បច្ចេកទេសចិញ្ចឹមមាន់ស្រុកបែបធម្មជាតិ
ចំណាយតិច ធន់នឹងជំងឺ និងចំណេញបានច្រើន
🙏 ខ្មែរជួយខ្មែរ! សូមជួយស៊ែរបន្តដើម្បីជាចំណេះដឹងដល់បងប្អូនកសិករយើង។ នេះគឺជាវិធីសាស្ត្រងាយៗក្នុងការផលិតចំណី និងមេជីជួយឱ្យមាន់ធំធាត់លឿនតាមបែបធម្មជាតិពិតៗ។
🥣 រូបមន្តផ្សំចំណីមាន់ធម្មជាតិ (សម្រាប់មាន់អាយុ ២ សប្តាហ៍ឡើង)
• ត្រកួន៖ ៥ ចាន
• កន្ទក់៖ ៥ ចាន
• ត្រីស្ងោរ៖ ៥ ចាន
• កំពឹស៖ ២ ចាន
• កាកដូង៖ ៣ ចាន
• ចុងអង្ករ៖ ៥ ចាន
• មេជីចេក៖ ១ ដបកន្លះលីត្រ
💡 គន្លឹះពិសេស៖ បងប្អូនអាចបន្ថែម ប្រទាលកន្ទុយក្រពើ ចិតយកសាច់ ២ ធាង លាយចូលគ្នា ដើម្បីជួយដល់ប្រព័ន្ធរំលាយអាហារ និងការពារជំងឺសាយកភ្នែក។ លាយឱ្យសព្វ រួចឱ្យមាន់ស៊ី ១ ថ្ងៃ ៣ ពេល។
🍌 វិធីធ្វើមេជីចេក (EM ធម្មជាតិ)
មេជីចេកជួយឱ្យមាន់មានសុខភាពល្អ និងកាត់បន្ថយក្លិនស្អុយក្នុងទ្រុង៖
- ហាន់ដើមចេកឱ្យម៉ដ្ឋប្រហែល ១០ គីឡូក្រាម។
- យកកាកស្ករ (ស្កររងូ) កន្លះគីឡូក្រាម ចាក់ចូលទឹក ១០ លីត្រ រួចកូរឱ្យសព្វ។
- ចាក់ទឹកកាកស្ករចូលក្នុងល្បាយចេក រួចច្រកចូលផុង ឬក្រឡ បិទគម្របឱ្យជិត។
- ផ្អាប់ទុកក្នុងម្លប់រយៈពេល ៤៥ ថ្ងៃ ទើបអាចយកមកប្រើប្រាស់បាន។
💡 បច្ចេកទេសថែទាំបន្ថែម ដើម្បីជោគជ័យ៖
- អនាម័យទ្រុង៖ គួរប្រើអង្កាម ឬអាចម៍រណាទ្រាប់បាតទ្រុង រួចបាញ់ទឹកមេជីចេកពង្រាយ ដើម្បីបំបាត់ក្លិន និងសម្លាប់មេរោគ។
- ទឹកផឹក៖ ត្រូវផ្លាស់ប្តូរទឹកផឹកឱ្យបានរាល់ថ្ងៃ។ បងប្អូនអាចលាយទឹកខ្ទឹមស ឬស្លឹកស្តៅចូលក្នុងទឹកផឹកម្តងម្កាល ដើម្បីការពារជំងឺផ្តាសាយ និងទម្លាក់ព្រូន។
- ពន្លឺ និងខ្យល់៖ ទ្រុងមាន់ត្រូវតែមានពន្លឺថ្ងៃចេញចូល និងខ្យល់អាកាសបរិសុទ្ធ មិនត្រូវឱ្យហប់ពេកនោះទេ។
រក្សាសិទ្ធិអត្ថបទ៖ Sophalleth