អំណាចលុយ Power of Money

Anonymous
អំណាចលុយ

កំណាព្យ៖ អំណាចលុយ

១. លុយមានអំណាចគួរឱ្យខ្លាចណាស់ លុយជាក្រដាសតែមានរិទ្ធ
លុយឱ្យមនុស្សរស់ខ្វល់រិះគិត ខំប្រឹងប្រព្រឹត្តស្វែងរកវា។
២. លុយមានអំណាចអាចប្រល័យ ឱ្យមនុស្សសត្វក្ស័យសូន្យជន្មា
លុយឱ្យមនុស្សរស់ជិះជាន់គ្នា ឈ្នានិស្សនិន្ទាកើតបញ្ហា។
៣. លុយមានអំណាចអាចទាក់ចិត្ត ឱ្យជ្រើសស្នេហ៍ស្និទ្ធឥតវាចារ
វង្វេងវិលវង់លង់ចិន្តា ងល់ងប់ស្នេហាត្រដែតខ្ពស់។
៤. លុយមានអំណាចអាចបញ្ជា ឱ្យមនុស្សលូនវាស្លាប់ឬរស់
លុយឱ្យក្ដីសុខឱ្យរងគ្រោះ លុយឱ្យមានឈ្មោះល្បីរន្ទឺ។
៥. លុយមានអំណាចអង់អាចពិត ឱ្យមនុស្សងងឹតទាំងភ្នែកភ្លឺ
លុយឱ្យគថ្លង់លែងដឹងឮ លុយឱ្យចេះឌឺចាក់ស៊កសៀត។
៦. លុយមានអំណាចអាចងើបឡើង ដើរទាក់បំបើងសីលធម៌ខ្ទាត
លុយឱ្យឈ្លើងទៀមបឺតឈាមញាតិ បឺតហើយបឺតទៀតមិនចេះគ្រប់។
៧. លុយមានអំណាចអង់អាចម្លឹង ទើបគេខំប្រឹងទាំងថ្ងៃយប់
ធ្វើនេះធ្វើនោះមិនចេះឈប់ រហូតងល់ងប់ភ្លេចសាងល្អ។