គ្រោះថ្នាក់ដែលមើលមិនឃើញ៖ ផ្សែងចេញពីការដុតប្លាស្ទិកនៅក្រុងដូនកែវ កំពុងកម្ទេចសុខភាពពលរដ្ឋស្ងាត់ៗ
យោងតាមការសង្កេតជាក់ស្ដែង គំនរសំរាមនៅក្រុងដូនកែវ ដែលសុទ្ធសឹងសំណល់ប្លាស្ទិក ត្រូវបានដុត និងឆេះញឹកញាប់។ បញ្ហានេះបានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់សុខភាពសាធារណៈ ខណៈដែលផ្សែងចេញពីការដុតកម្ទេចទាំងនោះ កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
"ផ្សែងចេញពីគំនរប្លាស្ទិកត្បិតយើងមើលមិនឃើញ តែវាបាននិងកំពុងបំផ្លាញសុខភាពពលរដ្ឋ និងបរិស្ថានបន្តិចម្តងៗជារៀងរាល់ថ្ងៃ។"
ក្នុងន័យស្ថាបនា យើងត្រូវក្រឡេកមើលការពិតថា យើងប្រឹងរុញជីវភាពពលរដ្ឋ តែជីវភាពអាចនឹងរិចរិលដោយសារជំងឺ ដែលជំងឺទាំងនោះមានចំណែកមកពីផ្សែងនៃការដុតប្លាស្ទិកនេះផងដែរ។ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គម មិនអាចដើរទៅមុខដោយរលូនឡើយ ប្រសិនបើសុខភាពពលរដ្ឋត្រូវបានយាយីដោយសារជាតិពុលក្នុងបរិយាកាសបែបនេះ។
មតិស្ថាបនា និងការដាស់តឿន
ទម្លាប់នៃការដុតសំរាមប្លាស្ទិក មិនត្រឹមតែបង្កើតភាពកខ្វក់ដល់សោភ័ណភាពក្រុងប៉ុណ្ណោះទេ តែវាជាការបង្កើត "ជាតិពុល" ដ៏សាហាវបំផុតដែលជ្រាបចូលទៅក្នុងសួតរបស់មនុស្សគ្រប់គ្នា។ ជាដំណោះស្រាយ អាជ្ញាធរ និងពលរដ្ឋគួររួមគ្នាគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ ជាជាងការដុតកម្ទេចដែលផ្ដល់គ្រោះថ្នាក់បែបនេះ។
សារដាស់តឿនបន្ទាន់!
"សូមកុំដុតសំរាម កុំដុតប្លាស្ទិក វានឹងកម្ទេចសុខភាពអ្នក!"
អត្ថបទនេះសរសេរឡើងក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនា និងដើម្បីជាប្រយោជន៍ដល់សុខភាពសាធារណៈ។
