិល ។

ដើមហេតុធំនោះគឺបណ្ដាលមកពីព្រះបាទស័ង្ខចក្រមិនបានគ្រប់គ្រង ផែនដី ដោយសុចរិតយុត្ដិធម៌ត្រឹមត្រូវតាមទសពិធរាជធម៌ ។ ដែលជាប្រភពធ្វើឲ្យប្រជាពលរដ្ឋ និងនាម៉ឺនមុខមន្ត្រីគ្រប់ជាន់ថ្នាក់រងទុក្ខវេទនា ក្ដៅក្រហាយមិនសប្បាយចិត្ដ ជាពិសេសនាម៉ឺនដែលមានដើមកំណើតជានាគ ។ នាម៉ឺននាគទាំងនេះ ដែលធ្លាប់ចូលមកបម្រើទឹកដីខ្មែរ តាំងពីសម័យរាជ្យព្រះថោងនាងនាគ សុទ្ធតែមានបុណ្យបារមីឬទ្ធិតេជៈខ្លាំងពូកែ ។

ស្តេចគម្លង់

ថ្ងៃមួយ នាឱកាសព្រះអង្គយាងចុះមករោងជុំនុំ ស្រាប់តែព្រះអង្គទតឃើញពួកនាម៉ឺននាគប្រកាន់អាកប្បកិរិយា ច្រឡើសបើស មិនសមរម្យឈរទ្រឹងនៅស្ងៀម មិនព្រមលុតជង្គង់ថ្វាយបង្គំព្រះអង្គដូចប្រក្រតី ព្រះស័ង្ខចក្រទ្រង់ពិរោធខឹងក្រេវក្រោធយ៉ាងខ្លាំង ដកដាវដេញតាមប្រហារជីវិតនាម៉ឺននាគទាំងនោះ ។ នាម៉ឺននាគមិននៅស្ងៀម បណ្ដោយឲ្យព្រះមហាក្សត្រពិឃាតឡើយ ។ គេនាំគ្នាព្រួសពិសដាក់មុខព្រះស័ង្ខចក្រ ហើយនាំគ្នារត់បាត់អស់ទៅ ចាប់តាំងពីថ្ងៃនោះមក នាម៉ឺន និងពពួកនាគឈប់ចេញមកជួយគ្រប់គ្រង កសាង ថែរក្សាស្រុកខ្មែរដូចដើមទៀតហើយ ។

ចំណែកព្រះ ស័ង្ខចក្រវិញ ដែលមានពិសនាគប្រឡាក់ជាប់ពេញមុខ ខំជូតដុសលាង និងប្រើអស់គ្រប់មធ្យោបាយដែរ តែនៅតែមិនជ្រះស្អាត ។ មិនយូរប៉ុន្មាន ព្រះភ័ក្ភ្រព្រះអង្គកើតមានជម្ងឺឃ្លង់ភ្លើង គ្មានគ្រូពេទ្យ​ណាមួយអាចមើលព្យាបាលជម្ងឺព្រះអង្គបានជាសះស្បើយ ឡើយ ។ ព្រះអង្គត្រូវបានប្រជានុរាស្ដ្រទូទាំងប្រទេសដាក់ឈ្មោះថា ស្ដេចគម្លង់ជារៀងរហូតមក ។

ដំណឹងនេះបានឮទៅដល់ព្រះសង្ឃ រុក្ខមូល ដែលគង់នៅលើភ្នំគូលែន ដោយក្ដីអាណិតមេត្ដាធម៌ប្រោសប្រណី ព្រះអង្គបានបង្គាប់ប្រើសិស្សជំនិតមួយអង្គ ឲ្យចុះពីភ្នំធ្វើដំណើរទៅព្រះមហានគរ យកថ្នាំទៅព្យាបាលជម្ងឺព្រះរាជា ។ ព្រះធុតុង្គរុក្ខមូលនេះ បើតាមពង្សាវតារវត្ដទឹកវិល គ្មាននរណាក្រៅពីព្រះអង្គបទុមរាជា បុត្រច្បងព្រះជេដ្ឋាជ័យ និងត្រូវជាបងបង្កើតរបស់ព្រះបាទស័ង្ខចក្រនោះទេ ។ ទៅដល់គាល់ជួបព្រះមហាក្សត្រកាលណា ព្រះសង្ឃជាសិស្សបានទូលថ្វាយអំពីបេសកកម្ម និងពិធីព្យាបាលជម្ងឺរបស់ព្រះអង្គ ។ ព្រះសង្ឃបង្គាប់ឲ្យគេដាំទឹកថ្នាំមួយថ្លាង កាលណាទឹកពុះ ស្ដេចត្រូវយាងចុះក្នុងទឹកពុះ ពេលនោះ លោកចាក់រោយថ្នាំមួយមុខថ្មីទៀតបញ្ចូលជាបញ្ចប់ ខណៈនោះ ព្រះមហាក្សត្រនឹងជាសះស្បើយ លែងមានជម្ងឺឃ្លង់ភ្លើងជាមិនខាន ។ តែព្រះស័ង្ខចក្រមិនជឿតាមថេរដីកានេះឡើយ ព្រះអង្គសុំឲ្យព្រះសង្ឃចុះក្នុងទឹកក្ដៅបង្ហាញជាមុខសិន ទើបព្រះអង្គជឿជាក្រោយ ។

គ្រានោះ ព្រះសង្ឃក៏ចាប់យកឆ្កែមួយបោះទៅក្នុងទឹកពុះក្ដៅគគុក បន្ទាប់មក លោកបង់ថ្នាំធ្វើឲ្យឆ្កែនោះរស់ជីវិតឡើងវិញ ហើយជាចុងបញ្ចប់ ព្រះសង្ឃបង់ថ្នាំមួយមុខផ្សេងទៀតថែមទៅក្នុងទឹកក្ដៅពុះ ធ្វើឲ្យឆ្កែមានជីវិតដឹងខ្លួនហើយមានរូបរាងល្អស្អាតជាងមុន(នេះ ជាកំណត់ពង្សាវតារវត្ដទឹកវិលក្នុងស្រុកស្អាងខេត្ដកណ្ដាល) ទោះបីជាបានឃើញជាក់ស្ដែងនឹងភ្នែកក៏ដោយ ក៏ព្រះស័ង្ខចក្រនៅតែមិនជឿហើយ ទាមទារឲ្យព្រះសង្ឃចុះក្នុងទឹកក្ដៅពុះដោយផ្ទាល់ខ្លួន ដើម្បីបញ្ជាក់ភាពស្មោះត្រង់ ធ្វើឲ្យស្ដេចជឿ មានទំនុកទុកចិត្ដ ព្រះសង្ឃសិស្សព្រះបទុមរាជ ក៏យល់ព្រមចុះក្នុងទឹកពុះ ព្រះអង្គបានផ្ដាំផ្ញើនឹងព្រះមហាក្សត្រស្ដេចគម្លង់អំពីរបៀបវិធី បង់ថ្នាំគឺ ដំបូងត្រូវបង់ថ្នាំដែលធ្វើឲ្យរាងកាយឡើងរឹង បន្ទាប់មកត្រូវដាក់ថ្នាំធ្វើឲ្យចេញមានជារូបរាង និងជាបញ្ចប់ ត្រូវដាក់ថ្នាំធ្វើឲ្យមានជីវិតរស់មកវិញ(នេះជាកំណត់ពង្សាវតារ ព្រះអម្ចាស់នុព្វរតន៍ កូនព្រះបាទអង្គឌួង)
មានថេរដីកាចប់ ព្រះសង្ឃក៏និមន្ដចុះភ្លាមទៅក្នុងថ្លាងដែលទឹកពុះក្ដៅហុយ ទ្រលោម ។

Angkor Reliefs

ជាមួយគ្នានោះដែរ នៅពេលដែលព្រះអង្គបានឃើញរូបរាងកាយព្រះសង្ឃកំពុងតែរលាយព្រះបាទ ស័ង្ខចក្រ ឬស្ដេចគម្លង់នឹកគិតឃើញថា «ព្រះគ្រូឧបជ្ឈាយ៍សង្ឃនេះ ត្រូវជាបងរបស់យើង មានដើមកំណើតឈាមជ័រជាស្េច សុភាសិតមួយបានដំណាលថា «កាលណាកើតជាខ្លា ខ្លានោះតែងតែចង់ស៊ីសាច់ កាលណាកើតមកមានឈាមជាស្ដេច មនុស្សនោះតែងតែចង់សោយរាជ្យជានិច្ច» បើយើងបង់ថ្នាំនេះឲ្យសង្ឃនេះមានជីវិតមកវិញ លោកអាចនិងតម្រូវឲ្យយើងចុះក្នុងទឹកពុះនោះជាមិនខាន ហើយក្នុងឱកាសដ៏ល្អនោះ លោកក៏អាចឆ្លៀតធ្វើឃាតយើង ហើយដណ្ដើមយករាជបល្ល័ង្កថ្វាយបងយើងបានងាយស្រួលបំផុត» ។

គិត ឃើញដូច្នេះ ស្ដេចគម្លង់ក៏ចាប់យកថ្នាំគ្រប់មុខគ្រវែងគ្រវាត់ចោលបាត់អស់ ហើយបញ្ជាឲ្យសេនាអាមាត្យយកថ្លាង និងសំណែសំណល់សពព្រះសង្ឃទៅចាក់ចោល ត្រង់ភ្នំបាខែង ដែលបន្ដិចម្ដងៗ គេនិយមហៅ «ភ្នំបាក់ខែង» ។ ដំណឹងអកុសលដែលស្ដេចគម្លង់បានធ្វើឃាតទៅលើរូបព្រះសង្ឃ បានលេចឮទៅដល់ព្រះគ្រូដែលគង់នៅឯភ្នំគូលែនព្រះអង្គនឹកស្រណោះ សោកស្ដាយយ៉ាងខ្លាំងដល់សិស្ស ដែលត្រូវបាត់បង់ជីវិត ដោយសារស្នាដៃស្ដេចមួយអង្គដ៏សាហាវយង់ឃ្នង ព្រះអង្គទ្រង់ខឹងខ្ញាល់ ហើយដាក់បណ្ដាសាប្រទេចដល់ស្ដេចគម្លង់ និងប្រទេសខ្មែរ ហេតុដូច្នេះហើយបានជាបណ្ដាជនខ្មែរមួយភាគធំមានជំនឿថាកម្មពៀរ វេរា ទុក្ខព្រួយវេទនា ស្លាប់ព្រាត់ប្រាស់បែកបាក់គ្រួសារ ដែលខ្មែរទាំងនគរធ្លាប់បានជួបប្រទះរហូតមកដល់បច្ចុប្បន្ន គឺបណ្ដាលមកអំពីពាក្យបណ្ដាសានេះ ។

Angkor Thom

រីព្រះ ស័ង្ខចក្រ ឬស្ដេចគម្លង់វិញ រហូតដល់អវសានជីវិត នៅតែមានជម្ងឺឃ្លង់ភ្លើងជាប់ខ្លួនជានិច្ច ព្រះអង្គសោយរាជ្យបាន៥៦ឆ្នាំ ហើយសុគតនៅឆ្នាំមមែ ក្នុងព្រះជន្ម៦៩វស្សា។ ក្នុងពេលនោះដែរ នគរចំណុះតូចធំ១៤ ដែលស្ថិតនៅក្រោមអំណាចត្រួតត្រារបស់ប្រទេសខ្មែរ បាននាំគ្នាប្រកាសឯករាជ្យភាព ផ្ដាច់ខ្លួនចេញពីសង្គមជាតិ ។

កំណត់សម្គាល់

១-

ជម្ងឺឃ្លង់ភ្លើងរបស់ស្ដេចគម្លង់ គឺជាជម្ងឺរបស់សង្គមខ្មែរដែលប្រជាជនទូទាំងប្រទេសបានជួបប្រទះ តាំងតែពីអតីតកាលរហូតដល់បច្ចុប្បន្នកាល បុព្វហេតុ គឺបណ្ដាលមកអំពីមហាក្សត្ររបៀបធុន «ព្រះស័ង្ខចក្រ» ឬអ្នកគ្រប់គ្រងផែនដីមិនបំពេញភារកិច្ចខ្លួនឲ្យបានត្រឹមត្រូវតាម ក្រឹត្យក្រមធម្មវិន័យ ដែលជាប្រភពនាំមកនូវការរំជើបរំជួលក្ដៅក្រហាយក្នុងផ្ទៃនគរ ។ ការក្ដៅក្រហាយមិនសប្បាយចិត្ដនេះហើយ ដែលជំរុញបង្កបង្កើតឲ្យមានការបះទង្គិចគ្នា និងការបាក់បែកប្រេះឆា ពិសេសដំបៅក្នុងសង្គមនេះ ក៏ដូចជាពិសរបស់មន្ដ្រីនាគ ដែលបានព្រួសទៅលើព្រះស័ង្ខចក្រដែរ ។ ព្រះមហាក្សត្រ ឬអ្នកនយោបាយដឹកនាំប្រទេសជាតិ មិនអាចគេចវេះ ជៀសវាងឆ្លៀតយករួចខ្លួនឡើយ ទោះចង់ ឬមិនចង់ក៏ដោយ គេត្រូវតែរងទទួលពិសពុល ជម្ងឺឃ្លង់មហាឫកដែលធ្លាក់មកកើតស៊ីរូងក្នុងសង្គមជាតិ ។

ក្នុងសង្គមជាតិនីមួយៗ កាលណាអ្នកដឹកនាំគ្មានសមត្ថភាព មិនចេះចាត់ចែងរៀបចំនគរ មិនស្អាតស្អំ ពុករលួយ អយុត្ដិធម៌ គ្មានវិន័យ គ្មានសន្ដោសធម៌ គ្មានគិតអំពីផលប្រយោជន៍ប្រជានុរាស្ដ្រ និងប្រទេសជាតិ ហើយគិតតែបំផ្លិចបំផ្លាញ លក់ដូរសម្បត្ដិទ្រព្យកេរ្ដិ៍អាករជាតិ យកមកបំពេញបំពោកក្រុមគ្រួសារបក្សពួក សង្គមជាតិនោះនឹងកើតមានជម្ងឺឃ្លង់ ឬជម្ងឺមហារីកមើលមិនជាឡើយ ជម្ងឺនេះនឹងស៊ីរោលរាលគ្រប់ជាន់ថ្នាក់ រហូតទាល់តែរលាយរលត់អស់នគរ ។

Kumlong King Interpretation

ដើម្បីព្យាបាល ជម្ងឺឃ្លង់មហារីកសង្គមឲ្យបានជាសះស្បើយដូចដើម ក្នុងប្រវត្ដិស្ដេចគម្លង់ បុព្វបុរសយើងបានពន្យល់ប្រាប់វិធីដោះស្រាយរួចស្រេចមកហើយ ៖

  • ទី១ ត្រូវតែយកសង្គមនោះមកស្ងោជំរះរាងកាយឲ្យមេរោគងាប់អស់សិន។
  • ទី២ ត្រូវយកថ្នាំដាក់ឲ្យកើតមានរូបរាងវិញ ឬរៀបចំកម្រិតដាក់ឲ្យមានស្ថាប័ន រចនាសម្ព័ន្ធត្រឹមត្រូវប្រសើរសម្រាប់សង្គមជាតិ។
  • ទី៣ ដាក់បញ្ចូលសង្គមជាតិនូវថ្នាំ ឬព្រលឹង ឬទ្រឹស្ដីមនោគមវិជ្ជាជាតិដែលអាចធ្វើឲ្យសង្គមជាតិនោះមានជីវិត រស់រាន ល្អបរិសុទ្ធប្រពៃទៅអនាគត ។
២-

វិធីពិស្ដារព្យាបាលសង្គមរបៀបនេះ អាចធ្វើឲ្យមានការឈឺចាប់ អាចធ្វើឲ្យអ្នកកាន់អំណាចមិនសប្បាយចិត្ដពីព្រោះគេត្រូវអស់អំណាច និងបុព្វសិទ្ធិ ដែលជាប្រភពនាំឲ្យពួកដឹកនាំ ឬអ្នកនយោបាយទាំងនោះប្រឆាំង មិនយល់ស្របដោះស្រាយតាម ។ អ្នកនយោបាយជំពូកនេះ ដែលប្រកាន់ និងស្រឡាញ់អំណាចផ្ដាច់ការ ហើយដែលមិនធ្លាប់គិតអំពីប្រយោជន៍ជាតិ និងប្រើកម្លាំងបាយ ដើម្បីកម្ចាត់បំផ្លាញគ្រូពេទ្យដែលមានបំណងចង់ព្យាបាលសង្គមជាតិ តួអង្គជាក់ស្ដែងមានព្រះស័ង្ខចក្រ ឬស្ដេចគម្លង់ជាឧទាហរណ៍ស្រាប់ ។ គេចាត់ទុកគ្រូពេទ្យសង្គមជាតិ ដែលអាចរកមធ្យោបាយល្អដោះជូនប្រជាជាតិ ជាសត្រូវ ជាឧបសគ្គធំ ចំពោះអំណាចផ្ដាច់ការ និងផលប្រយោជន៍ក្រុមគ្រួសារបក្សពួកផ្ទាល់របស់គេ ។ ដូច្នេះ គោលបំណងទិសដៅរបស់គេ គឺត្រូវតែបំផ្លាញកម្ចាត់គ្រូពេទ្យ ឬអ្នកស្នេហាជាតិទាំងនេះ ឲ្យផុតរលត់ពូជអស់ពីមុខពីមាត់របស់គេ ។ គឺគេប្រើវិធីតែមួយដូចដែលព្រះស័ង្ខចក្របានប្រើទៅលើ ព្រះសង្ឃ ។

៣-

ក្នុងប្រវត្ដិស្ដេចគម្លង់ មានចំណោទមួយបានផ្ទុះឡើងត្រង់ពាក្យ «គម្លង់» កាលពីឆ្នាំ១៩៦៨ លោក អូ ឈាង អ្នកឯកទេសខ្មែរយើងម្នាក់ ខាងផ្នែកភាសាខ្មែរ បានលើកយកពាក្យ «គម្លង់» មកវែកញែកអធិប្បាយពន្យល់យ៉ាងល្អិតល្អន់ក្នុងអត្ថបទមួយចុះផ្សាយ ក្នុងទំព័រទស្សនាវដ្ដី JOURNAL ASIATIQUE (សារព័ត៌មានអាស៊ី) NO CCLIV (លេខ២៥៤)ភាគទី២ ដោយសម្អាងទៅលើពាក្យសំស្ក្រឹត និងទៅលើសិលាចារឹកប្រមាណជា៣០ មានសិលាចារឹកនៅស្តុកកោះធំ សិលាចារឹកសម័យអង្គរ លោកអូ ឈាង បានអះអាងបញ្ជាក់ថាពាក្យ «គម្លង់» លេចក្លាយចេញមកពីពាក្យ «គន្លង» គន្លងមានន័យថា ផ្លូវ មាគ៌ា ច្បាប់ ឬធម៌ ។ ក្នុងន័យនេះខ្មែរយើងតែងនិយមប្រើ និងនិយាយដូចជា តាមគន្លងធម៌ មិនលុះដោយគន្លងធម៌ កូនលុះដោយគន្លងធម៌ គន្លងនង្គ័លជាដើម ៘

ដោយ មានការផ្លាស់ប្ដូរទៅតាមទីកន្លែងភូមិស្ថាន ការវិវត្ដរបស់សង្គមកាលសម័យទៅតាមកាលវេលា និងទៅតាមការពោលនិយាយស្ដីពាក្យ «គន្លង» បានក្លាយបន្ដិចម្ដងៗទៅជាពាក្យ ក្លោង ឬមេ ឬកន្លោង ឬមេក្លោង ឧទាហរណ៍ ដូចជាពាក្យ សសរកន្លោងជាដើម ៘ ចំណែកពាក្យ គម្លង់ ដែលគេប្រើសម្រាប់សម្គាល់ ស្ដេចគម្លង់ ឬព្រះគម្លង់វិញ គឺជាការភាន់ច្រឡំ បណ្ដាលមកពីអ្នកប្រាជ្ញស្រាវជ្រាវបារាំងដែលស្គាល់ពាក្យពេចន៍ខ្មែរ មិនច្បាស់លាស់ ហើយសម្អាងតែទៅលើការស្ដាប់សូរស័ព្ទភាសានិយាយ បានបកប្រែ និងសរសេរពាក្យ គន្លង ខុសន័យដើម ហើយធ្វើឲ្យក្លាយទៅជា គន្លង់ ឬគម្លង់ ។ ដល់គេនាំគ្នាប្រែជាភាសាបារាំង ពាក្យគន្លង ក៏ក្លាយទៅជា «LÉPREUX» ដូច្នេះហើយក្នុងការបកប្រែភាសាបារាំង បើតាមលោកអូ ឈាង ពាក្យ «ស្ដេចកន្លោង» បានក្លាយទៅជា ROI LÉPREUX ហើយពាក្យបារាំងដដែលនេះ កាលណាគេបកប្រែទៅជាភាសាខ្មែរវិញត្រលប់ជាមានន័យថា «ស្ដេចគម្លង់» ។

៤-

ម្យ៉ាងមួយទៀតចំណុចមួយទៀតដែលធ្វើឲ្យយើងឆ្ងល់ ចោទសួរបញ្ហានោះ គឺត្រង់រូបស្ដេចគម្លង់ ឬព្រះគម្លង់(ខ្មែរនិយមហៅ «ព្រះគម្លង់» មួយប៉ុណ្ណោះ) ត្រូវបានប្រជាជនខ្មែរគ្រប់ច្រកល្ហកស្រឡាញ់គោរព កោតខ្លាចទុកជាទីសក្ការបូជា ព្រះគម្លង់ ដែលខ្មែរតែងតែទៅនាំគ្នាអុជធូបបន់ស្រន់ដាក់ភ្ញីផ្កាធ្វើបុណ្យ ទានថ្វាយ និងគោរពជាប្រក្រតី មាននៅក្នុងអង្គរធំ និងមុខវត្ដឧណ្ណាលោម ៘ តាមការពិតទៅ ក្នុងប្រវត្ដិសាស្ដ្រ គ្មានប្រជារាស្ដ្រណាមួយស្រឡាញ់ស្ដេចគម្លង់នោះឡើយ ពីព្រោះស្ដេចអង្គនេះ គ្មានទសពិធរាជធម៌ ហើយកាចសាហាវឃោរឃៅ ស្ដេចនេះគិតតែអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើម្ដេចនឹងចេះស្រឡាញ់ ហើយនឹងជួយប្រជានុរាស្ដ្រទន់ខ្សោយដែលមានទុក្ខទោសនោះកើត ? ដូច្នេះព្រះបដិមាករនេះ មិនមែនជាតំណាងស្ដេចគម្លង់ទេ ព្រះគម្លង់នេះ បើយោងទៅតាមការវែកញែករបស់ លោកអូ ឈាង គឺពិតជាព្រះកន្លោង ឬព្រះធម៌ឬព្រះដែលមានធម៌ ឬព្រះទ្រង់ធម៌ ។

មួយផ្នែកទៀត មនុស្សសម័យបារាំងធ្វើការស្រាវជ្រាវនៅប្រទេសខ្មែរ បដិមាករដែលគេនាំគ្នាប្រសិទ្ធិនាមដាក់ឈ្មោះថា ស្ដេចគម្លង់នោះ មិនដែលមានឈ្មោះអ្វីពិតប្រាកដដែរ គឺគ្រាន់តែជាព្រះបដិមាករមួយអង្គ ដែលគេតែងតែនាំគ្នាទៅគោរពបូជាប៉ុណ្ណោះ ព្រះបដិមាករនេះ ក៏អាចជារូបសំណាកវីរៈបុរសខ្មែរស្នេហាជាតិម្នាក់ ដែលបានកសាងអង្គរដែរ ។

៥-

ក្នុងបញ្ហាស្ដេចគម្លង់ និងព្រះគម្លង់ ឬព្រះកន្លោង យើងស្ថិតនៅចំពោះមុខហេតុ និងព្រឹត្ដិការណ៍២ខុសគ្នាស្រឡះ ៖

មួយ គឺព្រះមហាក្សត្រខ្មែរទី១៥ ព្រះស័ង្ខចក្រ ជាស្ដេចអយុត្ដិធម៌ គ្មានសន្តោស មេត្ដាធម៌ គ្មានទសពិធរាជធម៌ ដែលគេស្អប់ខ្ពើមជាទីបំផុតនិងពីរ គឺព្រះគន្លង ឬព្រះកន្លោង ឬព្រះធម៌ ឬព្រះទ្រង់ធម៌ ដែលល្អបរិសុទ្ធ មានឬទ្ធិអំណាចតេជបារមី ចេះស្រឡាញ់ការពារថែរក្សាផ្ដល់សេចក្ដីសុខក្សេមក្សាន្ដ និងចម្រើនលូតលាស់ដល់ប្រជាពលរដ្ឋខ្មែរ ព្រះអង្គត្រូវបានខ្មែរទូទាំងនគរ ស្រឡាញ់ចូលចិត្ដ គោរពបូជា សុំសុខ ជ្រកកោនក្រោមម្លប់បារមី ។

ដោយ សម្អាងទៅលើហេតុការណ៍ និងហេតុផលដូចបានរាប់រៀបរួចមកស្រាប់ ខ្ញុំយល់ និងជឿជាក់ថា មានតួអង្គទាំងអស់ដល់ទៅពីរ ដែលមានលក្ខណៈផ្ទុយខុសគ្នាទាំងស្រុង គឺមិនមែនមានតួអង្គតែមួយគត់នោះទេ ក្នុងឈ្មោះស្ដេចគម្លង់ ឬព្រះគម្លង់ ឬព្រះកន្លោង ឬព្រះគន្លង តួអង្គទីមួយគឺស្ដេចគម្លង់ ឬព្រះស័ង្ខចក្រ ក្សត្រខ្មែរទី១៥ ក្នុងប្រវត្ដិសាស្ដ្រខ្មែរ និងទីពីរ គឺព្រះគន្លង ឬព្រះកន្លោងដែលជាព្រះធម៌ ជាអ្នកការពារ ជាវីរៈបុរសស្នេហាជាតិ និងជាមេកើយគ្រប់គ្រងណែនាំប្រជាពលរដ្ឋខ្មែរ ឲ្យឆ្ពោះទៅរកសេចក្ដីចម្រើន សុខសរីសួស្ដីតាមផ្លូវគតិធម៌ ។

៦-

រូបព្រះកន្លោង ឬព្រះគន្លង ដែលមានលាក់បង្កប់នូវអាថ៌កំបាំង បានធ្វើឲ្យអ្នកប្រាជ្ញ អ្នកស្រាវជ្រាវ សិប្បករ និងកវីនិពន្ធបរទេសជាច្រើន ចាប់អារម្មណ៍ដិតដក់ជាប់ក្នុងចិត្ដវិញ្ញាណ ដូចជា មូរ៉ា (MOURA) ហ្គ្រស៍លីយេ (GROSLIER) សឺដេស (COEDES) ការេរ៉ា (CARERA) និងគ័រម៉ាយ (CORMAILLE) ។ ហើយលោក ពីជែរបឺណ័ត៍ (PIERRE BENOIT) សមាជិកបណ្ឌិតសភាបារាំងយ៉ាងធំល្បីល្បាញមួយរូប បានយកឈ្មោះស្ដេចគម្លង់ ឬព្រះគម្លង់ ឬព្រះកន្លោង មកតាក់តែងនិពន្ធជារឿងប្រលោមលោក និងដាក់ជាចំណងជើង « LE ROI LÈPREUX» ឬស្ដេចគម្លង់។

Le Roi Lepreux Book Cover

— អរគុណបងសំឡាញ់ដែលបានរក្សានូវប្រវត្តិសាស្ត្រខ្មែរដ៏មានតម្លៃនេះ —

Post a Comment

[label-section label="Promotion" items="5" type="slider" title="អត្ថបទថ្មីៗ" link="https://bongsokla.blogspot.com/search/label/Business Inside "]